ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះ​តៃវ៉ាន់​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​ការ​មក​ដល់​សារជាថ្មី​នៃ​ចារកម្ម​ពី​ចិន​ដី​គោក


ឆ្មាំ​ល្បាត​កិត្តិយស​ធ្វើ​ការ​សម្តែង​នៅ​ខាង​មុខ​​ក្រុម​អ្នកទេសចរ​មក​ពី​ប្រទេស​ចិន​នៅ​កន្លែង​រំឮក​វិញ្ញាណក្ខន្ធ​លោក Sun Yat-sen នៅ​ក្រុង​តៃប៉ិ។
ឆ្មាំ​ល្បាត​កិត្តិយស​ធ្វើ​ការ​សម្តែង​នៅ​ខាង​មុខ​​ក្រុម​អ្នកទេសចរ​មក​ពី​ប្រទេស​ចិន​នៅ​កន្លែង​រំឮក​វិញ្ញាណក្ខន្ធ​លោក Sun Yat-sen នៅ​ក្រុង​តៃប៉ិ។

គណបក្ស​ដែលនឹង​​ចូល​កាន់​អំណាច​នៅ​កោះ​តៃវ៉ាន់​កំពុង​តែ​បង្ហាញ​ពី​គោលបំណង​របស់​ខ្លួន​នៅ​ក្នុង​ការ​ចាត់វិធានការ​តឹងរ៉ឹង​ទៅ​លើ​បទ​ចារកម្ម​ដោយ​ប្រទេស​ចិន​ នៅ​ស្របពេល​ដែល​ទំនាក់ទំនង​ឆ្លង​ច្រកសមុទ្រ​រវាង​កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន​បាន​ចុះ​ដុនដាប ហើយ​កំណើន​ការ​ប៉ះទង្គិច​គ្នា​​រវាង​ភាគី​ទាំងពីរ​បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ចារកម្ម​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន។

រដ្ឋាភិបាល​គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ​ (Democratic Progressive Party) ​របស់​ប្រធានាធិបតី​ដែល​ទើប​នឹង​ជាប់​ឆ្នោត​លោកស្រី Tsai Ing-Wen មាន​គោលបំណងបង្កើន​កញ្ចប់​ថវិកា​យោធា ហើយ​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា រដ្ឋាភិបាល​លោកស្រី Tsai ប្រហែល​បង្កើត​នូវ​អង្គភាព​ត្រួត​ពិនិត្យ​ចារកម្ម​តាម​ប្រព័ន្ធអ៊ីនធឺណិត​បន្ថែមនៅ​ក្នុង​ក្រសួងការពារជាតិ។ សភា ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​មួយ​នេះ មាន​គោលដៅ​ក្នុង​ការ​អនុម័ត​នូវ​សេចក្តីព្រាង​ច្បាប់​មួយ​នៅ​ចុង​ឆ្នាំ​នេះ ដែល​នឹង​កាត់​បន្ថយ​ប្រាក់​ចូលនិវត្តន៍​សម្រាប់​អតីត​យោធា​កោះតៃវ៉ាន់​ ដែល​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​ចិន។

ការ​សិក្សា​វិភាគ​បាន​និយាយ​ថា ករណី​ចារកម្ម ដែល​បាន​ធ្វើ​ឲ្យ​កោះតៃវ៉ាន់​មាន​ភាព​អាម៉ាស់​នៅក្នុង​ខែ​វិច្ឆិកា​ហើយ​សារជាថ្មី​នៅ​ចុង​ខែ​មេសា មាន​ទំនោរ​នឹង​កើន​ឡើងដោយ​សារ​តែ​ប្រទេស​ចិន​មាន​កង្វះ​ខាត​បណ្តាញ​ផ្នែក​ច្បាប់​ ដើម្បី​យល់ដឹង​ពី​រដ្ឋាភិបាល​ថ្មី​នៅ​កោះតៃវ៉ាន់ បន្ទាប់​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា នៅ​ពេល​ដែល​លោកស្រី Tsai ចូល​កាន់​អំណាច។

លោកស្រី និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​ព្រមព្រៀង​ទៅ​លើ​លក្ខខណ្ឌ​ដើម្បី​រក្សា​កិច្ចពិភាក្សា​មិត្តភាព​ ដែល​ភាគី​ទាំងពីរ​បាន​ធ្វើ​ឡើង​ចាប់តាំង​ពី​ឆ្នាំ​២០០៨ នៅ​ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី​លោក Ma Ying-jeou។

គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ «មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» ចំពោះ​ការ​ធ្វើ​ចារកម្ម​ដោយ​ប្រទេស​ចិន នេះ​បើយោង​ទៅ​តាម​លោក William Sharp ដែលជា​បញ្ញវ័ន្តចុះ​ទស្សនកិច្ច​សិក្សានៅវិទ្យាស្ថាន​ Academica Sinica នៅ​ក្រុង​តៃប៉ិ និង​ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​នា​ពេល​ថ្មីៗ​ទៅ​លើ​ការ​ធ្វើ​ចារកម្ម។

លោក​ Sharp បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ច្បាស់​ថា ការ​ធ្វើចារកម្ម​នេះ​នឹង​បន្ត​កើត​មាន​ឡើង។ ចិន​ដី​គោក​នឹង​មិន​បញ្ឈប់​វា​ទេ។ ជន​ទាំង​នោះ​មាន​ការ​ប្តេជ្ញា​យ៉ាង​ខ្លាំង ហើយ​ពួកគេ​ក៏មាន​គំនិត​ឆ្លាតវៃ​ផង​ដែរ​នៅ​ក្នុងការ​ធ្វើ​ការងារ​នោះ»។

ប្រទេស​ចិន និង​កោះតៃវ៉ាន់​ត្រូវ​បាន​គ្រប់គ្រង​ដាច់ដោយឡែក​ពី​គ្នា​ចាប់តាំង​ពី​សង្រ្គាម​ស៊ីវិល​នៅ​ប្រទេស​ចិន​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០។ ប្រទេស​ចិន​បាន​ទាមទារ​បូរណភាព​ទឹកដី​លើ​កោះ​តៃវ៉ាន់ ហើយ​ទទូច​ចង់​ឲ្យ​មាន​ការ​រួបរួម។ ប្រទេស​ចិន​ក៏​បាន​ទាមទារ​ថា ភាគី​ទាំង​ពីរ​ត្រូវ​មើល​ខ្លួនឯង​ជា​ផ្នែក​នៃ​ប្រទេស​ចិន​តែ​មួយ មុនពេល​ធ្វើ​កិច្ចពិភាក្សា​អ្វី​ក៏ដោយ។ ប៉ុន្តែ​លោកស្រី Tsai ចង់​ឲ្យ​កោះតៃវ៉ាន់​ពង្រឹងស្វ័យភាព​របស់​ខ្លួន ជាជាង​ងាក​កាន់​តែ​ជិត​ទៅ​រក​ប្រទេសចិន។

លោក Sharp បាន​បន្តថា ក្រុម​អ្នក​វិភាគ​មាន​ជំនឿ​ថា នៅ​ក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំ​កន្លង​មក​នេះ ទោះ​បី​ជា​មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​នឹង​ប្រទេស​ចិន​ក្តី កោះ​តៃវ៉ាន់​បាន​ជីកកកាយ​យ៉ាងហោចណាស់​ ៣៣ករណី​។ ករណី​ទាំង​នោះពាក់ព័ន្ធ​នឹង​ប្រជាជន​រស់​នៅ​លើ​កោះ​ ដែល​បាន​លក់​ព័ត៌មាន​ដែល​ងាយ​នឹង​រង​ការ​ប៉ះពាល់​ពាក់ព័ន្ធ​នឹង​វិស័យការពារ​ជាតិ​។ ករណី​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​យកស្រ្តី និង​លុយ​ជា​មធ្យោបាយ​ទាក់ទាញ។

ករណី​ចារកម្ម​ចំនួន​បី​បាន​លេចឡើង​នៅ​ក្នុង​ខែ​វិច្ឆិកា នៅ​ពេល​ដែល​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ប្រទេស​ចិន​បាន​បញ្ជូនមក​វិញអតីត​វរសេនីយឯក​ចំនួន​ពីរនាក់​ ដែល​ធ្វើការ​ឲ្យ​ការិយាល័យចារកម្ម​របស់​យោធា​នៅ​កោះតៃវ៉ាន់។ អតីតវរសេនីយឯក​ទាំង​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ពី​ការ​ធ្វើចារកម្ម​នៅ​ក្នុង​ឆ្នាំ ២០០៦។ នៅ​អំឡុងពេល​ដូចគ្នា​នេះ​ដែរ កោះ​តៃវ៉ាន់​បាន​បញ្ជូន​លោក Li Zhihao ដែល​បណ្តាញ​ផ្សព្វផ្សាយ​នៅ​កោះ​តៃវ៉ាន់​បាន​ហៅ​ថា «ចារក​សម្ងាត់» របស់​ចិនត្រលប់​ទៅ​ប្រទេស​កំណើត​វិញ។ នា​ពេល​នោះ លោក​ Li កំពុង​ជាប់ទោស​មួយ​ជីវិត​នៅ​កោះ​តៃវ៉ាន់។

