លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រាប់ឲ្យអ្នកដុតរូបរបស់លោក ប្តូរទៅដុតរូបនាគ ឬវាយកម្ទេចរូបនាគនៅតាមវត្តអារាមនានាវិញ ដោយលោកថា ការដុតត្រឹមរូបថត មិនមានប្រសិទ្ធភាពណាមួយធ្វើឲ្យប៉ះពាល់ដល់លោកនោះទេ។
ក្នុងវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីរោងចក្រសហគ្រាសចំនួន៨ ក្នុងខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកដែលដុតរូបថត ឬទីងមោងដែលមានបិទរូបថតរបស់លោក ជាទង្វើគ្មានប្រយោជន៍និងគ្មានប្រសិទ្ធិភាពអ្វីប៉ះពាល់ដល់លោកនោះទេ។ លោកបន្ថែមដោយប្រាប់ទៅអ្នកដែលដុតរូបរបស់លោកថា ប្រសិនបើចង់ដាក់បណ្ដាសាទាញទម្លាក់ជោគជតារាសីលោក គឺត្រូវទៅដុតរូបនាគនៅតាមវត្ត ឬ វាយកម្ទេចរូបនាគនោះតែម្តង ដោយសារលោកកើតក្នុងឆ្នាំរោង ជាឆ្នាំតំណាងឲ្យសត្វនាគ។
លោកបញ្ជាក់ថា៖ «ប្រាប់យកតែបុណ្យតែចុះ បើចង់ឲ្យ ហ៊ុន សែន ងាប់ ហើយបើធ្វើតែរូបនាគយកទៅដុត ក៏វាអត់មានប្រសិទ្ធភាពទេ ព្រោះបារមីរបស់ ហ៊ុន សែន នៅជាប់ជាមួយហ្នឹងនាគដែលនៅក្នុងវត្ត។ អញ្ចឹងដើរដុតទៅ កន្លែងណាដែលមាននាគនៅក្នុងវត្តទាំងប៉ុន្មាននៅអូស្រ្តាលី ឬវត្តក្នុងប្រទេសដទៃ ដើរដុតឲ្យអស់ទៅ ហើយឬវាយកម្ទេចរូបនាគហ្នឹងចោលតែម្តងទៅ។ អាហ្នឹងល្អ»។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោកព្រមានតាមវាយដល់ផ្ទះ ចំពោះពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីណា ដែលដុតទីងមោងរូបលោក នៅពេលលោកចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នាពេលខាងមុខនេះ។ ក្រោយការព្រមាននេះ គេឃើញប្រជាពលរដ្ឋខ្មែរមួយចំនួនរស់នៅសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី បាននាំគ្នាដុតទីងមោងរូបលោក ហ៊ុន សែន ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសអូស្រ្តាលី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នៅថ្ងៃទី១៧-១៨ ខែមីនាខាងមុខនេះ ក្នុងការពិភាក្សាពាក់ព័ន្ធនឹងការងារផ្សេងៗរបស់ប្រជាជាតិអាស៊ាននិងអូស្ត្រាលី។
លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងប្រទេសណូវ៉ែលហ្សេឡង់លើកឡើងថា មិនមែនមានតែកម្ពុជានោះទេ សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ដទៃទៀតនៅប្រទេសអូស្ត្រាលី ក៏មានគម្រោងបាតុកម្មប្រឆាំងវត្តមានថ្នាក់ដឹកនាំនៃប្រទេសកំណើតខ្លួន អំឡុងកិច្ចប្រជុំពិសេសអាស៊ាន-អូស្រ្តាលី នាពាក់កណ្តាលខែមីនានេះផងដែរមិនមែនមានតែកម្ពុជានោះទេ។
