ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី


រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​បន្ត​ឈរ​ឈ្មោះ​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ ចំណែក​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​បេក្ខភាព​អនាគត​នាយករដ្ឋ​រដ្ឋមន្ត្រី​សម្រាប់​គណបក្ស​កាន់​អំណាច​នេះ។ នេះ​ជា​ការ​ប្រកាស​សា​ជា​ថ្មី​នៅ​ក្នុង​សន្និបាត​វិសាមញ្ញ​របស់​គណៈ​កម្មាធិការ​កណ្តាលគណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ ហើយ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​អំពី​លទ្ធផល​នៃ​មហា​សន្និបាត​វិសាមញ្ញ គណបក្ស​កាន់​អំណាច​បាន​ប្រកាស​សម្រេច​ឯក​ច្ឆន្ទ​ជា​ផ្លូវ​ការ​តែង​តាំង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ជា​បេក្ខ​ភាព​អនាគត​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​មិន​បាន​បញ្ជាក់​អាណត្តិ​ណា​ឡើយ។ អង្គ​សន្និបាត​បន្ថែម​ថា ​លោក ហ៊ុន សែន នឹង​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

លទ្ធផល​នៃ​អង្គ​សន្និបាត​ឱ្យ​ដឹង​ក្នុង​ន័យ​ដើម​ថា​៖ «អង្គ​សន្និបាត​បញ្ជាក់​ជា​ឱឡារិក​នូវ​ការ​គាំ​ទ្រ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន​ ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​នីតិ​កាល​ទី​៧​នៃ​រដ្ឋសភា​ និង​គាំទ្រ​ឯក​ឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ពេល​អនា​គត»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា ប្រាប់​វី​អូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​លោក ហ៊ុន ម៉ាណែត​ ត្រូវ​បាន​សមាជិក​របស់​គណបក្សនេះ​បាន​សម្រេច​ឯ​កច្ឆន្ទ​គ្នា​ឱ្យ​ធ្វើ​ជា​បេក្ខ​ភាព​អនាគត​នាយក​រដ្ឋមន្ត្រី តាំង​ពី​សមាជ​របស់​គណបក្ស​ឆ្នាំ​២០២១។ លោក​បន្ថែម​ថា ​សមាជ​ចុង​ក្រោយ​នេះ គ្រាន់​តែ​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់​សាធារណជន និង​បញ្ជាក់​ពី​គោល​ជំហរ​របស់​គណបក្ស​ម្តង​ទៀត​ប៉ុណ្ណោះ​អំពី​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង បាន​ថ្លែង​ថា​ លោក ហ៊ុន សែន មាន​គម្រោង​ឱ្យ​កូន​ប្រុស​ច្បង​បន្ត​តំណែង​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី នៅ​ពេល​លោក​លាលែង​ពី​តំណែង​នា​ពេល​ណា​មួយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣។ លោក​បន្ថែម​ថា ​ប្រសិន​បើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រីនា​ពេល​នេះ វា​អាច​មាន​ការ​ជំទាស់​ពី​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច។

បើ​តាម​លោក សម រង្ស៊ី ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​អនុញ្ញាត​ឱ្យ​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាងគេក្នុង​រដ្ឋសភា ស្នើ​ព្រះ​មហាក្សត្រ​នូវ​វរជន​មួយ​រូប​ជា​នាយករដ្ឋមន្ត្រី ដោយ​លុប​ចោល​ឃ្លា​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​ពី​ប្រធាន ដោយ​មាន​មតិ​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ក៏​ជា​គោល​បំណង​នៃ​ការ​សម្រួល​ការ​តែង​តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី នៅ​ពេល​ណា​មួយ។

លោក សម រង្ស៊ី ថ្លែង​ថា៖ «គឺ​ពេល​ហ្នឹង គាត់​ប្រុង​ថា​គាត់​នឹង​លាលែង លាលែង​ឱ្យ​កូន​គាត់ ហើយ​គាត់​ចង់​ឱ្យ​កូន​គាត់​ឡើង​មក​ធ្វើ​នាយក​រដ្ឋមន្ត្រី​ជំនួស​គាត់។ តែ​បើ​ទុក​រដ្ឋធម្មនុញ្ញ​ចាស់​ទៅ​អត់​រួច​ទេ ឆ្លង​កាត់​សភា​ទៅ​អត់​រួច​ទេ អ៊ីចឹងគាត់​រំលង​រដ្ឋសភា។ គាត់​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ផង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង គាត់​នឹង​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​ផ្ទាល់​តែ​ម្តង​ថា​សុំ​អោយ​ហ៊ុន ម៉ាណែត ធ្វើ​នាយក​រដ្ឋមន្ត្រី​ជំនួស​គាត់»។

អ្នក​វិភាគ​នយោបាយ​ លោក​បណ្ឌិត មាស នី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ វា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​នោះ​ទេ​ចំពោះ​ការ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​សម្រេច​ឱ្យលោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី ហើយ​ថា​ គណបក្ស​កាន់អំណាចបាន​និង​កំពុង​រៀប​ចំ​កសាង​អ្នក​ដឹក​នាំ​ថ្មី​សម្រាប់​អនាគត​របស់​ពួក​គេ​ទាំង​ថ្នាក់​លើ​និង​ថ្នាក់​មូល​ដ្ឋាន។

អ្នក​វិភាគ​រូប​នេះ​អះ​អាង​ថា​លោក ហ៊ុន ម៉ាណែត មិន​ទាន់​មាន​គំនិត​ដឹក​នាំ​អ្វី​ថ្មី​នៅ​ឡើយ​ទេ ហើយ​កំពុង​តែ​កសាង​សមត្ថភាព​បន្ថែម​ ជា​ពិសេស​រៀន​សូត្រតាម​រយៈ​ការ​ដឹកនាំ​ពី​ឪពុក​របស់​លោក។

លោក​បណ្ឌិត មាស នី ថ្លែង​ថា​៖ «ហើយ​រឿង​ភាគ​ច្រើន​ដែល​យើ​ងមើល​ឃើញ​នោះ​ គឺ​ការ​រៀន​សូត្រ​បន្ត​ពី​ឪពុក​របស់​លោក​ ជា​ជាង​ការ​ផ្តើម​គំនិត​អ្វី​ថ្មីៗ។ នេះ​ជា​ការ​ដែល​យើង​មើល​ឃើញ​មក​ដល់​ពេល​នេះ»។

លោក មាស នី បន្ត​ថា​ នៅ​ពេល​ដែល​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ឈាន​មក​ដល់ វា​នឹង​មិន​មាន​អ្វី​ខុស​ប្លែក​គ្នា​ខ្លាំង​ពី​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន​ នោះ​ទេ ជា​ពិសេស​ពាក់​ព័ន្ធប្រជាធិបតេយ្យ​ និង​ទំនាក់​ទំនង​ការ​បរទេស​កម្ពុជា​ជាមួយ​នឹង​បណ្តា​ប្រទេស​មហា​អំណាច។ លោក​បញ្ជាក់​ថា ​អ្នក​ជំនាន់​ក្រោយ​ជា​ទូទៅ​ដើរ​តាម​ស្នាម​ជើង​របស់​អ្នក​ជំនាន់​មុន។

លោក មាស នី បញ្ជាក់​ថា​៖ «អ៊ីចឹង​មិន​អាច​និយាយ​បាន​ថា​ឱ្យ​តែ​អ្នក​រៀន​នៅ​បស្ចិម​ប្រទេស​ប្រាកដ​ជា​យក​ការ​ដឹក​នាំ​ពី​បស្ចិម​ប្រទេស ឬ​ក៏​យើង​ហៅ​ថា​នាំ​មក​នូវ​ប្រជា​ធិប​តេយ្យ សេរី​ភាព​គ្រប់​គ្រាន់​ យក​មក​ឱ្យ​ប្រទេស វា​មិន​ប្រាកដ​ទេ។ វា​អាស្រ័យ​លើ​ឧត្តម​គតិ និង​ភាព​ឆ្លាត​វ័យ​របស់​មេដឹក​នាំ​នីមួយៗ​ទេ។ យើង​ឃើញ​ហើយ​មេដឹកនាំ​ខ្លះ​រៀន​មក​ពី​បស្ចិម​ប្រទេស​ប៉ុន្តែ​ដល់​មក​ត្រូវ​តែ​ចូល​ក្នុង​រចនា​សម្ព័ន្ធ​ដែល​មាន​ស្រាប់»។

គួរ​បញ្ជាក់​ថា​ លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យ​សភា​យោធា​អាមេរិក West Point និង​មាន​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា។ ក្រៅ​ពី​មាន​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​យោធា​លោក​ ហ៊ុន ម៉ាណែត ក៏​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្ដាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០៕

XS
SM
MD
LG