ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​​ហ៊ុន សែន​ ប្រកាស​ថា​ នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី ​ទោះ​មាន​បាតុកម្ម​ប្រឆាំង​លោក


រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន លើក​ដៃ​គ្រវី នៅពេល​ដែល​លោក​ទៅ​ដល់​មូលដ្ឋាន​កងទ័ព​អាកាស Palam នៅក្នុង​ទីក្រុង​ញូឌេលី នៃ​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន លើក​ដៃ​គ្រវី នៅពេល​ដែល​លោក​ទៅ​ដល់​មូលដ្ឋាន​កងទ័ព​អាកាស Palam នៅក្នុង​ទីក្រុង​ញូឌេលី នៃ​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨។

ទោះ​មាន​បាតុកម្ម​ប្រឆាំង​លោក​នៅ​អូស្ត្រាលី​ក៏​ដោយ ​ លោក​ហ៊ុន សែន​ប្រកាស​ថា ​នឹង​នៅ​តែទៅ​ប្រជុំ​អាស៊ាន-អូស្ត្រាលី ​ ព្រោះ​​​​​នៅ​អូស្ត្រាលី​លោក​ក៏​មាន​អ្នក​គាំទ្រ​ដែរ។​​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅថ្ងៃ​ចន្ទ​នេះ​ ប្រកាស​ថា​ លោក​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​នា​ពាក់​កណ្តាល​ខែ​មីនា​ខាង​មុខ ​ដើម្បីទុក​មុខ​ឲ្យ​រដ្ឋាភិបាលអូស្រ្តាលី ​បើទោះបី​ជាមេ​ដឹកនាំ​ប្រទេស​អាស៊ាន​មួយ​ចំនួន​កំពុង​រារែក​ចិត្ត​ក្តី។​

ថ្លែងក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា​នេះ​ លោក ​ហ៊ុន សែន ​លើក​ឡើង​ថា ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​នា​ពាក់​កណ្តាល​ខែ​មីនា​ខាង​មុខ​ មេ​ដឹកនាំ​អាស៊ាន​មួយ​ចំនួនកំពុង​រារែក​ចិត្តមិន​ប្រាកដថា​ នឹង​ទៅចូល​រួម​ ឬ​យ៉ាង​នោះ​ ​ ​ប៉ុន្តែ​លោក​ថា ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ប្រជុំ​ចូលរួម​កិច្ច​ប្រជុំ​នេះ​ដោយ​ផ្ទាល់។ ​លោក​បន្ថែម​ថា​ ការ​សម្រេច​ទៅ​ចូល​រួម​នេះ​គឺ​ដោយ​សារ​លោក​ចង់​ផ្តល់​កិត្តិយស​ដល់​អូស្រ្តាលី ​បន្ទាប់ពី​អូស្រ្តាលី​បាន​សុំការ​គាំទ្រ​ពី​លោក​ ដើម្បី​ឲ្យ​មាន​កិច្ច​ប្រជុំរវាង​អូស្រ្តាលី និង​អាស៊ាន។​

លោក​មាន​ប្រសាសន៍​ថា៖​

«ឮ​ថា​ ប្រធានាធិបតី ​ឌូតឺតេ ​របស់​ហ្វីលីពីន ​ថា​ គាត់​អត់​ទៅ​ទេ ​ឲ្យ​តំណាង។​ មិន​ដឹង​ថា​ តើ​លោក​ជំទាវ ​អង់សានស៊ូជី ​ឬក៏​ប្រធានាធិបតី ​ធានចរ ​របស់មីយ៉ាន់ម៉ា​ទៅ ​ឬ​អត់ ​បើ​មួយ​ថ្ងៃៗ​ជេរ​គាត់​អារឿង​រ៉ូហ៊ីងយ៉ាយ៉ាង​នេះ? ​ហើយ​ប្រាយុទ្ធ​ចាន់អូចា ​ទៅ ​ឬអត់ ​បើ​មួយ​ថ្ងៃៗ​ជេរ​គាត់​យ៉ាង​នេះ? ​ឯ​ខ្ញុំ​ទៅ! ខ្ញុំទៅ!​ ខ្ញុំ​បញ្ជាក់​ថា​ខ្ញុំ​ទៅ!​ ខ្ញុំ​ទៅ​ខ្លួន​ឯង!​ ខ្ញុំមិន​ចាត់​តាំងតំណាង​ទេ។​ ខ្ញុំ​ចង់​ផ្តល់​កិត្តិយស​ឲ្យ​អូស្រ្តាលី»។​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្រ្តាលី​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​ នៅ​ថ្ងៃទី​១៧-១៨ ​ខែ​មីនា​ខាង​មុខ​នេះ​ដើម្បីពិភាក្សា​ពាក់ព័ន្ធ​នឹង​ការ​ងារ​ផ្សេងៗ​របស់​ប្រជាជាតិ​អាស៊ាន​និង​អូស្ត្រាលី។​

ក្នុង​ការ​សួរដេញដោល​ក្នុង​ព្រឹទ្ធ​សភា​អូស្រ្តាលី​កាលពី​សប្តាហ៍​មុន ​លោក​ស្រី​ Frances Adamson ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​អូស្រ្តាលី ​បាន​ថ្លែង​ថា​ អូស្រ្តាលី​នឹង​ប្រើប្រាស់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ស៊ីដនី ​នា​ពាក់​កណ្តាល​ខែ​មីនា​នេះ​ ដើម្បី​ប្រឈម​មុខ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ពាក់ព័ន្ធ​នឹងការ​ថ្លែងថា​ លោក​នឹង​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​អូស្រ្តាលី​ដែលដុត​រូបថត។​

ការ​ដេញ​ដោល​ក្នុង​ព្រឹទ្ធ​សភា​អូស្រ្តាលីនេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក ​ហ៊ុន សែន​ កាល​ពី​ថ្ងៃទី​២១​ ខែ​កុម្ភៈ​ បាន​ព្រមាន​តាម​វាយ​ដល់​ផ្ទះ​ ចំពោះ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ណា​ដែលដុត​ទីងមោង​រូប​លោក​ នៅ​ពេល​លោក​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី ​នា​ពេល​ខាង​មុខ។​ ក្រោយ​ការ​ព្រមាន​នេះ គេ​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​រស់​នៅ​សហ​រដ្ឋ​អាមេរិក ​កាណាដា ​និង​អូស្ត្រាលី​បាន​នាំ​គ្នា​ដុត​ទីងមោង​រូប​លោក​ ហ៊ុន សែន ​ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG