ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អនុម័ត​លើ​ច្បាប់​ថ្មី​ដែល​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​ស្វែង​រក​ប្រាក់​កម្រៃ


ប៉ូលិស​សភា​ចិន​ដើរ​ក្បួន​កាត់​ធនាគារ​កណ្តាល​ចិន​ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទិ១២​ ខែមីនា ឆ្នាំ២០១៦។
ប៉ូលិស​សភា​ចិន​ដើរ​ក្បួន​កាត់​ធនាគារ​កណ្តាល​ចិន​ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទិ១២​ ខែមីនា ឆ្នាំ២០១៦។

ប្រទេស​ចិន​បាន​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​ថ្មី​មួយ ដែល​កំណត់​បទបញ្ញត្តិ​ថ្មីៗ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​ស្វែង​រក​ប្រាក់​កម្រៃ បើ​ទោះ​បី​ជា​មាន​ក្តី​បារម្ភ​ពីសំណាក់​បស្ចិម​ប្រទេស​ក៏​ដោយ។​

ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មិន​ទាន់​ត្រូវ​បាន​គេ​បញ្ចេញ​ជា​សាធារណៈ​ឲ្យ​លម្អិត​នោះ​ទេ ប៉ុន្តែ​កាល​ពី​មុន ​ច្បាប់​នេះ​មាន​សេចក្តី​ថា នឹង​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​ស្វែង​រក​ប្រាក់​កម្រៃ​ទាំង​នេះ​ឲ្យ​ដូច​នឹង​អង្គការ​សប្បុរសធម៌​បរទេស សមាគម​ជំនួញ និង​វិទ្យាស្ថាន​អប់រំ​ដែរ។ ច្បាប់​នេះ​នឹង​តម្រូវ​ឲ្យ​អង្គការ​ទាំង​នោះ សហការ​ជាមួយ​នឹង​ទីភ្នាក់ងារ​ដែល​រដ្ឋាភិបាល​ចិន​ត្រួតត្រា ដើម្បី​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាច​តាមដាន​រាល់​សកម្មភាព​នានា​របស់​ស្ថាប័ន​ទាំង​នោះ​បាន។

មន្ត្រី​ប៉ូលិស​ចិន​នឹង​ត្រូវ​បាន​គេ​ផ្តល់​អំណាច​ឲ្យបញ្ឈប់​រាល់​សកម្មភាព​នានា​ដែល​ពួកគេ​គិត​ថា​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​ដាក់​កម្រិត​ឲ្យ​នាយក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​រាយការណ៍​អំពី​កិច្ចប្រជុំរបស់​ខ្លួន​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល។

ប៉ូលិស​ក៏​នឹង​ត្រូវអនុញ្ញាត​ឲ្យ​ហាមឃាត់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ពួកគេ​ជឿ​ថា ញុះញង់​ឲ្យ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ឬ​ចង់​បំបែក​រដ្ឋ​ មិន​ឲ្យ​ចូល​មក​ក្នុង​ប្រទេស​ចិន​បាន​ឡើយ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ជួល​បុគ្គលិក​នៅ​ក្នុង​ប្រទេស​ចិន​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពិសេស​ពី​ក្រុមប្រឹក្សា​ជាតិ​បាន​ឡើយ៕

XS
SM
MD
LG