មួយសប្តាហ៍ក្រោយបញ្ជាឱ្យចាប់ខ្លួនសកម្មជននយោបាយគណបក្សជំទាស់ គឺលោក យឹម ស៊ីណន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្លាស់ប្តូរចិត្តពីការខឹងសម្បា ដោយជួយសម្រួលឱ្យមានការដោះលែងសកម្មជនរូបនេះ។
ការផ្លាស់ប្តូរចិត្តរបស់នាយករដ្ឋមន្រ្តីពីការប្រកាសមិនអធ្យាស្រ័យទៅជាការសម្រួលឱ្យដោះលែងនេះ ក្រោយមានការទទូចសុំរបស់ភរិយា និងការចេញមុខសុំទោសរបស់លោក យឹម ស៊ីណន ដោយផ្ទាល់ តាមរយៈវីដេអូដែលថតចេញពីពន្ធនាគារ ដែលមន្រ្តីពន្ធនាគារអះអាងថានេះជាការអនុញ្ញាតពិសេសមួយសម្រាប់សកម្មជនរូបនេះ ដែលអាចថតវីដេអូពីមណ្ឌលឃុំឃាំងបាន។
ភ្ជាប់នឹងវីដេអូដែលមានរយៈពេលប្រមាណ៣នាទីកន្លះ និងលិខិតសុំទោសមួយច្បាប់សំដៅថ្វាយព្រះមហាក្សត្រ និងទៅកាន់លោក ហ៊ុន សែន លោក យឹម ស៊ីណន បានសុំទោសជាសាធារណៈចំពោះការបង្ហោះសារនៅលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោក កាលពីកន្លងទៅ ដែលលោក ហ៊ុន សែន ថាប្រមាថព្រះមហាក្សត្រ និងចោទប្រកាន់ថ្នាក់ដឹកនាំមិនគោរពព្រះមហាក្សត្រ។ សារដែលលោក យឹម ស៊ីណន បង្ហោះនោះ ទាក់ទងនឹងការចោទសួរថាតើអ្នកណាជាស្តេចពិតប្រាកដ នៅពេលលោក ហ៊ុន សែន ឈរ និងអង្គុយអមព្រះមហាក្សត្រនៅក្នុងពិធីមួយនៅខេត្តសៀមរាប។
សាររបស់លោក យឹម ស៊ីណន ដែលលោកបានលុបចោលវិញ មានអត្ថន័យដើមថា៖ «បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ ថ្ងៃនេះយើងអាចឃើញច្បាស់ថានរណាជាស្តេចផែនដីពិតប្រាកដ»។
ក្នុងសម្លៀកបំពាក់ជាអ្នកជាប់ឃុំ លោក យឹម ស៊ីណន ថ្លែងថា៖ «ក្នុងឱកាសនេះផងដែរ ខ្ញុំបាទសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបផងដែរថាសម្រាប់ការចេញមុខមកសុំទោសជាសាធារណៈរបស់ខ្ញុំបាទចំពោះអង្គព្រះមហាក្សត្រ ក៏ដូចជាសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺស្តែងចេញពីឆន្ទៈរបស់ខ្ញុំពិតៗមិនមានជនណាមួយមកបង្ខិតបង្ខំ ឬជំរុញនោះទេ ដូច្នេះខ្ញុំសូមឱ្យជនរួមជាតិទាំងអស់ មេត្តាជ្រាប និងអនុគ្រោះសម្រាប់ខ្ញុំបាទនាឱកាសនេះ»។
ភរិយារបស់លោក យឹម ស៊ីណន អ្នកស្រីសុផាត មករា ក៏បានសុំអន្តរាគមន៍ និងការលើកលែងពីលោកនាយករដ្ឋមន្រ្តី។ បន្ទាប់មានការដោះលែងស្វាមី អ្នកស្រីបានបង្ហោះសារលើហ្វេសប៊ុករបស់អ្នកស្រី ដោយបង្ហាញការគោរពអរគុណដល់នាយករដ្ឋមន្ត្រី។
អ្នកស្រីសរសេររៀបរាប់ថា៖ «សូមគោរពសម្តេចពុកជាទីគោរព ប្តីរបស់កូនបានមកដល់ផ្ទះវិញហើយ។ ពេលនេះគាត់បានជួបកូនៗ គាត់វិញហើយ កូនសូមថ្វាយបង្គំថ្លែងអំណរគុណដល់សម្តេចពុកដែលលោកបានសណ្តោសប្រណី អាណិតអាសូរដល់គ្រួសារដ៏កម្សត់មួយនេះ កូនស្រីនិងក្រុមគ្រួសារទាំងអស់សូមថ្លែងអំណរគុណដល់សម្តេចពុក និងជូនពរសម្តេចពុកទទួលបានសុខភាពល្អ រឹងមាំ គង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ»។
នៅក្នុងការបង្ហោះសាររបស់អ្នកស្រី លោក ហ៊ុន សែន ក៏បានតបទៅកាន់សារនោះថាលោក យឹម ស៊ីណន សំណាងហើយដែលមានភរិយាល្អ ហើយមិនទៅពឹងបរទេស ឬអង្គការក្រៅរដ្ឋាភិបាលឱ្យជួយ ក្រៅពីអំពាវនាវរកជំនួយពីនាយករដ្ឋមន្រ្តី។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ពុកជាមនុស្សចិត្តរឹងជាមួយមនុស្សអាក្រក់ តែក៏ជាមនុស្សចិត្តទន់ជាមួយមនុស្សល្អ។ ជាសំណាងកូនហើយដែលភរិយាកូនមិនបានទៅពឹងជនបរទេស ឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងឱ្យមកគាបសង្កត់រាជរដ្ឋាភិបាល ដើម្បីដោះលែងកូន។ ពុកជាមនុស្សក្បាលរឹងជាមួយការគាបសង្កត់ពីបរទេស»។
ការដែលលោក យឹម ស៊ីណន អាចចេញវីដេអូពីបន្ទប់ឃុំឃាំងនៃពន្ធនាគារព្រៃស ក៏ត្រូវបានមើលឃើញថាលោកទទួលបានការអនុញ្ញាតពិសេសមួយ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារប្រាប់វីអូអេនៅថ្ងៃពុធនេះថាករណីជនជាប់ទោសលោក យឹម ស៊ីណន អាចប្រើប្រាស់ឧបករណ៍ថតជាវីដេអូនៅក្នុងពន្ធនាគារបាន គឺមិនមែនជាករណីទូទៅទេ វាជាករណីកម្រមួយដែលកើតមានឡើង បន្ទាប់ពីមានការស្នើសុំពីខាងក្រុមគ្រួសារ និងការសម្រេចរបស់ថ្នាក់ដឹកនាំ។
លោកថ្លែងថា៖ «ករណីហ្នឹង ទើបតែកើតមានម្តងហ្នឹងទេ វាមិនដែលមានករណីហ្នឹងទេ ប៉ុន្តែអាហ្នឹងវាជាករណីកម្រដែលជាការសម្រេចរបស់ថ្នាក់ដឹកនាំ យើងអត់មានអីមានយោបល់អីលើសពីហ្នឹងទេ ដែលយើងត្រូវអនុវត្តតាមតែប៉ុណ្ណឹង»។
លោកបន្ថែមថាជាទូទៅ អាជ្ញាធរពន្ធនាគារមិនអនុញ្ញាតឱ្យមានការថតឬថ្លែងជាសុន្ទរកថានៅក្នុងពន្ធនាគារឡើយ។
ក្រោយពីមានការអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី តាមរយៈការសម្របសម្រួលពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តុលាការរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យដោះលែងលោក យឹម ស៊ីណន ដែលត្រូវបានឃុំខ្លួន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់វីអូអេនៅថ្ងៃពុធនេះថានេះជានីតិវិធីផ្លូវច្បាប់មួយ ដែលលោកថាចៅក្រមអាចសម្រេចឱ្យនៅក្រៅឃុំបាន ក្នុងករណីជនជាប់ចោទដឹងកំហុស និងចូលរួមសហការក្នុងដំណើរនីតិវិធីរបស់តុលាការ។
លោកបញ្ជាក់ថា៖ «និយាយរួមនីតិវិធីច្បាប់ អត់មានទាស់ខុសអីទេ ចំពោះបទល្មើសស្រាលដូចជា បរិហារកេរ្តិ៍អីជាដើម-ល- កាលណាដឹងកំហុសហើយចូលរួមសហការជាមួយតុលាការ សមត្ថកិច្ច អាហ្នឹងចៅក្រមគាត់អាចផ្តល់នូវការសម្រាល ដោយឱ្យនៅក្រៅឃុំ ដើម្បីឱ្យចូលរួមដំណើរការរបស់តុលាការតទៀតបាន អាហ្នឹងជានីតិវិធីច្បាប់អត់មានទាស់ខុសអីទេ»។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថាតើតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងលើលោក យឹម ស៊ីណន ឬយ៉ាងណា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនសកម្មជននយោបាយគណបក្សប្រឆាំង២នាក់ គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្រោមបទចោទប្រកាន់ប្រមាថអង្គព្រះមហាក្សត្រ និងបង្កភាពវឹកវរក្នុងសង្គម។ លោក ហ៊ុន កុសល នៅបន្តជាប់ឃុំនៅឡើយ គិតត្រឹមរសៀលថ្ងៃពុធនេះ៕