ការតវ៉ាប្រឆាំងនឹងច្បាប់ថ្មីដែលផ្តល់សញ្ជាតិដល់ជនមិនមែនមូស្លីមមកពីប្រទេសជិតខាងបានបន្តរីករាលដាលពាសពេញប្រទេសឥណ្ឌាកាលពីថ្ងៃពុធ ទោះបីជាមានយុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីបង្ក្រាបពួកគេក៏ដោយ។
បន្ទាប់ពីតុលាការកំពូលពន្យារពេលសវនាការប្តឹងប្រឆាំងនឹងច្បាប់នេះ សកម្មភាពបាតុកម្មបានផ្ទុះឡើងនៅតំបន់ Gahuati, Chennai, រដ្ឋ Tamil Nadu ភាគខាងត្បូងនិងនៅទីក្រុង Mumbai ដែលជាទីក្រុងពាណិជ្ជកម្ម។ការតវ៉ាក៏បានរាលដាលដល់តំបន់ Srinagar ដែលជាតំបន់ទេសចរណ៍របស់រដ្ឋ Jaipur រដ្ឋ Rajasthan និងរាលដាលដល់ទៅរដ្ឋ Kochi ផងដែរ។
បាតុកររាប់រយនាក់បានស្រែកពាក្យស្លោកនិងបង្ហាញរូបភាពប៉ូលិសចោទប្រកាន់និស្សិតដែលគ្មានអាវុធនៅខាងក្រៅសាកលវិទ្យាល័យ Jamia Millia Islamia ក្នុងទីក្រុងញូវដែលីដែលជាកន្លែងមានការប៉ះទង្គិចគ្នាដ៏ធំមួយកាលពីថ្ងៃអាទិត្យ។
អាជ្ញាធរបានព្យាយាមរារាំងការតវ៉ា ដោយពង្រីកការបិទបណ្តាញអ៊ីនធឺណិត និងបំរាមគោចរនៅរដ្ឋ Assam។ ប៉ូលិសក៏បានរឹតត្បិតការប្រមូលផ្ដុំគ្នានៅក្នុងសហគមន៍មូស្លីមនៅទីក្រុងញូវដេលីជាកន្លែងដែលបាតុកម្មបានដុតប៉ុស្តិ៍ប៉ូលិសនិងរថយន្តជាច្រើនកាលពីថ្ងៃអង្គារ។
ច្បាប់ថ្មីនេះនឹងពន្លឿនការចូលសញ្ជាតិសម្រាប់ជនជាតិភាគតិចចំនួនប្រាំមួយដែលមិនមែនជាមូស្លីមដូចជាអ្នកកាន់សាសនា Hindus, Sikhs និងគ្រីស្ទសាសនាដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញពីប្រទេសចំនួន៣គឺប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាននិងបង់ក្លាដែស។
ទោះជាយ៉ាងណា វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនេះត្រូវបានអនុម័តដោយសំឡេងភាគច្រើនកាលពីសប្តាហ៍មុននៅក្នុងសភានិងព្រឹទ្ធសភាឥណ្ឌា៕