ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន ម៉ាណែត ឈរ​​​ឈ្មោះ​ជាបេក្ខជន​តំណាង​រាស្ត្រ​លំដាប់​កំពូល ដើម្បី​អាច​ធានា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី


រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។

គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ដាក់​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នីតិ​កាលទី​៧ លេខ​រៀង​ទី១​ សម្រាប់​មណ្ឌល​រាជ​ធានី​ភ្នំពេញ ដែល​នេះ​ជា​ដំណើរ​ការថ្មីមួយ​ទៀត​ ត្រូវគេ​គិតថា​សម្រាប់​លោកធ្វើ​ជាបេក្ខជននាយក​រដ្ឋ​មន្ត្រី នា​ពេល​ណាមួយ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ។

​នៅ​ក្នុង​សេច​ក្តី​សម្រេចមួយ​ស្តី​ពី​ការ​តែង​តាំង​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិ​កាលទី​៧ ឆ្នាំ​២០២៣ មណ្ឌល​រាជធានី​ភ្នំពេញ ដែលវីអូអេ​ទទួល​បាន និង​ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នក​នាំពាក្យ​គណ​បក្ស​កាន់​អំណាច ឈ្មោះ​របស់​លោក ហ៊ុន ​ម៉ា​ណែត ស្ថិត​នៅ​ខាង​លើ​គេ​បង្អស់ គឺជា​បេក្ខ​ភាព​លេខ​រៀង​ទី១មណ្ឌល​រាជ​ធានី​ភ្នំពេញ​។ ការ​ចាត់​ចែង​បេក្ខ​ភាព​ឈរ​ឈ្មោះ​បោះឆ្នោត គឺ​យោង​តាម​ស្មារតី​ប្រជុំ​គណៈ​អចិន្ត្រៃ​យ៍​នៃ​គណៈ​កម្មាធិការកណ្តាល​ នា​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០​២៣។ នេះ​បើ​តាម​លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា ដែល​ជា​សេច​ក្តី​សម្រេច​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ចុះ​ហត្ថ​លេខា​ដោយ​លោក ​ហ៊ុន សែន​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ការ​សម្រេច​ដាក់​ ហ៊ុន ម៉ាណែត ជា​បេក្ខ​ភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជាប់​ទាក់​ទង​ទៅ​នឹងតួនាទី ​នាយក​រដ្ឋ​មន្ត្រីផង​ដែរ ​ដោយ​ហេតុ​ថាលោក​ត្រូវ​តែ​ជាប់​ជា​តំណាង​រាស្ត្រ​សិន​ មុន​នឹង​ព្រះ​មហា​ក្សត្រសព្វ​ព្រះ​រាជ​ហឫ​ទ័យ​ តែង​តាំង ឬ​មិន​តែង​តាំង​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។

លោក សុខ ឥសាន​ ថ្លែង​ថា៖ «​យើង​យល់​ថា​ឯក​ឧត្តម ហ៊ុន ម៉ាណែត ​ជា​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រីសម្រាប់​អនា​គត​ អ៊ីចឹង​ឱ្យ​ខ្ញុំ​ថា​ប្រាកដ អត់​បាន​ទេ​ ព្រោះ​នៅ​ក្នុង​ក្រប​ខណ្ឌ​ចង់​ឱ្យ​ធ្វើភ្លាម​ក៏​បាន​នៅ​ពេល​ណា​ដែល​គណ​បក្ស​ប្រជា​ជន​ឈ្នះ​ឆ្នោត។ ហើយ​ឯកឧត្តម ហ៊ុន ម៉ាណែត​ គាត់​ជាប់​ឈ្មោះ​ជា​តំណាង​រាស្ត្រ ពី​ព្រោះ​គាត់​នៅ​លេខ​រៀង​ទី១ ​វា​ច្បាស់​ជា​ជាប់​ហើយ អ៊ីចឹង​ទេ អាស្រ័យ​លើ​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់​បង្គាប់​ទទួល​ស្គាល់​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ហើយ​ឱ្យ​រៀប​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី យក​ទៅ​ឆ្លង​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា»។

