ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍៖ កំណែ​ទម្រង់​ការ​គ្រប់​គ្រងហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា


លោក ហេង ឌីណា សេដ្ឋវិទូ​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​រដ្ឋធានី​វ៉ាស៊ីតោន។ (រូបថត​ផ្តល់​ឲ្យ៖ លោក​ ហេង ឌីណា)
លោក ហេង ឌីណា សេដ្ឋវិទូ​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​រដ្ឋធានី​វ៉ាស៊ីតោន។ (រូបថត​ផ្តល់​ឲ្យ៖ លោក​ ហេង ឌីណា)

កំណត់​និពន្ធ៖ គោល​នយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ឬ​និយាយ​ឲ្យ​ខ្លីការ​គៀងគរ​ចំណូល និង​ការ​បែក​ចែក​ចំណាយ​ថវិកា​ជាតិ​ដែល​មាន​ប្រសិទ្ធិ​ភាព ចំ​គោល​ដៅ មាន​តម្លាភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ ដើរ​តួនាទី​សំខាន់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោក ហេង ឌីណា សេដ្ឋ​វិទូ​ខ្មែរ​មួយ​រូប​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​ត្រូវ​ការ​ឆន្ទៈ​នយោបាយ សមត្ថភាព​ស្ថាប័ន និង​រយៈពេល​យូរ​សម​ស្រប ដើម្បី​ទទួល​បាន​លទ្ធផល​ដ៏​មាន​ប្រសិទ្ធិភាព។ នាង ទែន សុខស្រីនិត នៃ VOA បាន​សន្ទនា​ជាមួយ​នឹង​លោក ហេង ឌីណា ជុំវិញ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ តើ​ក្រសួង​ណា​ជា​អ្នក​ចាត់​ចែង​ប្រាក់​ចំណូល​ថវិកា​ជាតិ? ហើយ​ថា​តើ​ប្រាក់​ចំណូល​ថវិកា​ជាតិ​នេះ​ត្រូវ​បាន​ដំណើរ​ការ​ឡើង​យ៉ាង​ដូច​ម្តេច​ដែរ?

លោក ហេង ឌីណា៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​គ្រប់​គ្រង​ចំណូល និង​ចាត់​ចែង​ចំណាយ​ថវិកា​ជាតិ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ពាក់​ព័ន្ធ និង​ទី​ស្តី​ការ​គណ​រដ្ឋមន្ត្រី​ក្នុង​ការ​លើក​គម្រោង​ថវិកា​ជាតិ​ទៅ​រដ្ឋ​សភា និង​ព្រឹទ្ធិសភា ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​ថវិកា​ជាតិ​រៀង​រាល់​ឆ្នាំ។

