ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ថា​លោក​នឹង​ធ្វើ​ការ​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ទោះ​មាន​ការ​រិះគន់​ក៏​ដោយ​


រូប​ឯកសារ៖ លោក ​Min Aung Hlaing​ មេដឹកនាំ​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​មេដឹកនាំ​ប្រជាធិបតេយ្យ​កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២១ នៅ​ក្នុង​រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១។
រូប​ឯកសារ៖ លោក ​Min Aung Hlaing​ មេដឹកនាំ​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​មេដឹកនាំ​ប្រជាធិបតេយ្យ​កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២១ នៅ​ក្នុង​រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឲ្យ​ដឹង​ថា​«មាន​លទ្ធភាព​ជា​ច្រើន»​ដែល​លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​និង​ជជែក​ជាមួយ​លោក ​Min Aung Hlaing​ មេដឹកនាំ​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារទម្លាក់​មេដឹកនាំ​ប្រជាធិបតេយ្យ​កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២១។​

នៅ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ផ្លូវ​ដែល​ជា​ជំនួយ​របស់​ចិន​ក្នុង​ខេត្ត​ព្រៃវែងលោក​ ហ៊ុន សែន​ ថ្លែង​ថា​លោក​នឹង​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់​ម៉ា​នៅ​ថ្ងៃ​អង្គារ​ទី​៧​ខែ​ធ្នូ​នៅ​រាជធានី​ភ្នំពេញ​ដែល​លោក​ថា​លោក​ចង់​ស្តាប់​ដោយ​ផ្ទាល់​ពី​រដ្ឋមន្រ្តី​ការ​បរទេស​រូប​នោះ។ ​លោក​បន្ថែម​ថាមាន​តែ​ធ្វើ​ការ​ជាមួយ​មេដឹក​នាំ​មីយ៉ាន់ម៉ា​ទេ​ទើប​អាច​រក​ដំណោះ​ស្រាយ​បាន។​

លោក​ ហ៊ុន សែន​ ថ្លែង​ថា៖​ «បើ​មិន​ធ្វើ​ការ​ជាមួយ​មេដឹកនាំ​មីយ៉ាន់ម៉ា​តើ​ទៅ​ធ្វើ​ជា​មួយ​អ្នក​ណា? ​អ៊ីចឹង​មិន​ចាំបាច់​អ្នក​ណា​មក​តិទៀន​កម្ពុជា​ទេ។​ កម្ពុជា​ចេះ​ធ្វើ​កិច្ចការ​ខ្លួន​ឯង»។​

លោក ​ហ៊ុន សែន​ ដែល​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ដើម​ឆ្នាំ​២០២២​បន្ត​ថាកម្ពុជា​មិន​ទៅ​ណា​ឆ្ងាយ​ហួស​ពី​គោលការណ៍​រួម​និង​ធម្មនុញ្ញ​អាស៊ាន​ឡើយ​ក្នុង​នោះ​មាន​«ការ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង»​បើ​ទោះ​ព្យាយាម​ធ្វើ​ការ​ជាមួយ​អ្នក​កាន់​អំណាច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​លោក​បន្ថែម​ថា​ពេល​នេះ​ជា​ពេល​ត្រូវ​«ពង្រឹង​អាស៊ាន​ឡើង​វិញ»​ខណៈ​មេ​ដឹកនាំ​មីយ៉ាន់ម៉ា​មិន​បាន​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​អាស៊ាន​បើ​ទោះ​មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ក៏ដោយ។

កាល​ពី​ខែ​តុលា​ឆ្នាំ​២០២១មេ​ដឹកនាំ​អាស៊ាន​បាន​សម្រេច​មិន​ឲ្យ​មេ​ដឹកនាំ​យោធា​ភូមា​ចូលរួម​ក្នុង​ជំនួប​កំពូល។​ចំណែក​កាល​ពី​ខែ​មេសា​មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​ភូមា​ផង​ដែរ​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១​ការ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​រក្សា​ការ​អត់​ធ្មត់​ខ្ពស់​បំផុត។​ ទី​២​កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។​ ទី​៣​ការ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្រប​សម្រួល​ដំណើរ​ការ​កិច្ច​សន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤​ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។​ ទី​៥​ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។​

គួរ​បញ្ជាក់​ថា​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១​ ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី​អ៊ុងសាន ស៊ូជី​ (Aung San Suu Kyi) ​ចេញ​ពី​តំណែង៕​

XS
SM
MD
LG