លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ បានហៅការប្រកាស«កាត់ជំនួយរបស់អាមេរិកទៅដល់អគ្គនាយកដ្ឋានពន្ធដារ» ថាមានគោលដៅបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងមានចរិតនយោបាយសុទ្ធសាធ។
ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីជួបជុំកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍ ពោលគឺបួនថ្ងៃក្រោយ សេតវិមានសហរដ្ឋអាមេរិក បានប្រកាសកាត់បន្ថយ ឬព្យួរជំនួយទៅប្រទេសកម្ពុជាក្នុងនោះមាន ជំនួយយោធា ការពង្រឹងសមត្ថភាពរដ្ឋបាលមូលដ្ឋាន និងអគ្គនាយកដ្ឋានពន្ធដារ។
រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ស្ថាប័នទាំងនេះ មានជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការព្យួរជំនួយរបស់អាមេរិក ធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន បានឈ្នះអាសនៈព្រឹទ្ធសភាទាំង៥៨ ក្នុងការបោះឆ្នោតអសាកលមួយ កាលសប្ដាហ៍មុន ដែលសហរដ្ឋអាមេរិកចាត់ទុកថា «មិនបានតំណាងឱ្យឆន្ទៈពិតប្រាកដរបស់ពលរដ្ឋកម្ពុជា» ដោយសារមិនមានវត្តមានចូលរួមពីសំណាក់គណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំមុន។
នៅក្នុងពិធីជួបជុំកម្មករនោះ លោក ហ៊ុន សែន មានប្រសាសន៍ថា អាមេរិកធ្លាប់បានផ្តល់ជំនួយបច្ចេកទេសមួយចំនួនដល់អគ្គនាយកដ្ឋានពន្ធដារ ប៉ុន្តែត្រូវបានបញ្ចប់តាំងពីចុងឆ្នាំ២០១៦។ លោកបានប្រតិកម្មខ្លាំងៗ និងបានចោទសួរឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt ឲ្យបំភ្លឺករណីនេះ។ លោកចាត់ទុកការការប្រកាសកាត់ជំនួយនាពេលនេះ គឺដើម្បីកេងចំណេញនយោបាយយកពិន្ទុឲ្យគណបក្សសង្រ្គោះជាតិ។
លោក ហ៊ុន សែន បានថ្លែងថា៖
«ប៉ុន្តែខ្ញុំចង់សួរឯកឧតុ្តម ឆ្លើយឲ្យបានច្បាស់មើល តើជំនួយដែលបានបញ្ចប់តាំងពីឆ្នាំ២០១៦ ហេតុអីបានមកប្រកាសកាត់នៅឆ្នាំ២០១៨? បានសេចក្តីថា ខ្យល់សុទ្ធ។ ប៉ុន្តែខ្យល់នេះ គឺជាកម្មវត្ថុនៃនយោបាយពិតប្រាកដណាស់»។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមទៀតថា៖
«តើគោលបំណងជាក់លាក់លើបញ្ហានេះ គឺជាអ្វី? ប្រហែលជាពិបាកឆ្លើយនឹងសំណួរនេះ។ ខ្ញុំមិនយល់ បង្ហាញការមិនយល់។ តើអ្នកមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ថាអ្នកគឺជាអ្នកផ្តល់ជំនួយ ហើយអ្នកកាត់ជំនួយ ដោយអ្នកមិនពេញចិត្ត»។
លោក ហ៊ុន សែន ក៏បានហៅអគ្គរដ្ឋទូតអាមេរិកថា ជា«អគ្គរដ្ឋទូតកុហក» ដែលលោកមានប្រសាសន៍បន្ថែមថា៖
«នៅលើពិភពលោកនេះ ទើបហ្នឹងមានប្រទេសអាមេរិកទេ។ ទើបនឹងមានប្រធានាធិបតីអាមេរិកទេ ដែលគាត់ធុញទ្រាន់ជាមួយនឹងការភូតកុហក។ ពីមុនគ្រាន់តែមានសារព័ត៌មានភូតកុហក ប៉ុន្តែឥឡូវមានអគ្គរដ្ឋទូតភូតកុហក»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីផ្សាយតាមហ្វេសប៊ុក
VOA មិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីមន្រ្តីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបាននៅឡើយទេ។
បន្ទាប់ពីការប្រកាសកាត់ជំនួយរបស់សេតវិមាន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt កាលពីថ្ងៃទី១ ខែមីនា បានផ្ញើលិខិតមួយច្បាប់ទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ដោយបង្ហាញពីការកាត់ជំនួយរបស់អាមេរិក ក្នុងនោះបានលើកឡើងពីជំនួយគាំទ្រដល់អគ្គនាយកពន្ធដារផងដែរ។
លោក William Heidt បានបញ្ជាក់នៅក្នុងលិខិតនោះថា៖