ការ​ដោះលែង​ជនពាក់ព័ន្ធ​នឹងករណី​ចារកម្ម​ខាង​លើ​ត្រូវ​បាន​ធ្វើឡើង​មុន​កិច្ចប្រជុំ​កំពូល​ដំបូង​រវាង​ប្រធានាធិបតី​នៃ​ភាគីទាំងពីរ។

នៅ​ថ្ងៃ​ទី២៧ ខែមេសា តុលាការ​កំពូល​របស់​កោះតៃវ៉ាន់​បាន​តម្កល់​ទោស​ជាប់​ពន្ធនាគារ​បួន​ឆ្នាំ​ទៅ​លើ​ឈ្មោះ Zhen Xiaojiang ដែល​ជា​អតីតប្រធានក្រុមកងទ័ពរំដោះប្រជាជនចិន​ ដែល​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​និយាយថា បាន​មក​ដល់​កោះ​តៃវ៉ាន់​ជា​អ្នកទេសចរ ហើយ​បន្ទាប់​មក​បាន​ប្រមែប្រមូល​យោធា​ចូលនិវត្តន៍​ដើម្បី​ធ្វើ​ចារកម្ម។

ការ​ចុះ​ហត្ថលេខា​ទៅ​លើកិច្ចព្រមព្រៀង​លើ​ការ​ធ្វើដំណើរឆ្លងកាត់ ពាណិជ្ជកម្ម និង​វិនិយោគទុន​ជាមួយ​ប្រទេស​ចិន​នៅ​ក្រោម​រដ្ឋាភិបាល​លោក Ma Ying Jeou បាន​បង្កើន​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​ ដោយ​បាន​ពង្រីក​ចំនួន​មនុស្ស​ ដែល​ប្រទេស​ចិន​អាច​ជ្រើស​ទិញយក ឬ​លក់​អាថ៌កំបាំង​ឲ្យ។ អ្នកទេសចរណ៍​ចិន​បាន​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កោះ​តៃវ៉ាន់ ៣.៤ លាន​ដង​កាល​ពី​ឆ្នាំ​មុន។

លោក Alexander Huang សាស្រ្តាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្រ្ត​នៅ​មហាវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា «វា​នឹង​មាន​ការ​លំបាក​សម្រាប់​ទីភ្នាក់ងារ​ផ្សេងៗ​នៅ​ក្នុង​ការ​កំណត់​យក​នូវ​រាល់​តម្រុយ​ ហើយ​ព្យាយាម​ទម្លាយ​តម្រុយ​ទាំង​នោះ។ កម្លាំង​មនុស្ស​របស់​យើង​នៅ​មាន​កម្រិត ហើយ​ចំនួន​នៃ​អ្នក​ធ្វើដំណើរ​ចេញចូល​បាន​កើន​ឡើង»។

មនុស្ស​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​ថា នៅ​ក្រោម​រដ្ឋាភិបាល​ថ្មី រដ្ឋាភិបាល​ក្រុងប៉េកាំង​នឹង​ចាត់​ទីដៅ​លើ​ជន​ដែល​មក​ពី​មក​គណបក្ស​ជាតិនិយម (Nationalist Party) ដែល​គណបក្ស​នេះ​នឹង​ចាកចេញ​ពី​ការ​គ្រប់គ្រង​ប្រទេស ដោយសារ​តែ​ជនទាំង​នោះ​មាន​ព័ត៌មាន​ថ្មី​អំពី​សកម្មភាព​យោធា។

លោកស្រី Tsai បាន​និយាយ​ថា លោកស្រី​នឹង​បង្កើត​កញ្ចប់​ថវិកា​យោធា​ពី ២.២ ទៅ៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​របស់​កោះ​តៃវ៉ាន់ ដែល​រដ្ឋាភិបាល​បាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ ៥៣២ ពាន់លានដុល្លារ​នា​ឆ្នាំនេះ។ មួយ​ចំនួន​នៃ​ថវិកា​នោះ​ប្រហែល​នឹង​ត្រូវ​ប្រើ​សម្រាប់​បង្កើត​អង្គភាព​មួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ចារកម្ម​តាម​ប្រព័ន្ធអ៊ីនធឺណិត​ ដែល​អាច​ជាអង្គភាព​ថ្មី​មួយ​ក្នុងការ​ទប់ទល់​នឹង​កិច្ចប្រឹងប្រែង​របស់​ប្រទេសចិន។

ប្រធាន​ផ្នែក​ស៊ើបការ​សម្ងាត់​របស់​អាមេរិក​បាន​និយាយ​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា ប្រទេស​ចិន​ធ្លាប់​បាន​ប្រើ​ការស៊ើបអង្កេត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រឆាំង​នឹង​សហរដ្ឋអាមេរិករួច​ហើយ​។

លោកស្រី Huang បាន​ថ្លែង​ថា រដ្ឋាភិបាល​ថ្មី​នៅ​កោះ​តៃវ៉ាន់​នឹង​ពង្រឹង​ការ​ទប់ទល់​នឹង​ការ​ធ្វើ​ចារកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​លោក​ស្រីបាន​បន្ថែម​ថា ឯកសារ​ពី​មជ្ឈមណ្ឌល​របស់​លោកស្រី​បង្ហាញ​ពី​ផែនការ​នៅ​ក្នុង​ការ​បង្កើត​នូវ «បញ្ជាការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត» នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការពារជាតិ។

សមាជិក​នីតិ​ពន្ធ​ជាង ២០នាក់​មក​ពី​គណបក្ស​លោកស្រី Tsai កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​កាត់​បន្ថយ​ប្រាក់​ចូលនិវត្តន៍​របស់​មន្រ្តី​យោធា​ចូលនិវត្តន៍​ ដែល​ជាប់​ចោតពី​បទ​ចារកម្ម។

សេចក្តីព្រាង​ច្បាប់​នោះ​ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​អនុម័ត​នៅ​ចុង​ឆ្នាំ​២០១៦ នេះ​បើ​យោង​ទៅ​តាម​លោក Chan Shou-chung ប្រធាន​ការិយាល័យ​អ្នក​ជ្រោមជ្រែង​ទៅ​លើសេចក្តីព្រាង​ច្បាប់​ លោក Cheng Yun-peng ដែល​ជា​សមាជិកសភា​មក​ពី​គណបក្ស​កាន់​អំណាច។ លោក​ Chan បាន​និយាយ​ថា លោក Cheng មាន​ការ​ព្រួយបារម្ភ​ថា ករណី​ចារកម្ម​នឹង​កើន​ឡើង បន្ទាប់​ពី​លោកស្រី Tsai ចូលកាន់​តំណែង​ ហើយ​លោក​គិត​ថា​ច្បាប់​នាពេលបច្ចុប្បន្ន​មិន​ទាន់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​ដើម្បី​បំបិទ​ការ​ធ្វើ​ចារកម្ម​នៅ​ឡើយ​ទេ។

លោក Chan មាន​ប្រសាសន៍​ថា មន្រ្តី​យោធា​ចូល​និវត្តន៍​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ទំនោរ​ខ្លាំង​នៅ​ក្នុង​ការ​ធ្វើជា​ចារក​ ដោយសារ​តែ​ពួកគេ​ធ្លាប់បាន​ដឹង​ពី​អាថ៌កំបាំង​នៅ​ពេល​ពួកគេ​កំពុង​បំពេញ​ការងារ។

សមាជិក​សភា​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ លោក Lo Chih-cheng បាន​និយាយ​ថា «ការ​ចូល​លុកលុយ​ដោយ​ប្រទេស​ចិន​នៅ​កោះ​តៃវ៉ាន់​កំពុង​តែ​មាន​ភាព​កាន់​តែ​ខ្លាំង​ក្លា​ ហើយ​នៅ​ពេល​ខ្លះ កាន់​តែ​ធំ​ទូលាយ ជា​ពិសេស​នៅ​ក្នុង​វិស័យ​យោធា​នៅ​កោះ​តៃវ៉ាន់។ ដូចនេះ​ យើង​ត្រូវ​ការ​យន្តការ​មួយ​ដើម្បី​ទប់ទល់​នឹង​សកម្មភាព​ចារកម្ម​បែប​នេះ»។

លោក​បាន​បន្ត​ថា «កាល​ពី​មុន ឧត្តមសេនីយ៍ ឬ មន្រ្តី​យោធា​ដែល​ចូល​និវត្តន៍ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចារកម្ម ហើយ​សូម្បី​តែ​ពួកគេ​ជាប់​ពន្ធនាគារ​ក្តី ពួកគេ​នៅ​តែ​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍»៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG