ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​សង្គម៖ ទស្សនកិច្ច​លោក​ ហ៊ុន ម៉ាណែត ​នៅ​ហាណូយ​ជា​ការ​​​រឹត​ចំណង​​យោធា​ជាមួយ​វៀតណាម និង​ពង្រីក​សក្តានុពល​ជា​អ្នកបន្តវេន​


លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​និងប្រតិភូយោធាកម្ពុជា ក្នុង​កិច្ច​ប្រជុំជាមួយអនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/Hun Manet)
លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​និងប្រតិភូយោធាកម្ពុជា ក្នុង​កិច្ច​ប្រជុំជាមួយអនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/Hun Manet)

លោក ហ៊ុន ម៉ាណែត ​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​ ទី​ដែល​លោក​បាន​ជួប​ពិភាក្សា​ទេ្វភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម​លោក​ Phan ​Van ​Giang (ហ្វាន វ៉ាន់​ ហ្សាង)​ និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត ក្នុង​ជួរ​កង​ទ័ព​វៀតណាម ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការលើ​វិស័យ​យោធា​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

អ្នក​តាម​ដាន​សង្គម កត់​សម្គាល់​ថា វត្តមាន​របស់​លោក ​ហ៊ុន ម៉ាណែត ​ក្នុង​ឋានៈ​ជា​នាយ​ទាហានកម្ពុជា នឹង​ធ្វើ​ឱ្យ​លោក​រីក​មុខរីក​មាត់​នៅ​ចំពោះ​មុខក្រុម​មេដឹកនាំ​យោធា​វៀតណាម​ និង​ជា​សញ្ញាណ​កាន់​តែ​ច្បាស់​ថា​ លោក​កំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ បន្ត​ពី​ឪពុក​លោក​ផង​ដែរ បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​សមាជិក​របស់​គណបក្សប្រជាជន សម្រេច​ជាឯកច្ឆន្ទ​ឱ្យ​ធ្វើ​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ លោក វណ្ណ ​ប៊ុនណា​ យល់​ថា​ ដំណើរ​ទស្សនកិច្ច​កូន​ប្រុស​ច្បងរបស់​លោក ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​វៀតណាម​នេះ គឺ​ដើម្បី​រឹត​ចំណង​មិត្តភាព​ផ្នែក​យោធា។

មួយ​វិញ​ទៀត​ លោក​ជឿ​ថា​ ការ​បំពេញ​ទស្សនកិច្ច​យោធា​នេះបង្ហាញ​ឱ្យ​ឃើញ​ជា​តម្រុយ​កាន់​តែ​ច្បាស់​នៃ​ដំណើរផ្ទេរ​អំណាច​ និង​ការ​បង្កើត​ចំណង​មិត្ត​ភាព​រវាង​បុគ្គល​និង​បុគ្គល​ផង​ដែរ។

លោក​ វណ្ណ ប៊ុនណា បាន​ប្រាប់​វីអូអេ​ថា៖ «ជា​រួម​មក​ដល់​ពេលនេះ គឺ​ស្ថិត​ក្នុង​បរិយាកាស​ផ្ទេរ​អំណាច ​ដូច្នេះ​លោក ហ៊ុន ​ម៉ាណែត ​គាត់​ត្រូវ​បង្ហាញខ្លួន​ និយាយ​ជា​សាមញ្ញ​ធ្វើ​ឱ្យ​មេដឹកនាំ​បរទេស​ស្គាល់​គាត់​កាន់តែ​ច្រើន​ផង​ដែរ ដោយ​សារ​គាត់​ត្រូវ​ការ​ ទី១ ​ទាក់ទង​ប្រជាប្រិយ​ភាព​ក្នុង​ប្រទេស​ អ៊ីចឹង​ទេ​ នៅ​ក្នុង​ប្រទេស​គាត់​ទទួល​បាន​ប្រជាប្រិយភាព​គួរ​សម។ ដូច្នេះ​គាត់​ត្រូវ​ការ​ទទួល​ស្គាល់​ពី​បណ្តា​ប្រទេស​ មេដឹកនាំ អន្តរជាតិ​និង​ដៃគូ​ជា​មិត្ត​របស់​កម្ពុជា​ផងដែរ»។

ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត ​កំពុង​កាន់​តួនាទី​សំខាន់ៗមួយ​ចំនួន​ក្នុង​ជួរ​កងទ័ព​កម្ពុជា​ ក្នុង​នោះ​ជា​អគ្គមេបញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ និង​ជា​មេបញ្ជាការ​អង្គភាព​ប្រឆាំង​ភេរវកម្ម។ ក្រៅ​ពី​មាន​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​យោធា​ លោក​ ហ៊ុន ម៉ាណែត ក៏​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ស្ថិត​ក្នុង​តំណែង​ជិត​បួន​ទសវត្សរ៍ បាន​ប្រកាស​ជា​សាធារណៈម្តង​ហើយ​ម្តង​ទៀត​ថា ​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត​ នឹង​ក្លាយ​ជាបេក្ខភាព​នាយករដ្ឋមន្ត្រី។

នៅ​ក្រោយ​ការ​ប្រកាស​របស់​លោក ​ហ៊ុន សែន​ ជាបន្តបន្ទាប់​នោះ​មក​ លោក​ ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាពសកម្ម​ទាំង​ក្នុង​កិច្ច​ការ​សង្គម​ និង​នយោបាយ​ក្នុង​ស្រុក ​និង​ការ​បំពេញ​ទស្សនកិច្ចនៅ​ក្រៅ​ប្រទេស​ ដូច​តួ​យ៉ាង​ការ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ជប៉ុន ឥណ្ឌា​ និង​អូស្ត្រាលី​ជាដើម។

កំពុង​មាន​វត្តមាន​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​នា​សប្តាហ៍​នេះ​ លោក ហ៊ុន ម៉ាណែត ​បានឱ្យ​ដឹង​ថា ក្រៅ​ពី​ជំនួប​ទ្វេភាគី​ជាមួយរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម​ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​យោធា​ថ្នាក់ឧត្តមសេនីយ៍​មួយ​ចំនួន​ទៀត​ផងដែរ។

នៅ​ទី​ក្រុង​ហាណូយ​ដដែល លោក ​ហ៊ុន ម៉ាណែត​ បាន​ដឹកនាំ​គណៈ​ប្រតិភូ​យោធា​កម្ពុជា​ដាក់​កម្រង​ផ្កា​ និង​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​ ​ហូ ជីមិញ ​អតីត​រដ្ឋ​បុរស​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃចន្ទ។​ ហើយ​នៅថ្ងៃ​អង្គារ​នេះ​ លោក​ ហ៊ុន ម៉ាណែត​ បាន​ជួប​ពិភាក្សា​និង​ផ្លាស់​ប្តូរ​យោបល់​ជា​មួយ​លោក ប៉ុយ​ ក្វាងហ៊ុយ​ លេខា​អចិន្ត្រៃយ៍​និង​ជា​លេខា​ស្តីទី​ ទី ១​ នៃ​សហព័ន្ធ​យុវជន​ហូជីមិញ។ នេះបើ​តាម​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ហ៊ុន ម៉ាណែត។


បើ​តាម​សារ​មួយ​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​អម​ដោយ​រូប​ថត​មួយ​ចំនួន​នោះ​ លោក​ ហ៊ុន ម៉ាណែត​ បាន​ឱ្យ​ដឹង​អំពី​ជំនួប​របស់​លោក​កាលថ្ងៃ​ចន្ទ​ ទី​ ០៨ ​ខែ​សីហា ឆ្នាំ​ ២០២២ ​ជាមួយ​លោក Phan ​Van ​Giang ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណៈ​រដ្ឋសង្គមនិយម​វៀតណាម។

សារព័ត៌មាន​វៀតណាម​ Việt Nam News បាន​ឱ្យ​ដឹង​ថា​ ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណៈ​រដ្ឋសង្គមនិយម​វៀតណាម​លោក Phan ​Van ​Giang បាន​លើក​ឡើង​ថា​ ការ​ពង្រឹង​ឱ្យ​ខ្លាំង​ថែម​ទៀត​នៃ​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំង​ពីរ​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ចំពោះ​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ទាំងពីរ។ លោក​បាន​អះអាង​ថា​ វៀតណាម​ជានិច្ច​កាល​រក្សា និង​ចង​ចាំ​នូវ​ការ​គាំទ្រ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​ក្នុង​អំឡុង​ការ​តស៊ូ​រំដោះ​ជាតិ​ពី​របប​ខ្មែរក្រហម​ ក៏​ដូច​ជា​បុព្វ​ហេតុ​នៃ​កសាង​និង​ការពារ​ជាតិ​នា​ពេល​បច្ចុប្បន្ន។

នាពេល​កន្លង​មក ភាគី​វៀតណាម​ និង​កម្ពុជា​ បាន​សម្រប​សម្រួល​រៀបចំ​ព្រឹត្តិការណ៍​នយោបាយ និង​ការទូត ជា​ពិសេស​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​កម្ពុជា​របស់​លោក ប្រធាន​រដ្ឋ​វៀតណាម ​ង្វៀន សួនហ្វុក​ (Nguyễn Xuân Phúc) និង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​របស់​ឧប​នាយក​រដ្ឋមន្ត្រី​លោកស្រី ម៉ែន សំអន ក្នុង​ឱកាស​ខួប​លើក​ទី ៥៥ នៃ​ការ​បង្កើត​ចំណង​ការទូត​ទ្វេភាគី​និង​កិច្ចការ​ផ្សេងៗ​ទៀត។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​វៀតណាម​ Việt Nam News ចេញផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

​បើ​គិត​ចាប់តាំង​ពី​ដើមឆ្នាំ​មក​ដល់​បច្ចុប្បន្ននេះ លោក ​ហ៊ុន ម៉ាណែត ​បាន​ធ្វើ​សកម្ម​ភាព​ជា​ច្រើនទាំង​ក្នុង​ជួរបក្ស​កាន់​អំណាច កិច្ច​ការ​ទូត​ និង​បង្កើន​សហប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​នានា។

អ្នកវិភាគ​នយោបាយ​លោក​ សេង​ សារី កត់​សម្គាល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ប្រើប្រាស់​ឱកាស​ដែល​គ្មាន​គូ​ប្រជែង​នយោបាយ​មោះ​មុត​ក្នុង​ប្រទេស​ និង​ស្ថានភាព​អំណោយ​ផល​នៅ​ក្រៅប្រទេស​ ដែល​ញាំញី​ដោយ​វិបត្តិ​ធំៗ​មួយ​ចំនួន​ ដូច​ជា​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​និង​ ភាព​តានតឹង​នៅ​កោះ​តៃវ៉ាន់ ដើម្បី​សម្រួល​ឱ្យ​មាន​ការ​ផ្ទេរ​អំណាច​ពី​លោក ​ហ៊ុន សែន​ ទៅ​លោក​ ហ៊ុន ម៉ាណែត​ ដែល​គ្រួសារ​លោក​កំពុង​ក្តោបក្តាប់​អំណាច​សេដ្ឋកិច្ច​ និង​កម្លាំង​ទ័ពនៅ​កម្ពុជា​ផងដែរ។

រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២២ បង្ហាញពីកិច្ចប្រជុំទ្វេភាគីមួយរវាងលោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្និងប្រតិភូយោធាកម្ពុជា ជាមួយអនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ (ហ្វេសប៊ុក/Hun Manet)
រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២២ បង្ហាញពីកិច្ចប្រជុំទ្វេភាគីមួយរវាងលោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្និងប្រតិភូយោធាកម្ពុជា ជាមួយអនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ (ហ្វេសប៊ុក/Hun Manet)

លោក​ សេង សារី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «គណបក្ស​កាន់​អំណាច​ ឬ​គ្រួសារ​ត្រកូល​ ហ៊ុន គឺ​ក្តោប​ក្តាប់​សេដ្ឋកិច្ច។ អ៊ីចឹង​គាត់​មាន​ទាំង​កម្លាំង​សេដ្ឋកិច្ច ​កម្លាំង​ទ័ព​នៅ​ក្នុង​ដៃ។ គាត់​មាន​ឥទ្ធិពល​នយោបាយ​ទៅលើ​ស្ថាប័ន​ជាតិ​ទាំង​មូល​ រួមទាំង​ស្ថាប័ន​តុលាការ​ រួម​ទាំង​រដ្ឋ​សភា ជា​ពិសេស​ រដ្ឋ​សភា​ដែល​មាន​សមាជិក​មក​ពី​គណបក្ស​កាន់​អំណាច​ភាគ​ច្រើន​បំផុត។ អ៊ីចឹង​ ហើយ​អ្វី​ដែល​ងាយ​ស្រួល​ គឺ​កត្តា​ទាំង ​២ នឹង​មាន​ការ​ជំរុញ​ឱ្យមាន​ការ​ផ្ទេរ​អំណាច​ដោយ​ស្រួល»។

បើ​តាម​លោក​ សេង សារី​ គណបក្ស​ប្រជាជន​កម្ពុជានៅ​បន្ត​មាន​ឥទ្ធិពល​នយោបាយ​លើ​ស្ថាប័ន​ជាតិ​ទាំងមូល​ក្នុងប្រទេស​ ដែល​ជាហេតុ​នាំ​ឱ្យ​ការ​ឡើង​កាន់អំណាច​របស់​លោក ហ៊ុន ម៉ាណែត ​មាន​ភាព​ងាយស្រួល។ ក៏ប៉ុន្តែ​លោក​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុងប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ គឺ​កម្លាំង​គាំទ្រ​ពី​មហាជន​ ដែល​មិន​ទាន់​ផ្តល់​សេចក្តី​ទុកចិត្ត​ទាំង​ស្រុង​លើ​គណបក្ស​នេះ​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា គណ​បក្ស​ប្រជាជន​កម្ពុជា ​ក៏​មាន​បញ្ហា​ផ្ទៃ​ក្នុង​ផង​ដែរ ប៉ុន្តែ​គណបក្ស​នេះ​មាន​លទ្ធភាពគ្រប់​គ្រង​ស្ថានការណ៍​ផ្ទៃក្នុង​បាន​ ផ្ទុយពី​គណបក្ស​ជំទាស់។

លោក សេង សារី ថ្លែង​ថា៖ «រឿង​ផ្ទៃ​ក្នុង ខ្ញុំ​មើល​ទៅ​គណបក្ស​កាន់​អំណាច​ មាន​ការ​រៀប​ចំ​បាន​ល្អ​ណាស់។ ហើយ​ខ្ញុំ​គិត​ថា វា​ប្រាកដ​ណាស់​នៅ​ក្នុង​ផ្ទៃ ​ប្រាកដជា​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ហើយ​ ក៏​ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា ​គណ​បក្ស​កាន់​អំណាច​ជា​ទូទៅ​ហ្នឹង​ គឺ​តែង​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន»។

ជុំវិញ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន ម៉ាណែត ​នៅ​ប្រទេស​វៀតណាម​ លោក​សេង​ សារី​ ថ្លែង​ថា​ លោក ហ៊ុន ម៉ាណែត ​កំពុង​ក្លាយ​ជា​តួអង្គ​នយោបាយ​ថ្មី​មួយ​ដែល​នឹង​បន្ត​ដឹកនាំ​ប្រទេស​ពី​ឪពុក​របស់​លោក ​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ។

