ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​ថា ទណ្ឌកម្ម​អាមេរិក​សន្សឹមៗ​ដោយ​ខ្លាច​ប៉ះពាល់​ពលរដ្ឋ​សាមញ្ញ


រូបឯកសារ៖ ​ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បក់​រវេច​​នៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០០៧ ដោយ​មាន​នាវា​ចម្បាំង​ USS Gary របស់​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ នាវាចម្បាំង​សហរដ្ឋ​អាមេរិក​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុង​ជាង​៣​ទសវត្ស​។
រូបឯកសារ៖ ​ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បក់​រវេច​​នៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០០៧ ដោយ​មាន​នាវា​ចម្បាំង​ USS Gary របស់​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ នាវាចម្បាំង​សហរដ្ឋ​អាមេរិក​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុង​ជាង​៣​ទសវត្ស​។

កាលពី​ថ្ងៃអង្គារ​សេតវិមាន​បាន​ប្រកាស​កាត់បន្ថយ​និង​ព្យួរ​ជំនួយ​ទៅ​ស្ថាប័ន​មួយ​ចំនួន​របស់​រដ្ឋាភិបាល​កម្ពុជា​ដោយ​សារតែ​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់ចុះ។

អ្នកជំនាញសម្តែង​ការព្រួយ​បារម្ភ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​កាត់បន្ថយ​ជំនួយ​ទៅ​ប្រទេស​កម្ពុជា​ ព្រោះតែ​ការធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​ដោយ​ពួកគេ​ខ្លាច​នឹង​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​បើ​ស្ថានការណ៍​នៅតែ​អាក្រក់។

កាលពី​ថ្ងៃអង្គារ​សេតវិមាន​បាន​ប្រកាស​កាត់បន្ថយ​និង​ព្យួរ​ជំនួយ​ទៅ​ស្ថាប័ន​មួយ​ចំនួន​របស់​រដ្ឋាភិបាល​កម្ពុជា​ដោយ​សារតែ​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់ចុះ។

រូបឯកសារ៖ លោក​ ឈាង​ វណ្ណារិទ្ធិ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​ ១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​។ (VOA)
រូបឯកសារ៖ លោក​ ឈាង​ វណ្ណារិទ្ធិ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​ ១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​។ (VOA)

លោក ឈាង វណ្ណារិទ្ធិ ​អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Iseas-Yusof Ishak ​ដែល​ស្ថិតនៅ​ប្រទេស​សិង្ហបុរី ​យល់ថា​នេះ​គឺជា​ការធ្លាក់​ចុះ​ថែមទៀត​នៅក្នុង​ទំនាក់​ទំនង​ទ្វេភាគី​នៃ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។

លោក​បន្ថែម​ថា៖

«នេះ​គឺ​ជា​ចំណុច​ទាប​បំផុត​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ចាប់ពីឆ្នាំ​១៩៩៣​មក។ ខ្ញុំ​គិត​ថា​វា​មាន​កត្តា​ច្រើន​ក្នុង​ការពន្យល់​ហេតុអ្វី​បាន​ជា​វា​ធ្លាក់​ដល់​កម្រិត​គួរ​ឱ្យ​បារម្ភ​យ៉ាងនេះ។ ទីមួយ​គឺ​ប្រហែលជា​កត្តា​ផ្ទៃក្នុង​នៃ​នយោបាយ​កម្ពុជា​ហើយ​ទីពីរ​គឺ​កត្តា​ភូមិសាស្រ្ត​នយោបាយ​ដោយសារ​តែ​ឥទ្ធិពល​ប្រទេស​ចិន​មាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​តំបន់​ជាពិសេស​នៅកម្ពុជា​ដែល​ជា​ការគំរាម​កំហែង​មួយ​ដល់​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក‍»។

ក្នុង​រយៈពេល២៥ឆ្នាំ​ចុងក្រោយ​នេះ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ជាង​១០០០​លាន​ដុល្លារ​ដល់​កម្ពុជា​និង​បានបើកទីផ្សារ​ទទួល​យក​ផលិតផល​របស់​កម្ពុជា។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​មហាអំណាច​នេះ​និង​ប្រទេស​កម្ពុជាមិន​ល្អ​ប្រសើរ​ឡើយ​ចាប់តាំង​ពីក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ធ្លាក់ឆ្នោត​ជាច្រើន​និង​បន្ត​បាត់​បង់​អាសនៈ​នៅមូលដ្ឋាន​រាប់​ពាន់​ថែម​ទៀត​នៅក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ​២០១៧។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដោយ​រួមទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើការរិះគន់​សហរដ្ឋ​អាមេរិក​កាន់តែ​ខ្លាំង​ចំពោះ​គោលនយោបាយ​ក្នុង​អំឡុង​ពេល​សង្គ្រាម​ទសវត្សរ៍​១៩៧០ និង​ការទម្លាក់​គ្រាប់បែក​លើ​ប្រទេស​កម្ពុជា ហើយបាន​ឈាន​ទៅចោទ​ប្រកាន់​និងរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ថា​បាន​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ អាសនៈ​សភា​ទាំង​៥៥​និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង​៥០០០ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​រឹបអូស​យក​និង​បែង​ចែកឱ្យ​គណបក្ស​ដទៃ​ដែល​មិន​បាន​ជាប់ឆ្នោត។ ​

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

លោក ​មាស នី ​អ្នកវិភាគ​ឯករាជ្យ​មើលឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ដើរ​ទៅមុខ​ដោយ​មិន​ថយ​ក្រោយ​បើទោះបី​ជា​សហគមន៍​អន្តរជាតិ​និង​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ម្តង​ហើយ​ឱ្យ​កែប្រែ​ស្ថានការណ៍​មក​ដូច​ដើម​វិញ។

លោក​បាន​បន្ថែម​ថា៖

«បើយើង​មើល​ពី​ដំណើរការ​នៃ​ការដាក់​សម្ពាធ​ពី​អន្តរជាតិ​គឺវា​មិនមាន​អ្វី​ចម្លែក​ទេ​វា​ជា​ដំណាក់​កាលមួយ​ដែល​គេមើល​ឃើញ​ថា​ស្ថានការណ៍​នៅស្រុក​ខ្មែរ​នេះ​ដូចជា​មិន​ថយ​ក្រោយ​ទេ​ហើយ​គណបក្ស​កាន់អំណាច​ក៏បាន​និយាយ​ដែរ​ថា​អ្វី​ដែល​គេ​ធ្វើ​នេះ​គឺគេ​ធ្វើ​ត្រូវ​អីចឹង​មិន​មាន​អ្វី​ដែល​គេ​ត្រូវ​ថយ​ក្រោយ​វិញ​ទេ​ណា​។ អីចឹង​ការកាត់ជំនួយ​នេះ​វាជាការឆ្លើយតប​នឹង​អ្វី​ដែល​កំពុង​កើតមាននៅក្នុង​ប្រទេស​កម្ពុជា‍»។​

ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ផ្តោត​លើ​ការពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ​សិទ្ធិ​មនុស្ស​និង​អភិបាលកិច្ច​ល្អ កសិកម្ម​និង​សុវត្ថិភាព​ស្បៀង​អាហារ ​ការលើក​កម្ពស់​សុខភាព ​និង​ការសិក្សា​អប់រំ​ជាដើម។ នេះ​បើ​តាម​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ (USAID)។

ក្នុង​ឆ្នាំ​២០១៧​ ជំនួយ​របស់​សហរដ្ឋ​អាមេរិក​តាម​រយៈ​ទីភ្នាក់ងារ​ USAID ​មាន​ចំនួន​៧៨,៥​លាន​ដុល្លារ ដែល​ក្នុងនោះ​ការ​ចំណាយ​ភាគ​ច្រើន​លើ​ផ្នែក​សុខាភិបាល ​អភិបាលកិច្ច​និង​កសិកម្ម។

សេតវិមាន​បាន​អះអាង​ថា​ការសម្រេច​កាត់​បន្ថយ​ជំនួយ​ទៅ​ប្រទេស​កម្ពុជា​នេះ​ដោយ​សារ​តែ​បាន​ធ្វើ​ការ​ពិនិត្យមើល​ឡើងវិញ​នូវ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ហើយ​ឃើញ​ថា​អង្គភាព​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ដែល​ទទួល​មូលនិធិ​បាន​បង្ហាញ​នូវ​ឥរិយាបទ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​ដែល​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ដើរថយក្រោយ។

