ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​បដិសេដ​ការ​ចោទ​ប្រកាន់​អំពី​កុប្បកម្ម


រូបឯកសារ៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​អំឡុង​មហាសន្និបាត​លើក​ទី​៧០​​របស់​អង្គការ​សហប្រជាជាតិ​​នៅ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៥។ (REUTERS/Eduardo Muno)
រូបឯកសារ៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​អំឡុង​មហាសន្និបាត​លើក​ទី​៧០​​របស់​អង្គការ​សហប្រជាជាតិ​​នៅ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៥។ (REUTERS/Eduardo Muno)

លោក​ ហោ ណាំហុង​ បាន​ចោទ​ប្រកាន់​ធ្ងន់ៗ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​ប៉ុនប៉ង​​ផ្តួល​រំលំ​រដ្ឋបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ​ដោយ​អំពើ​​កុប្បកម្ម​មុន​ និង​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។​

លោក​ ហោ ណាំហុង​ បាន​ចោទ​ប្រកាន់​ធ្ងន់ៗ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​ប៉ុនប៉ងផ្តួល​រំលំ​រដ្ឋបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ​ដោយ​អំពើកុប្បកម្ម​មុន​ និង​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។​ ក៏​ប៉ុន្តែគណបក្ស​ជំទាស់​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ​ដោយ​លើក​ឡើង​ថា​ ការ​ផ្លាស់ប្តូរ​ដែល​គណបក្ស​សង្គ្រោះតែង​តែ​លើក​ឡើង​នោះ​ធ្វើឡើង​តាម​ការ​បោះ​ឆ្នោត និង​ដោយ​សន្តិវិធី។​

កាល​ពី​ថ្ងៃ​ពុធ ទី១៤ ខែ​តុលានេះ​ គណបក្ស​ជំទាស់​ ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោកហោ ណំាហុង ​ដែល​ថា ​គណបក្ស​ជំទាស់​នេះ​មាន​គោល​បំណង​ធ្វើ​ការ​ញុះញង់​ឲ្យ​ប្រជាជន​ធ្វើ​«បដិវត្តន៍​ពណ៌​ប្រឆាំង​នឹង​រដ្ឋាភិបាល»​ ​នា​ពេល​បច្ចុប្បន្ន​នេះ។​

ការ​ច្រាន​ចោល​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពេល​លោក​ ​ហោ ណាំហុង​ បាន​ថ្លែង​ទៅ​កាន់​ក្រុម​ទាហាន​នៅ​ខេត្ត​ត្បូង​ឃុំ​ ​ដែល​ក្នុង​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស​ ​និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​កាន់​អំណាចបាន​ចោទ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​គម្រោង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ មុននិង​ក្រោយ​ពេល​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «គេ​ចង់​ធ្វើ​អ្វី​ដែល​ហៅ​ថា ​បដិវត្តន៍​វប្បធម៌​គឺ​មាន​ន័យ​ថា​ បំប៉ះ​បំបោរ​ធ្វើកុប្បកម្ម។​ ធ្វើ​កុប្បកម្ម​គឺ​មាន​ន័យ​ថា​ ​ប្រមូល​ប្រជាជន​យើង​ប្រឆាំង​រដ្ឋាភិបាល​យើង​ដោយ​អំពើ​ឃោរឃៅ។​ គេ​ចង់​ធ្វើកុប្បកម្ម​ គេ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បីផ្តួលរំលំរដ្ឋាភិបាល។​ ប៉ុន្តែ​សូម​ជម្រាប​ថា​ ពេល​នោះ​សម្តេច​តេជោ​បាន​កំណត់​ស្រេច​ហើយ»។

លោក​ ហោ ណាំហុង​ បាន​រំឭក​ផង​ដែរ​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ទប់​ទល់​នឹង​អំពើ​ហិង្សា​ណា​មួយ​ ដែល​អាច​កើត​មាន​ឡើង​នា​គ្រា​នោះ។​ ក៏ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​បាន​ទុកពេល​វេលា​ដល់​ទៅ​ជិត​៦ខែ​សម្រាប់ឲ្យ​មាន​ការ​តវ៉ា ​និង​ការ​បញ្ចេញ​មតិ​ ​មុន​ពេល​លោក​នាយក​រដ្ឋមន្ត្រី​សម្រេច​បំបែក​ទីលាន​ប្រជា​ធិបតេយ្យ​នា​ខែ​មករា។​

