កំណត់និពន្ធ៖ ព័ត៌មានក្លែងក្លាយកំពុងតែក្លាយជាបញ្ហាប្រឈមមួយដែលអ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ អ្នកជំនាញមើលឃើញថាព័ត៌មានក្លែងក្លាយផ្តល់ផលអវិជ្ជមានដែលអាចឈានទៅដល់ការស្អប់គ្នាហើយត្រូវបានអ្នកនយោបាយប្រើប្រាស់ដើម្បីវាយប្រហារគូបដិបក្ខយ៉ាងសកម្ម។ តើក្នុងចំណោមអ្នកនយោបាយនៃគណបក្សកាន់អំណាច អ្នកនយោបាយបក្សប្រឆាំងនិងអ្នកឯករាជ្យ មជ្ឈដ្ឋានមួយណាជាប្រភពនៃព័ត៌មានក្លែងក្លាយច្រើនជាងគេ? លោកម៉ែន គឹមសេងនៃ VOA បានសម្ភាសលោកបណ្ឌិត ជេម ហ្កោម៉េ (James Gomez) នាយកប្រចាំតំបន់អាស៊ីនៃមជ្ឈមណ្ឌលអាស៊ី (Asia Centre) ដែលជាស្ថាប័នស្រាវជ្រាវមួយដែលបានផ្តោតលើចរិតនៃព័ត៌មានក្លែងក្លាយនិងវិធីទប់ស្កាត់។
VOA៖ អរុណសួស្តីលោក James!
James Gomez៖ អរុណសួស្តី!
VOA៖ រីករាយណាស់ដែលបានជួបលោកជាថ្មីនៅរដ្ឋធានីវ៉ាស៊ីនតោន!
James Gomez៖ សូមអរគុណដែលអញ្ជើញខ្ញុំមកទីនេះ។
VOA៖ លោកមកទីនេះដើម្បីថ្លែងពីផលអាក្រក់នៃព័ត៌មានក្លែងក្លាយ។ ពាក្យថា«ព័ត៌មានក្លែងក្លាយ»ត្រូវបានគេប្រើច្រើនក្នុងរយៈពេលថ្មីនេះ ជាពិសេសក្រោយពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦ហើយលោកប្រធានាធិបតីដូណាល់ ត្រាំ ក៏បានប្រើប្រាស់ជាច្រើន។ ចុះនៅតំបន់អាស៊ីអាគ្នេយ៍វិញតើនិន្នាការយ៉ាងម៉េចដែរ ហើយតើត្រូវប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយដូចម្តេចដែរ?
James Gomez៖ ពិតជាត្រឹមត្រូវហើយការយល់ដឹងពីពាក្យ«ព័ត៌មានក្លែងក្លាយ»នៅតំបន់អាស៊ីអាគ្នេយ៍ទើបតែមាននៅឆ្នាំ២០១៦ទេបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកនិងពេលប្រទេសអង់គ្លេសគ្រោងចាកចេញពីសហភាពអឺរ៉ុប។ ប៉ុន្តែមូលដ្ឋានគ្រឹះនៃការខុសគ្នារវាងសហរដ្ឋអាមេរិកនិងអាស៊ីអាគ្នេយ៍គឺលោកត្រាំ ប្រើពាក្យ«ព័ត៌មានក្លែងក្លាយ»ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសារព័ត៌មានដែលផ្ទៀងផ្ទាត់ការពិត។ ប៉ុន្តែនៅអាស៊ីអាគ្នេយ៍វិញ របបដឹកនាំឯកបក្ស ផ្តាច់ការ ឬយោធានិយម ប្រើប្រាស់វាដើម្បីបំផ្លាញអ្នកដែលហ៊ានរិះគន់ ពីព្រោះរដ្ឋាភិបាលគ្រប់គ្រងសារព័ត៌មានធំៗជាច្រើន ដូច្នេះទស្សនៈណាដែលផ្ទុយពីរដ្ឋាភិបាលហើយចេញមកពីសារព័ត៌មានផ្សេង ពីអង្គការសង្គមស៊ីវិល ឬពីអ្នកនយោបាយបក្សប្រឆាំង ត្រូវបានរដ្ឋាភិបាលហៅថា«ព័ត៌មានក្លែងក្លាយ»។
បើនិយាយពីនិយមន័យវិញគឺមានពីរសម្រាប់តំបន់អាស៊ីអាគ្នេយ៍៖
