ជាលើកទីពីរក្នុងជីវិត លោក ថារ៉ូ ត្រូវបានបង្ខំឲ្យរត់ភៀសខ្លួនពីបរិយាកាសនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលលោកភ័យខ្លាចថាអាចប៉ះពាល់ដល់អាយុជីវិតរបស់លោក។
លើកទីមួយ នៅគឺពេលដែលលោកនៅជាយុវជន ហើយត្រូវរត់ភៀសខ្លួនចេញពីភាពចលាចលនយោបាយនៅកម្ពុជាកាលពីដើមទសវត្សរ៍ ១៩៨០ ទៅកាន់ជំរំនៅប្រទេសថៃ។
ប្រមាណបួនទសវត្សរ៍ក្រោយមក លោក ថារ៉ូ ដែលជាឈ្មោះអ្នកនិពន្ធដាក់ឲ្យដើម្បីការពារអត្តសញ្ញាណរបស់លោក បានកាន់តួនាទីដ៏សំខាន់មួយនៅក្នុងគណបក្សសង្គ្រោះជាតិ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃអាទិត្យនេះ។
លោកបានបម្រើការឲ្យគណបក្សសង្គ្រោះជាតិរហូតដល់គណបក្សនេះត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំមុន ដោយសាលក្រមពីតុលាការ ហើយសមាជិករបស់គណបក្សនេះចំនួន១១៨នាក់ ត្រូវបានហាមឃាត់មិនឲ្យចូលប្រឡូកក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ ចំពោះបទចោទថា សមាជិកគណបក្សនេះញុះញង់ឲ្យមានការធ្វើ«បដិវត្តន៍ពណ៌» ដែលក្បត់ជាតិ។
លោក ថារ៉ូ បានរត់ភៀសខ្លួនភ្លាមៗទៅកាន់ប្រទេសថៃជាលើកទីពីរ។ ប្រាកដណាស់លើកនេះ លោកត្រូវបានគេចាត់ទុកថាជាសត្រូវរបស់រដ្ឋាភិបាល។
លោក ថារ៉ូ បានប្រាប់ VOA ថា៖ «អ្នកនយោបាយជាន់ខ្ពស់ឬសកម្មជននយោបាយជាច្រើនត្រូវបានសម្លាប់ និងចាប់ដាក់ពន្ធនាគារ ហើយភាគច្រើនពួកគេទាំងនោះត្រូវនិរទេសខ្លួន»។
លោក ថារ៉ូ បានបន្ថែមទៀតថា៖ «យើងដឹងថា អ្វីក៏អាចកើតឡើងចំពោះយើងបានដែរ ជាពិសេសនៅពេលដែលរដ្ឋាភិបាលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ នៅពេលនោះយើងដឹងថា កាលៈទេសៈកាន់តែលំបាកហើយសម្រាប់យើង ហើយយើងមិនអាចបន្តនៅក្នុងប្រទេសទៀតបានទេ»។
ប្រទេសថៃគឺជាកន្លែងភៀសខ្លួនមួយ ដែលប្រឈមនឹងគ្រោះថ្នាក់។ លោក ថារ៉ូ រស់នៅក្នុងអគារមួយដែលមានចាក់សោរដោយប្រើប្រាស់បច្ចេកវិទ្យាសម្គាល់មុខ (facial-recognition)។ នៅពេលដែលប៉ូលិសថៃចង់ជួបលោក លោកនិយាយថា ម្ចាស់អគារជួលនោះបានប្រាប់ទៅប៉ូលិសថៃថា ពួកគេមិនអាចចូលទៅក្នុងអគារដោយគ្មានដីកាត្រឹមត្រូវបានទេ។ ក្រោយមកក្នុងសប្តាហ៍ដដែលនោះ នៅពេលដែលលោកទៅសួរសុខទុក្ខសហការីនៃអង្គការសិទ្ធិមនុស្ស លោក ថារ៉ូ និយាយថា មានមនុស្សម្នាក់លួចថតរូបលោក។
ខណៈដែលលោក ថារ៉ូ និងសមាជិកគណបក្សសង្គ្រោះជាតិជាច្រើនទៀតកំពុងតែស្នាក់នៅក្នុងប្រទេសថៃ ជួបប្រទះនឹងស្ថានភាពទាំងនេះ យុទ្ធនាការឃោសនាបោះឆ្នោតនៅប្រទេសកម្ពុជាកំពុងតែប្រព្រឹត្តទៅ។
គណបក្សនយោបាយតូចៗចំនួន១៩ ក៏នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានេះដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ សង្ឃឹមថា គណបក្ស«អំពិលអំពែក»ទាំងនោះនឹងជួយធ្វើឲ្យការបោះឆ្នោតនេះស្របច្បាប់។
ដូច្នេះលោក ថារ៉ូ ខឹងនឹងការលើកឡើងពីរឿងស្របច្បាប់នេះ រហូតដល់លោកស្ទើរតែចង់ប្រថុយនឹងគ្រោះថ្នាក់ និយាយជាចំហរថា ការបោះឆ្នោតជាតិនេះគឺក្លែងក្លាយ ហើយគណបក្សតូចៗដែលចូលរួមប្រកួតប្រជែងគឺមានការដោះដូរគ្នាទៅវិញទៅមក។
លោកខ្លាចប៉ូលិសថៃ បើទោះបីជាលោកមានសិទ្ធិជាជនភៀសខ្លួនដែលផ្តល់ដោយឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិក៏ដោយ។ លោកបានដឹងច្បាស់ថា អ្នកស្រី សំ សុខា ដែលទទួលបានការការពារដូចគ្នានឹងលោកដែរ ត្រូវបានអាជ្ញាធរថៃបញ្ជូនខ្លួនទៅប្រទេសកម្ពុជាវិញកាលពីខែកុម្ភៈកន្លងទៅនេះ។
អ្នកស្រីត្រូវបានចោទប្រកាន់ដោយសារការគប់ស្បែកជើងមួយគូទៅលើបដាមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអះអាងថា ការបញ្ជូនខ្លួននេះគឺបំពានទៅនឹងច្បាប់អន្តរជាតិ ប៉ុន្តែប្រទេសថៃ មិនមែនជាប្រទេសហត្ថលេខីទៅលើសន្ធិសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិទេ។ ដូច្នេះគេមិនអាចធ្វើអ្វីបាននោះទេ។
លោក Charles Santiago សមាជិកសភាម៉ាឡេស៊ី និងជាប្រធានសមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស បានមានប្រសាសន៍ថា លោកបានទៅសួរសុខទុក្ខជនភៀសខ្លួន ដោយសារហេតុផលនយោបាយមួយចំនួនក្នុងទីក្រុង បាងកក កាលពីប្រមាណពីរសប្តាហ៍មុន។
លោក Santiago បានថ្លែងថា៖ «អ្វីដែលខ្ញុំបានឮគឺថា ពួកគេត្រូវបានគេតាមឃ្លាំមើល។ គ្រប់ជំហានទាំងអស់ត្រូវបានគេតាមដាន។ ទាំងនេះគឺជាការគំរាមកំហែងដោយប្រយោលប្រឆាំងនឹងសិទ្ធិក្នុងការធ្វើដំណើរដោយសេរី»។
លោកបានបន្ថែមទៀតថា៖ «ពួកគេព្រួយបារម្ភពីសុវត្ថិភាពនយោបាយរបស់ពួកគេ។ ពួកគេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាពួកគេត្រូវរស់នៅក្នុងប្រទេសថៃយូរប៉ុណ្ណា ហើយថា តើនឹងមានរឿងអ្វីកើតឡើងចំពោះពួកគេនៅពេលបន្ទាប់ទៀត»។
លោក Santiago បាននិយាយថា ការយកមន្ត្រីគណបក្សសង្គ្រោះជាតិដែលរត់ភៀសខ្លួនជាគោលដៅ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីធ្វើឲ្យការដឹកនាំរបស់លោក ហ៊ុន សែន ស្របច្បាប់ អាចនឹងមាន«ផលប៉ះពាល់ដ៏ធំមួយកើតឡើង»។
អ្នកស្រី Hannah Macdonald មន្ត្រីទំនាក់ទំនងកិច្ចការខាងក្រៅនៃការិយាល័យជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនៅទីក្រុង បាងកក បានថ្លែងថា មិនមានក្របខណ្ឌជាតិដើម្បីការពារជនភៀសខ្លួននិងជនស្វែងរកសិទ្ធិជ្រកកោននៅប្រទេសថៃនោះទេ។
អ្នកស្រីបាននិយាយនៅក្នុងសារអ៊ីមែលមួយមកកាន់ VOA ថា៖ «ដោយសារតែស្ថានភាពមិនប្រក្រតីនិងមិនប្រាកដប្រជាសម្រាប់ជនភៀសខ្លួននិងជនស្វែងរកសិទ្ធិជ្រកកោនទាំងអស់ក្នុងប្រទេសថៃ ខណៈដែលពួកគេរង់ចាំដំណោះស្រាយយូរអង្វែង ជីវិតរបស់ពួកគេអាចជួបការលំបាកខ្លាំង»។
