ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្រុង​ហុងកុង​ភ័យ​ខ្លាច​ច្បាប់​ថ្មី​អាច​បង្ក​បញ្ហា​ដល់​ការងារររបស់​ពួក​គេ


មន្ត្រី​ចិន​កំពុង​ឆ្លើយ​នឹង​សំណួរ​អំពី​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​ប្រទេស​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅវិមាន Great Hall of the People នៅទីក្រុង​ប៉េកាំង កាល​ពី​ចុងខែ​មេសា ឆ្នាំ២០១៦។
មន្ត្រី​ចិន​កំពុង​ឆ្លើយ​នឹង​សំណួរ​អំពី​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​ប្រទេស​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅវិមាន Great Hall of the People នៅទីក្រុង​ប៉េកាំង កាល​ពី​ចុងខែ​មេសា ឆ្នាំ២០១៦។

លោក ​Jason Chan ​បាន​មាន​ប្រសាសន៍​ថា ​គាត់​នៅ​តែ​មាន​សំណួរ​ច្រើន​ជាង​ចម្លើយ​ជុំ​វិញ​បញ្ហា​​​ច្បាប់​អង្គការ​ថ្មី​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ អង្គការ​ជា​ច្រើន​ត្រូវ​បាន​រឹតបន្តឹង​ដោយ​ច្បាប់​ថ្មីនេះ។

លោក ​Jason Chan ​បាន​មាន​ប្រសាសន៍​ថា ​គាត់​នៅ​តែ​មាន​សំណួរ​ច្រើន​ជាង​ចម្លើយ​ជុំ​វិញ​បញ្ហា​ដែល​ថា តើ​អង្គការ​ការពារ​សិទ្ធិ​កម្មករ​របស់​គាត់​អាច​បន្ត​ការងារ​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​ ក្រោម​ច្បាប់​អង្គការ​ថ្មី​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោយ​របៀប​ណា។

បើ​ទោះ​បី​ជា​តាម​ផ្លូវ​ច្បាប់​ ទីក្រុង​ហុងកុង និង​ម៉ាកាវ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​យ៉ាង​ណា​ក្តី ច្បាប់អង្គការ​ថ្មី​ចែង​ថា ​អង្គការ​ដែល​មាន​ការិយាល័យ​នៅ​ក្នុង​តំបន់​ទាំង​ពីរ​នេះ នឹង​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​តែ​មួយ​ដូច​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ដែរ​។ ច្បាប់​នេះ​បាន​ចែង​ច្បាស់​ថា រាល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ មិន​ត្រូវ​ធ្វើ​អ្វី​ដែល​«ប៉ះពាល់​ដល់​ឯកភាព​ជាតិ សន្តិសុខ​ជាតិ ឬ​ឯកភាព​ជាតិ​សាសន៍នៃ​ប្រទេស​ចិន ហើយ​មិន​ត្រូវ​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​ចិន ប្រយោជន៍​សាធារណៈ និង​សង្គម ក៏​ដូច​ជា​សិទ្ធិ​សេរីភាព​ដែល​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់ និង​ផល​ប្រយោជន៍​ពលរដ្ឋ​ ក្រុម​ការងារ​ផ្នែក​ច្បាប់ និង​អង្គការ​នានា​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ឡើយ»។

ក្នុង​កិច្ច​សម្ភាសន៍​នៅ​ការិយាល័យ​អង្គការ​របស់​លោក​នៅ​ក្រុង​ហុងកុង លោក Jason Chan ដែល​ជា​អគ្គ​នាយក​អង្គការ​ Labor Action China​ បាន​ថ្លែង​ថា៖ «យើង​ចង់​ដឹង​ណាស់​ថា តើ​ពាក្យ​សន្តិសុខ​ជាតិ​ហ្នឹងមាន​ន័យ​ថា​យ៉ាង​ម៉េច?» លោក​បាន​បន្ត​ទៀត​ថា «បើ​មើល​ទៅ​វា​ហាក់​បី​ដូច​ជា​ច្បាប់​ហ្នឹង​ឲ្យ​អំណាច​ទៅ​ក្រសួង​សន្តិសុខ​សាធារណៈ​ក្រោម​ពាក្យ​ថា ​សន្តិសុខ​ជាតិ ហ្នឹង​ខ្លាំង​ពេក»។

រដ្ឋាភិបាល​ចិន​មិន​បាន​បញ្ជាក់​ថា​សកម្មភាព​បែប​ណា​អាច​ប៉ះ​ពាល់​ដល់​សន្តិសុខ និង​ឯកភាព​ជាតិ​នោះ​ទេ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​អង្គការ​នានា​ដូច​ អង្គការ​របស់​លោក Chan​ ជា​ដើម​អាច​ស្ថិត​នៅ​ក្នុង​ភាព​ងាយ​រង​គ្រោះ។

ច្បាប់​នេះ​ក៏​តម្រូវ​ឲ្យ​អង្គការ​ដែល​មាន​ការិយាល័យ​ក្រៅប្រទេស​ចិន​ឲ្យ​មាន​អ្នក​ធានា ឬ​បុគ្គល​តំណាង​ជា​ជន​ជាតិ​ចិន​តាម​ផ្លូវ​ការ​ ហើយ​ដាក់​កំហិត​មិន​ឲ្យ​ពួក​គេ​រៃ​អង្គាស​ថវិកា​សម្រាប់​សកម្មភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ចិន​ឡើយ។

ច្បាប់​នេះ​ក៏​ផ្តល់​អំណាច​ដល់​ប៉ូលិស​ច្រើន​ជាង​មុន​ទៅ​លើ​អង្គការ​ទាំង​នោះ​ ហើយ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​អាច​ត្រួត​ពិនិត្យ​ការិយាល័យ ​ហិរញ្ញវត្ថុ ឬ​រាល់​សកម្មភាព​នានា​របស់​អង្គការ​ពេល​ណា​ក៏​បាន។ អ្នក​រិះ​គន់​រដ្ឋាភិបាល​និយាយ​ថា ពួក​គេ​ធ្វើ​នេះ​គឺ​ដើម្បី​ធ្វើ​បង្រួម​ឥទ្ធិពល​ក្រុម​សង្គម​ស៊ីវិល និង​អ្នកតស៊ូ​មតិ និង​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ចិន។

អង្គការ China Labor Bulletinធ្វើការ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​កម្មករ​នៅ​ក្នុង​ប្រទេស​ចិន។

អង្គការ China Labor Bulletin មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ហុងកុង ប៉ុន្តែ​អង្គការ​នេះ​មាន​ដៃ​គូ​សហការ​ការងារ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ដី​គោក។ លោក Geoffrey Crothall ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ China Labor Bulletin បាន​មាន​ប្រសាសន៍​ថា​ ការងារ​របស់​អង្គការ​លោក​បាន​ចាប់​ផ្តើម​ទទួល​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមានរួច​ទៅ​ហើយ​ ដោយ​សារ​ច្បាប់​នេះ​មានភាព​រឹត​ត្បិត​កាន់​តែ​ខ្លាំង​ចំពោះ​អង្គការ​ចិន​ជា​ដៃ​គូ​របស់​លោក។

គាត់បាន​ថ្លែង​បន្ត​ទៀត​ថា៖ «បរិយាកាស​ឥឡូវ​នេះ គឺ​ពិត​ជា​ពិបាក​ធ្វើ​ការ​ណាស់។ អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ផ្សេងទៀត​ដែល​យើង​ធ្វើ​ការ​ជាមួយ​នៅ​ខេត្ត​ក្វាង​ទុង និង​ចិន​ភាគ​ខាង​ត្បូង​ត្រូវ​បិទ​ទ្វារ ហើយ​មន្ត្រី​អង្គការ​ជាន់​ខ្ពស់​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​រង់​ចាំ​ការ​កាត់​ក្តី ដូច្នេះ​នេះ​គឺ​បញ្ហា​ប្រឈមដ៏​ធំ​សម្រាប់​យើង។ ប៉ុន្តែ​អង្គការ​ផ្សេង​នៅ​តែ​អាច​បន្ត​ការ​ងារ​ធ្វើ​បាន​ដូច​កាល​ពី​មុន​ គ្រាន់​តែ​ថា​លទ្ធភាព​ធ្វើ​ការ​គឺ​មាន​កំណត់»។

សូម្បី​តែ​អង្គការ​ដែល​មិន​ធ្វើ​ការ​ខាង​ផ្នែក​នីតិរដ្ឋ ឬ​សិទ្ធិ​កម្មករ ដូចជា​មូលនិធិ​សត្វ​អាស៊ី (Animals Asia Foundation) ដែល​មាន​ទីតាំង​នៅ​ក្រុង​ហុងកុង​ក៏​និយាយ​ដែរ​ថា ពួក​គេ​នឹង​តាម​ដាន​ការ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​ដិតដល់។

លោក​ស្រី​ Jill Robinson ស្ថាបនិក​នៃ​មូលនិធិ​សត្វ​អាស៊ី​បាន​ថ្លែង​ថា៖ «និយាយ​ទៅ យើង​ត្រូវ​តែ​ខំ​តាម​ដាន​ច្បាប់​នេះ​ឲ្យ​មែន​ទែន​នៅ​ពេល​ដែល​គេ​ចាប់​ផ្តើម​អនុវត្ត។ ច្បាប់​នេះ​នៅ​មិន​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ ទាល់​តែ​ដល់​ខែ​មករា ឆ្នាំ​២០១៧ ហើយ​យើង​ក៏​ព្យាយាម​ធ្វើ​ការ​ជាមួយ​ក្រសួង​យុត្តិធម៌​ប្រទេស​ចិន​ផង​ដែរ​ ដើម្បី​ឲ្យ​យល់​ច្បាស់​ពី​គោលដៅ​ទូទៅ​នៃ​ច្បាប់​នេះ ធ្វើ​ដូចនេះ​យើង​នឹង​អាច​ត្រៀម​ខ្លួន​បាន​រួច​រាល់»។

​លោក​ស្រី​បន្ត​ទៀត​ថា៖ «មក​ទល់​ពេល​នេះ​ មូលនិធិ​សត្វ​អាស៊ី​មិន​មាន​ក្តី​បារម្ភ​ពី​ច្បាប់​នេះ​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​ដូច​ដែល​ខ្ញុំ​បាន​និយាយ​អ៊ីចឹង​គឺ​ថា អង្គការ​យើង​គឺ​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​រាប់​ពាន់​ផ្សេង​ទៀត ហើយ​អង្គការ​នេះ​នឹង​នៅ​តែ​បន្ត​ធ្វើ​អ្វី​ទៅ​តាម​ទិសដៅ​ដែល​ជា​តម្រូវ​ការ​ ដូច​ជា​ចុះ​ឈ្មោះ​អង្គការ​ដែល​រដ្ឋាភិបាល​ចិន​ដាក់​ឲ្យ»៕

ប្រែសម្រួល​ដោយ ហឿន សុភ័ក្រ្ត

XS
SM
MD
LG