ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ លោក ហ៊ុន សែន ស្រវា​អំណាច​ដាក់​ក្នុង​កណ្តាប់​ដៃ​កាន់​តែ​ខ្លាំង​នៅ​មុន​ការ​បោះ​ឆ្នោត


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី ៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី ៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

នៅមុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​ខិត​ជិ​ត​មក​ដល់ ហើយ​ក៏​ជា​អន្តរ​កាល​នៃគម្រោង​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​ប្រុស​របស់​លោក គឺលោក ហ៊ុន ម៉ាណែត លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ជាបន្តបន្ទាប់​ត្រូវ​បាន​អ្នក​តាមដាន​យល់​ថា​ លោក​បាន​និង​កំពុង​តែ​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង ដោយការធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅលើ​គណបក្ស​ប្រឆាំង។

ចាប់​តាំង​ពី​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ឆ្នាំ​២០​២២ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០​២៣ អ្នក​នយោ​បាយ​របស់​គណបក្ស​ភ្លើងទៀន​យ៉ាង​តិច ​១០​នាក់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដែល​ក្នុង​នោះ​ក៏​មាន ​លោក ថាច់ ​សេដ្ឋា អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន​ផង​ដែរ ខណៈ​សកម្មជន​នយោបាយ​គណ​បក្ស​ជាច្រើន​ផ្សេង​ទៀត​ កំពុង​រង​បទ​ក្តី​ក្តាំ​នៅ​តុលា​ការ ព្រម​ទាំង​ខ្លះ​ទៀត​រង​ការ​វាយ​ប្រ​ហារ​ដោយ​មិន​ដឹង​មូល​ហេតុ។

បន្ថែម​ពី​នេះ កាលពី​កន្លងទៅ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ លោក កឹម សុខា ​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ឃុប​ឃិត​ត្រូវ​រ៉ូវគ្នា​ជាមួយ​បរទេស ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ​២០១៧។ ការ​កាត់​ទោស​ទៅ​លើ​អ្នក​នយោបាយ​ជើង​ចាស់​រូប​នេះ​ ត្រូ​វបាន​អ្នក​តា​ម​ដាន​យល់​ថា ជា​ការរំ​លោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

លោក​បណ្ឌិត អ៊ា សុផល​ ព្រឹទ្ធ​បុរស​រង​នៃ​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ ​និង​ការ​អភិវឌ្ឍ​នៃ​សាកល​វិទ្យា​ល័យ ​Arizona State University ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា ​លោក ហ៊ុន សែន កំពុង​ស្រវា​អំណាច​មក​ដាក់​ក្នុង​កណ្តាប់​ដៃ​របស់​លោក​បន្ថែម​នៅ​មុន​ការ​បោះ​ឆ្នោត ហើយ​ក៏​ស្ថិត​នៅ​ក្នុង​បរិ​បទ​នៃ​ការ​ផ្ទេរ​អំណាច​ទៅ​កូន​ប្រុស​របស់​លោក​ផង​ដែរ។

បើ​តាម​បណ្ឌិត​រូបនេះ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​គោល​ដៅគំរាមកំ​ហែង និង​បំបិទ​មាត់​រាល់​អ្នក​រិះគន់​ មិន​ថា​អ្នក​នយោបាយ​ឬប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​នោះ​ទេ។ លោក​បញ្ជាក់​ថា​ លោក ហ៊ុន សែន​ ធ្វើ​សង្គ្រាម​ជាមួយគណបក្ស​ប្រឆាំង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

នៅ​ពេល​សួរ​ថា​តើ​លោក​មាន​សុ​ទិដ្ឋិ​និ​យម​យ៉ាងម៉េច​ចំពោះការបោះឆ្នោត​នាពេល​ខាង​មុខ​នេះ លោក អ៊ា សុផល ថ្លែង​ក្នុ​ងន័យ​ដើម​ថា៖ «ខ្ញុំមិន​មាន​សុទិដ្ឋិនិយម​អ្វី​បន្តិច​សោះ​ ដោយ​សារ​តែរូប​ភាព​នៃ​ការ​រំលោ​ភ​បំពាន។ យើ​ងកំពុងតែ​បោះជំហាន​ទៅ​រក​ការ​បោះ​ឆ្នោត​ដែល​មិន​សេរី​និង​យុត្តិ​ធម៌ ព្រម​ទាំង​មិន​មាន​ភាពស្រប​ច្បា​ប់ផង​ដែរ​»។

លោក ប៉ា ច័ន្ទរឿន នាយក​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​និង​សីលធម៌​កម្ពុជា ក្នុង​បទសម្ភាសន៍​ជាមួយ​VOA នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ២០១៧។
លោក ប៉ា ច័ន្ទរឿន នាយក​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​និង​សីលធម៌​កម្ពុជា ក្នុង​បទសម្ភាសន៍​ជាមួយ​VOA នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ២០១៧។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោកបណ្ឌិតកត់សម្គាល់ថា ​ស្ថាន​ការណ៍​នយោបាយ​នៅមុន​ការ​បោះ​ឆ្នោត មិន​មាន​អ្វី​ប្រែប្រួល​ជា​វិជ្ជមាន​ឡើយ​ ខណៈ​ការ​គាប​សង្កត់​ រឹតត្បិត​ និង​ធ្វើ​ទុក្ខបុក​ម្នេញ​ទៅលើគ​ណបក្ស​ប្រឆាំង​ដោយប្រើគ្រប់​មធ្យោបាយ នៅ​តែ​បន្ត​អូស​បន្លាយ​។

បើ​តាម​បណ្ឌិត​រូបនេះ អ្នក​នយោបាយ​កម្ពុជា​នៅ​តែ​លេង​នយោបាយ​«បែបបុរាណ​»​ ដែល​មាន​ន័យថា​ប្រើ​អំណាច​គ្រប់មធ្យោបា​យ ដើម្បី​ផ្តួល​ដៃ​គូ​របស់​ខ្លួន​ មិន​មែន​ប្រកួត​ប្រជែង​គ្នា​ដោយ​គោល​នយោបាយ​ឡើយ​។

លោក​ថ្លែង​ថា៖«ការរឹ​ត​ត្បិត​ទៅ​លើ​សេរី​ភាព​នៃ​ការ​បញ្ចេ​ញ​មតិ​ ​និង​ការគាប​សង្កត់​ទៅ​លើ​លំហ​ប្រជា​ធិ​បតេយ្យ និង​លំហ​ប្រជា​ពល​រដ្ឋនេះ​ គឺ​តិច​ឬក៏​ច្រើន​វាប៉ះ​ពាល់​ទៅ​ដល់​ភាព​សេរី និង​ភាព​យុត្តិធម៌​នៅ​ក្នុង​ការ​ប្រកួត​ប្រជែងនៃការ​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​៧ ​ខាង​មុខ​នេះ​»។

លោក ប៉ា ច័ន្ទ​រឿន​ អះអាងថា ​បើ​ការ​លេង​នយោបាយ​បែប​នេះ​ ​នៅ​តែ​កើត​មាន នោះ​វា​នឹង​នាំ​ឱ្យ​មាន​វិបត្តិ​នយោ​បាយ​ ការ​បែក​បាក់សង្គម ដែល​លោក​ហៅ​ថា«​ជំងឺសង្គម»​ នឹង​កាន់​តែ​រីកធំធាត់​ឡើង ដែល​ជា​ហានិភ័យ​សម្រាប់​ជាតិ​នាពេល​អនាគត។

លោក​ Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ Human Rights Watch ប្រាប់វីអូអេ​តាមសារអ៊ីមែល​ថា ​វានឹង​គ្មាន​ឡើយ​ការ​បោះឆ្នោតដោយ​សេរី និង​យុត្តិធម៌ ដោយសារ​តែ​រដ្ឋាភិបាល​តែង​តាំង​គណៈ​កម្មាធិការជាតិរៀបចំ​ការ​បោះ​ឆ្នោត ដែល​មិន​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ មាន​ការ​គ្រប់គ្រង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​គំរាម​កំហែង​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ទៅ​លើ​គណបក្សប្រឆាំង។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ Human Rights Watch
លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ Human Rights Watch

