ក្រុមការងារនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នាជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ដើម្បីផ្តោតទៅលើការកែប្រែបទបញ្ជាផ្ទៃក្នុងដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នានៅខែកក្កដាឆ្នាំមុននៅពេលបញ្ចប់វិបត្តិនយោបាយដែលមានរយៈពេលជិតមួយឆ្នាំ។
អ្នកនាំពាក្យអង្គប្រជុំបានបញ្ជាក់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាការពិភាក្សាបានដំណើរការល្អប៉ុន្តែមិនបញ្ជាក់ថាតើបានពិភាក្សាផ្តោតលើចំណុចណាហើយចំណុចដែលនៅសល់នោះ គឺជាអ្វីទេបើទោះបីជាមានការជជីកសួរក៏ដោយ។
លោក ប៉ែន បញ្ញា នៃគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា៖
«តាមពិតទៅយើងបានខិតខំក្នុងការងារនេះប្រជុំជាច្រើនលើកហើយយើងបានស្រុះស្រួលគ្នាធ្វើការកែសម្រួល១៤ប្រការលើ៨៣ប្រការនៃបទបញ្ជាផ្ទៃក្នុងចាស់»។
លោក អេង ឆៃអៀង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបន្ថែមដែរថា៖
«ហើយនៅសល់ចំណុចបន្តិចបន្តួចដែលថ្នាក់ដឹកនាំបានប្រគល់ឱ្យគណៈកម្មការចំពោះកិច្ចដើម្បីយកទៅកែសម្រួលយកទៅពិនិត្យឡើងវិញនៅក្នុងអាទិត្យក្រោយហើយនឹងចុងក្រោយនឹងលើកយកមកថ្នាក់ដឹកនាំដើម្បីពិនិត្យជាចុងក្រោយ»។
បើទោះបីជាមានការបិទបាំងពីចំណុចដែលនឹងត្រូវកែប្រែប៉ុន្តែអ្នកវិភាគដូចជាលោក អ៊ូ វីរៈ ប្រធាននៃវេទិកាអនាគតយល់ថាដើម្បីទទួលបាននូវបទបញ្ជាផ្ទៃក្នុងសភាជាតិមួយដែលល្អនិងមានរយៈពេលយូរគឺក្រុមការងារត្រូវផ្តោតលើការបែងចែកតួនាទីរវាងប្រធាន អនុប្រធានរដ្ឋសភានិងតួនាទីរបស់គណៈកម្មការទាំងអស់ដើម្បីឱ្យមានតុល្យភាពរវាងគណបក្សដែលមានអាសនៈក្នុងសភា សិទ្ធិក្នុងការសួរនាយករដ្ឋមន្ត្រីដោយបើកចំហឱ្យសាធារណជនបានដឹងឮ តម្លាភាពនៃសភារវាងអគ្គលេខាធិការដ្ឋាននិងប្រធានសភាដោយកុំឱ្យបម្រើតែគណបក្សកាន់អំណាច និងចុងក្រោយគឺសភាត្រូវមាននាទីក្នុងការស្នើច្បាប់ផងដែរដោយមិនមែនបានត្រឹមតែលើកដៃអនុម័តច្បាប់ទេ។
លោកបានបន្ថែមថា៖
«សភាប្រជាធិបតេយ្យគឺជាសភាមួយដែលការពារសិទ្ធិរបស់គណបក្សប្រឆាំងនៅ ក្នុងការការពារគំនិតនិងគោលនយោបាយ។ នេះបានន័យថាគណបក្សកាន់អំណាចគាត់អាចយកគោលគំនិតនយោបាយរបស់គាត់ទៅ អនុម័ត ក៏ប៉ុន្តែទោះបីយ៉ាងម៉េចក៏គណបក្សប្រឆាំងមានឱកាសក្នុងការប្រកួតប្រជែង មានឱកាសក្នុងការឈ្លេច មានឱកាសក្នុងការសួរ តវ៉ា បង្ហាញគោលនយោបាយរបស់ខ្លួន»។
ការជួបជុំរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរនេះមិនបានពិភាក្សាពីការដោះលែងមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងជាង១០នាក់ដែលកំពុងជាប់ក្នុងពន្ធនាគារទេ។ ប៉ុន្តែលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសយ៉ាងខ្លីថាវប្បធម៌សន្ទនាដែលអ្នកតាមដានមើលឃើញថាម្តងល្អម្តងអាក្រក់គឺនៅមានជីវិតនៅឡើយទេ។
«អ្វីដែលយើងជជែកគ្នា ជួបគ្នានេះគឺយើងនៅតែ បន្តបង្ហាញថាវប្បធម៌សន្ទនានៅរស់រវើក»។
កាលពីសប្តាហ៍មុនថ្នាក់ដឹកនាំនៃគណបក្សទាំងពីរក៏បានជួបពិភាក្សាគ្នាពីការកែប្រែច្បាប់ស្តី ពីការបោះឆ្នោតឃុំសង្កាត់ផងដែរប៉ុន្តែនៅមិនទាន់បានសម្រេចចុងក្រោយនៅឡើយ៕