ក្រោយ​ការ​បោះឆ្នោត​នា​ខែ​កក្កដា​ ឆ្នាំ​២០១៣​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​រដ្ឋសភា​ទេ ដោយ​ចោទ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត។ នា​ពេល​នោះ គណបក្ស​ជំទាស់​បាន​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ទីលាន​ប្រជា​ធិបតេយ្យ​ដើម្បី​តវ៉ា​នៅ​ទី​ក្រុង​ភ្នំពេញ​ ទាមទារ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​សារ​ជា​ថ្មី​ ​ឬ​ប្តូរលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ពី​តំណែង។​

ក៏​ប៉ុន្តែ​ ការ​តវ៉ា​ និង​ការប្រមូល​ផ្តុំ​នេះ​ត្រូវ​បាន​បំបែក​ នា​ដើម​ខែ​មករា​ ឆ្នាំ​២០១៤​ គឺ​មួយ​ថ្ងៃ​ក្រោយ​ពេល​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​តាមផ្លូវ​វេងស្រេង​ ដែល​បណ្តាល​ឲ្យ​កម្មករ​យ៉ាង​ហោច​ណាស់​ចំនួន​៥​នាក់​បាត់​បង់​ជីវិត។​ ប៉ុន្មាន​ខែ​បន្ទាប់​មក ភាព​តាន​តឹង​រវាង​គណបក្ស​ធំៗ​ទាំង​២​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ចរចា​ និង​ការ​បង្កើត​«វប្បធម៌សន្ទនា»​ដ៏​ផុយ​ស្រួយ។

លោក ហោ ណាំហុង​ បាន​ចំអកឱ្យ​គណបក្ស​ជំទាស់​ ដោយ​និយាយ​ថា​ ​ការ​ព្យាយាម​បង្កើត​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ​ការ​តវ៉ា​ក្រោយ​ពេល​បោះ​ឆ្នោត​នាឆ្នាំ​២០១៣​ និង​ការ​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ក្បែរ​ស្ពាន​នាគ​នាខែ​កក្កដា​ ឆ្នាំ​២០១៤នោះ​ គឺ​ដើម្បី​ចរចា​ និង​ដើម្បី​អំណាច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។​

«ប៉ុន្តែ​ដល់​ពេល​ប្រជុំ​របស់ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​យើង​ និង​បក្ស​ប្រឆាំង​ ក្នុង​ពេល​ប្រជុំ​គេ​អត់​មាន​សុំ​អញ្ចឹង​ឯណា។ ប្រជុំ​ជា​មួយ​អ្នក​គាំទ្រ​គេ គេ​ថា​ ទាមទារ​ឱ្យ​បោះឆ្នោត​ឡើង​វិញ​ឲ្យ​បាន។ មក​ជួប​ប្រជុំ​ស្ងាត់ៗ​ជាមួយ​យើង​នៅ​រដ្ឋ​សភា​ គេ​ទាមទារ​សុំ​ធ្វើ​ជា​ប្រធាន​រដ្ឋសភា។​ វា​ផ្ទុយ​គ្នា​អញ្ចឹង​ទៅ​វិញ។​ ដូច្នេះ​ធ្វើ​បាតុកម្ម​ហ្នឹង តវ៉ា​ហ្នឹង​គឺ​ចង់​បាន​ធ្វើ​ធំ​តែ​ប៉ុណ្ណោះ»។​

យ៉ាង​ណា​ក៏​ដោយ លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ច្រាន​ចោល​ការ​ចោទ​ទាំង​នេះ​ ​ដោយ​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ចង់​បាន​ការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី​ ហើយ​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​ ​ដែល​ក្រោយ​មក​មាន​ការ​បង្កើត​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។​

«គណបក្ស​សង្គ្រោះជាតិ​គឺ​ជា​គណបក្ស​ដែល​កាន់​គោល​នយោបាយ​តស៊ូ​ដោយ​សន្តិវិធី​ ដើម្បី​ផ្លាស់​ប្តូរ​ថ្នាក់ដឹក​នាំ​នា​ពេល​បច្ចុប្បន្ន។​ ​យើង​មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា​ពីគណបក្ស​ប្រជាជន​កម្ពុជា។​ ​យើង​មាន​គោល​នយោបាយ​ខុស​គ្នា។​ យើង​មាន​មគ្គុទេស​ភាព​ ភាព​ជាអ្នក​ដឹក​នាំ​ប្រទេស​ខុស​គ្នា ​ហើយ​យើង​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដើម្បី​កាន់​អំណាច»។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖​ «ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ​ ការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី​និង​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌។​ ​យើង​ពុំ​មាន​គោល​នយោបាយ​ណា​មួយ​ក្នុង​ការ​ផ្តួល​រំលំ​ ​ឬការ​ផ្លាស់​ប្តូរ​ដោយ​អំ​ពើហិង្សា​នោះ​ទេ»។​

គេ​សង្កេត​ឃើញ​ថា​ «វប្បធម៌​សន្ទនា»​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្ក្រោះជាតិ​មាន​ភាព​រកាំ​រកូស​សារ​ជា​ថ្មី​ ​នា​ពេល​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការ​មន្ទិល​សង្ស័យ​រឿង​ព្រំដែន ​និងការ​កំណត់​បង្គោល​ព្រំដែន​ជា​ប្រទេស​វៀត​ណាម។​

លោក​ យេង វីរៈ​ ​ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ដែល​ទើប​នឹង​បង្កើត​ថ្មី​ បាន​សម្តែងភាព​អស់​សង្ឃឹម​ចំពោះ​គណបក្សទាំង​ពីរ ​ដែលជា​រឿយៗ​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ជាង​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​ប្រជា​ពលរដ្ឋ។ លោក​ថា ​ការលៀប​ពណ៌​គ្នា​នេះ​គឺ​បាន​«ក្លាយជា​វប្បធម៌»​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ទៅ​ហើយ។

«បាទ! ​យើង​សោក​ស្តាយ​ណាស់​ គឺ​នៅ​មាន​វប្បធម៌លាប​ពណ៌។​ យើង​ចង់​ឃើញ​គណបក្ស​ទាំងពីរ​ហ្នឹង​ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​ មាន​ការ​ជជែក​គ្នា​តតាំង​គ្នា​ក្នុង​រឿង​គោល​នយោបាយ​ ការ​អភិវឌ្ឍ​ប្រទេស​ ដោះ​ស្រាយ​បញ្ហា​ការ​លំបាក​ក្នុង​ជីវភាព​របស់​ប្រជាជន ​អំពើ​ពុក​រលួយ​ ​ភាព​ក្រីក្រអីហ្នឹង ជា​ជាង​ចំណាយ​ពេល​វេលា​ជរជែក ​ចោទ​ប្រកាន់គ្នា​ លាប​ពណ៌​គ្នា»។​

ចា​ប់តាំង​ពី​ខែ​មិថុនា​មក យ៉ាង​ហោចណាស់​មាន​សកម្មជន និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​រូប​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ​និង​កាត់ទោស​ជាបន្ត​បន្ទាប់​ទាក់ទិន​នឹងអំពើហិង្សា​កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០១៤ ​និង​ការ​បង្ហោះ​ឯកសារ​ផែនទី​ និង​ព្រំដែន។​ ក្នុង​នោះ​ក៏​មាន​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ជំទាស់​គឺ​លោក ហុង សុខ​ហួរ​ ​ផង​ដែរ​ ដែល​កំពុង​ស្ថិត​ក្នុង​ការ​កាត់​ទោស​ពី​បទ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាលលោក ហ៊ុន សែន​ នោះ៕​

XS
SM
MD
LG