លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសច្បងរបស់លោកគឺលោកហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន នៅថ្ងៃព្រហស្បតិ៍នេះ បានចេញដំណើរទៅកាន់ប្រទេសចិន ដោយរំពឹងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងទទួលបានជំនួយថ្មីៗបន្ថែមទៀតពីប្រទេសមហាអំណាចមួយនេះ។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត និងកូនប្រុសម្នាក់ទៀតគឺលោក ហ៊ុន ម៉ានី ជាតំណាងរាស្រ្តមួយរូប ទៅជាមួយផងដែរ។
ក្រៅពីកូនប្រុសរបស់នាយករដ្ឋមន្រ្តី ក៏មានរដ្ឋមន្រ្តីផ្សេងទៀតអមដំណើរផងដែរ រួមមានលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងជួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជានស៊ូ ប្រធានសភាចិនផងដែរ។ ក្រៅពីនេះលោកក៏នឹងជួបជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនដើម្បីពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលជា«មិត្តដែកថែប»នឹងគ្នា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់សាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខនឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនដើម្បីផលប្រយោជន៍ទៅវិញទៅមក»។
លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប្រាប់អ្នកសារព័ត៌មានមុនពេលចេញដំណើរទៅប្រទេសចិនថា ឯកសារប្រមាណ១២នឹងត្រូវចុះហត្ថលេខា ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទាំងខាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងវិស័យមួយចំនួនទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ AKP។ លោកបន្ថែមថា នឹងមានការផ្ដល់ហិរញ្ញប្បទានពីប្រទេសចិន ក្នុងនោះក៏មានជាជំនួយឥតសំណង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀត។
បំណុលដែលកម្ពុជាជំពាក់បរទេសកើនដល់ជិត១០ពាន់លានដុល្លារ ហើយ ៤១% ជាបំណុលជំពាក់រដ្ឋាភិបាលចិន។ នេះបើតាមទិន្នន័យផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២២។
លោក លឹម ឆាយ ប្រធានគ្រប់គ្រងកម្មវិធីនយោបាយការបរទេសនៃមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំនៅកម្ពុជា (Konrad-Adenauer-Stiftung Cambodia) ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចនេះមិនគួរឱ្យភ្ញាក់ផ្អើល ឬក៏ថ្មីឡើយ ដោយសារតែកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន។ លោកបន្ថែមថា កម្ពុជារំពឹងថានឹងទទួលបានការផ្តល់ហិរញ្ញប្បទានពីចិនដើម្បីមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «បើផ្ដល់ជាទម្រង់កម្ចី ខ្ញុំមិនសូវសុទិដ្ឋិនិយមលើការគ្រប់គ្រងបំណុលកញ្ចប់ថ្មីនេះទេ បូករួមជាមួយនឹងបំណុលចាស់ដែលកម្ពុជាកំពុងមានស្រាប់»។
លោកបន្តថា ការយកលោក ហ៊ុន ម៉ាណែត ទៅជាមួយ វាពាក់ព័ន្ធជាមួយផែនការដាក់កូនប្រុសជាបេក្ខជននាយករដ្ឋមន្ត្រី ដោយហេតុថា ផែនការនេះវាត្រូវការភាពស្របច្បាប់ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិដើម្បីរក្សាចំណងការទូតល្អជាមួយបណ្តាប្រទេសមហាអំណាច បើទោះបីជាមានការផ្លាស់ប្ដូរបុគ្គលដឹកនាំក៏ដោយ។
កាលពីខែមករា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចទៅប្រទេសចិនលើកនេះនឹងសំឡឹងមើលហិរញ្ញប្បទានជាង៤.០០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃ ដែលជាតំបន់រីកចម្រើនសេដ្ឋកិច្ច និងកាស៊ីណូ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ហិរញ្ញប្បទានផ្លូវដែកល្បឿនលឿននេះជាការវិនិយោគក្នុងរូបភាពនៃកិច្ចព្រមព្រៀង BOT (Build Operate Transfer) ដែលមានន័យថា «កសាង ប្រតិបត្តិ និងផ្ទេរ»។ ក្នុងន័យនេះ ហិរញ្ញប្បទានពីចិនត្រូវទូទាត់សងវិញតាមរយៈចំណូលដែលរកបានពីគម្រោងមួយនេះ មុនពេលក្រុមហ៊ុនវិនិយោគផ្ទេរការគ្រប់គ្រងឱ្យកម្ពុជា។ រដ្ឋាភិបាលកម្ពុជាហៅការផ្ដល់ហិរញ្ញប្បទានទម្រង់នេះថា«ការវិនិយោគ»។
ទោះជាយ៉ាងណា កម្ចីរបស់ចិនបានក្លាយជាចំណុចក្តៅចុងក្រោយនៃការពិភាក្សាលើគម្រោងក្រវាត់ពាណិជ្ជកម្មចិន ឬ Belt and Road Initiative (BRI) ដែលអ្នកតាមដានអះអាងថា អាចជាអន្ទាក់សម្រាប់ប្រទេសផ្សេងៗដើរតាមអ្វីដែលចិនចង់បាន ជាពិសេសប្រសិនបើការសងត្រឡប់វិញមិនអាចទៅរួច ដូចការរំពឹងទុក។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា កត់សម្គាល់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលនេះធ្វើឡើងស្របពេលខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសគ្រាការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាចង់បានការគាំទ្រពីរដ្ឋាភិបាលចិន ប្រសិនជាការបោះឆ្នោតនាពេលខាងមុខអាចមានហេតុភេទណាមួយកើតឡើងដោយនឹកស្មានមិនដល់ និងថា បើសិនជាមានការដាក់ទណ្ឌកម្ម ឬក៏សម្ពាធពីលោកខាងលិច ដូច្នេះប្រទេសចិនអាចជួយធ្វើអន្តរាគមន៍បាន។
អ្នកស្រាវជ្រាវរូបនេះបន្តថា រដ្ឋាភិបាលកម្ពុជាក៏ចង់បញ្ជាក់សាជាថ្មីដែរថា តើចិននឹងគាំទ្រអ្នកជំនាន់ក្រោយរបស់ខ្លួន ឬអត់ បើសិនជាមានការផ្ទេរអំណាចពិតមែន ព្រោះការគាំទ្ររបស់ចិនពិតជាមានឥទ្ធិពលដែលធ្វើឱ្យមានស្ថិរភាពនយោបាយ។
លោកបញ្ជាក់ថា៖ «ដូច្នេះវាជាកាលៈទេសៈមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសគណបក្សកាន់អំណាចចង់បានការគាំទ្រពីចិនទៅលើផ្នែកនយោបាយហ្នឹង ជាពិសេសមែនទែន នៅមុនពេលការបោះឆ្នោត និងក្រោយការបោះឆ្នោត ក្នុងករណី បើសិនជាមានការផ្ទេរអំណាចទៅដល់កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី»។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានសរសើរជំនួយរបស់ចិនថា មិនមានការភ្ជាប់លក្ខខណ្ឌអ្វីឡើយដល់រដ្ឋាភិបាលរបស់លោក ខណៈទំនាក់ទំនងជាមួយប្រទេសលោកខាងលិចបានធ្លាក់ចុះកាន់តែខ្លាំង ក្រោយមានការបង្រ្កាបនយោបាយលើក្រុមប្រឆាំង និងការប្រើប្រាស់វិធានការផ្លូវច្បាប់លើគណបក្សប្រឆាំង៕