អ្នកចូលរួមនៅក្នុងសន្និសីទថ្នាក់តំបន់អាស៊ីមួយកាលពីសប្តាហ៍មុន បានឯកភាពគ្នា ក្នុងការបង្កើតផែនការស្រាវជ្រាវយុទ្ធសាស្ត្រថ្នាក់តំបន់មួយដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ (fake news) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនៅក្នុងតំបន់នេះមានរដ្ឋាភិបាលជាច្រើនបានបង្ក្រាបលើបណ្តាញសារព័ត៌មានឯករាជ្យក្នុងប្រទេសខ្លួន រួមទាំងនៅប្រទេសកម្ពុជាដែលជាប្រទេសម្ចាស់ផុ្ទះ។ ផែនការស្រាវជ្រាវថ្មីនេះបាននាំឲ្យមានក្តីបារម្ភពីសំណាក់ស្ថាប័នឯករាជ្យមួយចំនួន។
សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ រយៈពេល៣ថ្ងៃស្តីពី«ឌីជីថលភាវូបនីយកម្មសារព័ត៌មាន៖ ការផ្តោតលើទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍» ត្រូវបានរៀបចំដោយអង្គការមួយមានមូលដ្ឋាននៅនៅប្រទេសម៉ាឡេស៊ីឈ្មោះ វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ (AIBD) ដែលជាអង្គការទ្រទ្រង់ដោយសមាជិករដ្ឋនិងមិនមែនរដ្ឋជាង១០០ស្ថាប័ន និងសហការទ្រទ្រង់ថវិកាដោយស្ថាប័នម្ចាស់ផ្ទះគឺក្រសួងព័ត៌មានកម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងសុន្ទរកថាបិទសិក្ខាសាលាពីរថ្ងៃកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា៖
«កិច្ចប្រជុំកំពូល និងវគ្គបណ្តុះបណ្តាលមុនកិច្ចប្រជុំ បានដោះស្រាយក្តីបារម្ភ ដែលបង្កឡើងដោយប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលតម្រូវឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតវិធានការទប់ទល់នឹងឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត ព័ត៌មានក្លែងបន្លំ និងបណ្តុះបណ្តាលប្រជាជន ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងអាជីពនៅក្នុងវិស័យផ្សព្វផ្សាយ»។
លោករដ្ឋមន្ត្រីថ្លែងបន្តថា ថ្នាក់ដឹកនាំនានាដែលបានចូលរួមសន្និសីទកំពូលនេះ បានឯកភាពគ្នាបង្កើត «គំនិតផ្តួចផ្តើមអង្គរប្រឆាំងនឹងព័ត៌មានក្លែងបន្លំ» (Angkor Fake News Initiative) ហើយនឹងមានការប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីពិភាក្សាគ្នាអំពី «ផែនការយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិកដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ព័ត៌មានក្លែងបន្លំ» ជាការ«បារម្ភសាកល» ដែលលោកថាប្រទេសទាំងអស់ត្រូវតែចាត់វិធានការ។ ប៉ុន្តែការប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំត្រូវបានអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយបារម្ភថា អាចត្រូវបានប្រើប្រាស់ដើម្បីបំបិទសំឡេងអ្នករិះគន់។
កាលពីដើមឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងប្រសាសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ របស់សហរដ្ឋអាមេរិក ដែលបានរិះគន់កាសែតញូវយ៉កថែមស៍ (New York Times) ដោយលោកបានលើកឡើងថា កាសែតនេះត្រូវបានគេឲ្យពានរង្វាន់ខាង «ព័ត៌មានក្លែងបន្លំ»។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបានគំរាមថា ប្រសិនបើអ្នកកាសែតញូវយ៉កថែមស៍ មួយរូបដែលពេលនោះមានវត្តមាននៅក្នុងចំណោមហ្វូងមនុស្សនៅទីនោះដើម្បីយកព័ត៌មានអំពីពិធីសម្ពោធស្ពានឆ្លងកាត់ទន្លេមេគង្គមួយ ធ្វើការរាយការណ៍ខុសអំពីលោក នោះ «ប្រជាជនកម្ពុជានឹងចងចាំមុខរបស់អ្នក»។
លោក ណុប វី ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មានប្រសាសន៍ថា លោកមានការព្រួយបារម្ភថា «សកម្មភាពប្រឆាំងនឹងព័ត៌មានក្លែងក្លាយអាចប៉ះពាល់សេរីភាពបញ្ចេញមតិនិងសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិត»។
ប៉ុន្តែលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានចូលរួមសន្និសីទកំពូលនេះ បានបដិសេធក្តីបារម្ភដែលថា កិច្ចប្រឹងប្រែងថ្មីថ្នាក់តំបន់អាស៊ីដែលជំរុញដោយរដ្ឋាភិបាលកម្ពុជានឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ។ ថ្វីបើលោកមិនបានបញ្ជាក់ថា តើរដ្ឋាភិបាលក្នុងតំបន់បានឯកភាពគ្នាឬទេអំពីអ្វីទៅដែលជា «ព័ត៌មានក្លែងបន្លំ» ឬ «fake news» នោះ លោកបានបញ្ជាក់ថា តាមការយល់ដឹងរបស់លោកអំពីន័យបច្ចេកទេសនៃពាក្យនេះ «ព័ត៌មានក្លែងបន្លំ» រួមបញ្ជូលការរាយការណ៍ព័ត៌មានខុសនិងធ្វេសប្រហែសរបស់អ្នកយកព័ត៌មាន។
លោក មាស សុភ័ណ្ឌ បញ្ជាក់ថា គម្រោង Angkor Fake News Initiative ថ្មីនេះ ដែលត្រូវដឹកនាំដោយអង្គការយូណេស្កូ និងវិទ្យាស្ថាន AIBD នឹងត្រូវចំណាយពេលមួយឆ្នាំ ដើម្បីស្រាវជ្រាវអំពីផលប៉ះពាល់នៃព័ត៌មានក្លែងបន្លំទៅលើសង្គម ហើយភាគីពាក់ព័ន្ធនឹងសម្រេចបន្តទៀតថា នឹងធ្វើអ្វីក្រោយបានលទ្ធផលនៃការស្រាវជ្រាវនេះ។
លោក លាង ដឺលុច នាយកប្រតិបត្តិនៃសារព័ត៌មានអនឡាញ «ថ្មីៗ» និងជាអ្នកកាសែតខ្មែរមួយរូបដែលបានចូលរួមនិងធ្វើបទបង្ហាញនៅក្នុងសន្និសីទកំពូលឯខេត្តសៀមរាបនេះ បានថ្លែងថា លោកមិនបានដឹងថា នៅកម្ពុជាមានការឯកភាពគ្នាពីគ្រប់មជ្ឈដ្ឋានថាអ្វីទៅជានិយមន័យនៃពាក្យ«ព័ត៌មានក្លែងបន្លំ»នោះទេ ប៉ុន្តែតាមការយល់ដឹងរបស់លោក ព័ត៌មានក្លែងបន្លំត្រូវតែមាន«ចេតនា»ក្នុងការបំភ្លៃព័ត៌មាន។
លោក លាង ដឺលុច បញ្ជាក់ថា ក្នុងនាមជាអ្នកយកព័ត៌មានមួយរូប លោកស្វាគមន៍ឱកាសក្នុងការផ្តល់យោបល់ក្នុងនាមជាភាគីពាក់ព័ន្ធ (stakeholder) ប្រសិនបើរដ្ឋាភិបាលសម្រេចថានឹងតាក់តែងច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងបន្លំមែននោះ។
ក្នុងពេលកន្លងមក មានសេចក្តីរាយការណ៍ថា កម្ពុជាអាចនឹងពិចារណាតាក់តែងច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងបន្លំ ដូចនឹងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដែរ។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយជាមួយ VOA នៅឯសន្និសីទកំពូលខេត្តសៀមរាបនេះ រដ្ឋមន្ត្រីព័ត៌មានកម្ពុជាបានបដិសេធថា កម្ពុជាមិនមានគម្រោងតាក់តែងច្បាប់បែបនេះទេ។
អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃសហប្រជាជាតិ ឬហៅកាត់ថា យូណេស្កូ បានឧបត្ថម្ភសន្និសីទនេះ ក្នុងនាមជាដៃគូជាមួយវិទ្យាស្ថាន AIBD ខាងផ្នែកការបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយ។
នៅមុនកិច្ចប្រជុំកំពូលនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានទទូចឲ្យស្ថាប័នអង្គការសហប្រជាជាតិមួយនេះ ទាមទារឲ្យកម្ពុជាជាម្ចាស់ផ្ទះស្តារឡើងវិញនូវសេរីភាពសារព័ត៌មានក្នុងប្រទេសខ្លួន។ រដ្ឋាភិបាលកម្ពុជាបានរឹតត្បិតសេរីភាពសារព័ត៌មានក្នុងប្រទេស នៅមុនការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៨។
ប៉ុន្តែនៅក្នុងសន្និសីទនេះ អង្គការយូណេស្កូមិនបានប្រកាន់ជំហរខ្លាំងចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចតាមការទាមទារនោះទេ។ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ធ្លាប់បានបិទសារព័ត៌មានមួយចំនួន និងចាប់អ្នកកាសែតដាក់គុក ក្នុងកិច្ចប្រឹងប្រែងដើម្បីបំបាត់សំឡេងក្រុមប្រឆាំង និងបង្ក្រាបលើអ្វីដែលអង្គការ Human Rights Watch ហៅថាជា «សារព័ត៌មានដ៏រស់រវើក» ដែលកម្ពុជាធ្លាប់មាន។
ក្នុងអំឡុងពេលថ្លែងនៅដើមសន្និសីទកាលពីសប្តាហ៍មុន លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានលើកឡើងអំពីការងាររបស់យូណេស្កូ ដែលបានធ្វើការជាមួយ«ដៃគូផ្សេងៗ» ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន។
ប៉ុន្តែអ្នកជំនាញបានលើកពីចម្ងល់នៃការងាររបស់យូណេស្កូនៅក្នុងតំបន់មួយដែលមានរដ្ឋាភិបាលរឹតត្បិតសេរីភាពសារព័ត៌មាន ហើយលទ្ធភាពដែលអ្នកសារព័ត៌មានអាចធ្វើការយកព័ត៌មានដោយសេរីនោះ។
នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយគណបក្សប្រឆាំង និងធ្វើការបង្ក្រាបទៅលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលបាននាំទៅដល់ការបិទនិងប្តូរម្ចាស់នៃកាសែតនិងវិទ្យុឯករាជ្យភាគច្រើន រួមទាំងកាសែត the Cambodia Daily និងការិយាល័យវិទ្យុអាស៊ីសេរីប្រចាំទីក្រុងភ្នំពេញ។ វិទ្យុរាប់សិបទៀតដែលបានផ្សាយព័ត៌មានមានលក្ខណៈរិះគន់រដ្ឋាភិបាលក៏ត្រូវបានបំបិទសំឡេងផងដែរ។
អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីមួយចំនួនបានបាត់បង់ការងាររបស់ខ្លួន ហើយអ្នកយកព័ត៌មានខ្លះបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។
VOA មិនអាចទាក់ទងលោក Sardar Umar Alam ដើម្បីសុំអត្ថាធិប្បាយបានទេរហូតមកដល់ពេលនេះ។
លោក Phil Robertson នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានសរសេរនៅក្នុងសារអេឡិចត្រូនិកថា៖