លោកបញ្ជាក់ថា៖«ដូច្នេះហើយ [បណ្ដាស្ថាន]ទូតអាស៊ាននៅ[ទីក្រុង]កង់បេរ៉ាហ្នឹង បានស្នើដល់រដ្ឋាភិបាលអូស្ត្រាលី ធ្វើម្ដេចគឺថា ការពារសុវត្ថិភាព សេចក្ដីសុខ និងសេចក្ដីថ្លៃថ្នូរ របស់ប្រតិភូទាំងអស់ ដែលក្នុងនោះគឺថា មានប្រតិភូកម្ពុជាយើងដែរ។ [...] ដូច្នេះការស្នើនេះមិនមែនតែខ្មែរយើងទេ តែយើងធ្វើទាំងអស់គ្នា»។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រៅសន្និបាតក្រសួងការបរទេសក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធ លោក កុយ គួង បានបន្ថែមថា ទំនាក់ទំនងកម្ពុជាអូស្ត្រាលីមានលក្ខណៈល្អប្រសើរ បើទោះបីបណ្ដាប្រទេសលោកខាងលិចមួយចំនួនបានប្រតិកម្មខ្លាំងៗ និងឆ្លើយតបជាវិធានការតទល់នឹងអ្វីដែលគេហៅថា ការបង្ក្រាបនយោបាយនៅប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «អត់មានបញ្ហាអ្វីទេ! គឺនៅតែល្អដដែល! បើសិនជាយើងធៀបជាមួយនឹងប្រទេសដទៃទៀត កន្លងមកអូស្រ្តាលីឥតមានកាត់បន្ថយជំនួយអ្វីទេ គឺនៅរក្សាដដែល។ ជំនួយអភិវឌ្ឍន៍[ផ្លូវការ]ODAហ្នឹង គឺប្រមាណពី៨០[លានដុល្លារ]ទៅ៩០លានដុល្លារក្នុងមួយឆ្នាំដដែល រីឯប្រទេសផ្សេងទៀត អូស្ត្រាលីកាត់ណា កាត់បន្ថយហ្អា [ក្នុងគោល]នយោបាយកាត់បន្ថយជំនួយ ក៏ប៉ុន្តែសម្រាប់កម្ពុជា អត់មានបញ្ហាអ្វីទេ!»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចនឹងជំរុញឲ្យមានការប្រើអំពើហិង្សាផ្សេងៗ បន្ទាប់ពីមានការដុតរូបនិងទីងមោង ក្រោយលោក ហ៊ុន សែន ព្រមានធ្ងន់ៗមិនឲ្យមានការដុតរូបថតរបស់លោកនាពេលកន្លងមក។
លោកមានប្រសាសន៍ថា៖«ខ្ញុំថាគាត់មិនបានមានប្រសាសន៍ដោយយោងលើការខុសច្បាប់ទម្លាប់នោះទេ។ គ្រាន់តែថាវាអាចជំរុញឲ្យមានអំពើហិង្សា សូម្បីតែអំពើហិង្សាហ្នឹងទៅលើវត្ថុក៏ដោយ»។
ចំណែកលោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមនិងជាអ្នកវិភាគនយោបាយឯករាជ្យ លើកឡើងថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី គឺជាការឌឺដងទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងអ្នកមិននិយមចូលចិត្តរូបលោកដែលលោកថា ការឌឺដងនេះបង្ហាញពីការចោលកំហឹង ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា។
លោកមានប្រសាសន៍ថា៖«អ្នកដែលដុតរូបទីងមោង ក៏មិនមែនដុតដោយសារតែលំនាំនៃសិទ្ធិមនុស្ស ក៏ប៉ុន្តែដុតដោយសារខឹងម្ចាស់ទីងមោងឬក៏ខឹងរូបសំណាកទីងមោងហ្នឹងទៅ។ រីឯអ្នកប្រតិកម្មវិញ ក៏ប្រតិកម្មដោយសារតែខឹងនឹងស្អីដែលគេកំពុងធ្វើ ប៉ុន្តែការប្រើកំហឹងទៅវិញទៅមកបែបនេះវាអត់បានផលអីទេ ហើយពេលខ្លះវាអាចធ្វើឲ្យកិត្តិយសរបស់សង្គមជាតិយើងត្រូវធ្លាក់ចុះដោយសារកំហឹង»។
ការប្រកាសពីគម្រោងធ្វើបាតុកម្មរបស់សហគមន៍ខ្មែរមួយចំនួនដែលកំពុងរស់នៅអូស្រ្តាលី ដើម្បីបង្ហាញពីការមិនពេញចិត្តទៅនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិ ព្រមទាំងសកម្មជនសិទ្ធិមនុស្ស យ៉ាងហោចណាស់ជាង២០នាក់កំពុងត្រូវបានឃុំខ្លួននិងចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នា រីឯលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស ក្រោយរងការចោទប្រកាន់ និងកាត់ទោសពីបទល្មើសជាច្រើនករណី។
ជាងនេះទៅទៀត លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមួយរូបទៀត ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅពន្ធនាគារ កាលពីដើមខែកញ្ញាកន្លងទៅ ដោយរងការចោទថា បានឃុបឃិតជាមួយបរទេសរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល។ ក្រោយការចាប់ខ្លួនលោក កឹម សុខា តែប៉ុន្មានខែ តុលាការកំពូលក៏បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទពីបទល្មើសដូចគ្នាទៅនឹងលោក កឹម សុខា ព្រមទាំងហាមមន្រ្តីនិងតំណាងរាស្ត្រគណបក្សនេះចំនួន១១៨រូប មិនឲ្យធ្វើនយោបាយ ដែលម្នាក់ៗចំនួន៥ឆ្នាំ។
ក្រោយពេលហេតុការណ៍ទាំងនោះកើតឡើង ពិសេសគឺការរំលាយគណបក្សសង្គ្រោះជាតិដែលទទួលបានការគាំទ្រពីពលរដ្ឋខ្មែរជាង៤០ភាគរយនាពេលបោះឆ្នោតកន្លងទៅ គេឃើញអង្គការសង្គមស៊ីវិល ស្ថាប័នជាតិនិងអន្តរជាតិជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ពួកគេបានបង្ហាញការបារម្ភអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហើយថា ការណ៍នេះនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។
មន្ត្រីស្ថានទូតអូស្រ្តាលីមិនបានឆ្លើយតបនឹងសំណើសុំការអធិប្បាយបានទេ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។
ប៉ុន្តែនៅក្នុងការប្រជុំសភាមួយនៅប្រទេសអូស្រ្តាលី កាលពីថ្ងៃពុធនេះដែរ តំណាងរាស្ត្រគណបក្សការងារអូស្ត្រាលី លោក Chris Bowen បានថ្លែងការពារសិទ្ធិរបស់បាតុករក្នុងការតវ៉ាដ៏ស្របច្បាប់ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន។
«សហគមន៍ខ្មែរនៅអូស្ត្រាលីមានកំហឹង ហើយពួកគេពិតជាភ័យខ្លាចពិតៗ។ ហើយពួកគាត់ត្រូវការដឹងថាសភាមួយនេះ នឹងមិនបណ្ដែតបណ្ដោយឱ្យភាសារបៀបនេះទទួលការយោគយល់ដោយចេញពីមាត់បុគ្គលណាម្នាក់ឡើយ បើទោះជាអ្នកនោះជាប្រមុខរដ្ឋាភិបាល ឬបើទោះជាអ្នកនោះជាសមាជិកអាស៊ានក៏ដោយ»។
លោក Chris Bowen បានបន្ថែមថា៖
«បើទោះជាគាត់ជានាយករដ្ឋមន្ត្រីក៏ដោយ ក៏គាត់មិនអាចមកប្រទេសរបស់យើង ហើយប្រកាន់កិរិយាមាយាទរបៀបនេះបាននោះទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលមកកាន់អំណាចតាំងពីឆ្នាំ១៩៨៥ ហើយថ្មីៗនេះ លោកបានប្រកាសថាខ្លួនលោកនឹងបន្តកាន់អំណាចយ៉ាងហោចណាស់១០ឆ្នាំទៀត បើទោះជាលោកត្រូវឆ្លងកាត់ការបោះឆ្នោត និងនីតិវិធីនៃការជ្រើសរើសដទៃទៀតក៏ដោយ៕