ទីមួយគឺ «ព័ត៌មានក្លែងក្លាយប្រចាំថ្ងៃ»។ ឧទាហរណ៍ដូចជានៅរាជធានីភ្នំពេញ គឺមនុស្សស្ទើរ គ្រប់គ្នាធុញទ្រាន់នឹងការស្ទះចរាចរណ៍ ដោយសារតែពួកគេមិនដឹងថាត្រូវទៅណា។ ប៉ុន្តែមានពិតឬមិនពិតមិនអាចកំណត់បានព្រោះពេលដែលជាប់ស្ទះផ្លូវគឺអ្នកធ្វើដំណើរធុញទ្រាន់។
មួយទៀតគឺ «ព័ត៌មានក្លែងក្លាយនយោបាយ»។ បើទោះបីជាលោកនិយាយពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ឬកម្ពុជាក៏ដោយគឺទំហំព័ត៌មានក្លែងក្លាយមានច្រើន។ រដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ក្នុងនោះមានកម្ពុជាផងដែរតែងតែនិយាយពីការគ្រប់គ្រងព័ត៌មានក្លែងក្លាយ ប៉ុន្តែការពិតគឺរដ្ឋាភិបាលនិងគណបក្សកាន់អំណាចហ្នុងឯងជាអ្នកបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ រឿងនេះបានក្លាយជាបញ្ហាមួយ ដោយសារតែរដ្ឋាភិបាលខ្លះតាក់តែងច្បាប់ដើម្បីគ្រប់គ្រងព័ត៌មានក្លែងក្លាយ។ ឧទាហរណ៍៖ ប្រទេសម៉ាឡេស៊ីមានច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ សឹង្ហបុរីក៏មានច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណិត។ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨កម្ពុជាក៏គំរាមប្រើវិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែរ។ នៅទីបំផុត យើងដឹងថាគឺគណបក្សកាន់អំណាចជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ។ ប៉ុន្តែបើសិនជាយើងមើលច្បាប់វិញគឺសំដៅប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្កើតដោយក្រុមអ្នករិះគន់។ ដូច្នេះវាមិនមានភាពស៊ីសង្វាក់គ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើការផ្តល់និយមន័យលើពាក្យ «ព័ត៌មានក្លែងក្លាយ»ទេ។ ជារឿយៗគឺគណបក្សកាន់អំណាចជាអ្នកកំណត់។ ដូច្នេះហើយបានជាយើងមើលឃើញថាព័ត៌មានក្លែងក្លាយតែងតែចេញមកពីថ្នាក់ដឹកនាំកំពូលៗនៅក្នុងបណ្តាប្រទេសទាំងនោះ។
VOA៖ ការណ៍នេះក៏ធ្វើឱ្យការងាររបស់អ្នកសារព័ត៌មានកាន់តែពិបាកជាងមុនហើយក៏កាន់តែមានតម្លៃផងដែរ។ ដូច្នេះសម្រាប់សាធារណជនវិញតើពួកគេត្រូវយល់ដឹងអ្វីខ្លះដើម្បីផ្ទៀងផ្ទាត់ថាព័ត៌មានដែលពួកគេទទួលបានគឺជាព័ត៌មានពិតឬក្លែងក្លាយ។
លោករស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺដឹងច្បាស់ហើយថាតើអ្នកនយោបាយធ្វើយ៉ាងណាហើយអ្នកស្មោះស្ម័គ្រនឹងបក្សធ្វើយ៉ាងណា។ អ្នកទទួលព័ត៌មានក៏លម្អៀងផងដែរ ដោយសារតែព័ត៌មានចេញពីបក្សកាន់អំណាចមកគឺអ្នកគាំទ្រយល់ថាពិត ហើយព័ត៌មានដែលចេញពីម្ខាងទៀតត្រូវគេចាត់ទុកថាព័ត៌មានក្លែងក្លាយ។