ដំណើរ​ការ​ថវិកា​សម្រាប់​ឆ្នាំ​បន្ទាប់ ចាប់​ផ្តើម​ពី​ត្រី​មាស​ទី២ គឺ​ខែ​មិនា ដល់​ខែ​មេសា នៅ​ពេល​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្វើ​ការ​ព្យាករណ៍​ម៉ាក្រូ​សេដ្ឋកិច្ច ហើយ​ចេញ​សេចក្តី​ណែនាំ​ដល់​ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ​ឲ្យ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​សម្រាប់​ក្រសួង​នីមួយៗ។ បន្ទាប់​មក​នៅ​ត្រី​មាស​ទី៣ គឺ​ពី​ខែមិថុនា ដល់​ខែកញ្ញា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្វើ​ការ​ព្យាករណ៍​ចំណូល និង​ចំណាយ​ថវិកា​ជាតិ ហើយ ចេញ​សេចក្តី​ណែនាំ​ដល់​ក្រសួង និង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ឲ្យ​ធ្វើ​គម្រោង​ចំណូល​ចំណាយ​តាម​ផែនការ​យុទ្ធសាស្រ្ត​ជាតិ និង​តាម​វិស័យ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍន៍។ បន្ទាប់​ពី​បាន​ទទួល​បាន​គម្រោង​ថវិកា​ពី​ក្រសួង និង​ស្ថាប័ន​មកនឹង​មាន​ការ​ចរចារ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង និងស្ថាប័ន​ដែល​ពាក់ព័ន្ធ​អំពី​ថវិកា​ដែល​ក្រសួង និង​មន្ទីរ​ខេត្ត​បាន​ស្នើ​សុំ។ បន្ទាប់​ពី​ការ​ចរចារ​ថវិកា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង និង​មន្ទីរ​ខេត្ត​មក​ក្រសួង​សេដ្ឋកិច្ច​នឹង​គន់គូរ បូក​បញ្ចូល​ចំណូល​ចំណាយ​ទាំង​អស់ ដើម្បី​ដាក់​ពង្រាង​ថវិកា​ជាតិ​ដល់​ទី​ស្តី​ការ​គណរដ្ឋមន្ត្រី​សម្រាប់​នាយក​រដ្ឋ​មន្ត្រី​សម្រេច​នៅ​អំឡុង​ខែ​តុលា ដើម្បី​បញ្ជូន​បន្ត​សុំ​ការ​ពិភាក្សា និង​អនុម័ត​ពី​រដ្ឋសភា​នៅ​ខែ​វិច្ឆិកា។ បន្ទាប់​ពី​ការ​អនុម័ត​ពីរ​រដ្ឋ​សភា ព្រះ​មហាក្សត្រ ព្រះ​អង្គ​នឹង​ឡាយ​ព្រហស្ត​នៅ​ខែ​ធ្នូ ដើម្បី​ឲ្យ​ទាន់​ពេល​ការ​អនុវត្ត​ថវិកា​ឆ្នាំ​ថ្មី​នៅ​ខែ​មករា។

VOA៖ តើ​អ្វី​ទៅ​ជា​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ? តើ​កំណែ​ទម្រង់​នេះ​ទាក់​ទង​នឹង​បញ្ហា​ថវិកា​ជាតិ​ដូច​ម្តេច? ហើយ​តើ​កម្ពុជា​ឈាន​ដល់​កម្រិត​ណា​ហើយ​ក្នុង​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នេះ?

លោក ហេង ឌីណា៖ កំណែ​ទម្រង់ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺ​ជា​កំណែ​ទម្រង់​ចំណូល​ចំណាយ​ថវិកា​ជាតិ។ បើ​និយាយ​ជា​សាមញ្ញ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​គ្រប់​គ្រង​ចំណូល​ចំណាយ​ថវិកា​ជាតិ​មាន​ប្រសិទ្ធិភាព ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ និង​កាត់​បន្ថយ​ភាព​ក្រីក្រ តាមរយៈ​ការ​ប្រមូល​ចំណូល​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ចំណាយ ដើម្បី​កុំ​ឲ្យ​មាន​ប្រទេស​យើង​មាន​បំណុល​ខ្ពស់ ការ​បែង​ចែក​ធនធាន​ហិរញ្ញវត្ថុ​ឲ្យ​ចំ​គោលដៅ​អភិវឌ្ឍន៍ និង​សម្រាប់​លើក​កម្ពស់​គុណភាព​សេវា​សាធារណៈ ដូច​ជា ការ​អប់រំ និង​សុខាភិបាល​ជា​ដើម។

បទ​ពិសោធន៍​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​ថា ដើម្បី​បន្ត​ការ​អភិវឌ្ឍន៍ និង​ដើម្បី​ក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម ប្រទេស​មួយ​ត្រូវ​ការ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ដែល​រឹងមាំ និង​សមត្ថភាព​ស្ថាប័ន ដើម្បី​គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព។ ជា​គោលការណ៍ ប្រព័ន្ធ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​មួយ ដែល​មាន​ប្រសិទ្ធ​ភាព​ចាំ​បាច់​ត្រូវ​មាន៖ ទីមួយ ភាព​ជឿ​ទុក​ចិត្ត​បាន​នៃ​ថវិកា មាន​ន័យ​ថា ​រដ្ឋ​ត្រូវ​ប្រមូល​ចំណូល​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​មាន​ភាព​ជឿ​ជាក់ និង​មាន​ប្រសិទ្ធិ​ភាព ដោយ​ផ្តោត​ការ​សង្កត់​លើ​សមត្ថភាព និង​ការ​ទទួល​ខុស​ត្រូវ​របស់​មន្រ្តី និង​ស្ថាប័ន​ប្រមូល​ថវិកា។ ទីពីរ គណនេយ្យ​ភាព​ហិរញ្ញវត្ថុ គឺ​ការ​រឹត​បន្តឹង​ការ​គ្រប់គ្រង​ដើម្បី​ឲ្យ​អ្នក​មាន​សិទ្ធិ​សម្រេច​លើ​ការ​ចាយ​វាយ​ថវិកា​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ និង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ការ​អនុវត្ត​ការងារ​ល្អ។ ទីបី ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោលនយោបាយ និង​ទីបួន គណនេយ្យ​ភាព​ចំពោះ​លទ្ធផល។ ពោល​គឺ មន្ត្រី​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចាយ​ថវិកា ដើម្បី​ទទួល​លទ្ធផល​ដែល​ចង់​បាន​តាម​គោលដៅ​ថវិកា។

បច្ចុប្បន្ន កម្ពុជា​យើង​កំពុង​ឋិត​ក្នុង​ចុង​ដំណាក់​កាល​នៃ​ការ​បង្កើន​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ ហើយ​នឹង​ឈាន​ដល់​ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោល​នយោបាយ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ចំណាយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​អ្វី ដែល​យើង​ចង់​បាន និង​ត្រូវ​ធ្វើ​ចំា​បាច់។ ឧទាហរណ៍ ប្រសិន​បើ​គោល​នយោបាយ​ថា​ត្រូវ​ពង្រឹង​ការ​អប់រំ​ជា​មូលដ្ឋាន ឬកុមារ នោះ​ថវិកា​ត្រូវ​បែង​ចែក និង​ចាយ​យ៉ាង​ណា​ឲ្យ​ពង្រឹង​ការ​អប់រំ​កុមារ​ ជា​ជាង​ការ​ចំណាយ​ច្រើន​ទៅ​លើ​ផ្នែក​ផ្សេង។

VOA៖ តើ​ស្ថាប័ន​ណា​ខ្លះ​ដែល​ត្រួត​ពិនិត្យ និង​ឃ្លាំ​មើល​ការ​ចាត់​ចែង​ថវិកា​ជាតិ​នេះ ដើម្បី​ធានា​ថា​ដំណើរការ​នេះ​ប្រព្រឹត្តឡើង​ដោយ​មាន​តម្លាភាព និង​សុក្រិត្យ​ភាព?

លោក ហេង ឌីណា៖ មាន​ស្ថាប័ន​ជា​ច្រើន​ដែល​បាន និង​អាច​ដើរ​តួនាទី​សំខាន់​ត្រួត​ពិនិត្យ និង​ឃ្លាំ​មើល​ការ​ចាត់​ចែង​ថវិកា​ជាតិ​នេះ។ ទី​មួយ​រដ្ឋសភា​ដែល​ពិនិត្យ ពិភាក្សា និង​អនុម័ត​ច្បាប់​ថវិកា​អាច​ដាក់​ជា​សំណួរ ឬ​កោះ​ហៅ​រដ្ឋ​មន្រ្តី និង​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​ពន្យល់ និង​ឆ្លើយ​បំភ្លឺ។ សម្រាប់​ប្រតិបត្តិការ​ក្នុង​រដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពិនិត្យ​គម្រោង​ចំណូល​ចំណាយ​ដោយ​បណ្តា​ក្រសួង និង​ស្ថាប័ន​ផ្សេងៗ។ អាជ្ញាធរ​សវនកម្ម​ជាតិ​ជា​ស្ថាប័ន​កំពូល​ក្នុង​ការ​ធ្វើ​សវនកម្ម​លើ​ស្ថាប័ន​រដ្ឋ និង​ស្ថាប័ន​ហិរញ្ញវត្ថុ គ្រឹះ​ស្ថាន​សាធារណៈ រដ្ឋបាល​ខេត្ត​ក្រុង ដោយ​ធ្វើ​ការ​ពិនិត្យ​លើ​របាយ​ការណ៍​ហិរញ្ញវត្ថុ។ ការ​បង្កើត និង​ការ​អនុវត្ត​ច្បាប់​ទាក់​ទង​នឹង​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ ការ​ធ្វើ​សវនកម្ម​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ជា​កត្តា​មួយ​យ៉ាង​សំខាន់។ ក្រៅ​ពី​នេះ សារ​ព័ត៌មាន សង្គម​ស៊ីវិល​ក៏​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជជីក​សាក​សួរ និង​តាម​ដាន​ទៅ​លើ​ប្រសិទ្ធិ​ភាព​នៃ​ការ​ប្រមូល​ចំណូល ការ​បែង​ចែក និង​ចំណាយ​ថវិកា​ជាតិ។

