ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន ម៉ាណែត​ ជួប​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋវៀតណាម​ដើម្បី​រឹត​ចំណង​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម


រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។ (
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។ (

លោក ​ហ៊ុន ម៉ាណែត ​កូនប្រុស​ច្បង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ បាន​បន្តជួប​មេដឹកនាំ​សំខាន់ៗ​របស់​រដ្ឋាភិបាលប្រទេស​វៀតណាម​ បន្ទាប់ពី​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ក្រុម​មេដឹកនាំ​យោធា​វៀត​ណាមនៅ​ក្នុង​ទីក្រុង​ហាណូយ។

ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា​ បាន​ផ្តើម​ធ្វើ​ទស្សនកិច្ច​យោធា​នៅ​ទីក្រុង​ហាណូយ​ គិត​ចាប់​តាំង​ពីថ្ងៃ​ចន្ទ​ ហើយ​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការពារ​ប្រទេស​របស់​វៀតណាម​ និង​ក្រុម​មន្ត្រី​យោធា​ថ្នាក់​ឧត្តម​សេនីយ៍​របស់​វៀតណាម​មួយ​ចំនួន​ទៀត​ផង។

កាល​ពីថ្ងៃ​អង្គារ ​លោក​ ហ៊ុន ម៉ាណែត​ ក៏​បានជួប​ពិភាក្សា​ទេ្វភាគី​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម​លោក ង្វៀន សួន​ហ្វុក (Nguyen Xuan Phuc)។ ក្នុងជំនួបនោះ លោក ង្វៀន សួនហ្វុក បាន​បង្ហាញ​ក្តីសង្ឃឹមថា​ ទស្សនកិច្ច​របស់​លោក​ ហ៊ុន ម៉ាណែត​ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ជោគ​ជ័យ​នៃចំណង​មិត្តភាព​រវាង​កម្ពុជា​និង​វៀតណាម នា​ឱកាស​ខួប​នៃ​ទំនាក់​ទំនង​ការទូត​ទ្វេភាគី​លើក​ទី ៥៥ របស់​ប្រទេស​ទាំង​ពីរ​ នៅ​ក្នុងឆ្នាំ​ ២០២២​ នេះ។ នេះបើតាម​ទីភ្នាក់​ងារព័ត៌មាន​វៀតណាម (Vietnam News Agency)។

ទីភ្នាក់​ងារ​ព័ត៌មាន​ដដែល​ឱ្យដឹង​ថា​ ក្រោយ​ជំនួប​ជាមួយ​ប្រធានរដ្ឋ​វៀតណាម​លោក ហ៊ុន ម៉ាណែត​ បាន​ជួប​ពិភាក្សាជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​ និង​ជាសមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​លោក​ Vo Van Thuong(វ៉ូ​ វ៉ាន់​ ធឿង)។ នៅ​ចំពោះ​មុខ​សម​ភាគី​របស់​លោក លោកហ៊ុន ម៉ាណែត បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ ដែល​ប្រទេស​ទាំងពីរ​បាន​ប្រារព្ធ​ខួប​លើកទី ៥៥ នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ផ្សេងៗ រួម​ទាំង​ពិធី​រំឭក​ខួបលើកទី​ ៤៥ នៃ​ដំណើរ​ប្រវត្តិសាស្ត្រ​របស់​នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន ដើម្បី​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ​ពត ​កាលពី​ថ្ងៃទី ២០​ ខែ​មិថុនា​ ឆ្នាំ​១៩៧៧។

​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​សមាជិក​របស់​គណបក្ស​ប្រជាជនកម្ពុជា​ដែល​ជា​គណបក្ស​គ្រប់​គ្រង​ប្រទេស​ សម្រេច​ជា​ឯកច្ឆន្ទ​ឱ្យ​ធ្វើ​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២១។ អ្នក​តាម​ដាន​សង្គម​កត់​សម្គាល់​ថា វត្តមាន​របស់​លោក ​ហ៊ុន ម៉ាណែត ​ក្នុង​ឋានៈ​ជា​នាយ​ទាហាន​កម្ពុជា​នៅ​វៀតណាម​ នឹង​ធ្វើ​ឱ្យ​លោក​រីក​មុខរីក​មាត់បន្ថែម​ទៀត​ និង​ជា​សញ្ញាណ​កាន់​តែ​ច្បាស់​ថា​ លោក​កំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ បន្ត​វេន​ពី​ឪពុក​របស់​លោក៕

XS
SM
MD
LG