ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ព្រមាន​មិន​ឲ្យ​ខ្មែរ​ឥស្លាម​ចូល​រួម​សកម្មភាព​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សង្គម


Anti-riot police charge protesters on the sidelines of a demonstration in Paris, part of a nationwide strikes and demonstrations day called by nine unions representing 5,4 million public sector workers to show their "profound disagreement" with French president's bid to transform the gargantuan public service and government's plans to freeze their pay and eliminate 120,000 public jobs.
Anti-riot police charge protesters on the sidelines of a demonstration in Paris, part of a nationwide strikes and demonstrations day called by nine unions representing 5,4 million public sector workers to show their "profound disagreement" with French president's bid to transform the gargantuan public service and government's plans to freeze their pay and eliminate 120,000 public jobs.

ឆ្លៀត​ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ក្រើន​រំឭក​ពលរដ្ឋ​អ្នក​កាន់​សាសនា​ឥស្លាម​ កុំ​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​ផ្លាស់​ប្តូរ​សង្គម។

ឆ្លៀត​ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ក្រើន​រំឭក​ពលរដ្ឋ​អ្នក​កាន់​សាសនា​ឥស្លាម​ កុំ​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​ផ្លាស់​ប្តូរ​សង្គម​ ដូច​នៅ​មជ្ឈឹម​បូព៌ា​ប្រទេស​ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រទេស​ជាតិ​ និង​សាសនា​ឥស្លាម។ អ្នក​វិភាគ​នយោបាយ​ខ្មែរ​យល់​ថា​ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​គ្រាន់​តែ​ជា​ការ គម្រាមផ្នែក​ស្មារតី​ ដែល​អាច​ធ្វើ​ឲ្យ​លោកស្ថិត​ក្នុង​អំណាច​យូរ​បន្ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ផ្ញើសារជូន​ពរ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ ហើយ​បាន​ដាស់​តឿន​ពួកគេ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ឃោសនា​ ដែល​នាំ​ទៅ​រក​ការ​ផ្លាស់​ប្តូរ ខណៈ​ដែល​ពួក​គេ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​នៅ​ថ្ងៃពុធ​នេះ។ នេះ​បើ​តាម​សារ​ជូនពរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក។​

ការ​ផ្ញើសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ធ្វើ​ឡើង​ នៅ​គ្រា​ដែល​លោក​កំពុង​បំពេញ​ការងារ​នៅ​ឯ​ប្រទេស​ចិន។​ នៅ​ក្នុង​សារ​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសរ​ថា៖

«ខ្ញុំសូមផ្ញើនូវ​សេចក្តី​នឹក​រឭក ​និង​ជូន​ពរ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ នា​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែ​មូហារ៉ាម​ មហំាម៉ាត់​ សករាជ​១៤៣៧​ គឺ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​សាសនិក​ឥស្លាម​ទូទាំង​ពិភព​លោក។ ដូច​បង​ប្អូន​ខ្មែរ​ឥស្លាម​ដឹង​ច្បាស់​ហើយ​ថា​ រាជ​រដ្ឋាភិបាល​ កម្ពុជា​ចាត់​ទុក​បង​ប្អូន​ជាសាច់​ឈាម​ខ្មែរ​តែ​មួយ​ ទោះ​បី​មាន​ជំនឿ​សាសនា​ខុស​គ្នា​ក៏​ដោយ។​ រាជ​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​គាំទ្រ​ និង​លើក​តម្កើង​សិទ្ធិ​សេរីភាព​ ជំនឿ​សាសនា​ និង​សិទ្ធិ​ប្រកប​ការងារ​ ហើយ​និង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ច​ការ​សង្គម​ទូទៅ»។​

