លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានការពារខ្លួនថា ការជ្រើសរើសលោកឱ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត និងក្លាយជានាយករដ្ឋមន្ត្រីបន្តវេនពីឪពុកលោកគឺមិនខុសគោលការណ៍ប្រជាធិបតេយ្យឡើយ។
នេះជាប្រតិកម្មតបរបស់លោកទៅនឹងការរិះគន់របស់អ្នកវិភាគមួយចំនួនអំពីរឿងស្នងតំណែង និងថា លោកនឹងអាចដឹកនាំប្រទេសកម្ពុជា បែបផ្តាច់ការដូចឪពុករបស់លោក។
លោក ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានបង្ហោះវីដេអូមួយ ដែលមានរយៈពេលជិត១០នាទី លើគណនីហ្វេសប៊ុករបស់លោក ដោយលោកបានថ្លែងថា ការបន្តវេនជាអ្នកនយោបាយ ឬក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជានាពេលអនាគត គឺមិនមានអ្វីខុសនោះទេ ព្រោះលោកថា គណបក្សបោះឆ្នោតគាំទ្ររូបលោកជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ លោកបន្ថែមថា នៅថ្ងៃខាងមុខ ប្រសិនបើលោកក្លាយជានាយករដ្ឋមន្ត្រីក៏បានមកពីការគាំទ្ររបស់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ការជ្រើសរើសខ្ញុំជាបេក្ខភាពនេះ គឺមានការគាំទ្រពីអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ទីពីរ ផ្នែកទៅលើគោលការណ៍ប្រជាធិបតេយ្យតែងតាំងខ្ញុំ [និង]ជ្រើសតាំងខ្ញុំជាបេក្ខភាពនាយករដ្ឋមន្ត្រីមិនមែនជ្រើសតាំងខ្ញុំជានាយករដ្ឋមន្ត្រីទេ។ បេក្ខភាពបានន័យថា មានសិទ្ធិឱ្យប្រជាពលរដ្ឋបោះឆ្នោត [គឺ]រឿងតែប៉ុណ្ណឹង អត់មានអ្វីខុសទេ។ អ៊ីចឹងអនុលោមតាមនេះ គ្មានអ្វីខុសពីគោលការណ៍ប្រជាធិបតេយ្យទេ។ ហើយចង់អ្នកឯងថា ផ្តាច់ការអី [គឺមិនសំខាន់] រឿងសំខាន់ប្រជាពលរដ្ឋទេតើ[អ្នកគាំទ្រ]»។
លោកបានចាត់ទុកអ្នកវិភាគមួយចំនួនថា ជាអ្នកវិភាគ«បែបស៊ីអារម្មណ៍» មិនមែនវិភាគបែបវិទ្យាសាស្រ្តនោះទេ ទាក់ទិននឹងការវាយប្រហាររូបលោកជាបន្តបន្ទាប់អំពីការបន្តវេន ឬស្នងតំណែងជាអនាគតនាយករដ្ឋមន្ត្រី និងរិះគន់ថា លោកនឹងដឹកនាំបែបផ្តាច់ការដូចឪពុករបស់លោក។
លោក ហ៊ុន ម៉ាណែត ការពារខ្លួនថា ការបន្តតំណែងនយោបាយគឺមិនមែនជារឿងចម្លែកទេ ដែលកូនចៅរបស់អ្នកនយោបាយទទួលយកអាជីពអ្នកនយោបាយ ឬធ្វើជាមេដឹកនាំប្រទេសណាមួយ។
លោកប្រតិកម្មតបថា៖ «គេវាយខ្ញុំថា ឥឡូវហ៊ុន ម៉ាណែត [គឺ]គណបក្សប្រជាជន ដែលត្រូវ[ជ្រើសរើសឱ្យ]បន្តវេនពីឪគឺបន្តវេនរបៀបផ្តាច់ការ ហើយគេយករូបភាពនៅកូរ៉េខាងជើង[ប្រៀបធៀប]។ តើនេះជាការវិភាគបែបវិទ្យាសាស្ត្រ ឬវិភាគបែបស៊ីអារម្មណ៍។ គាត់ចេញមកថា ខុសរួចទៅហើយ ផ្តាច់ការរួចទៅហើយ។ គាត់ថា ការបន្តវេន ការបន្តពូជពង្ស ត្រកូលនេះ គឺមានតែប្រទេសផ្តាច់ការដូចកូរ៉េខាងជើងទេ ដែលធ្វើ»។
លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ក្រៅពីនេះ លោកជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្នុងរយៈពេលចុងក្រោយនេះ លោកបានចេញមុខជាបន្តបន្ទាប់ក្នុងវេទិកានានាតំណាងឪពុករបស់លោក។
នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងមានវត្តមាននៅប្រទេសជប៉ុន ក៏បានបង្ហោះវីដេអូរបស់លោក ហ៊ុន ម៉ាណែត ដែលប្រតិកម្មទៅនឹងអ្នកវិភាគ នៅលើគណនីហ្វេសប៊ុករបស់លោកផងដែរ។
