ច្បាប់នោះ មិនបានរួមបញ្ចូលអ្នកកាន់សាសនាឥស្លាម ទៅក្នុងក្រុមសាសនាដូចជា ហិណ្ឌូ និងសាសនាគ្រិស្ត ដែលក្រុមអ្នកកាន់សាសនាទាំងនេះ ត្រូវបានផ្តល់សិទ្ធិជាពលរដ្ឋបានឆាប់ប្រសិនបើពួកគេប្រឈមនឹងការធ្វើទុក្ខបុកម្នេញខាងសាសនា នៅក្នុងប្រទេសអាហ្គានីស្ថាន ប៉ាគីស្ថាន និងបង់ក្លាដែស។ តើអ្វីទៅដែលធ្វើឲ្យស្រ្តីទាំងនោះ ដែលពួកគេភាគច្រើនមកពីមជ្ឈដ្ឋានក្រីក្របំផុតក្នុងសង្គម បន្តបាតុកម្មនៅលើផ្លូវអស់រយៈពេលជាច្រើនសប្តាហ៍មកនេះ។
ស្រ្តីជាជីដូន ម្តាយ និងមេផ្ទះជាច្រើន បានទៅបិទផ្លូវដ៏សំខាន់ នៅក្នុងតំបន់ Shaheen ក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា ដែលតំបន់នោះមានពលរដ្ឋភាគច្រើនជាអ្នកកាន់សាសនាឥស្លាម ដោយសារតែ ការព្រួយបារម្ភដ៏ខ្លាំងអំពីច្បាប់ចូលសញ្ជាតិថ្មីមួយ។ ឥឡូវនេះ ពួកគេទាំងនោះ ត្រូវដាក់ឯកសារបញ្ជាក់ថា ពួកគេជាពលរដ្ឋឥណ្ឌា។
ក្នុងចំណោមអ្នកដឹកនាំការតវ៉ាទាំងនោះ គឺអ្នកស្រី Rizwana Bano ដែលអ្នកស្រីស្ថិតនៅក្នុងចំណោមពលរដ្ឋចំណាកស្រុកក្រីក្ររាប់លាននាក់ដែលរស់នៅក្នុងទីក្រុងញូដេលី។ អ្នកស្រី Rizwana Bano ថ្លែងថា៖
«ខ្ញុំមកពី រដ្ឋ Biha ដែលតែងតែមានទឹកជំនន់។ ខ្ញុំគ្មានផ្ទះ ឬ អាស័យដ្ឋានជាក់លាក់ទេ។ដូច្នេះ តើឲ្យខ្ញុំរកឯកសារឯណាមកបញ្ជាក់ទៅ? នេះហើយជាមូលហេតុ ដែលខ្ញុំមកតវ៉ានៅតាមផ្លូវ ដូច្នេះខ្ញុំនឹងមិនត្រូវចូលគុក»។
ស្រ្តីទាំងនោះ ភាគច្រើនជាអ្នកចេញមកតវ៉ាជាលើកដំបូង។ ពួកគេចេញពីផ្ទះដោយសារតែពួកគេបារម្ភថា ផែនការបង្កើតបញ្ជីចុះឈ្មោះចូលសញ្ជាតិថ្មីមួយ អាចគំរាមគំហែងឋានៈជាពលរដ្ឋឥណ្ឌារបស់ពួកគេ។
នោះ គឺដោយសារតែច្បាប់នោះ មិនបានរួមបញ្ចូលអ្នកកាន់សាសនាឥស្លាម ទៅក្នុងក្រុមសាសនាដូចជា ហិណ្ឌូ និងសាសនាគ្រិស្ត ដែលក្រុមអ្នកកាន់សាសនាទាំងនេះ ត្រូវបានការពន្លឿនការផ្តល់សិទ្ធិជាពលរដ្ឋ ប្រសិនបើពួកគេប្រឈមនឹងការធ្វើទុក្ខបុកម្នេញខាងសាសនា នៅក្នុងប្រទេសអាហ្គានីស្ថាន ប៉ាគីស្ថាន និងបង់ក្លាដែស។
លោកនាយករដ្ឋមន្រ្តី Narendra Modi បានជម្រះក្តីកង្វល់ដោយនិយាយថា គ្មានពលរដ្ឋឥណ្ឌាកាន់សាសនាឥស្លាមណា នឹងប្រឈមនឹងការបាត់បង់សញ្ជាតិរបស់ពួកគេឡើយ។
ក៏ប៉ុន្តែ ពលរដ្ឋជាច្រើន ដូចជាអ្នកស្រី Azra Hashmi នៅតែមានទុទិដ្ឋិនិយម គ្រាដែលរដ្ឋាភិបាលរបស់លោក Modi កាន់តែត្រូវគេមើលឃើញថា កាន់តែឈានទៅមុខតាមរយៈនិន្នាការអ្នកប្រកាន់សាសនាហិណ្ឌូជាតិនិយម។
