លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យក្រុមអ្នករិះគន់ដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសមីយ៉ាន់ម៉ាឲ្យរក្សាភាពស្ងៀមស្ងាត់ ដោយទុកឲ្យលោកក្នុងនាមជាប្រធានអាស៊ានឆ្នាំក្រោយនេះ ធ្វើការសម្របសម្រួលបង្រួបបង្រួមអាស៊ានឡើងវិញ។
មេដឹកនាំកម្ពុជារូបនេះ បានចំអកអ្នកការទូតមួយចំនួនក្នុងប្រទេសជាសមាជិកអាស៊ានថា មិនបានយល់ពីកិច្ចការទូត នៅពេលគ្មានប្រទេសណាមួយផ្តាច់ចំណងការទូតពីមីយ៉ាន់ម៉ាដែលហែកហួរដោយជម្លោះក្នុងស្រុកនៅឡើយ។
ថ្លែងនៅក្នុងពិធីសម្ពោធអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនាថ្ងៃព្រហស្បតិ៍នេះ លោកហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការនាំយកប្រទេសមីយ៉ាន់ម៉ា ចូលក្នុងតុពិភាក្សាអាស៊ានឡើងវិញ និងការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាតាមយន្តការ ៥ចំណុច ដែលអាស៊ានបានកំណត់ឡើង។
ការថ្លែងដូច្នេះ ធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន បានលើកឡើងជាច្រើនដងកន្លងមកថា លោកនឹងទៅកាន់ប្រទេសភូមាតាមការអញ្ជើញរបស់មេដឹកនាំរបបសឹកភូមា ឬមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅក្នុងខែមករា ឆ្នាំ២០២២ ខាងមុខ ដើម្បីជួបសន្ទនាផ្ទាល់ជាមួយមេដឹកនាំភូមាអំពីវិបត្តិភូមាដែលទំនងជារួមទាំងស្ថានការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សចុងក្រោយដែលមានការរិះគន់ជាអន្តរជាតិ និងក្នុងតំបន់។
ស្របពេលជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏បានច្រានចោលការរិះគន់ពីអ្នករិះគន់មួយចំនួន ដែលរួមមានទាំង អតីតរដ្ឋមន្រ្តីការបរទេសថៃមួយរូបផងដែរ ដែលថា ដំណើរទស្សនកិច្ចរបស់លោកនឹងបង្កផលអវិជ្ជមានដល់កិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការស្វែងរកដំណោះស្រាយចំពោះមីយ៉ាន់ម៉ា។
លោកបានថ្លែងថា៖ «ប៉ុន្តែមានមនុស្សមួយចំនួនចាប់ផ្តើមពី Kasit Piromya អតីតរដ្ឋមន្រ្តីការបរទេសរបស់ថៃ ហើយឥឡូវស្ថិតនៅក្នុងភាគីប្រឆាំង បន្ទាប់ទៅឃើញ តំណាងរាស្រ្តម្នាក់នៅឯម៉ាឡេស៊ី ហើយអ្នកខ្លះទៀតបង្ហាញពីកង្វល់ថា ការធ្វើដំណើររបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា ហាក់ដូចជា បំផ្លាញការខិតខំរបស់គេ ដែលជិតឈានដល់គោលដៅ។ អ្វីទៅដែលជិតឈានដល់គោលដៅ? ត្រង់តែថា អ្នកឯងចង់ដល់គោលដៅតាមរយៈយកមីយ៉ាន់ម៉ាចេញ បំបែកមីយ៉ាន់ម៉ាចេញពីអាស៊ាន? អ្នកឯងឆ្លើយអាត្រង់ហ្នឹងឲ្យខ្ញុំបន្តិច។ អ្វីទៅជាគោលដៅអ្នកឯង?»។
លោក Kasit Piromya សមាជិកគណបក្សអ្នកប្រជាធិបតេយ្យ និងជាអតីតរដ្ឋមន្រ្តីការបរទេសថៃ បានរិះគន់ផែនការរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងសេចក្តីថ្លែងការណ៍របស់ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ចុះកាលពីដើមខែធ្នូ ក្នុងន័យដើម និងត្រូវបានប្រែសម្រួលថា៖
