មួយសប្តាហ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានតាមវាយក្រុមបាតុករដល់ផ្ទះ បើសិនជាពួកគេហ៊ានដុតរូបរបស់លោកនៅក្នុងអំឡុងកិច្ចប្រជុំអាស៊ាន-អូស្ត្រាលីមក សមាជិករដ្ឋសភាអូស្ត្រាលីម្នាក់ បានឆ្លើយតបទៅវិញយ៉ាងខ្លាំង ដោយអំពាវនាវឲ្យរដ្ឋសភាអូស្ត្រាលីប្រឆាំងនឹងបុគ្គលណា ឬក៏មេដឹកនាំណា ដែលប្រើប្រាស់ភាសាបែបមិនគោរពសិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិបែបនេះ។
តំណាងរាស្ត្រគណបក្សការងារអូស្ត្រាលី លោក Chris Bowen បានថ្លែងការពារសិទ្ធិរបស់បាតុករក្នុងការតវ៉ាដ៏ស្របច្បាប់ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃពុធនេះថា៖
«សហគមន៍ខ្មែរនៅអូស្ត្រាលីមានកំហឹងដ៏ត្រឹមត្រូវ ហើយពួកគេពិតជាភ័យខ្លាចពិតៗ។ ហើយពួកគាត់ត្រូវការដឹងថា សភាមួយនេះនឹងមិនបណ្ដែតបណ្ដោយឱ្យភាសារបៀបនេះទទួលការយោគយល់ ដោយចេញពីមាត់បុគ្គលណាម្នាក់ឡើយ បើទោះជាអ្នកនោះជាប្រមុខរដ្ឋាភិបាល ឬបើទោះជាអ្នកនោះជាសមាជិកអាស៊ានក៏ដោយ»។
ចុចស្តាប់ការថ្លែងរបស់លោកជាភាសាអង់គ្លេស៖
លោក Chris Bowen បានបន្ថែមថា៖
«បើទោះជាគាត់ជានាយករដ្ឋមន្ត្រីក៏ដោយ ក៏គាត់មិនអាចមកប្រទេសរបស់យើង ហើយប្រកាន់កិរិយាមារយាទរបៀបនេះបាននោះទេ»។
ការថ្លែងការពារសិទ្ធិបាតុករដោយលោក Chris Bowen បែបនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែររស់នៅអូស្ត្រាលីបាននាំគ្នាបង្ហាញការមិនពេញចិត្តរបស់ខ្លួននឹងការព្រមានរបស់លោក ហ៊ុន សែន ដោយបាននាំគ្នាដុតរូបទីងមោងរបស់លោក ហ៊ុន សែន ជាច្រើនរូប។ នេះបើយោងតាមរូបភាពនៃការដុត ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក។
កាលពីថ្ងៃពុធសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់អ្នកដែលមានផែនការធ្វើបាតុកម្មប្រឆាំងលោកនៅប្រទេសអូស្ត្រាលីថា លោកនឹងតាមវាយដល់ផ្ទះ ប្រសិនបើអ្នកទាំងនោះហ៊ានដុតរូប ឬដុតទីងមោងរូបលោក ពេលពួកគេធ្វើបាតុកម្ម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍ នឹងចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នាខែមីនាខាងមុខនេះ នៅក្នុងប្រទេសអូស្រ្តាលី ដោយមានប្រទេសសិង្ហបុរីជាប្រធាននៃការពិភាក្សាពាក់ព័ន្ធនឹងការងារផ្សេងៗរបស់ប្រជាជាតិអាស៊ាន និងអូស្ត្រាលី។
កិច្ចប្រជុំនោះក៏នឹងពង្រឹងការរួមចំណែករួមគ្នារបស់អូស្រ្តាលី និងអាស៊ាន ចំពោះសន្តិសុខ និងវិបុលភាពក្នុងតំបន់ រួមទាំងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខជាដើម៕