បើ​តាម​លោក Phil លោក​នាយក​រដ្ឋមន្ត្រី​កំពុង​តែ​ប្រើប្រាស់​ការ​គំរាម​កំហែង និង​ការ​គាប​សង្កត់ តាម​រយៈ​ការ​ផ្តល់​ភ្លើង​ខៀវ​ទៅ​ឱ្យ​ក្រុម​មនុស្ស​ដែល​ជិត​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​វាយ​ប្រហារ​បេក្ខជន​គណបក្សប្រឆាំង​ផង​ដែរ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ប្រាប់វីអូអេ​ថា​ នៅក្នុ​ង​សង្គម​ប្រជាធិ​បតេយ្យ​តាម​បែប​ពហុបក្ស​ គណបក្ស​នីមួយៗ​តែ​ងតែ​ខិតខំប្រឹង​ប្រែង​ដើម្បី​យក​ឈ្នះ​ដៃ​គូ​របស់​ខ្លួន​ ខណៈ​ថា​គណបក្ស​ប្រជាជនកម្ពុជា​ប្រឹង​កសាង​គុណ​សម្បត្តិ​ និង​ស្នា​ដៃ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពីប្រជាពល​រដ្ឋនៅក្នុងការដឹក​នាំ​ប្រទេស​។

លោក​ថ្លែង​ថា៖ «ហើយគណបក្ស​ប្រកួត​ប្រជែង ឬ​ជា​គណបក្ស​ប្រឆាំង​ហ្នឹង​ដែល​ខ្លួន​បរាជ័យ​ គ្មាន​នរណា​ផ្តួល​រលំ​ខ្លួន​ទេ គឺ​មក​ពី​កម្មវិធី​នយោបាយ​របស់​ខ្លួន​ វា​មិន​កើត​។ អត់​មាន​ស្នាដៃ អត់មាន​គុណ​សម្បត្តិជា​ផល​ប្រយោជន៍​ដល់​ប្រជាពល​រដ្ឋ ហេតុ​នេះ​បាន​ប្រជាពល​រដ្ឋ​លោក​មិនគាំទ្រ មិន​បោះ​ឆ្នោត​ឱ្យ​ជា​រៀង​រហូត​»។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ អំណាច​ដែល​បាន​មក​ពី​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​ គណបក្ស​ត្រូ​វតែ​ការពារ​និង​ថែរ​ក្សា​ឱ្យ​បាន​ជា​ដាច់​ខាត។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេ​នៅថ្ងៃសុក្រនេះ​ថា​ ស្ថាន​ភាព​នយោបាយ​នៅ​មុន​ការបោះឆ្នោតមិនមាន​ភាព​ល្អ​ប្រសើរ​ឡើយ ខណៈ​ការ​គំរាម​កំ​ហែង​តាម​ផ្លូវ​កាយ​ និង​ចិត្ត​ នៅ​តែ​មាន​មក​លើ​គណ​បក្ស​ភ្លើង​ទៀន​ ជាពិសេស​នោះ​មាន​ការប្រើប្រាស់​ប្រព័ន្ធតុលាការ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើស្ថានភាព​បែបនេះ​នៅ​តែអូស​បន្លាយ​តទៅ​ទៀត​ ការ​បោះ​ឆ្នោត​ខាង​មុខនេះ យើ​ងពិបាក​វាយ​តម្លៃ​ណាស់​ថា​វាត្រឹមត្រូវ​ណាស់​ ពីព្រោះ​បរិយា​កាស​ន​យោ​បាយ ​ក៏​ជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ចូល​រួម​ការ​ឱ្យ​តម្លៃ​ដល់​ការ​បោះឆ្នោត​ដែរ»។

នៅ​ពេល​សួរ​ថា​តើ​គណបក្ស​ប្រឆាំងគួរធ្វើ​បែប​ណានៅក្នុងស្ថាន​ភាព​នេះ​ បណ្ឌិត អ៊ា សុផល ដែល​ជា​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​មួយ​រូប ផ្តល់​ជា​យោបល់​ថា«ដរាប​ណា​បុគ្គល​ម្នាក់ៗ​ដឹង​ពី​ការណ៍​ពិត​ គណបក្ស​ប្រឆាំង​នៅ​តែ​មាន។ គ្មាន​នរណា​ជឿ​ការ​កុហ​កជា​រៀង​រហូតនោះ​ទេ។ គណបក្ស​ប្រឆាំង​ដឹង​អំពី​ការណ៍​នេះ។ គណបក្ស​ប្រឆាំង​ត្រូវ​បន្ត​ប្រយុទ្ធ។ ពន្លឺ​កើត​មាន​ នៅ​ពេល​ដែល​មាន​ងងឹត»៕

XS
SM
MD
LG