ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ទទូច​ឱ្យ​បក្ស​ប្រឆាំង​​ប្រជែង​តែ​លើ​គោលនយោបាយ ហើយ​បញ្ឈប់​ការលាប​ពណ៌


រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។

លោក​ ហ៊ុន ម៉ាណែត ​មេបញ្ជាការ​កងទ័ព​ជើងគោក​របស់​កម្ពុជា​ និង​ជា​កូន​ប្រុសច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ស្នើ​មេដឹនាំ​គណបក្ស​ប្រឆាំង​មួយរូប​គឺលោក ​ថាច់ សេដ្ឋា​ ឱ្យឈប់​ប្រើ​ប្រាស់​នយោបាយ​លាបពណ៌​គ្នា និង​វាយប្រហារ​បក្ស​ដទៃដើម្បី​ផលប្រយោជន៍​ខ្លួន​ឯង។

ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ​យ៉ាង​ដូច្នេះ​ កើតមាន​ឡើង​ក្រោយ​ជំនួប​មួយ​រវាង​លោក​ និង​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក ​ថាច់ សេដ្ឋា​ ក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​អង្គភាព​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ Fresh News​ កាល​ពី​ថ្ងៃទី​២៣ ខែ​មករា​។ ​

បើ​តាម​ខ្សែ​អាត់​វីដេអូ​មួយ​ដែលមាន​រយៈពេល​ជិត​២នាទី​ លោក​ ហ៊ុន ម៉ាណែត​ ថ្លែង​ថា​ ក្នុង​ជំនួប​ជាមួយ​លោក​ ថាច់​ សេដ្ឋា នៅ​សណ្ឋាគារ​មួយ​ក្នុងទីក្រុង​ភ្នំពេញ​ លោក​បាន​ប្រាប់អនុប្រធាន​គណបក្ស​ប្រឆាំងរូបនោះ​ថា​ បក្ស​ប្រឆាំង​គួរ​បញ្ឈប់​យុទ្ធនាការ​ជេរ​ប្រមាថ ដើម្បីផល​ប្រយោជន៍​នយោបាយ​ ហើយ​បែរ​មក​និយាយតែពី​គោល​នយោ​បាយ​ ដើម្បី​ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។

​លោកបាន​បញ្ជាក់​ថា «ខ្ញុំ​ប្រាប់​គាត់​ថា ឯកឧត្តម​យើង​ល្មម​ដល់​ពេល​ហើយ​ បក្ស​ប្រឆាំង​គួរ​និយាយ​តែ​នយោ​បាយ​ខ្លួនឯង​ទៅ អា​យុទ្ធនា​ការ​វ៉ៃ​គេ​ដើម្បី​បាន​ផល​ប្រយោជ​ន៍ គួរ​តែ​និយាយ​ពីគោលនយោ​បាយ​ ហើយ​ធ្វើ​ កុំ​នាំ​រឿង​ បើ​អតីត​មេគាត់​នៅ​ក្រៅ​ប្រទេ​ស​ គាត់​ធ្វើ​តែ​យុទ្ធនា​ការ​ជេរ ​លាប​ពណ៌ ប្រឆាំង​ពូជ​សាស​ន៍...ដើម្បី​បង្កើត​កំហឹង​»​។​

បើ​តាម​លោក ហ៊ុន ម៉ាណែត​ គណបក្ស​កាន់អំណាច​ចង់មាន​វប្បធម៌​សន្ទនា​ ប៉ុន្តែ​លោក​ថា​មិន​អាច​មាន​វប្បធម៌​នេះជា​មួយ​គណ​បក្ស​ប្រ​ឆាំងបានឡើយ​ ដោយ​សារ​តែ​ពួក​គេ​ប្រើ​ប្រាស់​ពាក្យ​ជេរ​ប្រទេច​ និង​ការ​លាប​ព​ណ៌។

​ការអត្ថាធិប្បាយ​របស់​លោក​ ហ៊ុន ម៉ាណែត​ ដែល​ជា​នាយទាហាន​មួយរូប​ និង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជនកម្ពុជា​សម្រាប់​ពេល​អនាគត​ ធ្វើ​ឡើង​ក្រោយ​មានការ​ចាប់​ខ្លួនលោក ​ថាច់ សេដ្ឋា ​ពាក់ព័ន្ធ​ជាមួយ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ ហើយ​បច្ចុប្បន្ន​លោក​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធនាគារព្រៃសដើម្បី​បន្ត​សួរ​យក​ចម្លើយ។

វីអូអេ​មិន​ទាន់​អាចទាក់​ទងសុំការ​អត្ថា​ធិប្បាយ​ពី​លោក​ សុន ឆ័យ​ អនុប្រធាន​គណបក្ស​ភ្លើងទៀន​បាន​នៅ​ឡើយ​ទេ​។ វីអូអេ​ក៏មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​អគ្គលេខាធិការ​នៃ​គណបក្ស​ភ្លើង​ទៀន ​លោក លី សុទ្ធារ៉ាយុត្តិ​ បាន​ដែរគិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ​។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​នៅ​ថ្ងៃអ​ង្គារ​នេះ​ថា ការ​រិះ​គន់​របស់​គណបក្ស​ប្រឆាំង​ទៅលើភាព​អសកម្ម​របស់​គណបក្ស​កាន់​អំណាច​ ដែលនាំឲ្យ​មានការ ប្តឹងផ្តល់​ទៅ​តុលាការនោះ​ កំពុង​ធ្វើឱ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជាឡើង​កម្តៅ​កាន់​តែ​ខ្លាំង។

បើ​តាម​សាស្ត្រាចារ្យ​រូប​នេះ​ ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​មិន​ទាន់​ឯករាជ្យ​នៅ​ឡើយ​ទេ​ ហេតុ​នេះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ប្រឈម​នឹង​ហានិភ័យ​តាម​វិធានការ​ច្បាប់​។

លោក​ថ្លែង​ថា​៖ «ដូច្នេះ​ធ្វើឱ្យគេហៅ​ថាអ្នក​ដែលធ្វើ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ក្រៅ​ពី​គណ​បក្ស​កាន់​អំណាច​អាច​ងាយ​រង​គ្រោះ ឬ​ក៏​មិន​អាច​ទទួល​បាន​នូវ​អត្ថ​ប្រ​យោជ​ន៍​នៃ​ការ​អនុវត្ត​ច្បាប់​ពេញ​លេញ​ដូច​អ្នក​អនុវត្ត ​ឬ​ក៏​អ្នក​ធ្វើ​នយោ​បាយ​នៅ​ក្នុង​គណ​បក្ស​កាន់​អំណា​ច​ទេ»។

លោក ​ឯម សុវណ្ណារ៉ា​ អះអាង​ថា ​ការ​លាបពណ៍​ និង​ប្រមាថ​គ្នា​ជា​លក្ខណៈ​បុគ្គល​របស់​អ្នកន​យោ​បាយ​មិន​មែន​ជា​ជម្រើស​ល្អសម្រាប់​ការ​ធ្វើ​នយោបាយ​ទេ​ ដោយសារ​តែ​ការ​ធ្វើបែប​នេះ​ នឹង​នាំឱ្យ​មានតែ​ភាព​បែក​បាក់​នៅ​ក្នុង​សង្គម។

សាស្ត្រាចារ្យរូបនេះ​បញ្ជាក់ថា​៖ «ក៏ប៉ុន្តែ​កាលណា​ជេរ​លក្ខណ​:បុគ្គល ​មិនមែន​ជា​អ្នក​នយោបាយ​ទេ ហើយ​យើ​ង​យក​វោហារ​សព្ទ​មក​លេង​ក្នុង​នយោបាយ​ វាមិន​បង្ហាញ​រូបភាព​ល្អ​ដល់​ប្រជា​ពលរដ្ឋ​សាមញ្ញ​ទូទៅ ហើយក៏វាមិន​អាច​រកផ្លូវ​សម្រាប់​ការផ្សះ​ផ្សារ​ជាតិ ​ឬ​ក៏​ស្រុះ​ស្រួល​គ្នា​បាន​ជា​ធ្លុង​មួយ​ទេ​។ វា​មាន​តែ​ជម្រុញ​ឲ្យ​ពលរដ្ឋ​និង​ជាតិ​សាសន៍​ហ្នឹង​មាន​ការ​បែកបាក់​ ឬក៏​ប្រេះស្រាំ​ទេ​»។

ក្នុង​ការ​អត្ថាធិប្បាយ​ដែល​បានលើក​ឡើង​ឈ្មោះ​លោក​ ថាច់ សេដ្ឋា ចំៗ​នោះ​ លោក ​ហ៊ុន ម៉ាណែត ​ថ្លែងថា​ វិធាន​ការ​ច្បាប់ជា​មធ្យោបាយ​សមស្រប​មួយ​ដើម្បី​កសាង​ទំនុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក ហើយ​បុគ្គល​រូបណា​ដែល​ជេរ​ហួស​ព្រំដែន​នឹង​ត្រូវ​ទទួល​ការ​ឆ្លើយ​តប​តាម​ផ្លូវ​ច្បាប់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​សប្តាហ៍​មុន​ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ព្រមាន​ប្តឹង​គណបក្ស​ជំទាស់​ភ្លើង​ទៀន​ ​ចំពោះ​ការចេញ​សេចក្តី​ថ្លែង​ការណ៍​ដោយចោទ​ថា​ គណបក្ស​កាន់​អំណាច​កំពុង​គាប​សង្កត់​គូ​ប្រជែង​របស់​ខ្លួន​។ ក្រោយ​ការ​ព្រមាន​យ៉ាង​ដូច្នេះ គណបក្ស​ភ្លើង​ទៀន​ បាន​ដក​សេចក្តី​ថ្លែង​ការណ៍​នោះ​ចេញពី​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​។ ទោះ​ជាយ៉ាង​ណាក្តី គណបក្ស​ប្រជាជន​កម្ពុជាអះអាង​ថា​ គណបក្ស​ភ្លើង​ទៀន​អាច​នឹង​ប្រឈម​មុខ​ការ​ប្តឹងផ្តល់​ទៅ​តុលាការ​ បើ​គណបក្ស​ជំទាស់​មួយ​នេះ​ មិន​ធ្វើ​ការ​សុំទោស​គណបក្ស​កាន់​អំណាច​ជា​សាធារណៈ​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG