លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានជួបប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ហើយលោកត្រូវបានអញ្ជើញទៅជួបជាមួយមេដឹកនាំយោធាភូមា នៅដើមឆ្នាំ២០២២ ក្រោយនាយករដ្ឋមន្រ្តីខ្មែរបង្ហាញបំណងឱ្យមេដឹកនាំយោធាដែលធ្វើរដ្ឋប្រហាររូបនោះ មកចូលរួមកិច្ចប្រជុំអាស៊ានវិញ។
កាលពីខែតុលា ឆ្នាំ២០២១ មេដឹកនាំអាស៊ានមួយចំនួន បានសម្រេចមិនឲ្យមេដឹកនាំយោធាភូមាចូលរួមក្នុងជំនួបកំពូល ដែលរៀបចំដោយប្រទេសព្រុយណេ។
លោក ហ៊ុន សែន បានជួបជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃអង្គារ ហើយបានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា។ នេះបើយោងតាមលោក អ៊ាង សុផល្លែត ជំនួយការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ជំនួបនេះកើតឡើង នៅមុនកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន ចាប់ពីដើមឆ្នាំ២០២២។
លោក សុផល្លែត បន្ថែមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ក៏បានជជែកពីលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានឡើងវិញផងដែរ។
លោកថ្លែងថា៖ «លើសពីនេះទៀត សម្តេចតេជោ [ហ៊ុន សែន] និងឯកឧត្តម Wunna ក៏បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ស្វែងរកមធ្យោបាយធ្វើយ៉ាងណាឲ្យអាស៊ាន មានកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គីភាពល្អឡើងវិញ»។
លោក អ៊ាង សុផល្លែត ឲ្យដឹងទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយនឹងមេដឹកនាំយោធានៅប្រទេសនេះ នៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ តាមការអញ្ជើញរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
កាលពីថ្ងៃចន្ទ ក្នុងពិធីសម្ពោធផ្លូវមួយក្នុងខេត្តព្រៃវែង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «មានលទ្ធភាពជាច្រើន» ដែលលោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងជជែកជាមួយលោក Min Aung Hlaing មេដឹកនាំយោធាដែលធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំប្រជាធិបតេយ្យកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។
លោក ហ៊ុន សែន បញ្ជាក់ថា មានតែធ្វើការជាមួយមេដឹកនាំមីយ៉ាន់ម៉ាទេ ទើបអាចរកដំណោះស្រាយបាន។ លោកបាននិយាយថា លោកនឹងធ្វើការជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា បើទោះមានការរិះគន់ក៏ដោយ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនងាករេចេញពីគោលការណ៍រួម និងធម្មនុញ្ញអាស៊ានឡើយ ដែលរួមមាន«ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» បើទោះព្យាយាមធ្វើការជាមួយក្រុមមេដឹកនាំកាន់អំណាចនៅមីយ៉ាន់ម៉ាក៏ដោយ។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) និយាយថា ជំនួបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ានាពេលខាងមុខ គឺជាជំហានដំបូងដើម្បីពង្រឹងទំនាក់ទំនងបុគ្គលរវាងមេដឹកនាំកម្ពុជា និងមេដឹកនាំមីយ៉ាន់ម៉ា មុនពេលបន្តទៅកសាងជំនឿទុកចិត្តនៅក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងដំណើរការរយៈពេលយូរអង្វែងមួយ ដើម្បីឈានទៅរកដំណោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។
លោកថ្លែងថា៖ «និយាយឲ្យចំទៅកម្ពុជា គឺជាអ្នកបើកវាំងនន អ្នកបើកឱកាសឲ្យមានការពិភាក្សា និងការយល់គ្នាទៅវិញទៅមកហ្នឹង។ នេះ គឺជាចំណុចចាប់ផ្តើមមួយវិជ្ជមាន។ ក៏ប៉ុន្តែ វាជាចំណុចចាប់ផ្តើមមួយនៅក្នុងដំណើរការដ៏វែងដើម្បីស្វែងរកដំណោះស្រាយនៅភូមានេះ»។
មេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ចេញពីតំណែង។ មកទល់ពេលនេះ អ្នកស្រី អោងសាន ស៊ូជី កំពុងត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារមក ហើយអ្នកស្រីបានប្រឈមនឹងបទចោទប្រកាន់ចំនួន១១ករណី បើទោះបីជាអ្នកស្រី បានច្រានចោលបទចោទប្រកាន់ទាំងអស់ក៏ដោយ។
កាលពីថ្ងៃចន្ទ តុលាការបានកាត់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ មុនពេលទោសទណ្ឌនេះ ត្រូវបានបន្ថយមកត្រឹម២ឆ្នាំវិញ ក្រោយពីមានសំណើពីមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing។
គួរបញ្ជាក់ថា កាលពីខែមេសាមេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាភូមាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ ទី១ ការបញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