«អ្នករៀបចំកម្មវិធីគឺ វិទ្យាស្ថាន AIBD គួរតែខ្មាសខ្លួនឯងចំពោះតួនាទីខ្លួនដែលបានផ្តល់អំណាចដល់រដ្ឋាភិបាលនានា ដូចជានៅក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលបានធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចរបស់ពួកគេ ដើម្បីរាំងខ្ទប់សេរីភាពសារព័ត៌មាន និងទុកឲ្យពលរដ្ឋពួកគេត្រូវទទួលយ៉ាងជោគជាំនូវការឃោសនារបស់រដ្ឋាភិបាល ដោយរដ្ឋាភិបាលបន្លំហៅការឃោសនានេះ ថាជា«ព័ត៌មាន»នោះ»។
ប៉ុន្តែលោក Ming-Kuok Lim ទីប្រឹក្សាខាងទំនាក់ទំនងនិងព័ត៌មានសម្រាប់ការិយាល័យតំបន់របស់អង្គការយូណេស្កូប្រចាំក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលបានចូលរួមសន្និសីទនៅកម្ពុជានេះ បានបញ្ជាក់ប្រាប់ VOA ថា សន្និសីទកំពូលសារព័ត៌មានអាស៊ីនេះ ជាទូទៅផ្តោតលើប្រធានបទបែបបច្ចេកទេសច្រើនជាងប្រធានបទរសើបដូចសេរីភាពសារព័ត៌មាន។
លោកបន្តថា អ្នកចូលរួមសន្និសីទនេះ មកពីបណ្តាប្រទេសសមាជិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានកម្រិតនៃការអភិវឌ្ឍខុសៗគ្នា និងទីផ្សារប្រព័ន្ធផ្សព្វផ្សាយខុសៗគ្នាដែរ ដែលជាហេតុធ្វើឲ្យលោកគិតថា សន្និសីទអន្តរជាតិនេះមិនសមស្របជាវេទិកាសម្រាប់លើកយកស្ថានភាពសេរីភាពសារព័ត៌មានជាក់លាក់ក្នុងប្រទេសណាមួយដូចជាកម្ពុជាមកនិយាយទេ។
មន្ត្រីយូណេស្កូរូបនេះថ្លែងបន្តថា ក្នុងនាមជាតួអង្គ«អ្នកសម្របសម្រួល» អព្យាក្រឹត្យមួយ អង្គការយូណេស្កូនឹងបន្ត «ធ្វើការ» និង«រក្សាការសន្ទនាបើកចំហ» ជាមួយបណ្តាប្រទេសសមាជិករបស់ខ្លួនដូចជាកម្ពុជានិងជំរុញឲ្យមានបទដ្ឋានអន្តរជាតិសម្រាប់សិទ្ធិមនុស្ស ដែលរួមមានសេរីភាពសារព័ត៌មានផងដែរ។
លោកបញ្ជាក់ប្រាប់ VOA ថា៖ «ពេលខ្លះយើងពិភាក្សាអំពីប្រធានបទរសើបខ្លាំង។ ពេលខ្លះយើងពិភាក្សាអំពីកិច្ចការដែលមិនអាចដោះស្រាយបានក្នុងសន្និសីទតែមួយនោះ។ សន្និសីទតែមួយនេះមានកម្រិតនិងមិនអាចជាកន្លែងដោះស្រាយអ្វីទាំងអស់នោះទេ។ គំនិតរបស់យើងខ្ញុំ គឺបន្តធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗក្នុងការសន្ទនានេះ»។
សេរីភាពសារព័ត៌មាននៅក្នុងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះ រួមទាំងសេរីភាពតាមបណ្តាញអ៊ីនធឺណិតផងដែរ ដូចមានករណីក្នុងប្រទេសហ្វីលីពីនជាដើម ដែលមានការរឹតត្បិតសារព័ត៌មានអនឡាញ Rappler។ ចំណែកប្រទេសម៉ាឡេស៊ីវិញ ដែលជាប្រទេសអាស៊ីអាគ្នេយ៍តែមួយដែលមានការប្រសើរឡើងខ្លាំងនៃសេរីភាពសារព័ត៌មាន ធ្លាប់បានតាក់តែងច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលគេបារម្ភថាមានលក្ខណៈរឹតត្បិត ប៉ុន្តែក្រោយការផ្លាស់ប្តូររដ្ឋាភិបាលកាលពីឆ្នាំមុនមក រដ្ឋាភិបាលថ្មីបានព្យាយាមលុបចោលសេចក្តីព្រាងច្បាប់នេះវិញ។
នៅក្នុងសុន្ទរកថាបើកសន្និសីទកាលពីថ្ងៃពុធសប្តាហ៍មុន លោក ហ៊ុន សែន បានអំពាវនាវឲ្យមានវិធានការប្រឆាំងនឹងព័ត៌មានក្លែងបន្លំ។ រដ្ឋាភិបាលលោកនៅពេលបច្ចុប្បន្ននេះ បានធ្វើសេចក្តីព្រាងច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមព័ត៌មានវិទ្យា ដែលបាននាំឲ្យមានការបារម្ភថា នឹងអាចប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ខណៈដែលរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមចាត់វិធានការចំពោះការរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុក។
