គណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីទូរគមនាគមន៍នៅថ្ងៃសុក្រដែលក្រុមហ៊ុន និងអ្នកតាមដាននានារិះគន់ថាផ្តល់សិទ្ធិអំណាចខ្លាំងដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងលើប្រតិបត្តិករឯកជន។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់ VOAថា ច្បាប់នេះនឹង«ធានាការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញ និងការផ្គត់ផ្គង់សេវាទូរគមនាគមន៍ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព គុណភាព ភាពអាចទុកចិត្តបាន និងថ្លៃសមរម្យដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»។
សេចក្តីព្រាងច្បាប់នេះនៅមិនទាន់បានបង្ហាញជាសាធារណៈនៅឡើយទេ ប៉ុន្តែយោងតាមសេចក្តីព្រាងច្បាប់ដែលបានលេចធ្លាយចេញមកក្រៅផ្លូវការក្នុងពេលកន្លងមកបានធ្វើឱ្យក្រុមហ៊ុនឯកជនមួយចំនួនសម្តែងការព្រួយបារម្ភថា ច្បាប់នេះមានលក្ខណៈតឹងរ៉ឹង ដោយសារតែផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជានូវអំណាចគ្រប់គ្រងលើឧស្សាហកម្មនេះ ហើយពួកគេព្រួយបារម្ភថាអាចនឹងមិនមានការវិនិយោគបន្ថែម ឬការច្នៃប្រឌិតទេ។
ពួកគេបានលើកឡើងពីទំហំនៃការដាក់ពិន័យដែលមានរហូតដល់១២ម៉ឺនដុល្លារ និងការកំណត់ថា ហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតដែលគាំទ្រដល់ផ្នែកនេះត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍។
លោក ផៃ ស៊ីផាន បញ្ជាក់ថា ការពិន័យត្រូវតែខ្ពស់ដើម្បីកុំឱ្យមានសកម្មភាពល្មើសច្បាប់ដែលបង្កអសន្តិសុខដល់ប្រទេសជាតិ៖
«រីឯពិន័យគឺពិន័យធំណាស់នៅក្នុងសាច់រឿងហ្នឹង ក៏ប៉ុន្តែពិន័យទាំងអស់ហ្នឹងរហូតដល់ទោសទណ្ឌជាប់គុកហ្នឹង គឺយើងមើលទៅតាមទិដ្ឋភាពពីរនៅក្នុងសាច់រឿងហ្នឹងគឺមួយរំខាន់សណ្តាប់ធ្នាប់សាធារណៈ ហើយមួយទៀតករណីព្រហ្មទណ្ឌសន្តិសុខជាតិ។ ពីរនេះចែកដាច់ពីគ្នា»។
លោកផ្តល់ឧទាហរណ៍ថា មានឧបករណ៍ខ្លះដែលប្រតិបត្តិករខ្លះយកចូលមកដើម្បីរំខានការប្រើប្រាស់ឧបករណ៍អេឡិកត្រូនិកដទៃទៀត ហើយមានការប្រើប្រាស់រំខានដល់ការទាក់ទងរបស់កងកម្លាំងប្រដាប់អាវុធ។
ច្បាប់នេះនឹងត្រូវបញ្ជូនទៅរដ្ឋសភាជាតិដើម្បីអនុម័តក្នុងរយៈពេលមួយសប្តាហ៍ទៀត៕