ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​មើល​ឃើញ​ឱកាស​ច្រើន​បន្ទាប់​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន


A man walks through a garden in Srinagar, India.
A man walks through a garden in Srinagar, India.

កម្ពុជា​ទំនង​ជា​មិន​សូវ​បារម្ភ​ចំពោះ​ការ​មកដល់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​នៅចុង​ឆ្នាំ​២០១៥​នេះ​ឡើយ ដោយសារ​ប្រទេស​នេះ​នៅ​ទទួល​បាន​ការ​អនុគ្រោះ​រហូត​ដល់​ឆ្នាំ​២០១៨ ​សម្រាប់​សម្រប​សេដ្ឋកិច្ច​និង​មើល​ឃើញ​ថា​ វាជា​ឱកាស​ដែល​ខ្លួន​អាច​ពង្រីក​ទីផ្សារ​កាន់​តែ​ធំ​ជាងមុន។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​ដែល​ហៅកាត់​ថា AEC (ASEAN Economic Community) សំ​ដៅ​ដល់​ទីផ្សារ​សេដ្ឋ​កិច្ច​រួម​គ្នា​របស់​បណ្តា​ប្រទេស​អាស៊ាន​ដែល​មាន​មែក​ធាង​សំខាន់​ៗចំនួន​៥​រួម​មាន​៖ លំហូរ​ទំនិញ​សេរី លំហូរសេវាកម្មសេរី លំហូរវិនិយោគទុន​សេរី លំហូរ​ដើមទុនសេរី និង​លំហូរ​កម្លាំង​ពលកម្ម​ដោយសេរី។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​នឹង​កំណត់​ឱ្យ​បណ្តាប្រទេស​អាស៊ានទាំង​ដប់​មាន​លំហូរទំនិញ​ដោយសេរី​ ដោយ​កាត់​បន្ថយ​តម្លៃ​ពន្ធ​រហូត​ដល់ត្រឹម​ចន្លោះពី៥% ទៅ​០%។ ការណ៍​នេះ​នឹងធ្វើ​ឱ្យ​កម្ពុជា​ក៏ដូច​ជា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​បាត់បង់​ចំណូល​ពន្ធ ដែល​ជា​ប្រភព​ចំណូល​សំខាន់​មួយ​របស់​រដ្ឋ។ យ៉ាង​ណា​ក៏ដោយ​ មន្ត្រី​រាជ​រដ្ឋាភិបាល​ លោកណុប សោភ័ណតារា​ ​ប្រធាន​នាយកដ្ឋាន​អាស៊ីប៉ាស៊ីហ្វិក​នៃ​ក្រសួង​ពាណិជ្ជកម្ម ​អះ​អាង​ថា​ ​នឹង​មិន​មាន​ឥទ្ធិពល​អវិជ្ជ​មាន​ខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ​នោះ​ទេ។​

លោកណុប សោភ័ណតារា​បន្ថែម​ថា៖ «ធម្ម​តា​វាប៉ះពាល់ ​ប៉ុន្តែ​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ផ្សេង​ទៀត។ កាល​ណា​យើង​បាត់ពន្ធ ​យើង​បាន​វិនិយោគទុន​ ហើយ​នៅក្នុង​ស្រុក​ខ្មែរ​មិន​មែន​ថា​យើង​ដកពន្ធ​ទៅ​អស់​បាត់​អស់​ទេ ​យើង​មាន​គោល​នយោបាយ​របស់​គេ។ រដ្ឋ​អាច​ដាក់​ជា​ពន្ធ​ក្នុង​ស្រុក។​ មិន​មែន​ទំនិញ​ទាំង​អស់​សុទ្ធ​តែ​សូន្យ​ទេ​ មាន​ទំនិញ​ខ្លះ​សំខាន់​ដូច​ជា​ប្រេង​អី​យើង​ដាក់​ក្នុង​បញ្ជី​លើក​លែង។ យើ​ង​យក​ពន្ធ​ពី​នេះ​ពី​នោះ​មក​ វា​អាច​បំពេញ​ឱ្យគ្នា ​ព្រម​ទាំង​មាន​វិនិយោគ​ យើង​អាច​ទាញ​យក​កម្លាំង​ពលកម្ម»។​

បើ​ទោះ​ជា​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ នឹង​ក្លាយ​ជា​ការ​ពិត​ក្នុង​ពេល​ឆាប់ៗ​នេះ​យ៉ាង​ណាក្តី លោក​ណុប សោភ័ណតារា​ គូស​បញ្ជាក់​ថា​ ​ប្រទេស​CLMV​នៃ​សមាគមន៍អាស៊ាន​ រួម​មាន​ប្រទេស​មីយ៉ាន់ម៉ា ​ប្រទេស​វៀតណាម ​ប្រទេស​ឡាវ ​និង​ប្រទេស​កម្ពុជានឹង​ស្ថិត​នៅក្នុង​លក្ខខណ្ឌ​អនុគ្រោះ ​ដែល​អនុញ្ញាត​ឱ្យកម្ពុជា​មាន​ពេល​សម្រប​ខ្លួនទៅនឹង​សមាហរណកម្ម​អាស៊ាន​រហូត​ដល់​ឆ្នាំ​២០១៨។​

លោក​និយាយ​បន្ត​៖«CLMV​នឹង​ទទួល​បាន​ការ​អនុគ្រោះ ​ឱ្យមាន​ភា​ព​ទន់​ភ្លន់​ខាង​ពន្ធរហូត​ដល់ឆ្នាំ​២០១៨។ ភាព​ទន់ភ្លន់​នេះ​គឺជា​រយៈពេល​មួយ​ដើម្បី​ឱ្យកម្ពុជាយើង​ធ្វើ​ការ​សម្រប​ខ្លួន​តាម​បញ្ជី​ទំនិញ​មួយ​ចំ​នួន​ដែល​ប៉ះ​ពាល់​ អាច​ពន្យា​រហូត​ដល់ឆ្នាំ​២០១៨ ​ហើយ​មិន​មែន​អស់​ទេ ​នៅ​មាន​អា​៥% ទំនិញ​ដែល​ប៉ះពាល់​ចំណូល​ខ្លាំង​»។​

ស្រប​គ្នា​នេះ​ដែរ​ ប្រធាន​នាយកដ្ឋាន​អាស៊ីប៉ាស៊ីហ្វិក​នៃ​ក្រសួង​ពាណិជ្ជកម្មរូប​នេះ អំពាវនាវ​កុំ​ឱ្យយុវជន​កម្ពុជា​មាន​ក្តី​បារម្ភ​ចំពោះ​សមាហរណកម្ម​អាស៊ាន ​ដោយសារ​តែនេះ​ជា​ឱកាសល្អមួយ​សម្រាប់​កម្ពុជា​សិក្សា​ស្វែង​យល់​ និង​សម្រប​ខ្លួន​ទៅ​នឹងពី​សេដ្ឋកិច្ច​អាស៊ាន ​ក៏ដូចជា​សេដ្ឋកិច្ច​ពិភព​លោក។​

លោក​ ​ណុប សោភ័ណតារា៖ «កុំ​បារម្ភ​ ព្រោះ​កាល​ណា​រដ្ឋាភិបាល​មួយ​ៗ​គឺ​គេ​យក​ចិត្ត​ទុក​ដាក់ណាស់​ទៅលើ​ការ​ចរចារ​ការ​រៀបចំគោល​នយោបាយ​ ចឹង​ប្រជាជន​យុវជន​របស់​យើង​កុំ​ព្រួយ​បារម្ភ​ មិន​មែន​ចូល​AEC​ទៅ​អ្វីៗ​ដូរ​១០០%ទេ​ គឺ​ថា​Business as usual អ្វីៗ​នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា​ ប៉ុន្តែ​យើង​ត្រូវ​រត់​ មិន​មែន​ថា​យើង​លេងៗ ​រត់អត់ទាន់គេ​ទេ។ ចឹង​យើង​យុវជន​របស់​យើង​ត្រូវ​ខិតខំ​ជំនាញ​របស់​យើង​ឱ្យបាន​ច្បាស់។ ជំនាញ​ហ្នឹង​សំខាន់ណាស់​ យើង​មាន​ជំនាញ​បាន​ន័យ​ថា​យើង​មាន​លទ្ធភាព​ចូល​បំពេញ​ឱ្យក្រុម​ហ៊ុន​ បំពេញ​ឱ្យរោង​ចក្រ​ បំពេញ​ឱ្យសហគ្រាស​ ឬ​ក៏​អ្នក​វិនិយោគ​ដែល​គេ​មក​វិនិយោគ​នៅ​ប្រទេស​យើង​ យើង​ត្រូវ​មាន​កម្លាំង​ពលកម្ម​ប្រកប​ដោយ​ជំនាញ​ច្បាស់លាស់»។

ទោះជាយ៉ាង​នេះ​ក្តី ​យុវជន​កម្ពុជាដែល​វីអូអេ​សំឡេងសហរដ្ឋ​អាមេរិក​បាន​ជួប​សម្ភាស​បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ខ្លះ ​និង​ភាព​រីករាយ​ខ្លះ​ចំពោះ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នេះ។​

លោក សៅ សុមិនា ​វ័យ​២៦ឆ្នាំ ​ជា​និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ។ លោក​សុមិនា​ហាក់ដូច​ជា​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ប៉ះទង្គិច​ដល់​អាជីវកម្ម​ខ្នាតតូច​របស់​កម្ពុជា​ជាង​ទីផ្សារ​ការងារ។

​លោកសុមិនា​និយាយ​ថា៖ « ​វា​អាច​ប៉ះទង្គិច​ដែរ ​ដោយសារ​តែ​ទី​ផ្សារ​សេដ្ឋកិច្ច​ភាគ​ច្រើន​វា​ដើរ​តែ​លើBusiness[មុខ​ជំនួញ​]ធំៗ ឯBusinessខ្នាតតូច​បែប​គ្រួសារវា​អត់សូវ​មាន​ ហើយ​ណាមួយ​នៅពេល​អាស៊ាន​ចូល​មក​ដល់​វា​ធ្វើ​ឱ្យអាជីវកម្ម​ខ្នាតតូច​វា​នឹង​មិនជោគជ័យ​ដោយសារ​តែ​ គេ​បាន​កសាង​Brand​[ម៉ាក​ផលិតផល​]ពី​គុណភាព​របស់គេ​ វា​អាច​ធ្វើ​ឱ្យទីផ្សារ​យើង​វា​មិនឈ្នះ​គេ»។​

កញ្ញា ភូ ស៊ីនួន​ វ័យ​១៩ឆ្នាំ ​ជា​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិបាល​យល់​ថា​សមាហរណកម្ម​អាស៊ានជា​អ្វី​ដែល​យុវជន​កម្ពុជាត្រូវ​តែត្រៀម​ខ្លួន​ដើម្បី​ប្រឈម​មុខ។

ស៊ីនួន​និយាយ​ថា៖ «សម្រាប់​ខ្លួន​ខ្ញុំ ​ខ្ញុំ​បារម្ភ​ដែរ​ថា​យើង​បើក​អាស៊ាន​ទាំង​មូល​ យើង​មាន​ប្រជា​ជន​១០​ប្រទេស​ចូលរួម​ ប៉ុន្តែ​ចំណេះ​ដឹង​របស់​យើង​មិន​ប្រាកដ​ថាអាច​ប្រកួត​ប្រជែង​មួយ​គេ​បាន​ទេ។ តែ​ខ្ញុំ​ក៏​ត្រេក​អរ​ដែរ​ ដែល​តិចទៀត​អាស៊ាន​ត្រូវ​បើក​ទូលាយ យើង​អាច​ទៅណាៗ​បាន​ ហើយ​វា​បើក​ទីផ្សារ​ការងារ​កាន់​តែ​ច្រើន​ក៏​ល្អ​ដែរ។​ ខ្ញុំ​ត្រេក​អរ​នឹង​ការ​យល់​ដឹង​ពី​ប្រទេស​ដទៃ ​ឱ្យយើង​ដឹង​ថា​គេ​មាន​អ្វី​ខ្លះ។​ យើង​មិន​ត្រៀម​ខ្លួន​ក៏​មិន​កើត​ដែរ យើង​ត្រូវ​ប្រឈម​មុខហើយ ត្រូវ​ត្រៀម​ខ្លួន​ឱ្យស្រេច»។

​លោក​សុខ វិរៈយុទ្ធ ​វ័យ​១៩ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី២​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរ​កម្ពុជា​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ឱ្យដឹង​ថា​សមត្ថភាព​ជំនាញ​បច្ចេកទេស​របស់យុវជន​កម្ពុជា​នៅ​មាន​កម្រិត​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​ តែ​វិរៈយុទ្ធ​ខ្លួន​ឯង​ក៏​បាន​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​សមាហរណកម្ម​អាស៊ានខាង​មុខ​នេះ។​

លោក វិរៈយុទ្ធ​និយាយថា​៖ «ខ្ញុំ​មាន​អារម្មណ៍​ទីមួយ​គឺ​សប្បាយ​ចិត្ត​ដោយសារ​តែ​យុវជន​និង​ប្រជា​ជន​ខ្មែរ​យើង​មាន​ឱកាស​ការងារ​ច្រើន​ ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​បារម្ភ នៅ​ពេល​ដែល​ឱកាស​ការងារ​ច្រើន តែ​ធន​ធាន​មនុស្ស​យើង​នៅ​ទាប​នៅឡើយ ​អាច​ប្រជាជន​ខ្មែរ​យើង​នៅ​តែ​ពិបាក​រក​ការងារ​ ដោយ​សារ​តែ​ប្រជាជន​មក​ពី​ប្រទេស​ជិត​ខាង​គេ​មាន​ជំនាញ​ បច្ចេកទេស​ច្រើន​ជាង​យើង។​ សម្រាប់​ខ្ញុំ​វិញ ​ខ្ញុំ​បាន​ត្រៀមខ្លួន​ហើយៗ ​ទីមួយ​ខ្ញុំ​បាន​បណ្តុះ​ជំនាញ​Hard Skills [ជំនាញ​រឹង​] ទី២Soft Skills [ជំនាញ​ទន់​] ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ខាង​ក្រៅ»។​

