ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត​ ច្រានចោល​ការផ្សាយ​របស់​កាសែត​ The Cambodia Daily ជុំវិញ​ការចោទប្រកាន់​ថា លោក​ជាប់ពាក់ព័ន្ធនឹង​ក្រុមរកស៊ី​ឈើខុសច្បាប់


រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។

កូនប្រុស​ច្បង​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ គឺ ​លោក ​ហ៊ុន ម៉ាណែត បាន​ច្រាន​ចោល​នូវការចេញផ្សាយ​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ឌឹ ខេមបូឌា ដេលី​ (The Cambodia Daily) ដែល​ថា​លោកជា​ «មេក្លោង»​ នៅពីក្រោយ​ឈ្មួញ​រក​ស៊ី​ឈើខុស​ច្បាប់​មួយ​ក្រុម​ក្នុងខេត្ត​ស្ទឹង​ត្រែង​ និងបាន​ទាមទារ​ឱ្យ​ស្ថាប័នព័ត៌​មាន​នោះ​បង្ហាញ​ភស្តុ​តាងឱ្យ​បាន​ជាក់​លាក់​ ដើម្បី​បញ្ចៀស​ការ​ភាន់​ច្រឡំ​ជា​សាធារណៈ​។

​ការ​ប្រតិ​កម្ម​យ៉ាងដូច្នេះ​របស់ លោក ​ហ៊ុន ម៉ាណែត​ ដែលជាមន្ត្រីយោធា​ជាន់ខ្ពស់​កម្ពុជា​ និង​ជា​អនាគត​បេក្ខជនសម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​ កើត​មាន​ឡើង​ក្រោយ​ការ​ផ្សាយ​របស់​កាសែត​ The Cambodia Daily កាល​ពី​ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោម​ចំណង​ថា៖« «សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ពី​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​ លោក ​ហ៊ុន ម៉ាណែត»។

ការចុះ​ផ្សាយ​របស់សារព័ត៌មាន The Cambodia Daily តាម​ប្រព័ន្ធអនឡាញ​ គឺយោង​តាម​ប្រភពកាសែត​អន្តរជាតិ​មួយ​ឈ្មោះ​ថា​ Mongabay ដែលមាន​មូល​ដ្ឋាន​នៅ​ប្រទេស​អង់​គ្លេស​។

បើ​តាម ​លោក ហ៊ុន ម៉ាណែត​ កាសែត ​Mongabay បាន​លា​ត​ត្រ​ដាង​បុគ្គល​មួយចំនួន​ដែល​ពាក់​ព័ន្ធ​នឹងការ​រកស៊ី​ឈើខុស​ច្បាប់នោះ ហើយកាសែតដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​នោះ​បាន​បង្ហាញ​រូបថត​ពួករកស៊ី​ឈើ​ទាំងនោះជាមួយលោក​ ប៉ុន្តែ​សារព័ត៌មាន​អន្តរជាតិនោះមិន​បា​ន​លើកឡើង​ថាលោក​ជាមេក្លោងរកស៊ី​ឈើ​នោះ​ឡើយ​។

លោក​បញ្ជាក់ថា​៖ «ខ្ញុំសួរ​ Cambodia Daily តើមាន​ភស្តុ​តា​ងកន្លែងណា​ដែលលោក​ឯង​ថាកាសែតសារព័ត៌មាន Mongabay ហ្នឹង បង្ហាញ​ខ្ញុំមក​នៅក្នុងអត្ថបទហ្នឹង ស្ក្រ៊ីន​ស៊ត់​ឱ្យ​ខ្ញុំ​មក​ ថាតើ​នៅទំព័រ​ទី​ប៉ុន្មាន ដែល​សារព័ត៌មាន​ហ្នឹង​ថា ហ៊ុន ម៉ាណែត ជាមេក្លោង​នៃបណ្តាញកាប់​ឈើខុស​ច្បាប់​នៅ​កម្ពុជា​ដូចCambodia Daily បាន​និយាយ​»។

លោក​ ហ៊ុន ម៉ាណែត បន្ថែម​ថា៖ «បង្ហាញខ្ញុំមក​ ព្រោះ​សារព័ត៌មានហ្នឹង​គេអត់មាន​សរសេរអី​ចោទថា​ខ្ញុំជាមេក្រុម​ទេ​។ អ៊ីចឹង​សួរ​ថា​សារព័ត៌មាន ​Cambodia Daily ថា​យក​សារព័ត៌មានដែល​ចុះ ខ្ញុំ​មើល​ទៅ​វា​អត់​មាន​។ អ៊ី​ចឹង​តើ​ Cambodia Daily យក​ភស្តុតាង​មក​ពី​ណា​ ហើយ​ចោទ​ប្រកាន់ខ្ញុំ?»។

វីអូអេ​ព្យាយាម​សុំការអត្ថាធិប្បាយ​ពី លោក តាំង​ សារ៉ាដា​ អ្នកសារព័ត៌មាន​របស់​កាសែត​ The Cambodia Daily ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក ​តែលោក​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​តាមប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក។

អ្នក​ជំនាញផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មានថា ​គោលការណ៍​នៃ​ការរាយការណ៍ព័ត៌មាន​គឺត្រូវពឹងផ្អែក​លើប្រភព​ច្បាស់លាស់​ និងមាន​ការត្រួតពិនិត្យឱ្យបាន​ត្រឹម​ត្រូវ ជា​ពិសេស​ព័ត៌មាន​ណា​ដែល​មានលក្ខណៈរសើប​។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក ណុប វី នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា លើកឡើង​ថា​ មុន​នឹងចុះផ្សាយ​ព័ត៌មាន​ណាមួយ អ្នក​សារព័ត៌មាន​ត្រូវ​តែ​ទាក់​ទងភាគីពាក់ព័ន្ធទាំង​អស់​ដើម្បី​ទទួល​បានការ​ពន្យល់​ក៏ដូច​ជាបកស្រាយ​ ដើម្បី​កុំ​ឱ្យមានការភាន់ច្រឡំ​។

លោក​បញ្ជាក់ថា​៖ «ខ្ញុំចង់ឃើញ​អ្នកសារព័ត៌មាន​យើង​អនុវត្ត​នៅ​ក្នុង​គោល​ការណ៍​ក្របខណ្ឌ​វិជ្ជាជីវៈ​បាន​កាន់​តែ​ច្បាស់លាស់ កាន់​តែ​សុក្រឹត​ត្រឹម​ត្រូវ​ ដើម្បីយើ​ង​ធ្វើ យ៉ាង​ម៉េចក៏​ដោយ​ធានាអ្វី​ដែលយើ​ងបាន​ផ្សព្វផ្សាយ អ្វីដែល​យើង​បាន​សរសេរ​នៅ​ក្នុង​ព័ត៌​មាន​របស់​យើង​ គឺថាមិនមាន​ធ្វើ​ឱ្យប៉ះពាល់​ទៅ​ដល់​នរណា​មួយដោ​យ​មិន​មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់ ដោយមិន​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​»។

​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់វី​អូអេ​តាមប្រព័ន្ធ​តេឡេ​ក្រាម​ថា​ ក្រសួង​គាំទ្រនូវ​ការលើកឡើង​របស់ លោក​ ហ៊ុន ម៉ាណែត ដែល​ទាមទារឱ្យ​សារព័ត៌​មាន​ The Cambodia Daily បង្ហាញ​ភស្តុតាង និងបញ្ជាក់​ពីភាព​ត្រឹមត្រូវ​នៃការ​ធ្វើ​សេច​ក្តីរាយការណ៍របស់​ខ្លួន។

បើ​តាម​អ្នក​នាំពាក្យ​រូបនេះ​ សារព័ត៌មាន​នេះ​មិនមែន​ជា​ស្ថាប័ន​ដែល​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជី​វៈ និង​គោរព​ទៅ​តាម​ក្រមសីលធម៌​របស់​អ្នក​សារព័ត៌មាន​ឡើយ​ ខណៈថា​សារព័ត៌មាន​ The Cambodia Daily ដែលផ្សាយ​ជា​ប្រចាំ​ថ្ងៃ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ពីក្រៅប្រទេស​មកនោះ គ្រាន់តែជា​«ឧបករណ៍​ឃោសនា»ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «សារព័ត៌មាន​មួយ​ដែល​ទទួល​បាន​ការ​ជឿជាក់​គឺ​ជា​សារ​ព័ត៌​មាន​ដែល​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត ​មានប្រភព​ច្បា​ស់​លាស់ និង​គ្រប់​ជ្រុង ជ្រោ​យ ​ព្រម​ទាំង​ត្រូវ​គោរព​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ការ​ទទួល​ខុសត្រូវខ្ពស់​តាម​ក្រម​សីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន ​មិន​មែន​ជា​សារព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន ប្រតិដ្ឋ ​បំភ្លៃខុស​ពី​ការ​ពិត​នោះ​ទេ»។

ក្រៅ​ពី​ការ​ចេញ​ផ្សាយ​អត្ថបទព័ត៌មាន​ដែល​និយាយ​ពីបុគ្គល​មាន​អំណាច​ និងឥទ្ធិពល​នៅកម្ពុជា​ដូចជា លោក ហ៊ុន​ ម៉ាណែត នោះ កាសែត​ The Cambodia Daily​ ក៏ធ្លាប់​បាន​ចេញផ្សាយ​សេចក្តីរាយការណ៍ អំពី​បុគ្គល​មាន​ទ្រព្យស្តុកស្តម្ភ​នៅកម្ពុជា ក្នុង​នោះ​គឺ​មាន​ លោក​ ឡេង​ ណាវ៉ាត្រា ដែល​ជា​អ្នក​ជំនួញ​វ័យក្មេង​លេចធ្លោមួយរូប​ក្នុងវិស័យ​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា​។

កាលពីខែកុម្ភៈ​ ឆ្នាំ​២០២៣ ​នេះ ​លោក ឡេង​ ណាវ៉ាត្រា​ ដែលមាន​ងារ​ជា ​ឧកញ៉ា​ផង​នោះ បានច្រានចោល​ការ​ចេញផ្សាយដំណឹង​របស់​កាសែត The Cambodia Daily ក្រោម​ចំណងជើង​ថា​ តើអ្នកឧញ៉ា ឡេង​ ណាវ៉ាត្រា ជាអ្នកណា? ដោយ​បាន​លើកឡើង​អំពី​មន្ទិល​សង្ស័យថា​ ឧកញ៉ា ឡេង​ ណាវ៉ាត្រា កំពុង​ធ្វើសកម្មភាព​លាងលុយ​កខ្វក់​ឱ្យ​អ្នក​មានអំណាច​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ត្រកូល​ហ៊ុន។

លោក ឡេង​ ណាវ៉ាត់ត្រា​ បានចាត់ទុក​ថា​ ការផ្សាយ​នោះមិន​ពិត​ និងការពារ​ខ្លួន​ថា​ លោកមិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​លាងលុយ​កខ្វក់​នោះ​ឡើយ៕

XS
SM
MD
LG