គណៈកម្មការនៃក្រុមអ្នកជំនាញច្បាប់អន្តរជាតិ ហៅកាត់ថា ICJ (International Commission of Jurists) ដែលជាអង្គការក្រៅរដ្ឋាភិបាលតស៊ូមតិលើផ្នែកសិទ្ធិមនុស្ស និងយុត្តិធម៌ បានស្នើឱ្យក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ឬក្រុមហ៊ុនហ្វេសប៊ុក វាយតម្លៃ និងហាមឃាត់ការផ្សព្វផ្សាយសម្តីហិង្សា ពាក់ព័ន្ធនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា ឆ្នាំ២០២៣ នៅក្នុងពិធីមួយ ដែលផ្សព្វផ្សាយផ្ទាល់តាមប្រព័ន្ធសង្គមហ៊្វេសប៊ុក។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការផ្លូវច្បាប់ រួមទាំងប្រើប្រាស់កម្លាំងលើគណបក្សនយោបាយណាដែលលោកមិនបញ្ចេញឈ្មោះថាបានវាយប្រហារគណបក្សប្រជាជនកម្ពុជា។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកគុណភាព កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម លោក ហ៊ុន សែន បានថ្លែងព្រមាន ដែលការថ្លែងនោះត្រូវបានផ្សព្វផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់លោក ដែលមានអ្នក Likes រហូតដល់១៤លាននាក់។
លោក ហ៊ុន សែន បានថ្លែងថា៖ «ហើយអ្នកគិតថាអីឡើងអាងតុលាការ ខ្ញុំចង់សួរអ្នកទៅវិញថា ជម្រើសមានតែពីរទេ។ មួយគឺប្រើផ្លូវច្បាប់ មួយទៀតគឺប្រើដំបងហ្មង។ តើអ្នកយកមួយណា ពីរហ្នឹង? អាហ្នឹងអ្នកនិយាយឱ្យច្បាស់។ ខ្ញុំសូមព្រមានចំពោះអ្នក។ ពួកខ្ញុំនេះមិនទុកឱ្យពួកអ្នកចោទថាជាចោរមួយជីវិតទេ។ ខ្ញុំសូមជម្រាបជូនត្រូវតែបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត»។
ការថ្លែងនេះត្រូវបានអង្គការ ICJ ចាត់ទុកថាជាសម្តីហិង្សា និងស្នើឱ្យក្រុមហ៊ុនហ្វេសប៊ុកវាយតម្លៃ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ICJ ដែលចេញផ្សាយកាលពីចុងខែមីនា។ ICJ បញ្ជាក់ថាក្រុមហ៊ុន Meta ត្រូវតែពិនិត្យមើលទៅលើការថ្លែងរបស់លោក ហ៊ុន សែន ដែលពួកគេថាបានគំរាមប្រើប្រាស់អំពើហិង្សាទៅលើដៃគូនយោបាយរបស់ខ្លួននៅក្នុងបរិបទនៃការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅមុនការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដាខាងមុខ។
បើតាម ICJ អំពើហិង្សាជាបន្តបន្ទាប់ រួមទាំងការធ្វើទុក្ខបុកម្នេញទៅលើដៃគូប្រជែងនយោបាយ នឹងនាំទៅរកហានិភ័យនៃការរំលោភសិទ្ធិមនុស្សនិងភាពគ្រោះថ្នាក់ផ្សេងៗទៀតផងដែរ។
ICJ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដែលមានន័យដើមថា៖ «នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជា ជាបន្តបន្ទាប់ធ្វើយុទ្ធនាការគាបសង្កត់ទៅលើការអនុវត្តសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន រួមមានការគាបសង្កត់លើការបញ្ចេញមតិទាំងឡាយណាដែលមិនស្របនឹងខ្លួន»។
ICJ បានកត់សម្គាល់ថាការថ្លែងរបស់លោក ហ៊ុន សែន ដោយលើកឡើងពីការឱ្យអ្នកគាំទ្រគណបក្សរបស់លោកធ្វើបាតុកម្ម ហើយវាយដៃគូនយោបាយ គឺជាការញុះញង់ ដើម្បីឱ្យមានអំពើហិង្សា ដែលនេះត្រូវបានហាមឃាត់នៅក្នុងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស ហើយនិងគោលការណ៍របស់ក្រុមហ៊ុន Meta ផងដែរ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនហ្វេសប៊ុកបាននៅឡើយទេ។
នៅក្នុងពិធីសម្ពោធមន្ទីរពេទ្យមួយក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាលោកមិនប្រើប្រាស់អំពើហិង្សាទេ ប៉ុន្តែលោកប្រើប្រាស់តែច្បាប់ប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «អ្នកមិនចាំបាច់មកជេរខ្ញុំ ដើម្បីចំណេញអ្នកទេ។ បើមិនបានជេរពួកខ្ញុំ រន្ទះបាញ់អី? យើងប្រើផ្លូវច្បាប់ដើម្បីការពារកិត្តិយស។ ឥឡូវជម្រើសមានតែពីរទេ។ ទីមួយ ប្រើកម្លាំង ទីពីរប្រើផ្លូវច្បាប់។ ឥឡូវយកមួយណា? ប្រើផ្លូវច្បាប់ កុំប្រើហិង្សា»។
បើតាមលោក ហ៊ុន សែន ផ្លូវច្បាប់មិនប្រើតែក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែត្រូវបានគេប្រើប្រាស់នៅលើឆាកអន្តរជាតិផងដែរ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេថាការប្រើប្រាស់ពាក្យសម្តីបែបណា លោកទុកឱ្យប្រជាជនជាអ្នកវាយតម្លៃ។ លោកបន្ថែមថាការប្រើប្រាស់ពាក្យសម្តីព្រមាន ជាការបង្កឱ្យមានក្តីបារម្ភ និងបរិយាកាសមួយមិនល្អសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខ។
លោកបញ្ជាក់ថា៖ «ពាក្យសម្តីណាដែលបញ្ជាក់ថាអាចនឹងកើតមានអំពើហិង្សាទៅលើគូប្រកួតអីហ្នឹង វាជាការបង្កឱ្យមានបរិយាកាសនយោបាយមួយមិនល្អសម្រាប់គូប្រកួតប្រជែង ព្រោះអីការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ ត្រឹមត្រូវ ទាល់តែមានការផ្តល់ឱកាសឱ្យមានភាពស្មើគ្នា មិនឱ្យគូប្រកួតណាមួយរងនូវសម្ពាធឬការគំរាមកំហែងផ្នែកខាងស្មារតី ចិត្តសាស្ត្រ ឬរូបកាយក៏ដោយ គឺចៀសវាងបាន គេត្រូវតែចៀសវាង»។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានព្រមានអ្នកតវ៉ាប្រឆាំងនឹងរូបលោកថាលោកនឹងតាមវាយដល់ផ្ទះប្រសិនបើហ៊ានដុតរូបរបស់លោកនៅនៅក្នុងការតវ៉ាណាមួយ៕