លោក ស៊ាង សុបញ្ញា​ ជានាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា-អាស៊ាន​និង​ជា​អតីត​អ្នក​ដឹក​នាំ​យុវជន​ ពន្យល់​ឱ្យដឹង​ថា​ ​យុវជន​កម្ពុជា​មួយ​ចំនួន​នៅ​តែ​យល់​ថា​អាស៊ាន​ហាក់​បី​ដូច​ជា​នៅ​ឆ្ងាយ​ពី​ពួក​គេ ដែល​ជា​មូល​ហេតុ​ធ្វើ​ឱ្យយុវជន​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់ ​និងខ្វះ​ការ​ត្រៀម​ខ្លួន។​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ​លោក​ស៊ាង សុ​បញ្ញា ​ណែនាំ​ពី​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ត្រៀម​ខ្លួន​របស់​យុវជន​ចំ​ពោះ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។​

លោក​បញ្ញា​និយា​យ​៖«ទី​មួយ​យុវជន​ត្រូវ​តែ​ស្វែង​យល់​អំពី​បរិយាកាស​ជុំវិញ​ខ្លួន​ បរិយាកាស​ជា​អន្តរជាតិ។ ទី​២ គាត់​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​បំពាក់ជំនាញ​ឱ្យខ្លួន​ឯង​ ទីផ្សារ​នៅទីណា ​យើង​ត្រូវ​ប្រឹង​ចាប់​ជំនាញ​ណាមួយ​ឱ្យច្បាស់ ​បើ​ទោះ​អាស៊ាន​បើក​ឱ្យមាន​លំហូរ​ការងារ​យ៉ាង​ណា​ក៏ដោយ។ ចំណុច​ទី​៣គាត់ត្រូវ​តែ​បំពាក់​ជំនាញ​ភាសា​បរទេស​សម្រាប់​ខ្លួន​ឯង។ យុវជន​ខ្លួនឯង​ត្រូវ​ហ៊ាន​សួរ​ខ្លួន​ឯង​ថា​តើសមត្ថភាព​ភាសា​ខ្លួន​មាន​គ្រប់គ្រាន់​ហើយ​ឬ​នៅ​សម្រាប់យើង​ធ្វើការ​ជា​អន្តរជាតិ។ ទី៤​គាត់ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា។ ទី៥​គាត់ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​អន្តរវប្បធម៌​ជាមួយ​យុវជន​ដទៃ​ទៀត​ ព្រោះ​យើង​លែង​មាន​ទំនាក់ទំនង​តែ​ជាមួយ​យុវជន​ក្នុង​ស្រុក​យើង​ហើយ។ ដូច្នេះ​យុវជន​របស់​យើង​ត្រូវ​តែ​ចាប់​ផ្តើម​គិត​ សួរ​ខ្លួន​ឯង​ថា​តើ​យើង​មាន​សមត្ថភាពអ្វី​ហើយ​ពេល​នេះ​ ដើម្បី​អាច​សម្រេច​បាន​យើង​ត្រូវ​មាន​សមត្ថភាព ​មាន​ជំនាញ ​និង​ភាព​ជា​អ្នក​ដឹក​នាំ»។​

អ្នក​ជំនាញ​មើល​ឃើញ​ថា​ការ​ឈាន​ចូល​មក​ដល់​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ២០១៥​នេះ​នឹង​ធ្វើ​ឱ្យ​ទី​ផ្សារ​កម្ពុជា​មាន​ទំហំ​ធំជាង​មុន​ ពោល​គឺ​ទីផ្សារ​កម្ពុជា​មិនមែន​សម្រាប់​តែប្រជាជន​កម្ពុជា១៤លាន​នាក់​ដូច​មុនទៀត​ឡើយ​ តែ​គឺប្រមាណ​ជា​ជាង៦០០លាន​នាក់​ ដែល​ជា​ចំនួន​ប្រជាជន​សរុប​របស់​សហគមន៍​អាស៊ាន​ទាំង​មូល៕

XS
SM
MD
LG