អាជ្ញាធរឥណ្ឌាបានពង្រឹងសន្ដិសុខបន្ថែមទៀត និងបានកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតនៅតាមតំបន់មួយចំនួននៅថ្ងៃអង្គារនេះ ខណៈដែលសមាជិកគណបក្សកាន់អំណាចមានគម្រោងនឹងរៀបចំការដើរដង្ហែក្បួននានាដែលគាំទ្រដល់ច្បាប់ថ្មីស្ដីពីការទទួលបានសញ្ជាតិ។ ប៉ុន្តែការតវ៉ានៅទូទាំងប្រទេសប្រឆាំងនឹងច្បាប់ថ្មីនេះកំពុងតែខ្លាំងក្លាឡើង។
មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយថា រដ្ឋាភិបាលរំពឹងថា មន្ត្រីសន្ដិសុខនៅក្នុងរដ្ឋទាំងអស់នឹងត្រូវធ្វើការនៅថ្ងៃមុនបុណ្យណូអែលនិងពេញមួយសប្ដាហ៍តែម្ដង។
មន្ត្រីសន្ដិសុខជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងញូវដេលី បាននិយាយថា៖ «យើងចង់ឱ្យប៉ូលិសទប់ស្កាត់ការផ្ទុះអំពើហិង្សា ប៉ុន្តែយើងក៏ទទួលស្គាល់ថា ស្ថានភាពនេះអាចអាក្រក់រហូតដល់ទប់ទល់លែងបាន ដូច្នេះកងកម្លាំងយោធានឹងត្រូវដាក់បញ្ឈរជើងនៅតាមទីផ្សារនិងទីសាធារណៈនានា»។
ការតវ៉ាយ៉ាងហោចណាស់ចំនួន២០ដែលគាំទ្រឬប្រឆាំងនឹងច្បាប់ថ្មីនេះគ្រោងនឹងធ្វើឡើងនៅតាមទីក្រុងនានា។ អ្នកតវ៉ាមកពីភាគីទាំងសងខាងបានសរសេរសារលើបណ្ដាញសង្គមដើម្បីឲ្យមនុស្សម្នានាំគ្នាចេញមកតវ៉ានៅថ្ងៃបុណ្យណូអែលនិងថ្ងៃបុណ្យឆ្លងឆ្នាំថ្មី។
ច្បាប់វិសោធនកម្មសញ្ជាតិហៅកាត់ថា CAA មានគោលបំណងពន្លឿនការផ្ដល់សញ្ជាតិដល់អ្នកកាន់សាសនាហិណ្ឌូ សាសនាប៉ាស៊ី សាសនាឥស្លាមនិកាយ Sikhs សាសនាព្រះពុទ្ធ សាសនាគ្រិស្ត និងសាសនាដទៃទៀត ដែលបានមកដល់ប្រទេសឥណ្ឌាមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ដែលពួកគេទាំងនោះមកពីប្រទេសសម្បូរអ្នកកាន់សាសនាឥស្លាម គឺប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន។ ច្បាប់នេះត្រូវបានអនុម័តកាលពីថ្ងៃទី១១ ខែធ្នូ និងបានបង្កឲ្យមានការតវ៉ានៅក្នុងរដ្ឋ Assam។ អ្នកតវ៉ាភ័យខ្លាចថា ច្បាប់នេះនឹងធ្វើឲ្យអ្នកស្រុករស់នៅដោយស្របច្បាប់មកពីប្រទេសបង់ក្លាដែសក្លាយទៅជាជនអន្តោប្រវេសន៍ខុសច្បាប់៕