អ្នកស្រីបានបន្ថែមទៀតថា៖ «ស្របពេលជាមួយគ្នានោះដែរ ជនភៀសខ្លួននិងជនស្វែងរកសិទ្ធិជ្រកកោន ដែលជាជនដែលជាឧត្តមស្នងការជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិយកចិត្តទុកដាក់ ត្រូវបានការពារដោយគោលការណ៍មិនបញ្ជូនខ្លួន ដែលជាច្បាប់អន្តរជាតិ»។ ការមិនបញ្ជូនខ្លួនគឺជាការអនុវត្តដែលមិនបង្ខំឲ្យជនភៀសខ្លួនឬជនស្វែងរកសិទ្ធិជ្រកកោនត្រឡប់ទៅប្រទេសមួយ ដែលពួកគេអាចក្លាយជាគោលដៅនៃការធ្វើទុក្ខបុកម្នេញ ឬដាក់ទោសទណ្ឌ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា «ទោះបីនេះមានការតាមដាន ឬមិនតាមដានក៏ដោយ» ក៏សកម្មភាពរបស់ប៉ូលិសទាំងនេះគឺធ្វើឡើង ដើម្បីស៊ើបអង្កេត ថាតើសមាជិករបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមមិនឲ្យធ្វើនយោបាយទាំងនោះ ពិតជាបានធ្វើសកម្មភាពនយោបាយនៅក្រៅប្រទេសឬទេ។
លោកបាននិយាយថា៖ «អីចឹង ឥឡូវនេះយើងមិនបានចាត់វិធានការផ្លូវច្បាប់ទេ។ ប៉ុន្តែ មន្ត្រីមានសមត្ថកិច្ចកំពុងតែស្វែងរកព័ត៌មានបន្ថែមអំពីអ្នកទាំងនេះ។ ខ្ញុំមិនធានាថា យើងនឹងមិនចាត់វិធានការអីនោះទេ។ ហើយនេះគឺដោយសារតែការស៊ើបអង្កេតរបស់យើងគឺធ្វើឡើងដោយសម្ងាត់»។
អ្នកស្រី Busadee Santipitaks អគ្គនាយកនៃនាយកដ្ឋានព័ត៌មានប្រចាំក្រសួងការបរទេសថៃ បានប្រាប់ VOA តាមអ៊ីមែលថា អ្នកស្រីមិនអាចឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះបានទេ តែថា ប្រទេសថៃនឹងពិនិត្យមើលករណីរបស់អ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនេះដាច់ដោយឡែកពីគ្នា។
អ្នកស្រី Santipitaks បាននិយាយថា៖ «ហេតុដូច្នេះ បើទោះបីជាប្រទេសថៃមិនមែនជាសមាជិកនៃសន្ធិសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ក្តី ក៏យើងបានផ្តល់សិទ្ធិជ្រកកោនមួយរយៈពេលដល់អ្នកទាំងនោះ ដោយផ្តល់ការការពារដ៏ពិតប្រាកដមួយ ហើយយើងក៏ធ្លាប់ផ្តល់ការការពារដល់អ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើននាក់ផងដែរ»។
តាមរយៈការសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលថៃក៏បានទទួលផលប្រយោជន៍ជាច្រើនផងដែរ។
កាលពីមុន សមាជិកចលនាប្រឆាំងរបស់ក្រុម «អាវក្រហម» នៅប្រទេសថៃ បានស្នាក់នៅបណ្តោះអាសន្ននៅក្នុងប្រទេសកម្ពុជា ដែលមេដឹកនាំរបស់ក្រុមនេះ គឺលោក Thaksin Shinawatra ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ រដ្ឋាភិបាលយោធាថៃ និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរឹតចំណងមិត្តភាពជាមួយគ្នា ហើយកាលពីខែកុម្ភៈកន្លងទៅ តំណាងរបស់រដ្ឋាភិបាលទាំងពីរបានជួបពិភាក្សាគ្នា ដើម្បីដោះដូរអ្នកទោសនយោបាយ បន្ទាប់ពីអ្នកស្រី សំ សុខា ត្រូវបានបញ្ជូនខ្លួនពីប្រទេសថៃទៅប្រទេសកម្ពុជាវិញ។
