កងកម្លាំងប្រដាប់អាវុធរបស់លោក ហ៊ុន សែន បានបង្ហាញអំណាចនៅថ្ងៃពុធនេះ ដោយសម្ញែងកាំភ្លើងប្រឆាំងកុបកម្មនៅឯពហុកីឡដ្ឋាននៅរាជធានីភ្នំពេញ មុនការបោះឆ្នោតសភានៅចុងសប្តាហ៍នេះ ដែលអ្នកខ្លះរិះគន់ថា ជាការបោះឆ្នោតដ៏អាម៉ាស់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ រំពឹងថានឹងឈ្នះការបោះឆ្នោតយ៉ាងងាយស្រួលនៅថ្ងៃអាទិត្យ បន្ទាប់ពីលោកបានរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុន និងបន្ទាប់ពីការបង្ក្រាបក្រុមប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
មន្ត្រីប៉ូលិសសរុបចំនួន៤៦២៥នាក់ដែលបំពាក់កាំភ្លើងស្វ័យប្រវត្តិ បានប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋានអូឡាំពិកត្រៀមបង្ក្រាបការតវ៉ាក្នុងអំឡុងពេលបោះឆ្នោត។ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា កងកម្លាំងទាំងនេះនឹងត្រូវដាក់ពង្រាយនៅទូទាំងទីក្រុងដើម្បីរក្សាសន្តិសុខនៅថ្ងៃអាទិត្យ។
លោក ជួន សុវណ្ណ បានមានប្រសាសន៍ថា នគរបាលនឹងបញ្ឈប់ការតវ៉ា ឬបញ្ឈប់អ្នកដែលឱ្យអ្នកដទៃមិនទៅយបោះឆ្នោត។ អាជ្ញាធរបាននិយាយថា ការអំពាវនាវឱ្យធ្វើពហិការមិនចូលរួមបោះឆ្នោតគឺខុសច្បាប់ ប៉ុន្តែក្រុមសិទ្ធិមនុស្សអះអាងថា ការអំពាវនាវនេះមិនខុសច្បាប់ទេ។
អង្គការសហប្រជាជាតិនិងបណ្តាប្រទេសលោកខាងលិចបានរិះគន់ការបោះឆ្នោតនេះ។
លោក កឹម សុខា ត្រូវចាប់ឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុងនៅជាប់ព្រំដែនវៀតណាមពីបទក្បត់ជាតិ៕