សកម្មជននយោបាយលោក ហ៊ុន កុសល ដែលអះអាងថា មានភក្តីភាពនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញដោះលែងឱ្យស្ថិតនៅក្រៅឃុំ ក្រោមការជួយសម្របសម្រួលពីនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺលោក ហ៊ុន សែន។
បើតាមដីកាបង្គាប់ឱ្យដោះលែងចុះថ្ងៃទី២២ ខែមេសា សាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យលោក ហ៊ុន កុសល បានស្ថិតក្រៅឃុំ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
លោក ហ៊ុន កុសល បានឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកថា ការដោះលែងលោកឱ្យបានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ននេះ គឺដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកសម្របសម្រួល។
ក្រោយចាកចេញពីពន្ធនាគារកាលពីថ្ងៃទី២២ ខែមេសា លោក ហ៊ុន កុសល បានបង្ហោះសារមួយលើគណនីហ្វេសប៊ុករបស់លោកតាមន័យដើមថា៖ «ឱកាសដែលខ្ញុំអាចនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារមានការសម្របសម្រួលដ៏សំខាន់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយោគយល់ និងអនុគ្រោះដើម្បីសម្របសម្រួលដ៏សំខាន់ចំពោះរឿងក្តីរបស់ខ្ញុំ»។
ដំណាលគ្នានេះ លោក កុសល ក៏បានអំពាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមេត្តាជួយសម្របសម្រួលចំពោះសកម្មជននយោបាយអតីតគណបក្សសង្រ្គោះជាតិទាំងឡាយដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ(ម១) និងសកម្មជននយោបាយ និងសកម្មជនសង្គមទាំងអស់ដើម្បីឱ្យពួកគេបាននៅក្រៅឃុំ អាចជួបជុំឪពុកម្តាយ ស្វាមី ភរិយា សាច់ញាតិ និងគ្រួសារផងដែរ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ហ៊ុន កុសល ទាំងតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក និងតាមទូរស័ព្ទ បាននៅឡើយទេ នៅថ្ងៃចន្ទនេះ។
យ៉ាងណាក៏ដោយ បន្ទាប់ពីជាប់ពន្ធនាគារបាន៣១ថ្ងៃគត់ ហើយត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំកាលពីសប្តាហ៍មុន លោក ហ៊ុន កុសល បានប្រកាសថានឹងចូលរួមជាមួយគណបក្សកាន់អំណាច ដោយលើកហេតុផលពីស្នាដៃដែលគណបក្សនេះសម្រេចបានក្នុងការកសាងប្រទេសកម្ពុជា។
លោក ហ៊ុន កុសល បានចេញវីដេអូមួយមានរយៈពេលជាង៣នាទី ដែលគេឃើញបង្ហោះចែកចាយក្នុងតេឡេក្រាមរបស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ដោយបានលើកឡើងថា៖ «ក្រោយពេលកូនជាប់ក្នុងពន្ធនាគាររយៈពេល៣១ថ្ងៃ កូនបានធ្វើការពិចារណា និងបានធ្វើការថ្លឹងថ្លែងយ៉ាងល្អិតល្អន់ ចំពោះមាគ៌ានយោបាយប្រកបដោយមេត្តា និងមនោសញ្ចេតនាចំពោះប្រជាពលរដ្ឋខ្មែរ ជាហេតុផលធ្វើឱ្យកូនត្រូវតែសម្រេចចូលរួមជីវភាពនយោបាយប្រកបដោយការដឹងគុណ ចំពោះសម្តេចពុក ដែលបានកសាងមាគ៌ាកម្ពុជាដែលប្រជាពលរដ្ឋមិនអាចខ្វះបាន»។
បន្ទាប់ពីការចេញផ្សាយវីដេអូរបស់លោក ហ៊ុន កុសល នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បង្ហោះសារជាអក្សរក្នុងប្រព័ន្ធតេឡេក្រាមរបស់លោកកាលពីថ្ងៃអាទិត្យថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ទទួលយកលោក ហ៊ុន កុសល ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
គួររំឭកថា លោក ហ៊ុន កុសល និងសហការីលោកម្នាក់គឺលោក យឹម ស៊ីណន ត្រូវបានអាជ្ញាធរចាប់ខ្លួនតាមបញ្ជារបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។
មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២២ ខែមីនា សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពួកគេទាំងពីរនាក់ពីបទ«ប្រមាថចំពោះអង្គព្រះមហាក្សត្រ» និងបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលទាក់ទងការបង្ហោះសារនិងរូបភាពប្រៀបធៀបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាបទីដែលពួកគេចោទប្រកាន់ថា លោក ហ៊ុន សែន មិនគោរពព្រះមហាក្សត្រ តាមរយៈរូបភាពដែលបង្ហោះក្នុងពិធីមួយក្នុងខេត្តសៀមរាប។
ប៉ុន្តែ លោក យឹម ស៊ីណន ដែលជាដៃគូរបស់លោក ហ៊ុន កុសល ត្រូវបានតុលាការដោះលែងកាលពីថ្ងៃទី២៨ ខែមីនា ក្រោយពេលលោកចេញវីដេអូ និងសរសេរលិខិតសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក យឹម ស៊ីណន អតីតប្រធានយុវជនអតីតគណបក្សសង្គ្រោះនៅប្រទេសកូរ៉េខាងត្បូងក៏បានសម្រេចចិត្តចូលធ្វើនយោបាយជាមួយគណបក្សកាន់អំណាចផងដែរ។
ក្រោយពេលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លោក យឹម ស៊ីណន ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ករណីលោក ហ៊ុន កុសល មិនមានអ្វីចម្លែក និងមិនខុសគ្នាពីករណីមុនៗដែរ ព្រោះនៅពេលណាដែលមានការចរចា និងសុំទោសផ្នែកនយោបាយ គឺលោកតែងតែឃើញសកម្មជនទាំងនោះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រៅឃុំ។
លោកថ្លែងថា៖ «រឿងមួយចំនួនដែលយើងមើលឃើញនៅចុងក្រោយនេះ ដូចជាសកម្មជនគណបក្សនយោបាយ រឿងអ្វីផ្សេងទៀតហ្នឹងហើយមិនមានការចរចាផ្នែកនយោបាយ ឬក៏ការជជែក[រក]ដំណោះស្រាយផ្នែកនយោបាយទេ អ្នកទាំងអស់ហ្នឹងហាក់ដូចជាមិនឃើញឱ្យនៅក្រៅឃុំ ឬក៏ការលើកលែងទោសទេ»។
លោក មុត ចន្ថា ជំនួយការដែលស្និទ្ធនឹងលោក កឹម សុខា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃចន្ទនេះថា ចំពោះការសម្រេចចិត្តរបស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជា«សិទ្ធិ និងជម្រើសរបស់បុគ្គល»។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ឥទ្ធិពលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើប្រព័ន្ធតុលាការ ឬស្ថាប័ននីតិបញ្ញត្តិមួយចំនួន គឺមិនមែនជារឿងចម្លែកទេ ដោយហេតុថា ការដឹកនាំបច្ចុប្បន្នគឺជាការដឹកនាំតាមរបៀប«បុរសខ្លាំង» ដែលមនុស្សតែម្នាក់អាចចាត់ចែងការងារបានគ្រប់កិច្ចការងាររបស់ជាតិ។ លោកបន្ថែមថា ការផ្តល់តួនាទីឱ្យអតីតសកម្មជនគណបក្សប្រឆាំង គឺជាទម្លាប់របស់បក្សកាន់អំណាច និងជាចេតនាវាយកម្ទេចចលនាជំទាស់ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០២៣នេះ៕