នៅក្នុងខែកុម្ភៈដដែលនោះ លោក ហ៊ុន សែន បានព្រមានថា លោកនឹងស្វែងរកសមាជិកគណបក្សសង្គ្រោះជាតិនៅគ្រប់ទីកន្លែងក្នុងតំបន់អាស៊ី ដោយចោទថា គណបក្សនេះគឺជាក្រុមភេរវកម្ម។
លោក ហ៊ុន សែន បានថ្លែងថា៖ «អ្នកខ្លះ អាអ្នករត់ចោលស្រុកណ៎....ហើយខ្ញុំសូមផ្តាំ កុំមកអាស៊ីឲ្យសោះ។ សូមកុំមកក្បែរអាស៊ី»។
លោកបានបន្តថា៖ «សូមកុំសង្ឃឹម។ ខ្ញុំគ្រាន់តែប្រាប់ទៅ អ្នកឯងគួរតែកុំបង្ខំឲ្យគេវាយដែកគោលទៅលើក្តារម្ឈូសរបស់អ្នកឯងថែមទៀត។ កុំសង្ឃឹមឲ្យសោះ។ បើនៅក្នុងដៃតុលាការ វាជារឿងមួយ។ ប៉ុន្តែបើចូលក្នុងកម្រិតអបគមន៍ហើយ សូម្បីតែ BM-21 ក៏គេហ៊ានវាយចូលទៅកន្លែងលោកដែរ»។
ប៉ុន្តែ សមាជិកគណបក្សសង្គ្រោះជាតិខ្លះទៀតមិនអាចចាកចេញផុតពីប្រទេសទេ។ នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ លោក សុខ ដែលជាឈ្មោះមិនពិតដែល VOA ដាក់ឲ្យលោក ដើម្បីការពារសុវត្ថិភាពរបស់លោក បានឲ្យដឹងថា មន្ត្រីគណបក្សសង្គ្រោះជាតិបានប្រាប់ដល់លោកថា លោកគួរតែចាកចេញពីប្រទេសកម្ពុជា។ លោក សុខ គឺជាសកម្មជនសហជីព និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែ លោកបានសម្រេចចិត្តនៅក្នុងប្រទេស ដោយសារតែគ្រួសាររបស់លោកជាប់បំណុល ហើយបើសិនជាគ្មានការចូលរួមផ្គត់ផ្គង់គ្រួសារពីរូបលោកទេ លោកបាននិយាយថា៖ «តើនរណាជួយគ្រួសារខ្ញុំ?»
ក្រោយរយៈពេល១៨ឆ្នាំមក ក្រោមការគំរាមកំហែង និងការបង្ក្រាបជារឿយៗពីប៉ូលិសដោយសារតែលោកជាអ្នកដឹកនាំសហជីព ដែលពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ លោក សុខ បានឲ្យដឹងថា អភិបាលខេត្តនៃគណបក្សប្រជាជនកម្ពុជា បានមកជួបលោក ហើយបានថតរូបលោក និងបញ្ចុះបញ្ចូលលោកឲ្យចូលរួមគណបក្សកាន់អំណាច។
លោក សុខ បាននិយាយថា៖ «ពួកគេបានព្យាយាមបញ្ចុះបញ្ចូលខ្ញុំថា បើខ្ញុំចូលរួមបក្សប្រជាជន បញ្ហាលុយកាក់របស់គ្រួសារខ្ញុំ នឹងល្អប្រសើរ។ ហើយបើខ្ញុំមិនសម្រេចចូលទេ ផ្ទះនិងដីរបស់ខ្ញុំនឹងរឹបអូស ដើម្បីសងបំណុល»។
លោកបានបន្ថែមថា ដីការបស់តុលាការក្នុងការរឹបអូសយកដីរបស់លោក បានកើតឡើង បន្ទាប់ពីលោកអភិបាលខេត្តបានមកជួបលោក។
លោក សុខ បានលើកឡើងថា៖ «ដូច្នេះ ខ្ញុំក៏សម្រេចចូលគណបក្សកាន់អំណាច។ ហើយបើខ្ញុំមិនធ្វើដូច្នេះទេ នោះខ្ញុំនឹងត្រូវគេចាប់ខ្លួន។ គោលបំណងរបស់ពួកគេគឺចាប់ខ្លួនខ្ញុំ។ បើខ្ញុំមិនចូលរួមជាមួយគេទេ ខ្ញុំនឹងជួបបញ្ហាធំ។ ខ្ញុំដឹងច្បាស់តែម្តង»៕
(ប្រែសម្រួលដោយ ហុង ចិន្តា និង ទែន សុខស្រីនិត)