រូបឯកសារ៖ លោក Arend Zwartjes មន្រ្តី​ទំនាក់ទំនង​កិច្ច​ការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិកប្រចាំ​នៅ​ប្រទេស​កម្ពុជា ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ អំឡុង​ការ​សម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក Arend Zwartjes មន្រ្តី​ទំនាក់ទំនង​កិច្ច​ការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិកប្រចាំ​នៅ​ប្រទេស​កម្ពុជា ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ អំឡុង​ការ​សម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

លោក ​អេរឹន ស្វតជេស្ស​ (Arend Zwartjes) អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅកម្ពុជា​ បាន​បញ្ជាក់​ថា​ការដាក់​ទណ្ឌកម្ម​នេះ​ដោយ​សារ​តែ​អាជ្ញាធរ​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ដកតំណែង​សមាជិក​សភា​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ពី​គណបក្ស​ប្រឆាំង​ហើយ​យក​ទៅចែកឱ្យ​គណបក្ស​កាន់អំណាច​និង​គណបក្ស​ដទៃ​ទៀត។

កម្មវិធី​ជួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏ត្រូវ​បាន​កាត់ផ្តាច់ផងដែរ។

លោក​ អេរឹន ស្វតជេស្ស​បាន​បន្ថែមថា៖

«នាយកដ្ឋា​នពន្ធដារ​បាន​ធ្វើ​ការស៊ើបអង្កេត​ដែល​មានលក្ខណៈនយោបាយ​ដោយ​ចំហរ​ប្រឆាំង​នឹង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​ និង​ក្រុម​អង្គការ​សង្គមស៊ីវិល ហើយក្នុង​ករណីខ្លះ​បាន​បង្ខំ​ឱ្យ​ពួកគេ​ត្រូវ​បិទ​ទ្វារ‍»។

សារព័ត៌មាន​ជាភាសា​អង់គ្លេស​ The Cambodia Daily ​បាន​បិទទ្វារ​ដោយសារ​តែ​អគ្គនាយកដ្ឋាន​ពន្ធដា​បាន​ចោទ​ថា​ជំពាក់​ប្រាក់ពន្ធ​ជាង​៦,៣លានដុល្លារ។ រដ្ឋាភិបាល​ក៏​បាន​ហាមឃាត់​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​មួយចំនួន​មិន​ឱ្យផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វិទ្យុអាស៊ីសេរី និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ផងដែរ។ ការណ៍នេះ​បង្ខំ​ឱ្យ​វិទ្យុអាស៊ី​សេរី​ដែល​ផ្តល់ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​ត្រូវ​បិទ​ការិយាល័យ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ស្វតជេស្ស​បាន​បន្ថែម​ថា​ការកាត់ផ្តាច់​ជំនួយ​ទៅ​ផ្នែក​យោធា​កម្ពុជា​ដោយសារតែ​«មន្ត្រីជាន់​ខ្ពស់​យោធា​កម្ពុជា​បាន​ថ្លែងការណ៍​ប្រកប​ដោយ​បញ្ហា​ពី​ការ​ប្រើប្រាស់​ហិង្សា​ពាក់ព័ន្ធ​នឹងការបោះឆ្នោត‍»។​

ក្នុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពីឆ្នាំ​២០១៧​ លោក​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ការពារជាតិ​បាន​ព្រមាន​ដល់​គណបក្ស​ដទៃថា​លោក​នឹង​វាយបំបែកធ្មេញ​អ្នកណា​ដែល​មិន​ទទួលស្គាល់​លទ្ធផលឆ្នោត។

លោក​គុជ ច័ន្ទលី ​អ្នកវិភាគ​ឯករាជ្យ​នៅក្នុង​រដ្ឋ​ម៉ារីឡែន ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​គឺចង់ឱ្យ​ប្រទេស​កម្ពុជា​មួយ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពិតប្រាកដ។

«បើ​និយាយ​ឱ្យ​ចំ​ទៅ​ប្រទេស​ខ្មែរ​ខ្លួន​ឯង​ហ្មង​ដែល​ស្ថិត​ក្នុង​គ្រោះថ្នាក់​។ គ្រោះថ្នាក់​ពី​ការរំលោភ​ពី​ប្រទេស​ជិតខាង​ដទៃទៀត​ពី​ប្រទេស​មហាអំណាច​ពី​លទ្ធិ​កុម្មុយនីស្ត​និយម​ជាដើម​ហើយ​សហរដ្ឋ​អាមេរិក​មាន​ជំនឿថា​មានតែ​លទ្ធិប្រជាធិបតេយ្យ​ទេ​ មានតែ​អំណាច​នៅក្នុង​កណ្តាប់​ដៃ​ប្រជាពលរដ្ឋ​ជាទូទៅ​ទេ​ដែល​អាច​ការពារ​ខ្លួន​បាន​ពីព្រោះ​បើ​អំណាច​ហ្នឹង​វាធ្លាក់​ទៅដល់​កណ្តាប់​ដៃ​បុគ្គល​មួយ​ក្រុម​តូច​ឬ​បុគ្គល​ម្នាក់​ឬ​ក៏​ទៅលើ​រដ្ឋាភិបាល​ផ្តាច់មុខ​។ នេះ​គឺ​ប្រទេស​ខ្មែរ​ត្រូវ​មានគ្រោះថ្នាក់‍»។​

លោក ​ច័ន្ទ លី ​យល់​ថា​នេះ​ជា​ជម្រើស​ដ៏ពិបាក​ដែល​សហរដ្ឋ​អាមេរិក​ត្រូវធ្វើ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​យល់​ដឹង​បន្ទាប់ពី​ការបញ្ជូនសារ​ទៅ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​អ្វីប្រែប្រួលឱ្យ​ស្ថានការណ៍​បាន​ប្រសើរ​ឡើង​វិញ។

«ការដាក់​សម្ពាធ​សេដ្ឋកិច្ច​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជៀស​មិន​រួច​ទេ។ វា​មាន​ការ​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​ហ្នឹង​ក៏​ប៉ុន្តែ​ជាការឆ្កឹះ​ប្រជា​ពលរដ្ឋ​ទាំងអស់​នោះ​ឱ្យ​យល់​ថា​នេះ​ហើយ​ជា​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ខ្លួន​ដែល​ខ្លួន​ត្រូវ​តែ​ទាមទារ​ឱ្យ​មានការ​គោរព​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ឱ្យ​មានការ​ជួយ​បណ្តុះ​បណ្តាល​លទ្ធិប្រជាធិបតេយ្យ​ដែរ‍»។​

កាលពីថ្ងៃទី​១៦​ខែវិច្ឆិកា ​សេតវិមាន​ក៏​បានហាមឃាត់​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ហើយ​កាលពី​ដើមខែ​កុម្ភៈ ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​ប្រាំ​នាក់​បានស្នើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី«ការទទួល​ខុស​ត្រូវរបស់កម្ពុជា​និង​ធ្វើឱ្យការ​វិនិយោគត្រឡប់ដូច​ដើម​វិញ‍‍‍‍»​ហៅកាត់​ថា​ CARI Act​ ដោយ​ស្នើ​ឱ្យដាក់​លក្ខខណ្ឌ​លើ​ជំនួយ​ទៅ​ប្រទេស​កម្ពុជា ​ហាមឃាត់​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ​យោធា ​កងរាជអាវុធហត្ថ​និង​តុលាការ ​បង្កក​ទ្រព្យ​សម្បត្តិ​ និង​ហាម​ឃាត់​ការចរចា​លុបបំណុល​ដែល​កម្ពុជា​ជំពាក់​ជាដើម។

លោក ​មាស នី យល់ថា​ចំណាត់ការរបស់​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈសន្សឹមៗ​ដោយ​មិនចង់ឱ្យ​ប៉ះពាល់​ជីវភាព​របស់​ពលរដ្ឋ​ធម្មតា​ប៉ុន្តែ​អ្វីដែល​ធ្វើ​ឱ្យ​លោកនិង​អ្នក​ជំនាញ​ដទៃទៀត​ព្រួយបារម្ភ​គឺ​សហរដ្ឋ​អាមេរិក​អាច​នឹង​គៀងគរ​សម្ព័ន្ធមិត្ត​ឱ្យ​ដាក់ទណ្ឌកម្ម​ដល់កម្ពុជា​ដែរ ជាពិសេស​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច។

«យើង​មើល​ពី​ដំណើរ​និង​លទ្ធភាព​នៃ​ប្រទេស​មហាអំណាច​គេ​ដាក់​ទណ្ឌកម្មទៅប្រទេស​គឺមុនដំបូង​គេ​ធ្វើ​ចេញ​ពីប្រទេស​គេ​សិន​ថ្ងៃក្រោយ​គេ​ចាប់​ផ្តើម​ធ្វើការ​គៀងគរ​សម្ព័ន្ធមិត្ត​ដទៃ​ទៀត​ឱ្យ​អនុវត្ត​ដូចគ្នាដែរ។ នេះជា​ការព្រួយ​បារម្ភ​មួយ​ដែល​ខ្ញុំ​ចេះតែចាំមើលតទៅទៀតថា​តើ​ដំណើរការហ្នឹង​វា​នៅ​តែ​ទៅមុខ​ហើយ​វា​ដល់​ដំណាក់កាលដែល​សហរដ្ឋ​អាមេរិក​ត្រូវ​គៀងគរ​សម្ព័ន្ធ​មិត្ត​ឱ្យ​ដាក់​ទណ្ឌកម្ម​ទៀត​តើ​ភាព​ងាយរងគ្រោះ​របស់​ខ្មែរ​យើង​វានឹង​ធ្លាក់​ទៅ​ដល់​ណាទៀត‍»។

ប្រទេស​កម្ពុជា​នាំចេញ​ក្នុង​ទំហំ​៩,៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ដែល​ភាគ​ច្រើនជា​ផលិតផល​សម្លៀក​បំពាក់​ ស្បែកជើង​និង​កសិកម្មមក​ទីផ្សារ​របស់សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប។ ក្នុង​ឆ្នាំ​២០១៧​ទំហំ​នៃ​ការ​នាំចូល​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ ៣.០៦៤ ​លាន​ដុល្លារ​ហើយ​ទទួល​បាន​ការអនុគ្រោះ​ពន្ធ​តាម​ប្រព័ន្ធ​GSP។

ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៦ទៅ៧ភាគរយ​ក្នុង​មួយឆ្នាំ​ប៉ុន្តែ​ការរីក​ចម្រើន​នេះ​អាច​នឹង​ប៉ះពាល់​បើសិន​ជា​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច។

លោក​ឈាង វណ្ណារិទ្ធ​បាន​បញ្ជាក់​ថា៖

«ខ្ញុំគិតថា​បើសិនបើ​ស្ថានការណ៍​មិនប្រែប្រួល​ឬកាន់តែ​លំបាក​ជាង​នេះ​ឬ​ក៏​អាក្រក់​ជាងនេះ​វាអាច​ឈាន​ទៅ​ដល់​ផ្នែក​ពាណិជ្ជកម្ម​ហើយ​នឹង​ផ្នែក​វិនិយោគ​តទៅទៀត​ពីព្រោះ​ថា​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​នៅ​អន្តរជាតិ​ត្រូវ​ឆ្លងកាត់​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក។ អីចឹង​ទេ​បើសិន​ជា​វា​ឈាន​ដល់​ផ្នែក​ពាណិជ្ជកម្ម​និង​ការវិនិយោគ​គឺ​វា​អាច​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ហើយ‍»។​

ការិយាល័យ​របស់​សមាជិកព្រឹទ្ធសភា ​Patrick Leahy ដែល​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ហិរញ្ញវត្ថុបាន​ស្វាគមន៍​ចំណាត់​ការ​របស់​សេតវិមាន​ដែល​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​កម្ពុជា​តាមរយៈ​ការ​កាត់​បន្ថយ​និង​ព្យួ​រជំនួយនិង​សុំ​ឱ្យ​ប្រទេស​ដទៃ​ទៀត​ធ្វើតាម។

លោក​ Tim Rieser ​ជំនួយ​ការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​គោល​នយោបាយ​ការ​បរទេស​របស់លោក​សមាជិក​ព្រឹទ្ធសភា​ Patrick Leahy ​មកពីគណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​Vermont ​បាន​បញ្ជាក់​ប្រាប់វីអូអេថា៖

