ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ព្រមាន​​ដក​​ស័ក្តិ​របស់​ឪពុក និង​សាច់ថ្លៃ​​​​លោក ស៊ន តារា ចេញ​ពី​ក្រប​ខណ្ឌ​ទាហាន និង​ប៉ូលិស


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ព្រ​មាន​ចំៗ​ទៅលើ​ឪពុក​បង្កើត​ និងប្អូន​ថ្លៃ​ស្រីរបស់​លោក ស៊ន តារា ​ចំពោះ​ការ​បាត់​បង់​មុខ​តំណែង​ក្នុង​ក្រប​ខណ្ឌ​យោធា​ និង​ប៉ូលិស​ ប្រសិន​បើ​ពួក​គេ​មិន​អាច​ណែនាំ និងអប់រំ​លោក ស៊ន ​តារា​ ដែល​លោក​ ហ៊ុន​ សែន ​ចាត់​ទុក​ថា​ជា​«ក្មេង​ពាល ​និងព្រហើន​»​នោះ​។

​លោក ​ស៊ន តារា គឺ​ជា​សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​ប្រទេស​បារាំង​ និង​តែង​តែ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​រិះគន់​ឥត​សំចៃ​មាត់​លើ​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន។ ​

នៅ​ឯ​ពិធីប្រគល់​សញ្ញា​បត្រ​ជូន​គរុ​សិស្ស គរុ​និស្សិត​ និស្សិត​ និង​បុគ្គ​លិក​អប់រំ​ជាង​២​ពាន់​នាក់​ នៃ​វិទ្យា​ស្ថាន​ជាតិ​អប់រំ (NIE)​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ​លោក​ហ៊ុន សែន ​បានថ្លែង​ថា លោក​ ស៊ន ​តារា គ្មាន​តម្លៃ​នយោ​បាយដែលសម​នឹង​ទទួល​បាន​ការ​ចរចា​ជាមួយ​លោក​ និង​ថា​លោក​នឹង​កោះ​ហៅ​ឪពុក​ម្តាយ​និង​សាច់​ញាតិ​របស់​លោក​ ស៊ន តារា​ មក​ទទួល​ការ​អប់រំ​ពី​លោក​ដោយផ្ទាល់​។ ​

​លោក​ ហ៊ុន​ សែន ​ថ្លែង​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖​ «​ពេល​ណា​មួយនោះ​ ​អញ​ហៅ​ឪម៉ែ​ហ្ហែង​មក​ប្រដៅ​។ ​អញ​ហៅ​ប្អូន​ថ្លែហ្ហែង ​ពាក់​សក្តិ​៤ទៀត ឪហ្ហែង​ពាក់​សក្តិ​៤​កន្លះ​ ហ្ហែង​កុំភ្លេច​ថា ​អញ​ដក​គ្រ​វាត់​ចោល​ទាំង​អស់​ហ្នឹង​។ ហើយ​អាហ្នឹង​តាំង​ស្រែកហ្ហា កុំ​យក​ឪ​ម៉ែ​ខ្ញុំ បង​ប្អូន​ខ្ញុំ​មកធ្វើ​ចំណាត់​ខ្មាំង​។​ អើហ្ហែង​នៅ​តែ​ភ្លើ​អ៊ីចឹង។​ បើ​ហ្ហែង​បង្អាប់ ដល់​ឪម៉ែហ្ហែង ជាអាចម៍គោ។ វាថាវាជាឥន្ទ្រី​ កើត​ក្បែរ​អាចម៍គោ អ៊ីចឹង​វាចាត់​ទុក​ម៉ែឪ​វាជា​អាចម៍​គោ​ ដល់​ទៅ ​ម៉ាណែ​ត វិញ​ ជាសត្វគីង្គក់​កើត​ក្នុង​វិមាន​ នែ!វាទៅ​ជា​ចាត់​ទុក​បណ្ឌិត ​ហ៊ុន ម៉ាណែត​ ​ទៅ​ជាគីង្គក់​។ ​ឯ​វាបរិញ្ញា​ជាន់​ខ្ពស់​នៅ​ឯ​សាកល​វិទ្យា​ល័យ​ភ្នំពេញ អើ!​ថា​វា​បណ្ឌិត​ទៅ​ចុះ​ ហើយ​វា​ក្លាយ​ទៅ​ជា​ឥន្ទ្រី​កើត​ក្បែរ​អាចម៍​គោ​ ចាត់ទុក​ម៉ែឪ​វា​ជា​អាចម៍​គោ​។ ហ្អែង​កុំ​ភ្លេច បើ​ឪម៉ែហ្ហែង​ជា​អាចម៍គោ ហ្ហែង​ក៏​ជាអាចម៍គោ​ដែរ កុំឆ្ងល់​ពេក! អានេះ​ព្រហើន​ហ្មង​ ក្មេង​ព្រហើន​»។ ​

លោក​បន្ថែម​ថា៖ ​«​ហើយ​ផ្តាំ​ទៅ​ឪពុក​ម្តាយ​។ ​បង​ប្អូន​ថ្លៃសុទ្ធ​តែ​បាន​និយាយ​ តាម​វីដេអូ​ យក​មក​ឱ្យ​ខ្ញុំ​ហើយ​ បើ​អប់រំ​ប៉ុណ្ណឹង​មិន​បាន​ ចេញ​ពីការ​ងារ​ទៅ​ ចេញ​ពី​ការ​ងារ​ទៅ​។ ​ទេ! និយាយ​គ្នា​ម្តង​មើ! ​រៀន​នៅ​ក្រោម​ដំបូល ​សាលា​របស់​ឯង​សោះហ្នឹង ​ហើយ​វាទៅ​ជាស្អី​ វាដូច​ជាជ្រុល​ហួស​។ ​លើក​តម្លៃខ្លួន​មក​ចរចា​ជាមួយ ​ហ៊ុន សែន ​ដាក់​លក្ខ​ខណ្ឌ​ សុទ្ធ​តែទាល់​តែ​បាន​ធ្វើជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី។ អើ ​ចាំ​តែ​ឱ្យ​តើ! ​អាពៅ​ ម៉ែ​ហើយ ​នាយក​រដ្ឋ​មន្ត្រី មិន​មែនរឿង​ជានាយក​ឆ្នាំង​បាយ​ ដូច​ពួក​ហ្ហែង​ទេ​ណា អញ​ប្រាប់​ឱ្យហើយ។ រួច​ហើយ​វាចេះ​គ្រប់​រឿង​ទាំងអស់​ ចេះ​ជាង​មេវា​ទៅ​ទៀត តាំង​ខ្លួន​លើស​មេវា​ទៅ​ទៀត ហើយ​វាពូកែ​ជាង​ម៉ែឪវា ម៉ែឪ​វាជា​អាចម៍​គោ​ ឯវាជាឥន្ទ្រី។ អាក្មេងពាល​នេះ​»។​

នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ប្រតិកម្ម​ខ្លាំង​ៗ​ ​ទៅលើ​លោក ​ស៊ន តារា នោះ។ ​ហើយប្អូន​ប្រុស​លោក ​ស៊ន តារា​ និង​ឪពុក​បង្កើត​របស់​លោក​ ស៊ន តារា​ធ្លាប់​ចេញ​សារ​អំពាវ​នាវ​ឱ្យ​លោក ស៊ន តារា​ បញ្ឈប់​ការ​រិះគន់​លើ​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​វិល​មក​ជួបជុំ​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​វិញ​។

បើ​តាមឃ្លីប​វីដេអូ​ជាង​៣​នាទី​ដែលត្រូវ​បាន​ផ្សព្វ​ផ្សាយលើ​គេហ​ទំព័រ​សារ​ព័ត៌​មាន Fresh News កាល​ពី​ខែ​កុម្ភៈ គេ​ឃើញឪពុកលោក ​ស៊ន តារា ​គឺ​លោក ​សុខ ស៊ុន​ណា​រ៉េត ​ដែលជា​មន្ត្រី​យោធា​ ​និង​មាន​តួនាទី​ជា​នាយ​រង​សេនា​ធិការ​នៃ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​កំពង់​ស្ពឺ​ ​បាន​អំពាវ​នាវ​ឱ្យ​លោក ស៊ន តារា ​ឈប់​វាយ​ប្រហារ​លើលោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ផង​ដែរ​។​

ប៉ុន្តែ​លោក ស៊ន តារា​ នៅ​តែបន្តរិះ​គន់លើគ្រួសារ​លោក ​ហ៊ុន សែន ​ដដែល ជាពិសេស​រិះគន់ធ្ងន់​ៗ និង​ត្រង់​ៗ លើ​លោក​ ហ៊ុន សែន ​ជាហូរ​ហែ ​តាម​ការ Live ឬនិយាយផ្សាយ​ផ្ទាល់​នៅក្នុ​ងប្រព័ន្ធ​ទំនាក់​ទំនង​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួនរបស់លោក។

វីអូអេ​មិន​អាច​សុំ​ការអត្ថាធិប្បាយពី​លោក ស៊ន តារា ​បាន​នៅ​ឡើយ​ទេ​នៅថ្ងៃ​អង្គារនេះ។ យ៉ាង​ណា​ក៏ដោយ​ លោក​ ស៊ន តារា បាន​ប្រកាស​តាម​គណនី​ហ្វេស​ប៊ុករបស់​លោក​នៅថ្ងៃ​អង្កា​រ​នេះ​ តាម​ន័យ​ដើម​ថា៖​ «​ខ្ញុំ​សូម​ប្រកាស​កាត់​កាល​ក្រុម​គ្រួសារ​ខ្ញុំ ​គ្មាន​នរណា​ម្នាក់​អាច​បង្ខំខ្ញុំ​បាន​ឡើយ​ ហើយ​ខ្ញុំមិន​អាច​បម្រើ​មនុស្ស​អគុណ​ធម៌​ដូ​ច​សម្តេច​ដែរ»​។ ​


អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន ​លោក ​គឹមសួរ ​ភិរិទ្ធ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា​ ការ​គុំ​កួន​ ឬ​សង​សឹកគ្នា​ ​មិន​គួរ​កើត​មាន​នោះ​ទេ គឺ​គួរ​តែ​មានការប្រកាន់​យក​ឥរិយាបថ «​អត់​ឱន​ឱ្យគ្នា»​ ​ដើម្បី​ធ្វើឱ្យ​ប្រទេសកម្ពុជា ​បន្ត​មាន​សន្តិ​ភាព ស្ថិរ​ភាព ​ចីរ​ភាព ​និង​ឯក​ភាព​ជាតិ​ផ្ទៃ​ក្នុង​។ ​

លោក​បន្ថែម​ថា​ ​បុគ្គល​ម្នាក់​ៗ​មាន​សិទ្ធិ​រៀង​ៗ​ខ្លួន ដោយ​មិន​មាន​អ្នក​ណា​ចាប់​បង្ខំអ្នកណាឱ្យ​ធ្វើ​ផ្ទុយ​ពីមន​សិការ​របស់​ខ្លួនបាន​ឡើយ។

លោក​ថ្លែង​ថា​៖ ​«ខ្ញុំគ្រាន់តែ​ជូនជា​គំនិត​ថា​ដើម្បីឱ្យ​ស្រុកទេស​យើង​មាន​ការ​ឯកភាព​ជាតិ សាមគ្គី​ជាតិ​ផ្ទៃ​ក្នុង​ល្អ​ប្រសើ​រទៅថ្ងៃមុខ​ យើង​អត់គួរ​ធ្វើអ្វីដែល​បង្ហាញពី​ទង្វើ​សង​សឹក​ទេ។ ​បាន​ន័យ​ថា ឧទាហរណ៍ បើខ្ញុំ​ខឹង​នរណា​ម្នាក់​ ហើយ​ខ្ញុំ​មិន​ត្រូវ​ខឹង​ទៅ​អ្នកដទៃ​ ដែល​គ្រាន់តែ​ជាប់ជា​សាច់​ញាតិ​ជា​អីអ៊ីចឹងទេ ពីព្រោះ​ទង្វើ​របស់​បុគ្គល​ គឺ​វា​បញ្ជាក់​អំពី​អត្តចរិត និង​ការ​គិត​របស់​បុគ្គល​ម្នាក់ហ្នឹង វា​អត់ពាក់ព័ន្ធ​អ្នកដទៃទេ​ ព្រោះ​អ្នក​ដទៃ​ពេល​ខ្លះ​ ឧទាហរណ៍​ថា ​ឪពុក​ខ្ញុំ បងប្អូនខ្ញុំ​ គាត់ជាប់​សាច់ញាតិ​ខ្ញុំ ក៏ប៉ុន្តែ​គាត់​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្តបង្ខំខ្ញុំ​ [​នូវ​]អ្វី​ដែល​ជាសិទ្ធិរបស់ខ្ញុំទេ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត​ បាន​លើកឡើង​ថា ​បើ​សិន​ជាគ្រួសារ​អប់​រំបុគ្គល​ណា​ម្នាក់​មិន​បាន ​ពុំគួរ​ដាក់​កំហុស​ទៅ​លើបុគ្គល​ផ្សេង​នោះទេ ​ព្រោះវា​ក៏​ជា​ការ​ប៉ះ​ពាល់សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗដែរ។ ​

លោក​ថ្លែង​ថា៖ ​«​គ្រួសារ​ហ្នឹង​អប់​រំ​បុគ្គល​ហ្នឹង​មិន​បាន​ ​ហើយ​ដាក់​កំហុស​ទៅ​លើ​បុគ្គល​ទាំង​អស់​ អា​ហ្នឹង​វា​ក៏​ប៉ះ​ពាល់​ទៅ​ដល់​សិទ្ធិ​របស់​បុគ្គល​មួយ​ៗផងដែរ។ ​អ៊ីចឹង​ករណី​នេះ ខ្ញុំ​មិន​យល់​ថាម៉េចទេ ពីព្រោះ​រឿង​មួយ​ដែល​ ​មន្ត្រី​រាជ​ការ​នៅក្រោម​រដ្ឋាភិបាល ក៏​ប៉ុន្តែ​អាហ្នឹង​ក៏ត្រូវ​ពិនិត្យ និងពិចារណា​ដែរ ពីព្រោះ​យើង​ត្រូវ​គិត​ថា ​ក្នុង​គ្រួសារ​មួយ​កូន​ក៏​វា​មាន​តក់​មាន​នាល»​។

​ដោយ​ឡែក​នៅ​ថ្ងៃ​អង្គារ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ក៏បាន​អះអាងថា​ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មិន​មាន​វប្ប​ធម៌​លាប​ពណ៌​ ឬ​ប្រឆាំង​នឹង​សិទ្ធិសេរី​ភាព​ខាង​នយោ​បាយ​របស់​ពល​រដ្ឋ​ឡើយ​។ ​លោក​ថ្លែង​បែប​នេះ​ ​បន្ទាប់​ពី​មានអតីត​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​ ងាក​មក​ចូល​រួម​ជីវ​ភាព​ជាមួយ​គណ​បក្សកាន់​អំណាច់​ដែល​ពេល​ថ្មីៗនេះ មាន​លោក យឹម ស៊ីណន និង លោក ហ៊ុន កុសល ដែល​ធ្លាប់ស្និទ្ធ​នឹងអតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក ​កឹម សុខា ​ជា​ដើម​៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG