ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក ហ៊ុន សែន​ ចោទស.រ.អា.​​​ថា​និយាយកុហក​អំពីជំនួយ​ ពេលអាមេរិក​ប្រកាសកាត់ជំនួយ​


លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ថត​សែលហ្វី​ជាមួយ​អ្នក​គាំទ្រ​ក្រោយ​ពេល​បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅ​ក្រុង​តាខ្មៅ កាល​ពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨។
លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ថត​សែលហ្វី​ជាមួយ​អ្នក​គាំទ្រ​ក្រោយ​ពេល​បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅ​ក្រុង​តាខ្មៅ កាល​ពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃសៅរ៍​ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ថា ​មិន​ស្មោះ​ត្រង់​ក្នុង​ការ​ប្រកាស​ព្យួរ​ជំនួយ​របស់​ខ្លួន​ដល់​ប្រទេសនៅ​អាស៊ី​អាគ្នេយ៍​នេះ​ ដោយ​និយាយ​ថា​ ប្រទេស​កម្ពុជា​ឈប់​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ឆ្នាំ​២០១៦។

សេតវិមាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​ខ្លួន​បាន​ផ្អាក​ឬ​បន្ថយ​ថវិកា​សម្រាប់​ទីភ្នាក់ងារ ​USAID ​របស់​អាមេរិកនៅ​កម្ពុជា​និង​កម្មវិធី​ជំនួយផ្នែក​យោធា​ដែល​គាំទ្រ​ដល់​យោធាប្រទេស​កម្ពុជា ​ដល់​នាយកដ្ឋាន​ពន្ធដារ​និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ស.រ.អា.ចាត់​ទុកថា ​ជាអ្នក​ទទួលខុស​ត្រូវអស្ថិរភាព​នយោបាយ​នៅ​កម្ពុជា។​

នៅ​ក្នុង​សុន្ទរក​ថា​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​របស់លោកចាប់​តាំងពី​ការ​ប្រកាស​ព្យួរ​ជំនួយ​នោះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ចោទ​ប្រកាន់​ថា ​លោក ​William Heidt ​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ភូត​កុហក់​ ព្រោះ​ការកាត់​ជំនួយ​ឲ្យ​នាយកដ្ឋាន​ពន្ធដារ​របស់​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ​២០១៦។​

លោក​ ហ៊ុន សែន​ និយាយ​ថា ​«យើង​មាន​១៦លាន​នាក់​ មិន​បាន​ទទួល​ជំនួយ​អាមេរិក ​នៅ​ក្នុង​វិស័យ​ពន្ធដារ​ទេ។​ ជំនួយ​នេះ​ត្រូវ​បាន​បញ្ចប់រួច​រាល់​នៅឆ្នាំ​២០១៦»។​

លោក​ ហ៊ុន សែន ថ្លែង​ដូច្នេះទៅកាន់​កម្មករ​កាត់ដេរ​រាប់​ពាន់​នាក់​នៅ​ខេត្ត​ព្រះសីហនុ។​ លោក​បន្តថា​ សូម​លោក​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ឆ្លើយ​សំណួរ​មួយ​នេះ​ថា​ ហេតុអ្វី​បាន​ជា​លោក​ប្រកាស​ការ​កាត់​ជំនួយ​ក្នុង​ពេល​ដែល​គ្មាន​ជំនួយ?​ ​តើ​លោក​មាន​បំណង​បង្ខូច​កេរ្ដិ៍ឈ្មោះ​របស់​កម្ពុជា​ឬ?»

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ ​

ការសម្រេច​ចិត្ត​របស់​សេតវិមាន​កើត​មាន​ចំពេល​មាន​ការ​បង្ក្រាប​ដោយ​រដ្ឋាភិបាល​ប្រឆាំង​នឹង​ការ​រិះគន់លោក ហ៊ុន សែន ​នៅ​មុនការ​បោះឆ្នោត​សភា​ខែ​កក្កដា។​

ការ​បង្រ្កាប​នេះ​ធ្វើឡើង​ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​សមាជិក​សភា​គណបក្ស​ប្រឆាំង។​ កាលពី​ខែ​វិច្ឆិកា​ គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់ ​ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​តាម​សំណើ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន។ ​

លោក​ ហ៊ុន សែន​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​របស់​ចិន​ ​បាន​រិះគន់​ជា​សាធារណៈ​ជា​ញឹក​ញាប់​លើ​សហរដ្ឋ​អាមេរិក​ជាពិសេស​ការទម្លាក់​គ្រាប់​បែក​មក​លើ​កម្ពុជា​អំឡុង​សង្គ្រាម​វៀតណាម​ដែល​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧៥។​ លោក ហ៊ុន សែន​ ដែល​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​៣៣​ឆ្នាំ ​បាន​ចោទប្រកាន់​លោក កឹម សុខា ​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារកាល​ពីឆ្នាំ​មុន​ពីបទ​ឃុប​ឃិត​ជាមួយ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាលរបស់​លោក។ ​លោក​កឹម សុខា ​និង​ស.រ.អា.​បាន​បដិសេធ​ការ​ចោទ​នេះ។​

​ក្រុម​សិទ្ធិ​មនុស្ស​និង​បណ្តា​ប្រទេស​លោក​ខាងលិច​បាន​រិះគន់​ថា ​ការ​បង្រ្កាប​ទៅលើ​គណបក្ស​ប្រឆាំង​នៅ​មុន​ការ​បោះ​ឆ្នោត​ខែកក្កដា​ គឺ​ដើម្បី​កម្ចាត់​គូ​ប្រជែង​នយោបាយ​របស់​លោក​ ហ៊ុន សែន។​

សេតវិមាន​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​បាន​ចំណាយ​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ក្នុង​ការគាំទ្រ​ប្រទេស​កម្ពុជា​ហើយ​ថា ​ ជំនួយ​ខាង​ផ្នែក​សុខាភិបាល កសិកម្ម និង​ដោះ​មីន​នឹង​នៅ​តែបន្ត៕

XS
SM
MD
LG