«ជាលទ្ធផល រដ្ឋាភិបាលសហរដ្ឋអាមេរិកបានព្យួរការគាំទ្រក្នុងការកសាងសមត្ថភាពទៅកាន់អគ្គនាយកដ្ឋានពន្ធដារ និងមន្រ្តីនានា»។ លោកក៏បានបញ្ជាក់ថា មានក្តីបារម្ភខ្លាំងចំពោះចំណាត់ការដោយផ្ទាល់របស់អគ្គនាយកដ្ឋានពន្ធដារទៅលើបុគ្គលជាក់លាក់ និងអង្គភាពនៅកម្ពុជា ថាមានលក្ខណៈនយោបាយ។
ជាការឆ្លើយតប លោក គង់ វិបុល បានផ្ញើលិខិតមួយច្បាប់ ដោយលើកឡើងថា មិនមានជំនួយរបស់អាមេរិកជួយដល់អគ្គនាយកដ្ឋានពន្ធដារ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦។ លោកបានបញ្ជាក់ថា អគ្គរដ្ឋទូតអាមេរិក«កំពុងតែព្យាយាមបង្កើតព្រឹត្តិការណ៍នយោបាយ»។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានចោទវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ដែលបានរាយការណ៍លើព្រឹត្តិការណ៍នៃការកាត់ជំនួយនេះថា បានផ្សព្វផ្សាយព័ត៌មានមិនពិត បន្លំសាធារណមតិ។
សារព័ត៌មានជាភាសាអង់គ្លេស The Cambodia Daily បានបិទទ្វារដោយសារតែអគ្គនាយកដ្ឋានពន្ធដារបានចោទថា ជំពាក់ប្រាក់ពន្ធជាង៦,៣លានដុល្លារអាមេរិក។ រដ្ឋាភិបាលក៏បានហាមឃាត់ស្ថានីយវិទ្យុក្នុងស្រុកមួយចំនួនមិនឱ្យផ្សាយកម្មវិធីរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)ផងដែរ។ ការណ៍នេះបង្ខំឱ្យវិទ្យុអាស៊ីសេរីដែលផ្តល់ថវិកាដោយសហរដ្ឋអាមេរិកត្រូវបិទការិយាល័យក្នុងប្រទេសកម្ពុជា។
នៅថ្ងៃសៅរ៍នេះ លោក ហ៊ុន សែន បានការពារចំណាត់ការរបស់រដ្ឋាភិបាលទៅលើកាសែត The Cambodia Daily និងវិទ្យុអាស៊ីសេរី ថាពួកគេមិនបានបង់ពន្ធឲ្យរដ្ឋាភិបាលកម្ពុជា។
លិខិតអគ្គនាយកដ្ឋានពន្ធដារជូនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា
ទំនាក់ទំនងអាមេរិក-កម្ពុជា មានភាពមិនល្អនៅក្នុងរយៈពេលចុងក្រោយនេះ ស្របពេលនយោបាយនៅកម្ពុជាឡើងកំដៅ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែវាយប្រហារអាមេរិក ជាពិសេសការទម្លាក់គ្រាប់បែកនៅកម្ពុជា ក្នុងសម័យសង្រ្គាម ហើយលោកក៏ព្រមានកុំឲ្យប្រទេសមហាអំណាចមួយនេះលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ រដ្ឋាភិបាលកម្ពុជា ក៏បានចោទចោទប្រកាន់គណបក្សសង្រ្គោះជាតិថាបានឃុបឃិតជាមួយបរទេស ដែលសំដៅលើអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
រាល់ការចោទប្រកាន់ទាំងនេះពីសំណាក់រដ្ឋអំណាចដឹកនាំនៅទីក្រុងភ្នំពេញ ត្រូវបានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា គឺ លោក William Heidt ថាជា ការណ៍មិនពិត ភូតកុហក និងគ្មានហេតុផល។
ភ្លាមៗក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា សហរដ្ឋអាមេរិកបានប្រកាសផ្អាកជំនួយបោះឆ្នោត ហើយថ្មីៗនេះបណ្ដាសមាជិកនាំមុខមកពីគណបក្សទាំងពីរក្នុងព្រឹទ្ធសភាអាមេរិក ក៏បានផ្ដួចផ្ដើមគំនិតរៀបចំ ច្បាប់CARI Act ស្តីពី «ការទទួលខុសត្រូវរបស់កម្ពុជា និងធ្វើឱ្យការវិនិយោគត្រឡប់ដូចដើមវិញ» ដែលនិយាយពីទណ្ឌកម្មបន្ថែមប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីដាក់សម្ពាធឱ្យបរិយាកាសនយោបាយល្អប្រសើរឡើងវិញ។
ក្នុងសន្និបាតប្រចាំឆ្នាំនៃក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃសុក្រ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានគូសបញ្ជាក់ផងដែរអំពីការណ៍ដែរមានការ«កៀបសង្កត់ផ្នែកនយោបាយ»ដែលចេះតែកើនឡើង ដើម្បី«ជ្រៀតជ្រែក»ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា តែលោកថាទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលខ្មែរមិនទាន់ចេញជារូបរាងនៅឡើយ៕