ដោយស្ថិតនៅក្នុងបរិបទនេះតើយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យព័ត៌មានពិតទៅដល់ដៃមហាជន។
James Gomez៖ មានកិច្ចខិតខំប្រឹងប្រែងចំនួនបួនដែលភាគីពាក់ព័ន្ធនានាបានធ្វើ។ ព័ត៌មានក្លែងក្លាយគឺជាការព្រួយបារម្ភទូទៅ។ វាជាបញ្ហាពិតប្រាកដ។ រដ្ឋាភិបាល ពលរដ្ឋ សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល អ្នកនយោបាយ និងអ្នកអប់រំ គឺខិតខំស្វែងរកដំណោះស្រាយ។ ដូច្នេះហើយវិធីសាស្ត្រដែលពួកគេប្រើគឺការផ្ទៀងផ្ទាត់ការពិត។ ទីពីរគឺការជំរុញការយល់ដឹងពីប្រព័ន្ធឃោសនា។ ទីបីគឺបង្កើនគុណភាពអ្នកសារព័ត៌មានដើម្បីធានាថាស្នាដៃរបស់អ្នកសារព័ត៌មានអាជីពត្រូវគេអានច្រើនជាងអ្នកផ្សាយព័ត៌មានក្លែងក្លាយ។ ទីបួន គឺឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធ្វើការងាររបស់ពួកគេផងដែរដើម្បីកុំឱ្យព័ត៌មានក្លែងក្លាយចេញផ្សាយច្រើនពេក។
បើទោះបីជាមានវិធានការបួននេះក៏ដោយក៏យើងត្រូវដឹងថាតើអ្នកណាជាអ្នកផ្ទៀងផ្ទាត់ការពិត អ្នកណាជាអ្នកចំណាយលើការផ្ទៀងផ្ទាត់។ រដ្ឋាភិបាលជាច្រើនបានបង្កើតគេហទំព័រផ្ទៀងផ្ទាត់ការពិត ឬអង្គភាពផ្ទៀងផ្ទាត់ការពិត ប៉ុន្តែពួកគេផ្តល់ព័ត៌មានពិតតាមការបកស្រាយរបស់រដ្ឋាភិបាល ដែលជាព័ត៌មានក្លែងក្លាយ។
ចំពោះអ្នកឯករាជ្យដែលចង់ធ្វើការផ្ទៀងផ្ទាត់ព័ត៌មានតែងតែខ្វះខាតធនធានបុគ្គលិកនិងជំនាញព្រោះជួនកាលពួកគេមិនផ្ទៀងផ្ទាត់ការពិតប៉ុន្តែផ្ទៀងផ្ទាត់មតិយោបល់។
បញ្ហាមួយទៀតគឺល្បឿនពីព្រោះការផ្ទៀងផ្ទាត់ព័ត៌មានត្រូវការពេលវេលាច្រើនដែលផ្ទុយពីព័ត៌មានក្លែងក្លាយចេញផ្សាយលឿនណាស់។ យើងអាចប្រកាសថាព័ត៌មាននោះក្លែងក្លាយហើយធ្វើឱ្យអ្នកដែលចេញផ្សាយដំបូងខ្មាស់គេប៉ុន្តែការខូចខាតបានកើតមានឡើងរួចហើយ។
ការយល់ដឹងពីសារព័ត៌មាន ខ្ញុំគិតថាព័ត៌មានក្លែងក្លាយជាច្រើនជុំវិញរឿងនយោបាយដូច្នេះការយល់ដឹងពីសារព័ត៌មានគឺគួរតែជាការយល់ដឹងពីនយោបាយស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក៏ដូចជាចេតនារបស់អ្នកនយោបាយអំពីអ្វីដែលធ្វើឱ្យមានប្រសិទ្ធភាព។
ការអប់រំឱ្យយល់ពីសារព័ត៌មានក៏ត្រូវមើលលើអ្នកផ្តល់មូលនិធិអប់រំផងដែរពីព្រោះបើរដ្ឋាភិបាលជាអ្នកផ្តល់គឺគេអប់រំតាមការបកស្រាយរបស់រដ្ឋាភិបាលដដែល។