មេ​ដឹកនាំ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​មជ្ឈឹម​បូព៌ា ​ដែល​កាន់​សាសនា​ឥស្លាម ​ត្រូវ​ពលរដ្ឋ​បណ្តេញ​ចេញ​ពី​អំណាច​ ដោយសារ​មេ​ដឹកនាំ​ទាំង​នោះ​ប្រកាន់​របប​ផ្តាច់​ការ​ គាប​សង្កត់​ ពុក​រលួយ​ និង​ធ្វើ​ឲ្យ​ប្រទេស​អន់ថយ​ជាដើម​ ក្នុង​ពេល​ដឹកនាំ​ប្រទេស​ច្រើន​ទសវត្សរ៍។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​ហើយ​នោះ បាន​រំឭក​ទៅ​ដល់​នយោ​បាយផ្លាស់​ប្តូរ​របស់​ខ្មែរ​ក្រហម​ ទាក់​ទិន​សាសនា​ឥស្លាម​នេះ​ ដោយ​លោក​បាន​ពណ៌នា​នៅ​ក្នុង​សារ​របស់​លោក​ថា​ កាល​ពី​ជាង​៣០ឆ្នាំ​មុន​ នយោបាយ​ផ្លាស់​ប្តូរ​របស់​ខ្មែរ​ក្រហម​គឺ​បាន​ធ្វើ​ឲ្យ​សាសនិក​ខ្មែរ​ឥស្លាម​ត្រូវ​បាន​កម្ទេច​ស្ទើរ​ទាំង​ស្រុង។​ ប៉ុន្តែ​ក្រោយ​ពី​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​ផុត​ពី​របប​ឃោរ​ឃៅ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់ជួយ​ពង្រឹង​បង​ប្អូន​ខ្មែរ​ឥស្លាម​នៅ​ទូទាំង​ប្រទេស​ ឲ្យ​មាន​ឱកាស​គ្រប់យ៉ាង​ឡើង​វិញ​ រួម​ទាំង​ការ​អភិវឌ្ឍ​សង្គម​គ្រួសារ​ និង​ជំនឿ​សាសនា​ដោយ​គ្មាន​ការ​រើសអើង។​

គ្រូបង្រៀន​សាសនា​អ៊ីស្លាម​នាំ​យក​តង្វាយ​ទៅ​ព្រះវិហារ​មួយ​នៅ​ប្រទេស​កម្ពុជា​ ​ក្នុង​អំឡុង​ពេល​បុណ្យ​ម៉ាឡត​ដែល​ជា​បុណ្យ​ប្រចាំ​ឆ្នាំ​មួយ។ (រូបថត៖អេង កុកថាយ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
គ្រូបង្រៀន​សាសនា​អ៊ីស្លាម​នាំ​យក​តង្វាយ​ទៅ​ព្រះវិហារ​មួយ​នៅ​ប្រទេស​កម្ពុជា​ ​ក្នុង​អំឡុង​ពេល​បុណ្យ​ម៉ាឡត​ដែល​ជា​បុណ្យ​ប្រចាំ​ឆ្នាំ​មួយ។ (រូបថត៖អេង កុកថាយ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

បន្ទាប់​ពី​បាន​បញ្ជាក់​អំពី​ការ​រំដោះ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ដែល​ធ្លាប់​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​ដែរ​នោះ​ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាថ្មី​ម្តង​ទៀត​ ចំពោះ​ការ​ឃោសនា​ញុះ​ញង់​ ​អូសទាញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដែល​ស្រដៀង​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​សម័យ​ខ្មែរ​ក្រហម។​ លោក​បាន​និយាយ​អំពី​ស្ថានភាព​វឹកវរ​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​យ៉ាង​ដូច្នេះ​ថា៖​

«ដូចបង​ប្អូន​បាន​ឃើញ​ស្រាប់​នឹង​ភ្នែក​ហើយ​ អំពី​ការ​ផ្លាស់​ប្តូរ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​មជ្ឈឹម​បូព៌ា​ គឺ​ផ្លាស់​ប្តូរ​ពី​មាន​ទៅ​ក្រ​ ពី​មាន​វិហារ​ទៅ​ជា​អត់​វិហារ​ មាន​សាលា​ទៅ​ជា​អត់​សាលា​ មាន​ពេទ្យ​ទៅ​ជា​អត់​ពេទ្យ​ មាន​ផ្ទះ​រស់​នៅ​បែរ​ជា​ទៅ​រស់​នៅ​តាម​តង់​កៅស៊ូ​ នៅ​តាម​ព្រំដែន ​រត់​លូន​កាត់​សង្គ្រាម​ ស្ទើរ​រាល់​ថ្ងៃ​យ៉ាង​លំបាក​វេទនា»។​

នៅ​ចុង​បញ្ចប់​នៃ​សារ​របស់​លោក​ដែល​និយាយ​ពី​ទិដ្ឋ​ភាព​ភ្លឺ និង​ទិដ្ឋភាព​ងងឹត​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា៖​