«សេតវិមាន​បាន​ធ្វើ​កិច្ចការ​ត្រឹមត្រូវ​ក្នុងការ​ប្រើ​ប្រាស់វិធី​ចំគោលដៅ​និង​មាន​សារៈសំខាន់។ ការណ៍​នេះ​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​នឹង​មិន​ធ្វើការដូច​ធម្មតា​ទៀតទេ​ក្នុង​ពេលដែល​លោក​ហ៊ុន សែន​លុប​បំបាត់​សិទ្ធិ​ពលរដ្ឋ​ស៊ីវិលរបស់​កម្ពុជា។ ប្រទេស​ដទៃ​ទៀត​គួរតែ​ធ្វើ​តាម​គំរូ​របស់​សហរដ្ឋ​អាមេរិក‍»។​

រូបឯកសារ៖​ លោក​សមាជិក​ព្រឹទ្ធសភា​ Patrick Leahy ​មកពីគណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ Vermont នៃ​សហរដ្ឋអាមេរិក និង​ជា​សមាជិក​នៃ​អនុគណៈកម្មាធិការ​ទទួល​បន្ទុក​ក្រសួងការបរទេស​និង​ប្រតិបត្តិការ​អន្តរជាតិ​និង​ជា​អ្នកស្នើ​សេចក្តីព្រាង​ច្បាប់​CARI Act ​មួយ​រូប​ផង​ដែរ។
រូបឯកសារ៖​ លោក​សមាជិក​ព្រឹទ្ធសភា​ Patrick Leahy ​មកពីគណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ Vermont នៃ​សហរដ្ឋអាមេរិក និង​ជា​សមាជិក​នៃ​អនុគណៈកម្មាធិការ​ទទួល​បន្ទុក​ក្រសួងការបរទេស​និង​ប្រតិបត្តិការ​អន្តរជាតិ​និង​ជា​អ្នកស្នើ​សេចក្តីព្រាង​ច្បាប់​CARI Act ​មួយ​រូប​ផង​ដែរ។

លោក​ផែទ្រិក លៀហ៊ី (Patrick Leahy) ក៏​ជា​សមាជិក​នៃ​អនុគណៈកម្មាធិការ​ទទួល​បន្ទុក​ក្រសួងការបរទេស​និង​ប្រតិបត្តិការ​អន្តរជាតិ​និង​ជា​អ្នកស្នើ​សេចក្តីព្រាង​ច្បាប់​CARI Act ​មួយ​រូប​ផង​ដែរ។

រូបឯកសារ៖ លោក ថេត គ្រូស ​(Ted Cruz)​ សមាជិក​ព្រឹទ្ធសភា​ម្នាក់​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋ​តិចសាស សហរដ្ឋអាមេរិក។
រូបឯកសារ៖ លោក ថេត គ្រូស ​(Ted Cruz)​ សមាជិក​ព្រឹទ្ធសភា​ម្នាក់​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋ​តិចសាស សហរដ្ឋអាមេរិក។

លោកថេត គ្រូស ​(Ted Cruz)​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋ​តិចសាសបាន​ចាត់ទុកថា​ចំណាត់ការ​របស់សេតវិមានគឺជា «វិធានការ​សមស្រប‍»។​

លោក​បាន​បន្ថែម​ក្នុងសារ​មក​កាន់​វីអូអេ​ថា៖

«ថ្ងៃនេះ​រដ្ឋបាល​លោក​ប្រធានាធិបតីត្រាំ​បាន​ចាត់​វិធានការ​សមស្រប​ដើម្បី​កាត់​ឬព្យួរ​កម្មវិធី​ជំនួយរបស់​ក្រសួង​រតនាគារ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​និង​ក្រសួង​ការពារជាតិ​។ យើង​ត្រូវ​តែ​បន្ត​ដាក់​សម្ពាធ​កាន់តែ​កើនឡើង​ដល់​ប្រទេស​កម្ពុជា​នៅ​មុន​ការបោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា‍»។​

ក្នុង​រយៈពេល​ជាង​១០ឆ្នាំ​ចុងក្រោយ​នេះ​ប្រទេស​ចិន​បាន​បង្កើនជំនួយ​និង​ប្រាក់​កម្ចី​ដល់​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ឥទ្ធិពល​របស់​បស្ចិមប្រទេស​ចុះខ្សោយ។ ប៉ុន្តែចិន​ក៏​ទទួលផល​ចំណេញ​ពី​ទំនាក់​ទំនង​នេះ​ដែរ​ដោយ​បាន​នាំវត្ថុធាតុដើម​និង​ទំនិញ​ចូលកម្ពុជា​ហើយកម្ពុជា​ក៏ធ្លាប់បាន​រារាំង​សេចក្តី​ថ្លែងការណ៍​អាស៊ាន​ដែល​ប្រឆាំង​នឹង​ចិន​ក្នុង​បញ្ហាជម្លោះ​នៅសមុទ្រ​ចិន​ខាងត្បូង។

រូបឯកសារ៖ លោក គុជ ច័ន្ទលី អ្នក​វិភាគ​ខ្មែរអាមេរិកាំង​ម្នាក់​នៅ​រដ្ឋម៉ារីលែន សហរដ្ឋអាមេរិក។ (សាយ ​មុន្នី/VOA)
រូបឯកសារ៖ លោក គុជ ច័ន្ទលី អ្នក​វិភាគ​ខ្មែរអាមេរិកាំង​ម្នាក់​នៅ​រដ្ឋម៉ារីលែន សហរដ្ឋអាមេរិក។ (សាយ ​មុន្នី/VOA)

លោក​គុជ ច័ន្ទលី​បាន​បន្ថែមថា៖

«ពិភពលោក​គេ​អាច​ដឹង​ហើយគឺ​ដឹងថា​សត្វ​កណ្តុរ​បើ​កាលណា​វា​ហ៊ាន​រាំ​នៅ​មុខ​ឆ្មារ​ក៏ព្រោះតែ​វាមាន​រន្ធ​នៅ​ក្បែរ​ខាង​មានន័យ​ថា​រដ្ឋាភិបាល​ខ្មែរ​យើង​អាច​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ការ​ទាមទារ​របស់​ប្រទេស​មហាអំណាច​ របស់​ពិភពលោក​ក៏​ព្រោះតែ​អាងទៅលើ​មហាអំណាច​ចិន។ ចិនគេ​ធានា​រ៉ាប់រង​លើ​ការ​បីបាច់​រដ្ឋាភិបាល​ខ្មែរ​ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង​ត្រូវ​ដឹង​ថា​ចិន​ហ្នឹង​ជានរណា​? ចិន​ហ្នឹង​បាន​ធ្វើ​អ្វី​ខ្លះ​មក​លើ​ប្រទេស​ខ្មែរ​យើង​កាលពីឆ្នាំ​១៩៧៥-៧៩​រហូត​មក​ដល់​សព្វថ្ងៃនេះ?‍»។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ទណ្ឌកម្ម​នៅពេល​នេះ​គឺ​ជា​កម្សោយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​វិញ​ទេ។

រូបឯកសារ៖ លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។
រូបឯកសារ៖ លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចាត់ទុក​ថា​ការកាត់បន្ថយ​ជំនួយ​គឺ​ជា​ «ការ​បោះបង់​កាតព្វកិច្ច‍»​របស់​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​បិតា​ប្រជាធិបតេយ្យ​ក្នុង​ពិភព​លោក​។

លោក​បាន​បន្ថែម​ថា៖

«​ដូច្នេះ​ការ​សម្រេច​ចិត្ត​នេះ ជា​ការ​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​ទេ​ មិនមែន​ជា​បរាជ័យ​របស់​កម្ពុជា​ទេ ​ក្នុងការ​ធ្វើ​ឲ្យ​ពិភពលោក​ជឿជាក់​ថា សហរដ្ឋ​អាមេរិក​គឺរក្សា​បន្ត​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ ​ឲ្យ​ស្ថិត​នៅ​ក្នុង​លក្ខណៈ​និរន្តរភាព»។

យ៉ាងណាក៏ដោយ​សហរដ្ឋ​អាមេរិក​នៅ​បន្ត​ជួយ​ផ្នែក​សុខាភិបាល​ កសិកម្ម ​អង្គការ​សង្គម​ស៊ីវិល ​និង​ការបោស​សម្អាត​មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម៕

XS
SM
MD
LG