អ្នក​នាំពាក្យ​រូប​នោះ​បន្ថែម​ថា ពេល​ណា​ដែលមាន​ការ​តែងតាំង​សមា​ស​ភាព​គណៈ​រដ្ឋ​មន្ត្រីថ្មី នោះ​បេក្ខ​ភាព​នាយក​រដ្ឋមន្ត្រី ​ត្រូវ​តែ​ដឹក​នាំ​សមាភាព​គណៈ​រដ្ឋមន្ត្រី ទៅ​សុំ​សេច​ក្តី​ទុក​ចិត្ត​ពី​រដ្ឋ​សភា។

​លោកមិន​អាច​បញ្ជាក់​នៅ​ឡើយ​ទេ​ថា​តើ​នៅ​ពេល​គណបក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត តើ​លោក ហ៊ុន សែន ឬ​លោក ហ៊ុន ម៉ាណែត នឹង​ជា​ឥស្សរជន​នាយក​រដ្ឋមន្រ្តី ដើម្បី​ដឹក​នាំ​រដ្ឋាភិបាល។

​លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​ឱ្យ​ខ្ញុំ​ថាបច្ចុប្បន្ន​នេះ ខ្ញុំ​ថា​ម៉េច​ត្រូវ ពីព្រោះ​អាហ្នឹង​ជា​មតិ​សមូ​ហ​ភាព​រួច​ហើយ។ យើង​ចាំ​មើល​ដល់​បោះ​ឆ្នោត​ហើយ​ បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជាប់​ឆ្នោត អាហ្នឹង​គឺ​ថា​តើព្រះករុណា​លោក​ទ្រង់​ចេញ​ព្រះរាជ​ក្រឹត្យ​ទទួល​ស្គាល់​ឯក​ឧត្តម ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី រៀបចំ​សមាស​ភាព​គណៈ​រដ្ឋមន្ត្រី​ ឬមួយ​ទទួល​ស្គាល់​សម្តេច​តេជោ​ហ៊ុន សែន​ ​ជា​នាយក​រដ្ឋមន្ត្រី»។

នៅ​ពេល​សួរ​ថា​តើ​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​នាយករដ្ឋមន្រ្តី​ក្នុង​ពេល​ណាមួយ​នៃ​អាណត្តិ​ទី​៧​ខាង​មុខ លោក សុខ ឥសាន ឆ្លើយ​តបថា​មិន​អាចមាន​ការជំនួស​បែប​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ពេល​ដែល​បោះ​ឆ្នោត​ហើយ​ បើ​សិន​សម្តេច​ហ៊ុន សែន លោក​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី លោក​ធ្វើ​រហូត​ក្នុង​រដ្ឋ​ធម្មនុញ្ញ​អត់​មាន​ចែង​ឱ្យ​ជំនួស​អ្នក​នេះ អ្នក​នោះ ​មក​ជំនួស​ទេ។​ តែ​បើ​សិន​ណា ព្រះករុណា ​លោក​សព្វ​ព្រះរាជ​ហឫ​ទ័យ ចេញព្រះ​រាជ​ក្រឹត្យ ឱ្យ​ឯកឧត្តម ហ៊ុន ម៉ាណែត​ រៀបចំ​សមាស​ភាព​គណៈ​រដ្ឋមន្ត្រី អាហ្នឹង​ឯក​ឧត្តម ហ៊ុន ម៉ាណែត គាត់​កាន់​ជា​នាយក​រដ្ឋ​មន្ត្រី​រហូត»។

​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ ខេត្តត្បូង​ឃ្មុំ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ទាន់​បញ្ជាក់​ចំៗ​ថា​ពេល​ណា​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី បន្ទាប់ពី​រូប​លោក​នោះ​ទេ។