«ជាថ្មី​ម្តង​ទៀត​ ខ្ញុំសូម​បញ្ជាក់​ជូន​បងប្អូន​ខ្មែរ​ឥស្លាម​ទូទាំង​ប្រទេសឲ្យ​បាន​ជ្រាប​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ និង​ការ​ពារ​នូវ​សិទ្ធិ​សេរីភាព​ជំនឿ​សាសនា​ និង​គាំទ្រ​សហគមន៍​ខ្មែរ​ឥស្លាម​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់​តែ​រីក​ចម្រើន។​ សូម​បង​ប្អូន​មាន​ជំនឿ​ទុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​តែង​តែ​ការពារ​ ថែ​រក្សា​សនិ្តភាព​ ដែល​ជា​កត្តា​ដ៏សំខាន់​បំផុត​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស»។​

លោក ​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ បាន​មួយ​ថ្លែង​ថា​ ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​មាន​ចេតនា​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ស្គាល់​ការ​ដឹកនាំ​ថ្មី​ ក្រៅ​ពី​ការដឹកនាំ​របស់​លោក​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ។​

«គាត់​នៅ​តែ​យក​សារ​រឿង​ផ្លាស់​ប្តូរ​ អសិ្ថរភាព​ ដូច​ឧទាហរណ៍​នៅ​ស៊ីរី​ យក​មក​ធ្វើ​ជា​ការ​បំភ័យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ រួម​ទាំង​ខ្មែរ​ឥស្លាម​ដែរ។​ វា​មិន​មាន​អី​ប្លែក​ទេ​ ព្រោះ​អី​ សារ​ហ្នឹង​វាស្រប​ជាមួយ​នឹងសារ​របស់​គាត់​ ដែល​ប្រើ​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ទូទៅ​ មិនមែន​សម្រាប់​តែ​ខ្មែរ​ឥស្លាម​ទេ។ ​ហើយ​អ្វី​ដែល​គាត់​បាន​លើក​ឡើង​ទាក់​ទង​រឿង​ខ្មែរក្រហម​ ការ​បញ្ចប់​ខ្មែរ​ក្រហម​គឺ​ជា​ការណ៍​ពិត​ ក៏​ប៉ុន្តែ​ជារឿង​មួយ​អស់​រយៈ​ពេល​ជិត​៤០​ឆ្នាំ​រួច​ទៅ​ហើយ​ ហើយ​មិន​គួរ​អ្នកនយោបាយ​ស្រុក​ខ្មែរ​នៅតែ​ប្រើរឿង​អតីត​កាល​យូរ​អង្វែង​បែប​ហ្នឹង​ទេ​ គួរ​តែ​ឈាន​ទៅ​មុខ​បាន​ហើយ»។​

លោក​ថ្លែង​បន្ត​ថា​ ការណ៍​ដែល​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​យកការ​ផ្លាស់​ប្តូរ​ដែល​នាំ​មក​នូវ​ភាព​វឹកវរ​ក្នុង​មជ្ឈឹម​បូព៌ា​ មក​ប្រៀប​ប្រដូច​ជាមួយនឹងការ​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ចង់​បាន​នោះ​ គឺ​មិន​អាច​ទៅ​រួច​ទេ ​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​ ព្រោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចង់​បាន​ការ​ផ្លាស់​ប្តូរ​តាម​ការ​បោះ​ឆ្នោត​សេរី​តែ​ប៉ុណ្ណោះ ហើយ​ថា​ សម្តី​របស់​លោក​នាយករដ្ឋ​មន្ត្រីអំពី​ការ​ផ្លាស់ប្តូរ​ដែល​នាំឲ្យ​មាន​ស្ថានភាព​វឹក​វរ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​នោះ​ គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​ផ្លូវ​ចិត្តដែល​នឹង​លែង​មាន​ប្រសិទ្ធិ​ភាព​ទៅ​ថ្ងៃ​ខាង​មុខ​នេះ។​

«ខ្ញុំ​មើល​ទៅ​គាត់​ ជា​យុទ្ធសាស្រ្ត​គាត់ ​គាត់​យក​រឿង​បំភ័យ​ហ្នឹង​ ឆ្លៀត​ឱកាស​ដែល​កំពុង​មាន​ភាព​ច្របូក​ច្របល់​នៅ​ក្នុង​មជ្ឈឹម​បូព៌ា​ផង​ គាត់​យក​រឿង​ហ្នឹង​មក​បំភ័យ​ប្រជា​ពលរដ្ឋ។​ ជា​ចិត្ត​សាស្រ្ត​នយោបាយ​ វា​មាន​ប្រសិទ្ធ​ភាព​ខ្លះ​ដែរ​ជាទូទៅ​ ដោយសារ​ប្រជា​ពលរដ្ឋ​គាត់​រអា​ គាត់​ខ្លាច​រអា​នូវ​សង្គ្រាម​ នូវ​អស្ថិរភាព។ ​ ជាទូទៅ​មាន​ប្រសិទ្ធ​ភាព​ខ្លះ។​ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ ​ទៅ​អនាគត​មិន​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ទេ​ ដោយសារ​ខ្ញុំ​មើល​ទៅ​ ប្រជា​ពលរដ្ឋ​ចាប់​ផ្តើម​យល់​ជាង​មុន​បន្តិច​ គ្រាន់​បើ​ជាង​មុន។​ ប៉ុន្តែ​ដូច​ខ្ញុំ​ថា​ អញ្ចឹង​ នៅ​មាន​ប្រសិទ្ធ​ខ្លះ​ដែរ»។​

លោក ​យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មា​ន​ប្រសាសន៍​ប្រាប់​ VOAថា​ ការ​ផ្លាស់​ប្តូរ​ដែល​អាច​នឹង​នាំមក​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ មិន​អាច​ដូចគ្នា​ ឬ​ក៏​ស្រដៀង​គ្នា​ទៅ​នឹង​ក្រុម​កម្មុយ​នីស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​បាន​ធ្វើ​ទេ​ ដោយ​លោក​មាន​ប្រសាសន៍​ថា៖​

«មាន​តែ​ពួក​ខ្មែរ​ក្រហម​ទេ​ ដែល​ធ្វើ​អញ្ចឹង​ ហើយ​មាន​តែ​ពួក​ល្ងង់​ខ្លៅ​ ដែល​ងប់​ងល់​ទៅ​នឹង​លទ្ធិ​កុម្មុយ​នីស្ត​ទេ​ ដែល​ធ្វើ​អញ្ចឹង។ គណបក្ស​សង្គ្រោះ​ជាតិ​អនុវត្តតាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ ហើយ​បណ្តា​ប្រទេសប្រជា​ធិបតេយ្យ​នៅលើ​សាកល​លោក​ទាំង​អស់​ គឺ​ថា ​បើ​គេ​អនុវត្ត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យពិត​ប្រាកដ​មែន​ ឃើញ​ថា​ គេ​មាន​ការ​រីក​ចម្រើន​ គេ​គោរព​សិទ្ធិ​មនុស្ស​ គេ​គោរព​សិទ្ធិ​កាន់​សាសនា​ គេរៀប​ចំ​ប្រទេស​គេ​មាន​យុត្តិ​ធម៌​ ហើយ​មាន​ការ​រីក​ចម្រើន​មាន​អរិយ្យធម៌។ ​ដូច្នេះ​យើង​ដើរ​តាម​ប្រទេស​ ដែល​គេ​បាន​អនុវត្ត​រួច​ហើយ​ មិន​មាន​ការ​លំបាក​អីទេ។​ អ្នក​ខ្លះចេះ​តែ​ចោទ​ប្រកាន់​អញ្ចេះ ​ចោទ​ប្រកាន់​អញ្ចុះ។​ អាហ្នឹង​ជារឿង​របស់​គាត់»។

តំណាង​ខ្មែរ​ឥស្លាម​ម្នាក់​ថ្លែង​ថា​ លោក​បាន​មើលឃើញ​ការ​លំបាក ​និង​ទុក្ខ​វេទនា​ដូចសម័យ​ខ្មែរ​ក្រហមកំពុង​កើតឡើងនៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ប្រទេស​ ខណៈ​ដែល​ពួក​គេ​ខិតខំ​ផ្លាស់​ប្តូរ​របប​នយោ​បាយ។​ ពលរដ្ឋ​ខ្មែរ​ឥស្លាម​ធ្លាប់​បាន​និយាយ​ពី​មុន​មក​ផង​ដែរ​ថា​ ពួក​គេ​មិន​ចូលរួម​ក្នុង​សកម្មភាព​ប្រឆាំង​ ឬ​ក៏​សកម្មភាព​តស៊ូ​ប្រឆាំងរដ្ឋាភិបាល​ទេ​ ហើយ​គេ​ក៏​មិន​ចូល​រួម​ជាមួយ​សកម្មភាព​ជ្រុល​និយម​ណា​មួយ​នៅ​ក្រៅ​ប្រទេស​ដែរ​ ជាពិសេស​ក្រុម​ភេរវ​កម្ម​ដែល​បំផ្លាញ​ពិភព​លោក៕​

XS
SM
MD
LG