លោក ថាច់ សេដ្ឋា ប្រធានស្តីទីគណបក្សភ្លើងទៀន កត់សម្គាល់ឃើញថា មូលហេតុដែលមានការរិះគន់ជាបន្តបន្ទាប់ដែលថា គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំរដ្ឋាភិបាលបែបផ្តាច់ការ គឺដោយសារប្រជាជនមើលឃើញពីការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំ ការគំរាមកំហែង និងរឹតត្បិតសេរីភាព ឬសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសលើសកម្មជននយោបាយដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច។ លោកបន្ថែមថាកម្ពុជាមិនទាន់បានគោរពតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដនៅឡើយទេ ដូច្នេះរដ្ឋាភិបាលកម្ពុជាត្រូវតែគោរពសិទ្ធិបញ្ចេញមតិ និងឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «បើសិនក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ គេត្រូវគោរពឆន្ទៈប្រជាពលរដ្ឋ គោរពការបញ្ចេញមតិប្រជាពលរដ្ឋ ផ្ទុយទៅវិញនៅកម្ពុជាមានអ្នកទោសមនសិការជាច្រើនត្រូវបានជាប់ពន្ធនាគារ ដោយសារគ្រាន់តែមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច»។
លោកបន្តថា គណបក្សប្រជាជនដែលកំពុងដឹកនាំប្រទេសត្រូវតែធានាផងដែរនូវការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ ឱ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ចៀសវាងការគំរាមកំហែង ការចាប់ចង ការបំភិតបំភ័យមកលើគណបក្សប្រឆាំង និងត្រូវទម្លាក់ចោល និងដោះលែងអ្នកទោសមនសិការទាំងអស់ដើម្បីឱ្យពួកគេអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
ចំណែកអ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី លើកឡើងថា នីតិវិធីក្នុងការជ្រើសរើសតែងតាំងលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត គឺមិនមានអ្វីខុសនោះទេ ប៉ុន្តែអ្វីដែលសំខាន់ថា តើក្នុងគណបក្សមានតម្លាភាពក្នុងការជ្រើសរើសដែរ ឬទេ។
ទាក់ទងការរិះគន់ថា រដ្ឋាភិបាលកម្ពុជាដឹកនាំបែបផ្តាច់ការ លោក មាស នី បញ្ជាក់ថា វាចៀសមិនផុតទេ ដោយសាររដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ បង្ក្រាបសកម្មជននយោបាយ និងបំបិទសិទ្ធិសេរីភាពជាដើម។ ដូច្នេះបើមិនចង់ឱ្យមានការរិះគន់ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលត្រូវតែបើកលម្ហសេរីភាពនយោបាយ និងសិទ្ធិមនុស្សឱ្យមានភាពល្អប្រសើរ។
លោកថ្លែងថា៖ «ប្រសិនបើវាមានការបន្ធូរបន្ថយច្រើនទៅលើសេរីភាពក្នុងការធ្វើនយោបាយ សេរីភាពក្នុងការបញ្ចេញមតិ អ្វីផ្សេងៗ ខ្ញុំគិតថា វានឹងអាចឱ្យពលរដ្ឋចាប់ផ្តើមមើលឃើញអំពីភាពផ្លាស់ប្តូររវាងអ្នកដឹកនាំបច្ចុប្បន្ន និងអ្នកដឹកនាំជំនាន់ក្រោយៗអ៊ីចឹង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត ក៏បានអះអាងដែរថា លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ទើបគណបក្សបោះឆ្នោតឱ្យធ្វើជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី បន្ទាប់ពីឪពុករបស់លោកដែលជាប្រធានគណបក្សប្រជាជនកម្ពុជា៕