ចំណុចទីបីគឺសារព័ត៌មានដែលមានគុណភាព ក៏ជាបញ្ហាប្រឈមខ្លះដែរ។ ក្នុងពេលអតីតកាលសារព័ត៌មានដែលមានគុណភាពផ្តល់ផលល្អប៉ុន្តែសព្វថ្ងៃនេះខ្ញុំឃើញថាវាគ្រាន់តែជាផ្នែកមួយនៃសារព័ត៌មានដែលមានច្រើនសណ្ឋានប៉ុណ្ណោះ។ ដូច្នេះអ្នកប្រើប្រាស់ត្រូវតែយល់ដឹង។
ចំណុចចុងក្រោយគឺក្រុមហ៊ុនបច្ចេកវិទ្យា។ ពួកគេជាអ្នកជំនួញដែលនឹងមិនផ្តល់តម្លៃដូចគ្នាលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ពួកគេបញ្ជូនបុគ្គលិកចូលរួមកិច្ចប្រជុំនិងការពិភាក្សា។ ពួកគេចាប់អារម្មណ៍ធ្វើការជាមួយនឹងរដ្ឋាភិបាលនិងសង្គមស៊ីវិល។ ប៉ុន្តែពួកគេមានគោលការណ៍ក្រុមហ៊ុនផ្ទាល់ខ្លួន។
ខ្ញុំគិតថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺពួកគេនៅតែមិនទាន់ជឿជាក់លើការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ។ ព័ត៌មានក្លែងក្លាយជារឿងពិតជាពិសេសនៅពេលដែលវាបង្កើតជាការសំអប់លើមនុស្សដទៃ។
VOA៖ នៅចំណុចទី៤ដែលសំដៅលើក្រុមហ៊ុនបច្ចេកវិទ្យា។ ទម្លាប់នៃការប្រើប្រាស់ព័ត៌មាននាពេលបច្ចុប្បន្ននេះគឺតាមរយៈបណ្តាញសង្គម។ ដូចជានៅប្រទេសកម្ពុជាធ្លាប់មានព័ត៌មានពីសកម្មជនអតីតបក្សប្រឆាំងម្នាក់ត្រូវបានប៉ូលិសសម្លាប់ពេលនៅក្នុងឃុំឃាំងប៉ុន្តែវាជាព័ត៌មានក្លែងក្លាយហើយត្រូវបានចែកចាយតាមបណ្តាញសង្គម។ ដូច្នេះតើលោកគិតថាក្រុមហ៊ុនបច្ចេកវិទ្យាគួរតែជាអ្នកដែលទទួលខុសត្រូវច្រើនជាងគេទេ?
James Gomez៖ ខ្ញុំគិតថា បើយើងនិយាយដោយយុត្តិធម៌ចំពោះក្រុមហ៊ុនបច្ចេកវិទ្យា គឺយើងត្រូវតែដឹងថាតើយើងអាចជូនដំណឹងទៅក្រុមហ៊ុនបច្ចេកវិទ្យាបានរហ័សកម្រិតណាថាព័ត៌មានណាមួយក្លែងក្លាយហើយតើអ្នកណាជាអ្នកផ្ទៀងផ្ទាត់? ដូច្នេះយើងត្រូវតែយល់ច្បាស់ពីចំណុចនេះ។ តើប្រភពឯករាជ្យដែលតាមឃ្លាំមើលបណ្តាញសង្គមជាប្រចាំហើយជាអ្នកផ្ទៀងផ្ទាត់ថាព័ត៌មាននោះពិតឬក៏អត់។ ហើយសំណួរមួយទៀតគឺតើក្រុមហ៊ុនបច្ចេកវិទ្យាជាអ្នកតាមរកព័ត៌មាននេះដោយខ្លួនឯងដោយមិនចាំបាច់មានគេជូនដំណឹងមក?
ដំណាក់កាលទីពីរ គឺនៅពេលដែលទទួលបានការជូនដំណឹងថាព័ត៌មានណាមួយក្លែងក្លាយ តើក្រុមហ៊ុនដោះស្រាយបានរហ័សកម្រិតណា? បណ្តាញសង្គមដូចជាហ្វេសប៊ុកគឺគេមាននិយាមរបស់គេ ហើយនៅពេលណាដែលព័ត៌មាននោះស្ថិតនៅក្នុងនិយាមរបស់គេគឺពួកគេអនុញ្ញាតឱ្យផ្សាយបាន។ ប៉ុន្តែនៅពេលណាដែលមានព័ត៌មានដែលប៉ះពាល់ខ្លាំងដល់ភាពសុខសាន្តរបស់សហគមន៍គឺយើងឃើញថាអ្នកប្រើប្រាស់សម្តែងការខឹងសំបារនឹងក្រុមហ៊ុនបច្ចេកវិទ្យាដែលមិនបានដកព័ត៌មាននោះចេញឱ្យបានទាន់ពេល៕