VOA៖ តើ​អ្វីទៅជាបញ្ហាប្រឈមសម្រាប់​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ? ហើយ​វា​អាច​ផ្សារ​ភ្ជាប់​យ៉ាង​ដូច​ម្តេច​ខ្លះ​ទៅ​នឹង​កំណែ​ទម្រង់​ផ្សេងៗ​ទៀត​នៅ​កម្ពុជា?

លោក ហេង ឌីណា៖ កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ត្រូវ​ការ​ឆន្ទៈ​នយោបាយ សមត្ថភាព​ស្ថាប័ន និង​រយៈពេល​យូរ​សម​ស្រប។ បទ​ពិសោធន៍​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​បាន​បង្ហាញ​ថា ដោយ​សារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ការ​វិវឌ្ឍន៍ដើរតាម​បរិបទ​សេដ្ឋកិច្ច និង​ស្ថាប័ន វា​អាច​មាន​រយៈពេល​យូរ។ ចំពោះ​ប្រទេស​កម្ពុជា យើង​បាន​ធ្វើ​កំណែ​ទម្រង់​ជំហាន​ធំៗ​ហើយ ប៉ុន្តែ យើង​ត្រូវ​ការ​ពន្លឿន និង​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តាម​ដែល​អាច​ធ្វើ​បាន ពី​ព្រោះ​កម្ពុជា​យើង​ត្រូវ​ការ​ពង្រឹង​សេវា​សាធារណៈ​ជា​បន្ទាន់ និង​ចាំ​បាច់។ លើស​ពី​នេះ យើង​មាន​កំណែ​ទម្រង់​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ ប្រសិទ្ធិ​ភាព​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​គន្លឹះ​អាច​ជួយ​សម្រួល​ដល់​កំណែ​ទម្រង់​ក្នុង​វិស័យ​ផ្សេងៗ​ទៀត។ ត​ទៅ​មុខ វិញ្ញាសារ​ដែល​កម្ពុជា​យើង​ត្រូវ​ដោះ​ស្រាយ គឺ​ការ​ផ្សារ​ភ្ជាប់​ការ​តំឡើង​ប្រាក់​បៀរវត្សរ៍ និង​ការ​កំណែ​ទម្រង់​ប្រព័ន្ធ​បៀរវត្សរ៍ ទៅ​នឹង​ការ​កែ​ទម្រង់​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ ការ​កែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។ ថវិកា​ជា​ឆ្អឹង​ខ្នង​សម្រាប់​ការ​អនុវត្ត​គោល​នយោបាយ និង​សេវា​សាធារណៈ។ នៅ​ពេល​កម្ពុជា​យើង​អាច​ដោះ​ស្រាយ​វិញ្ញាសារ​នេះ​ហើយ នោះ​កម្ពុជា​នឹង​រួច​រាល់​សម្រាប់​កំណើន​សេដ្ឋកិច្ច ដែល​មាន​ចិរភាព និង​ការ​អភិវឌ្ឍន៍​វែង​ឆ្ងាយ ដើម្បី​ក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​មួយ​ដែល​សម​ស្រប៕

XS
SM
MD
LG