លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ទើបមន្រ្តីគណបក្សកាន់អំណាចបោះឆ្នោតឱ្យធ្វើជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី បន្ទាប់ពីឪពុករបស់លោក។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ដោយប្រតិកម្មតបទៅអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលបានលើកឡើងថា លោក ហ៊ុន ម៉ាណែត មិនមានស្នាដៃអ្វី និងទទួលបានតំណែងតាមរយៈឪពុករបស់លោក។
បើតាមវីដេអូមួយប្រមាណ១២នាទី ដែលលោក ហ៊ុន ម៉ាណែត បង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៤ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «លោកអ៊ំចូលចិត្តធ្វើបាបកូនក្មេង ចូលចិត្តវាយប្រហារកូនក្មេង។ វាយប្រហារឪខ្ញុំ ឪខ្ញុំលែងតប ហើយមកវាយប្រហារខ្ញុំ។ គាត់វាយថា ហ៊ុន ម៉ាណែត មកឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីហ្នឹង គឺបាត់បង់ឱកាសយុវជនដទៃទៀតជាច្រើន។ ខ្ញុំថា ហ្ហេ! ខ្ញុំទទួលស្គាល់នៅក្នុងប្រទេសខ្មែរមានសមាសភាព [ដែល] អ្នកមានសមត្ថភាពច្រើន ហើយនៅក្នុងគណបក្សប្រជាជនក៏មានសមាសភាពច្រើនដែរ ដែលមានសមត្ថភាព ប៉ុន្តែគណៈ[កម្មាធិការ]កណ្តាលបានសមូហភាព បានបោះឆ្នោតជ្រើសរើសមនុស្សម្នាក់ ព្រោះគេអាចរើសបានតែម្នាក់ ហើយគេផ្តល់ឱកាសឱ្យខ្ញុំ»។
លោក ហ៊ុន ម៉ាណែត ត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
លោក ហ៊ុន ម៉ាណែត ក៏បានចាត់ទុកលោក សម រង្ស៊ី ថា មិនមានភាពអៀនខ្មាស និងជាអ្នកនយោបាយគ្មានចក្ខុវិស័យ ដែលដឹកនាំគណបក្សដើរថយក្រោយ។ លោកឌឺដងទៅលោក សម រង្ស៊ី ថា បើលោកគាំទ្រគណបក្សភ្លើងទៀន គួរណាស់តែផ្តល់ឱកាសឱ្យយុវជនដែលមានសមត្ថភាពដឹកនាំគណបក្ស ហើយកុំវាយប្រហារតែគណបក្សប្រជាជនកម្ពុជា។
លោកបន្ថែមថា៖ «បើមិនចេះវិភាគថា ខ្លួនមកពីណា មកដល់ណា ហើយទៅណាទៀតគ្រប់ពេលនោះទេ គឺម្តងទៅលិចម្តងទៅកើត តាមអារម្មណ៍ គ្មានចក្ខុវិស័យ។ ប្រហែល អ៊ីចឹងហើយបានធ្វើឱ្យលោកអ៊ំម្តងវាយខ្ញុំរឿងនេះ ម្តងវាយប្អូនខ្ញុំ ម្តងវាយឪពុកខ្ញុំ ព្រោះគ្មានចក្ខុវិស័យក្នុងការដឹកនាំបក្សបាន[ដែល]កាន់តែថយទៅៗ។ រឿងតែប៉ុណ្ណឹង»។
លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ក្រៅពីនេះ លោកជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្នុងរយៈពេលចុងក្រោយនេះ លោកបានចេញមុខជាបន្តបន្ទាប់ក្នុងវេទិកានានា តំណាងឪពុករបស់លោក។
លោក សម រង្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយរូបភាពរបស់លោក ហ៊ុន ម៉ាណែត និងរិះគន់ថា អ្វីដែលលោក ហ៊ុន ម៉ាណែត បង្អួតមនុស្សគ្រប់គ្នា គឺបានមកដោយសារឪពុករបស់លោក ដូចជាបុណ្យស័ក្តិ ការចូលរៀននៅសាលាទាហានអាមេរិក ដែលបានមកពីការយោគយល់ និងថា សាលារៀននោះមិនសូវគិតពីចំណេះដឹង និងសមត្ថភាពពិតប្រាកដរបស់និស្សិតជាជនជាតិបរទេស ដែលជាកូនអ្នកធំ។
លោក សម រង្ស៊ី បានបង្ហោះសារជាអក្សរថា៖ «តែអ្វីដែល ហ៊ុន ម៉ាណែត មានក្នុងដៃពេលនេះដើម្បីយកមកបង្អួតគេឯង គឺបានមកពីឪទាំងអស់។ បុណ្យសក្តិក៏ឪបំពាក់ឱ្យ។ សូម្បីតែលទ្ធភាពបានចូលរៀនសាលានៅសហរដ្ឋអាមេរិក ក៏ចូលតាមច្រកយោគយល់ (កូតា)ដែលគេបើកឱ្យសម្រាប់និស្សិតជាជនជាតិបរទេស»។
លោក សម រង្ស៊ី រិះគន់លោក ហ៊ុន ម៉ាណែតបែបនេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា លោកនៅតែគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកឈប់ធ្វើ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងខេត្តសៀមរាប កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានថ្លែងថា៖ «បើទោះបីជា ហ៊ុន ម៉ាណែត ជាកូនអ្នកណាក៏ដោយ ក៏ខ្ញុំនៅតែគាំទ្រ ហ៊ុន ម៉ាណែតដែរ ព្រោះលក្ខណៈសម្បត្តិរបស់វា គឺគ្រប់គ្រាន់។ វាមិនស្ថិតក្នុងការខ្ញុំគាំទ្រកូនខ្លួនឯងឯណា។ ខ្ញុំគាំទ្រអ្នកណាដែលអាចដឹកនាំគណបក្សប្រជាជនបាន ដែលអាចដឹកនាំកម្ពុជាបាន»។
លោក ហ៊ុន សែន បានបន្ថែមថា៖ «មួយថ្ងៃៗ ឮតែផ្ទេរអំណាចឱ្យកូន យ៉េ... អញមិនមែនបណ្តុះបណ្តាលឱ្យធ្វើមេចោរឯណា? បើវាមានលទ្ធភាពធ្វើជានាយករដ្ឋមន្ត្រី ឱ្យវាធ្វើទៅ! ហើយខ្ញុំបានបញ្ជាក់ហើយ បើសិនជាកូនខ្ញុំមិនគ្រប់លក្ខណៈសម្បត្តិក៏ខ្ញុំមិនគាំទ្រដែរ ហើយខ្ញុំមិនឱ្យប្រទេសនេះបំផ្លាញដោយស្នាដៃកូនរបស់ខ្ញុំទេ។ ឪពុកកសាង កូនប្រឹងបំផ្លាញ។ មិនមែនអ៊ីចឹងទេ អត់ទេ។ ហើយក៏មិនមែនកូនស៊ីកេររបស់ឪដែរ។ អាហ្នឹងជាការជោគជ័យ ជាការខិតខំ»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី លើកឡើងថា អ្នកនយោបាយកម្ពុជាទាំងអស់គួរតែបោះបង់ចោលគំនិតគុំកួនរឿងផ្ទាល់ខ្លួន ឬការជេរប្រមាថគ្នា ដោយត្រូវងាយមកគិតគូរពីប្រយោជន៍ជាតិជាធំ ទើបកម្ពុជាអាចឈានទៅរកភាពល្អប្រសើរ។
លោកប្រាប់វីអូអេថា៖ «ប្រទេសខ្មែរត្រូវការរកនូវឯកភាពជាតិដែលខ្មែររកមិនទាន់ឃើញ។ អ៊ីចឹងសម្រាប់នយោបាយប្រមាថនេះ វាអត់អាចឈានទៅរកការបង្រួបបង្រួមជាតិបានទេ។ ហើយសម្រាប់ខ្ញុំ ខ្ញុំគិតថា អ្នកនយោបាយខ្មែរគួរតែចាប់ផ្តើមនិយាយអំពីបន្ទាត់នយោបាយដែលក្រុម ឬបក្សនីមួយៗត្រូវធ្វើ ត្រូវនាំជាតិទៅកន្លែងណាវិញ ជាជាងរវល់មកធ្វើការគុំកួនលើរឿងផ្ទាល់ខ្លួន រៀងខ្លួន»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ កត់សម្គាល់ស្រដៀងគ្នានឹងលោក មាស នី ដែរ ថា អ្នកនយោបាយទាំងអស់គួរតែគិតគូរពីបញ្ហាប្រឈមដែលកើតឡើងក្នុងសង្គម និងត្រូវដោះស្រាយបញ្ហាទាំងនោះរួមគ្នា ជាជាងការយករឿងបុគ្គលមកហែកហួរ បង្អាប់ដៃគូប្រជែងនយោបាយដើម្បីប្រជាប្រិយភាពរបស់ខ្លួននោះ៕