«មិនមានហេតុផលសមស្របទាល់តែសោះថា នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន ពិភាក្សាពីគម្រោងធ្វើផែនការទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយការណ៍នេះធ្វើឲ្យរដ្ឋាភិបាលយោធាទទួលបានភាពស្របច្បាប់ មុនពេលការវិវត្តផ្សេងៗត្រូវបានធ្វើឡើងនៅលើចំណុចព្រមព្រៀង៥ ចំណុច។ នេះជាហេតុផលដែលអាស៊ានមិនដាក់បញ្ចូលមេដឹកនាំយោធាលោក Min Aung Hlaing នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែតុលា»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ផងដែរថា បេសកកម្មការទូតរបស់លោកក្នុងនាមជាប្រធានអាស៊ាននៅប្រទេសមីយ៉ាន់ម៉ានាដើមឆ្នាំ ២០២២នោះ គឺជាកិច្ចការទូតធម្មតា ដោយសារកម្ពុជាមានស្ថានទូតនៅមីយ៉ាន់ម៉ា និងបានចោទសួរទៅអ្នករិះគន់លោកថាតើរដ្ឋាភិបាលប្រទេសរបស់ពួកគេបានដកស្ថានទូតចេញពីមីយ៉ាន់ម៉ាឬនៅ ស្របពេលមកទល់ពេលនេះ មិនទាន់មានប្រទេសណាមួយដកស្ថានទូតរបស់ខ្លួនចេញនៅឡើយនោះ។
កម្ពុជា នឹងធ្វើជាប្រធានប្តូរវេនសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញប្រតិកម្មតបត ដែលទំនងសំដៅទៅលោក សម រង្ស៊ី ដែលបានលើកឡើងថា លោកមិនតំណាងឲ្យអាស៊ាននោះទេ ពាក់ព័ន្ធនឹងគម្រោងជួបពិភាក្សាជាមួយនឹងមេដឹកនាំយោធាអ៊ុនតាមីយ៉ាន់ម៉ា។
លោកបានថ្លែងថា៖ «ហើយបែរជា ហ៊ុន សែន ទៅហ្នឹងមិនមែនតំណាងឲ្យកម្ពុជា។ ចុះបើមិនតំណាងឲ្យកម្ពុជា ទៅធ្វើខ្មោចអី? ទៅធ្វើអីទៅរកងាប់ធ្វើអី? ចេះនិយាយចុះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា៖ «មិនថា អាប្រឆាំងក្នុងស្រុក អាប្រឆាំងក្រៅស្រុកទេ គឺវាដូចជា ល្ងង់ពេក ទៅថា លោកហ៊ុន សែនបានបំផ្លាញការខិតខំរយៈពេលកន្លងទៅ ដែលគេបានខិតខំ។ មានន័យថា កំពុងតែខិតខំបំបែកអាស៊ានមែនទែន។ អ្នកឯងឆ្លើយឲ្យខ្ញុំមក។ ពីអាស៊ាន១០ មកអាស៊ាន ៩ គឺជា ការខិតខំរបស់អ្នកឯងហ្អេ អ្នកឯងដឹងថា អាហ្នឹងជាចំណុចបរាជ័យរបស់អាស៊ានទេ?»។
កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងក្រៅប្រទេស បានថ្កោលទោសគម្រោងជួបគ្នាផ្ទាល់របស់លោកហ៊ុន សែន ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅប្រទេសមីយ៉ាន់ម៉ាក្នុងខែមករា ឆ្នាំ២០២២ ខាងមុខ ដោយចាត់ទុកថាលោក ហ៊ុន សែន មិនតំណាងឲ្យភាពជាមេដឹកនាំសមាគមអាស៊ាន ឬកម្ពុជាទេ។