អ្នកស្រី Azra Hashmi ថ្លែងថា៖
«ខ្ញុំបានកើតនៅក្នុងប្រទេសដ៏ស្រស់ស្អាតនេះ បងប្អូនក្រុមគ្រួសារសាច់ញាតិ៧ជំនាន់របស់ខ្ញុំ បានកើតនិងកប់ទៅវិញនៅទីនេះ។ តើហេតុអ្វីបានជាសព្វថ្ងៃនេះ អ្នករុញយើងឲ្យដល់ផ្លូវទាល់ដូច្នេះ?»។
បុគ្គលល្បីឈ្មោះ ដូចជាតារាភាពយន្ត Bollywood Swara Bhaska ជារឿយៗ បានបង្ហាញខ្លួនដើម្បីគាំទ្រនូវអ្វីដែលគេហៅថា «បាតុកម្មដែលគ្មានមេដឹកនាំ»។ អ្នកស្ម័គ្រចិត្ត បានបរិច្ចាគម្ហូបអាហារ។ បុរសទុកឲ្យស្រ្តីជាអ្នកដឹកនាំការតវ៉ា។ ថ្វីបើនៅឆ្នាំនេះរដូវត្រជាក់នៅក្នុងរដ្ឋធានីញូវដេលី មានសភាពត្រជាក់ជាងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏មិនបានធ្វើឲ្យបាតុករទាំងនោះ មានភាពរួញរាក្នុងការតវ៉ារហូតដល់រំលងអាធ្រាតនោះឡើយ។
លោក Syed Taseer Ahmed អ្នកស្ម័គ្រចិត្ត និងជាពលរដ្ឋម្នាក់មកពីតំបន់ Shaheen Bagh បានថ្លែងថា៖
«គ្មានហិរញ្ញិក គ្មានទាក់ទងនឹងគណបក្សនយោបាយ និងគ្មានទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាលណាមួយទេ។ បាតុកម្មនេះ គឺធ្វើដោយសាធារណជនខ្លួនឯង»។
ការចូលសញ្ជាតិ មិនមែនតែជាបញ្ហាមួយមុខនោះទេ។ អ្នកស្រី Saima Khan ដែលជាម្តាយមានកូន៤នាក់ បានចូលរួមនៅក្នុងការតវ៉ានេះ ដោយសារតែមានកំហឹងចំពោះសកម្មភាពរបស់ប៉ូលិសកាលពីខែធ្នូ ដែលត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យនិស្សិតកាន់សាសនាឥស្លាម២នាក់មានរបួស នៅក្នុងសាកលវិទ្យាល័យដែលមាននិស្សិតភាគច្រើនកាន់សាសនាឥស្លាម។ អ្នកស្រី Saima Khan ថ្លែងថា៖
«យើងបានសម្រេចចិត្តថា យើងនឹងមិនអត់ធ្មត់ចំពោះរឿងដូចនេះទេ។ មានស្រ្តីជាម្តាយច្រើននៅទីនេះ។ ម្តាយមិនអាចមើលកូនខ្លួនឯងត្រូវបានគេយកធ្វើជាគោលដៅនោះទេ»។
មានការដាក់សម្ពាធឲ្យបញ្ឈប់ការតវ៉ានេះ។ ក៏ប៉ុន្តែ ស្រ្តីអ្នកតវ៉ាទាំងនោះ បានប្តេជ្ញាថា ពួកគេនឹងបន្តបោះជំរំនៅទីនោះ រហូតទាល់តែច្បាប់នោះត្រូវបានសើរើឡើងវិញ។
អ្នកស្រី Bilkees ពលរដ្ឋម្នាក់ទៀតមកពីតំបន់ Shaheen Bagh បានថ្លែងថា៖
«មិនថា ខ្ញុំត្រូវតវ៉ា១ខែ ៦ខែ ឬ ១ឆ្នាំទេ ខ្ញុំនឹងមកទីនេះ រាល់ថ្ងៃ»។
ស្រ្តីកាន់សាសនាឥស្លាមនៅក្នុងតំបន់មួយនៃរដ្ឋធានីញូវដេលី ដែលកម្រត្រូវបានគេឃើញ ឬ ឮមតិនោះ កំពុងបង្ហាញថា ពួកគេ នឹងត្រូវបានចាត់ទុកថា ជាអ្នកចូលរួមតទល់ ប្រឆាំងនឹងច្បាប់ចូលសញ្ជាតិថ្មីនោះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់