លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបញ្ជាក់ជាថ្មីទៀតថា លោកនឹងទៅកាន់ប្រទេសភូមាតាមការអញ្ជើញរបស់មេដឹកនាំរបបសឹកភូមា ឬមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅក្នុងខែមករា ឆ្នាំ២០២២ខាងមុខ ដើម្បីជួបសន្ទនាផ្ទាល់ជាមួយមេដឹកនាំភូមាអំពីស្ថានការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សចុងក្រោយដែលមានការរិះគន់ជាអន្តរជាតិ និងក្នុងតំបន់។
ថ្លែងក្នុងពេលសម្ភោធសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងថា៖ «ហាមឃាត់ខ្ញុំមិនបានទេ ទុកឱកាសឲ្យខ្ញុំធ្វើ។ ទុកឱកាសឲ្យខ្ញុំធ្វើបានទេ»។
ការបញ្ជាក់ជំហរម្តងទៀតរបស់លោក ហ៊ុន សែន ដែលបានកាន់អំណាចជាង៣៦ឆ្នាំមកហើយនេះ ធ្វើឡើង ខណ:បណ្តាមេដឹកនាំពិភពលោក នាំគ្នាថ្កោលទោស និងដាក់ទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ាចំពោះការធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី Aung San Suu Kyi ចេញពីមុខតំណែង និងចំពោះអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន។
លោក ហ៊ុន សែន ដែលនឹងក្លាយជាប្រធានឆ្លាស់វេនអាស៊ាននៅឆ្នាំ២០២២ បានលើកយកហេតុផលនៃការទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ានេះថា ជាការអនុវត្តតាមធម្មនុញ្ញអាស៊ាន ដែលបច្ចុប្បន្នមានសមាជិក១០ប្រទេស។
«យើងមិនអាចហៅថា អាស៊ានទៅរួចទេ បើសិនជានៅសល់តែអាស៊ាន៩នោះ។ ត្រូវសង្គ្រោះពីអាស៊ាន៩ មកអាស៊ាន១០ គឺជារឿងចាំបាច់បំផុតរបស់អាស៊ាន»។
លោក Min Aung Hlaing ត្រូវបានផាត់ចេញពីកិច្ចប្រជុំកំពូលអាស៊ានកាលពីខែវិច្ឆិកា ដោយសារតែមេដឹកនាំយោធារូបនេះ ខកខានក្នុងការអនុវត្តតាមការព្រមព្រៀង៥ចំណុចរបស់អាស៊ានទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា។
កាលពីថ្ងៃទី១០ ខែធ្នូ លោក សម រង្ស៊ី មេដឹកនាំបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ដែលកំពុងរស់នៅក្រៅប្រទេស បានចាត់ទុកទង្វើរបស់លោក ហ៊ុន សែន នេះ ថាជា«អំពើខុសឆ្គងមួយទៀត» ដោយមេដឹកនាំបក្សប្រឆាំងរូបនេះ ចោទលោកនាយករដ្ឋមន្ត្រីថា «យកឈ្មោះសមាគមអាស៊ាន ដែលប្រទេសកម្ពុជា ធ្វើជាប្រធានក្នុងឆ្នាំ២០២២ ទៅប្រើប្រាស់ដើម្បីសហការ និងឃុបឃិតជាមួយរបបផ្តាច់ការនៅប្រទេសភូមា»។
លោក ហ៊ុន សែន គ្រោងនឹងទៅជួបលោក Min Aung Hlaing នៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២៕