លោក សម រង្ស៊ី ក៏បានលើកឡើងផងដែរថា គម្រោងរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា ផ្តល់ប្រយោជន៍ដល់លោក ហ៊ុន សែន ដែលបានកាន់កាប់អំណាចនៅកម្ពុជាជាង៣៦ឆ្នាំមកហើយក្នុងការបង្វែរការចាប់អារម្មណ៍ចេញពីកំណត់ត្រារំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការលើកឡើងពីសំណាក់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ឆ្លុះបញ្ចាំងពីការប្តេជ្ញាម៉ឺងម៉ាត់មួយ និងការទទួលខុសត្រូវរបស់កម្ពុជា ជាសមាជិក និងប្រធានអាស៊ាននាពេលខាងមុខ ដើម្បីជំរុញឲ្យមានកិច្ចពិភាក្សាទូលំទូលាយ និងការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាចាក់ស្រេះនៅមីយ៉ាន់ម៉ា។
លោកបានថ្លែងថា៖ «អ៊ីចឹងការជំរុញឲ្យមានវត្តមានរបស់ភូមានៅក្នុងកម្រិតណាមួយ នៅក្នុងតុចរចានៅក្នុងក្រមខណ្ឌអាស៊ានហ្នឹង ជាការល្អប្រសើរមួយ និងមានប្រសិទ្ធភាពមួយ ពីព្រោះថា ចង់់មិនចង់ យើងត្រូវយកយន្តការអាស៊ានហ្នឹង ដាក់សម្ពាធ ឬក៏បង្កជាបរិយាកាសល្អមួយដើម្បីស្វែងរកដំណោះស្រាយ»។
លោក ឈាង វណ្ណារិទ្ធ បានសង្គត់ធ្ងន់ថា កិច្ចប្រឹងប្រែងរបស់កម្ពុជា មិនបានសំដៅរកការទទួលស្គាល់របបសឹកនៅភូមានោះទេ ប៉ុន្តែជាការព្យាយាមទម្លុះភាពទាល់ច្រក តាមរយៈការអនុវត្តគោលការណ៍ ៥ ចំណុចដែលត្រូវបានកំណត់ឡើងកាលពីខែមេសា ឆ្នាំ២០២១។
លោកបានបន្តថា លទ្ធភាពនៃការវិវត្តទៅមុខសម្រាប់ការចរចា និងដំណោះស្រាយ គឺអាចទៅរួចនៅពេលមានការនាំយកយោធាមីយ៉ាន់ម៉ាដែលកំពុងកាន់កាប់រដ្ឋាភិបាលមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នមកតុពិភាក្សា ព្រោះយោធាមីយ៉ាន់ម៉ាអាចធ្វើការយល់ស្រប ឬមិនយល់ស្របឲ្យមានការពិភាក្សាពីបញ្ហាផ្សេងៗ។
គួរបញ្ជាក់ថា កាលពីខែមេសាមេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាភូមាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ ទី១ ការបញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
មេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ចេញពីតំណែង។ អ្នកស្រី អោងសាន ស៊ូជី កំពុងត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារមក ហើយអ្នកស្រីបានប្រឈមនឹងបទចោទប្រកាន់ចំនួន១១ករណី បើទោះបីជាអ្នកស្រី បានច្រានចោលបទចោទប្រកាន់ទាំងអស់ក៏ដោយ។
កាលពីខែតុលា ឆ្នាំ២០២១ មេដឹកនាំអាស៊ានមួយចំនួន បានសម្រេចមិនឲ្យមេដឹកនាំយោធាភូមាចូលរួមក្នុងជំនួបកំពូល ដែលរៀបចំដោយប្រទេសព្រុយណេ។
នាពេលថ្មីៗនេះ ជនជាតិភូមា និងជនជាតិខ្មែរដែលរស់នៅសហរដ្ឋអាមេរិកប្រមាណ១០នាក់បាននាំគ្នាមកតវ៉ានៅស្ថានកុងស៊ុលកម្ពុជាក្នុងទីក្រុង Lowell រដ្ឋ Massachusetts ដើម្បីប្រឆាំងនឹងគម្រោងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខនេះ។
អាស៊ានដែលមានឈ្មោះពេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានសមាជិកសរុបចំនួន១០ប្រទេស ហើយមេដឹកនាំប្រទេសសមាជិកនីមួយៗ ត្រូវប្តូរវេនធ្វើជាប្រធានសមាគមនេះរៀងរាល់មួយឆ្នាំម្តង៕