លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា លោកត្រៀមខ្លួនធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ ដែលជាដំណើរទស្សនកិច្ចទ្វេភាគី មុនពេលកម្ពុជា ធ្វើជាប្រធានអាស៊ានចាប់ពីដើមឆ្នាំក្រោយ។
ក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលកម្ពុជា បានអញ្ជើញរដ្ឋមន្រ្តីការបរទេសប្រទេសមីយ៉ាន់ម៉ាមកកម្ពុជា នៅថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២១។
លោកបញ្ជាក់ថា៖ «ថ្ងៃទី៦ ទី៧ ខែនេះ ខែធ្នូ ប៉ុន្មានថ្ងៃខាងមុននេះ អញ្ជើញមីយ៉ាន់ម៉ាមកកម្ពុជា ដែលពេលនោះខ្ញុំនឹងជជែក និងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា ដោយមិនដាក់លក្ខខណ្ឌទុកជាមុន ទៅក្នុងរូបភាពជានាយករដ្ឋមន្រ្តីកម្ពុជា»។
លោក ហ៊ុន សែន ថ្លែងបន្តថា៖ «បើថា អាស៊ានគិតថាម៉េច អាហ្នឹងខ្ញុំទៅជានាយករដ្ឋមន្រ្តីកម្ពុជា។ តែខ្ញុំអត់ទាន់ធ្វើសកម្មភាពនៅពេលនេះទេ។ ថ្ងៃ១ មករា គឺអាញញួរគ្រាន់តែបានយកមកទេ តែមិនទាន់បានប្រើទេ។ អ៊ីចឹងបើអាស៊ានតែ(មានតែ)៩(ប្រទេស) ម៉េចបានហៅថា អាស៊ានទៅកើត? អាស៊ានទាល់តែមានកុងសង់ស៊ីស។ បើកុងសង់ស៊ីស វាទាល់តែ១០(ប្រទេស)។ ធម្មនុញ្ញអាស៊ានអត់មានតម្រូវឲ្យដេញសមាជិកមួយណាចេញទេ!»។
កាលពីខែតុលា ឆ្នាំ២០២១ មេដឹកនាំអាស៊ាន បានសម្រេចមិនឲ្យមេដឹកនាំយោធាភូមាចូលរួមក្នុងជំនួបកំពូល។
ចំណែកកាលពីខែមេសា មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាភូមាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ ៥ ចំណុចរួមមាន ទី១ ការបញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោក ហ៊ុន សែន មានប្រសាសន៍ថា លោកបានពិភាក្សាបញ្ហានៅមីយ៉ាន់ម៉ាជាមួយនាយករដ្ឋមន្រ្តីជប៉ុនតាមប្រព័ន្ធវីដេអូ និងរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃពុធ។
លោកថ្លែងថា៖ «ផ្ទះវាមានជើងសសរ១០។ ឥឡូវសសរមួយបាក់ តើទុកឲ្យវាបាក់អ៊ីចឹង ដើម្បីបំពេញចិត្តដៃគូខាងក្រៅ ឬក៏ត្រូវរៀបចំផ្ទះខ្លួនឯង។ បើផ្ទះខ្លួនឯងរៀបចំមិនបាន? អ្វីទៅដែលហៅថាសាមគ្គីភាពក្នុងអាស៊ាន ឬមជ្ឈភាពរបស់អាស៊ាន? នេះជាចំណោទបញ្ហាដែលខ្ញុំនិយាយជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោកជំទាវរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី»។
កាលពីថ្ងៃពុធ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីជប៉ុន បានឯកភាពគ្នាក្នុងការធ្វើការជាមួយគ្នាជិតស្និទ្ធលើបញ្ហាតំបន់ ក្នុងនោះមានបញ្ហាមីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងផងដែរ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេនចាប់ពីដើមឆ្នាំ២០២២។
ការឯកភាពគ្នានេះ ធ្វើឡើងក្រោយមានជំនួបតាមប្រព័ន្ធវីដេអូរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន លោក Kishida Fumio កាលពីថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២១។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន។
អ្នកវិភាគសង្គម លោក សេង សារី មានប្រសាសន៍ថា លោកជឿជាក់ថា កម្ពុជានឹងមានលទ្ធភាពក្នុងការសម្របសម្រួលឲ្យសមាជិកអាស៊ានទាំង១០ត្រឡប់មកនៅជុំគ្នាក្នុងមធ្យោបាយផ្សះផ្សា និយាយបង្រួបបង្រួមប្រទេសមីយ៉ាន់ម៉ាឲ្យចូលមកអាស៊ានវិញ ក្រោមបទពិសោធន៍នៃកិច្ចចរចាដែលកម្ពុជាបានឆ្លងកាត់ក្នុងរយៈពេល៣០ឆ្នាំមកហើយ។
លោកប្រាប់វីអូអេថា ៖ «ប៉ុន្តែយើងសង្ឃឹមថា នៅពេលដែលកម្ពុជាក្លាយជាប្រធានអាស៊ានឆ្នាំ២០២២នេះ គឺកម្ពុជាអាចមានលទ្ធភាពនៅក្នុងការធ្វើយ៉ាងម៉េចឲ្យអាស៊ានមានសសរ១០វិញ។ ជួសជុលសសរមីយ៉ាន់ម៉ាឲ្យមានភាពរឹងមាំវិញ ហើយប្រសិនបើកម្ពុជាអាចធ្វើបាន គឺជាមោទនភាពមួយមិនសម្រាប់តែរដ្ឋាភិបាលទេ វាគឺជាមោទនភាពជាតិទាំងមូល។ ហើយវានឹងក្លាយទៅជាស្នាដៃ ឬក៏ជាវីរភាពមួយសម្រាប់សម្តេច ហ៊ុន សែន»។
គួរបញ្ជាក់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ចេញពីតំណែង៕