​លោក​បន្ត​ថា​អ្នក​បន្ត​វេន​ដែលសំដៅ​ដល់​លោក ហ៊ុន ម៉ាណែត គឺ​ត្រូវ​តែ​ធ្វើ​តាម​លក្ខ​ខណ្ឌបន្ត​បន្ទាប់ ហើយ​អ្វី​ដែល​សំខាន់ គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​ជាប់​ជា​តំណាង​រាស្ត្រ​ជា​មុន​សិន ​ទើប​អាច​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រីបាន​។

លោក​ថ្លែង​ថា៖ «​ហើយ​បើ​បង​ប្អូន​ បើ​បោះ​ឆ្នោត​ឱ្យ​[គណបក្សប្រជាជន​កម្ពុជា​] ទៀត វា​បន្ត​ទៅ​ទៀត​ហើយ។ ហើយ​ក៏​មាន​អ្នក​បន្ត​វេន​ដែរ​ ហើយ​កុំ​មក​ចោទៗ ​គេត្រូវ​ការ​ការ​បោះ​ឆ្នោត​ដោយ​ប្រជាជន​ បន្ទាប់​ទៅ​ គឺ​គណបក្ស​ត្រូវ​ជ្រើស​រើស​ ប៉ុន្តែ​គណ​បក្ស​ជ្រើស​រើស​រួច​ហើយ ប៉ុន្តែ​អ្នក​ឯង​ត្រូវ​ឆ្លង​កាត់​ឱ្យ​ក្លាយជា​តំណាង​រាស្ត្រ​សិន​ បន្ទាប់​ទៅ​ព្រះ​មហា​ក្សត្រ​តែងតាំង​ ប៉ុន្តែ​អ្វី​ដែល​ធំ គឺ​ឆ្លង​កាត់​សភា​បានឬ​អត់​?​ អ៊ីចឹង​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​ធម្មតា។ ខ្ញុំ​មិន​មែន​ហ្វឹក​ហាត់​កូន​ខ្ញុំ​ឱ្យ​ធ្វើ​មេ​ចោរ​ទេៗ»។

អ្នក​វិភាគ​នយោបាយ​ លោក មាស នី ប្រាប់​វីអូ​អេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថាលោក​មិន​ទាន់​ឃើញ​គោល​ន​យោ​បាយ​ផ្ទាល់​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ដឹកនាំ​ប្រទេស​នៅ​ឡើយ​ទេ គឺ​អ្វីៗ​អាស្រ័យ​លើ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោក​ថ្លែង​ថា៖ «មក​ដល់​ពេល​នេះ​ យើង​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​សន្និដ្ឋាន​ ព្រោះ​អី​មក​ដល់​ពេល​នេះ​ យើង​ឃើញ​ថា​ឯក​ឧត្តម ​ហ៊ុន ម៉ាណែត ក៏​គាត់​មិន​ទាន់​បាន​បង្ហាញ​នូវ​អ្វីដែលជា​គោល​នយោ​បាយ​ផ្ទាល់​ខ្លួន​របស់​គាត់​ ថា​តើ​គាត់​នឹង​ដឹកនាំ​ប្រទេស​ទៅ​តាម​ផ្លូវ​ណា​ ទៅ​ចេញ​ច្រក​ណា​ទេ ព្រោះ​ឥឡូវ​នេះ ​នៅ​តែ​អនុវត្ត​ទៅ​តាម​អ្វីដែល​ជា​ការ​ណែនាំ​របស់​ពុក​របស់​គាត់»។

​លោក មាស នី ​យល់​ថា​ការ​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​ប្រទេស​ពេល​ណា គឺ​អាស្រ័យ​លើ​លទ្ធ​ផល​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​ ហើយ​ក៏​អាស្រ័យ​លើការ​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ផង​ដែរ ពោល​គឺ​អាស្រ័យ​លើសុខភាព និង​ភាព​ហត់​នឿយ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​៕

XS
SM
MD
LG