លោក​ថ្លែង​ថា៖ «​ហើយ​នឹង​រឿងធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​នេះ គឺ​គាត់​ចាប់​ផ្តើម​ចេញ​មុខ ដើម្បី​បង្ហាញតួ​អង្គ​ថ្មី។ ហើយ​សូម្បី​ថ្មីៗ ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) ក៏​គាំទ្រ​ទៅ​លើ​ការ​បន្ត​វេនហ្នឹងដែរ គាំទ្រ​លោក ហ៊ុន ម៉ាណែត ​ហ្នឹង​ដែរ។ ហើយ​វៀតណាម​ជា​ប្រទេស​ក្បែរ​ភូមិ​ផង​របង​ជាមួយ ហើយ​មាន​ឥទ្ធិពល​នយោបាយ​របស់​យើង ក៏​កម្ពុជាត្រូវ​បង្ហាញ​តួអង្គ​ថ្មី​នេះ​ដែរ»។

អ្នក​នាំ​ពាក្យ​គណ​បក្ស​គ្រប់​គ្រង​ប្រទេសលោក សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅកាន់​វៀតណាម​ ធ្វើឡើង​ក្នុង​ន័យ​បង្កើនទំនាក់ទំនង​ការងារ​យោធា​ធម្មតា​រវាង​ប្រទេស​និង​ប្រទេស​តែប៉ុណ្ណោះ មិន​មែន​ជា​ការ​បង្កើត​ទំនាក់ទំនង​បុគ្គល​នោះ​ទេ ព្រោះលោក​ ហ៊ុន ម៉ាណែត មិន​ទាន់​បាន​បំពេញ​លក្ខ​ខណ្ឌ​ដែល​អាច​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ លុះ​ត្រា​តែ​លោកជាប់​ជា​តំណាង​រាស្ត្រ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ។

លោក សុខ ឥសាន ថ្លែងថា៖ «ដឹង​ថា ​គាត់​ជា​មេទ័ព​ ​អ៊ីចឹង​ទេ ​រឿង​មេទ័ព​ជួប​មេ​ទ័ព​ប្រទេស​ជិត​ខាង ប្រទេស​ជា​មិត្ត​ជា​រឿង​ធម្មតា។ ធ្វើ​ការ​តែងតែ​មាន​ទំនាក់​ទំនង​ពហុភាគី​ ទំនាក់​ទំនង​ទ្វេភាគី​ដើម្បី​រឹតចំណង​សាមគ្គីភាព សហ​ប្រតិបត្តិ​ការ​លើ​ការងារ​កង​ទ័ព។ អាហ្នឹង​វា​ជា​រឿង​ធម្មតា​តើ ​ម្តង​យើង​ទៅ​គេ ម្តង​គេ​មក​យើង។ វា​មាន​រឿង​អ្វី​ចម្លែក»។​

នៅ​ក្នុង​សន្និបាត​វិសាមញ្ញ​របស់​គណៈ​កម្មាធិការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ និងបញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​ ១៧ ខែ​កក្កដា ឆ្នាំ​ ២០២២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ លោក​នៅ​បន្ត​ឈរ​ឈ្មោះ​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ ​ចំណែក​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី​សម្រាប់​គណបក្ស​កាន់​អំណាច​នេះ»។

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​ពីអ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​នាយ​ឧត្តម​សេនីយ៍​ ឈុំ សុជាត​ ទាំង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ និង​តេឡេក្រាម​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា ​លោក ហ៊ុន ម៉ាណែត ​បាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យ​សភា​យោធា​អាមេរិក West Point និង​បាន​បញ្ចប់​ការ​សិក្សាថា្នក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​សេដ្ឋកិច្ច​នៅ​ទីក្រុង​ New York និង​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច​នៅ​ចក្រភព​អង់គ្លេស៕

XS
SM
MD
LG