កាសែតធំៗនិងស្ថានីយទូរទស្សន៍ទាំងឡាយនៅក្នុងប្រទេសកម្ពុជា ជាកម្មសិទ្ធិរបស់អ្នកជំនួញដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា ហើយដែលគ្រប់គ្រងស្ទើរតែទាំងស្រុងលើប្រព័ន្ធផ្សព្វផ្សាយនិងប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្លែងថា អ្នកយកព័ត៌មានពីវិទ្យុសំឡេងប្រជាធិបតេយ្យ VOD របស់លោកមិនត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងសន្និសីទកំពូលនេះទេ ខណៈដែលស្ថានីយដៃគូរបស់វិទ្យុ VOD ជាច្រើនត្រូវបានរដ្ឋាភិបាលបិទមិនឲ្យផ្សាយកាលពីខែសីហាឆ្នាំ២០១៧ ព្រមជាមួយនឹងការបិទវិទ្យុ ដែលផ្សាយបន្តកម្មវិធីរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរីផងដែរ។
នៅក្នុងអំឡុងសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃសិក្ខាសាលានេះ លោក Fayyaz Shehryar ប្រធានវិទ្យាស្ថាន AIBD បានឆ្លើយតបទៅនឹងសំណួរមួយរបស់ VOA ដោយបដិសេធការអះអាងរបស់អង្គការ Human Rights Watch ដែលថា កម្ពុជាមិនសក្តិសមជាកន្លែងនៃការប្រជុំនេះទេ ដោយសារកម្ពុជាបានបង្ក្រាបទៅលើសេរីភាពសារព័ត៌មានរបស់ខ្លួន។
លោកបានឆ្លើយតបថា៖ «ការណ៍ដែលកម្ពុជាបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្នុងនាមជាម្ចាស់ផ្ទះនិងអនុញ្ញាតឲ្យយើងខ្ញុំមកទីនេះសម្រាប់សន្និសីទកំពូលសំខាន់នេះ ជាការបដិសេធគំនិតរបស់ Human Rights Watch ដែលថា កម្ពុជាមិនមានបំណងឲ្យមានសេរីភាពសារព័ត៌មាន ឬអនុញ្ញាតឲ្យសារព័ត៌មានអាចធ្វើការពេញលេញ ឬមានសេរីភាពពេញលេញនោះទេ»។
ប៉ុន្តែនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយទៀតនៅក្រោយសន្និសីទព័ត៌មាននោះដែរ លោក Shehryar ថ្លែងថា ប្រទេសម្ចាស់ផ្ទះដូចជាកម្ពុជាមានតួនាទីសំខាន់ក្នុងការកំណត់កម្មវិធីនិងកម្រិតនៃភាពបើកចំហនៃសន្និសីទប្រចាំឆ្នាំនីមួយៗ។ លោកថា សន្និសីទនៅកម្ពុជាក្នុងឆ្នាំនេះមិនមានការលើកយកប្រធានបទរសើបៗទាក់ទងនឹងបញ្ហាសារព័ត៌មាន ដូចក្នុងអំឡុងការប្រជុំឆ្នាំ២០១៨ នៅក្រុងញូវដែលី ប្រទេសឥណ្ឌានោះទេ។
លោកពន្យល់ថា៖ «[ប្រធានបទទាំងនេះ] ត្រូវបានពិភាក្សានៅឥណ្ឌា ប៉ុន្តែនៅឥណ្ឌាយើងមានសារព័ត៌មានសេរី។ ... ប្រទេសនីមួយសម្រេចចិត្តដោយខ្លួនឯង»]
បើតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា«ធ្លាប់ស្ថិតនៅក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយសេរីបំផុតមួយនៅទ្វីបអាស៊ី» ដោយអង្គការឃ្លាំមើលសេរីភាពសារព័ត៌មានមួយនេះបញ្ជាក់ថា នៅឆ្នាំ២០១៨ សន្ទស្សន៍សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានថយលំដាប់ពីលេខរៀងទី៧១ ទៅដល់លេខ១៤២ ក្នុងចំណោម១៨០ប្រទេស៕