នៅពាក់កណ្តាលខែមករា ក្រុមមន្រ្តីសន្តិសុខចិនបានបញ្ជាក់ថា អ្នកបោះពុម្ពសៀវភៅ លោក Lee Bo ស្ថិតនៅចិនដីគោក។ លោក Lee ដែលមានកាន់លិខិតឆ្លងដែនអង់គ្លេស បានបាត់ខ្លួនកាលពី៣សប្តាហ៍មុន បន្ទាប់ពីការធ្វើដំណើរមួយទៅកាន់ឃ្លាំងរបស់ក្រុមហ៊ុនលោកនៅកោះហុងកុង។
ការបញ្ជាក់ដោយក្រុមមន្រ្តីនៅខេត្ត Guangdong ត្រូវបានធ្វើឡើង បន្ទាប់ពីអ្នករួមការងាររបស់លោក Lee លោក Gui Minhai បានបង្ហាញខ្លួននៅប៉ុស្តិ៍ទូរទស្សន៍ CCTV ធ្វើការសារភាពពីបទល្មើសគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់គេចមួយនៅចិនដីគោកកាលពីឆ្នាំ២០០៣។ លោក Gui បានបាត់ខ្លួននៅស្របពេលដែលលោកកំពុងស្ថិតនៅក្នុងវិស្សមកាលនៅប្រទេសថៃ។ ពួកគេជាមនុស្សពីរនាក់ក្នុងចំណោមអ្នកចុះផ្សាយបោះពុម្ពប្រាំនាក់ដែលបានបាត់ខ្លួនកាលពីពីរបីខែមុន។
លោក Albert Ho គឺជាតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យកោះហុងកុង (Hong Kong Democratic Party)បាននិយាយថា ការបាត់ខ្លួនអ្នកចុះផ្សាយលក់សៀវភៅបានបង្កឲ្យមានការព្រួយបារម្ភថា ចិនកំពុងចាប់បង្ខាំងប្រជាជនកោះហុងកុងណា ដែលរិះគន់រដ្ឋាភិបាលក្រុងប៉េកាំង។
«នេះពិតជា ការគំរាមកំហែងយ៉ាងខ្លាំងមួយទៅកាន់ប្រជាជនកោះហុងកុង ដោយសារតែវាពាក់ព័ន្ធនឹងសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួនរបស់ប្រជាជន។ វាមានសារសំខាន់ជាងការវិវត្តផ្នែកនយោបាយ ឬប្រជាធិបតេយ្យនីយកម្ម។ វាពាក់ព័ន្ធជាមួយនឹងថាតើរាល់ប្រជាជនកោះហុងកុងមានភាពងាយរងគ្រោះនឹងការចាប់យកទុកមួយកន្លែង ឬការចាប់បង្ខាំង។
នាសប្តាហ៍នេះ តំណាងរាស្រ្តគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងលោក Jasper Tang ក៏បានបង្ហាញការព្រួយបារម្ភរបស់លោកផងដែរ។ លោក Tsang បាននិយាយថា របាយការណ៍ពីប៉ុស្តិ៍ទូរទស្សន៍ CCTV មិនបានធ្វើឲ្យសាធារណជននៅកោះហុងកុងស្ងប់អារម្មណ៍នោះទេ ហើយនៅស្របពេលដែលករណីនេះអូសបន្លាយទៅមុខ សំណួរជាច្រើននឹងត្រូវលើកឡើង។ លោកបាននិយាយថា ប្រសិនបើសេចក្តីលម្អិតផ្សេងៗទៀតមិនត្រូវបានបំភ្លឺឡើង រដ្ឋាភិបាលកោះហុងកុងគួរតែស្វែងរកជំនួយពីរដ្ឋាភិបាលកណ្តាលនៅក្រុងប៉េកាំង។
ការបាត់ខ្លូនរបស់ក្រុមអ្នកចុះផ្សាយលក់សៀវភៅបានបំផុសឲ្យប្រជាជនរាប់ពាន់នាក់ធ្វើការដង្ហែក្បួនតវ៉ានៅកោះហុងកុងកាលពីដើមខែនេះ ដោយទាមទារសុំព័ត៌មានបន្ថែមពាក់ព័ន្ធនឹងក្រុមអ្នកចុះផ្សាយលក់សៀវភៅដែលបានបាត់ខ្លួន ហើយបាតុករមួយចំនួនបាននិយាយថា រដ្ឋាភិបាលកោះហុងកុងត្រូវធ្វើការតំណាងឲ្យប្រយោជន៍ប្រជាជនកោះហុងកុងឲ្យបានប្រសើរជាងនេះនៅពេលដោះស្រាយជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
លោក William Nee នៅអង្គការលើកលែងទោសអន្តរជាតិ Amnesty Internationalបាននិយាយថា «រដ្ឋាភិបាលត្រូវតែបន្តការប្រុងប្រយ័ត្ននៅក្នុងរយៈពេលវែងនៅក្នុងការធានាថា សិទ្ធិដែលចែងនៅក្នុងច្បាប់មូលដ្ឋានត្រូវបានយកមកអនុវត្តយ៉ាងពិតប្រាកដ»។
លោក Lee លោក Gui និងសមាជិករួមការងាររបស់ពួកលោកបានចេញផ្សាយសៀវភៅដែលត្រូវបានហាមឃាត់នៅចិនដីគោក ហើយសៀវភៅទាំងនោះជាញឹកញាប់មានផ្ទុកនូវព័ត៌មានត្រេកត្រអាលនៃជីវិតឯកជនរបស់មេដឹកនាំចិន។ នាខែនេះ ហាងលក់សៀវភៅមួយចំនួននៅកោះហុងកុងបានដកចេញសៀវភៅដែលសរសេររិះគន់រដ្ឋាភិបាលចិនចេញពីធ្នើរតាំងសៀវភៅរបស់ពួកគេ។ លោកស្រី Emily Lau គឺជាប្រមុខគណបក្សប្រជាធិបតេយ្យកោះហុងកុង។
«យើងបានឮសេចក្តីរាយការណ៍អំពីហាងលក់សៀវភៅដទៃទៀតដែលបានដកចេញយ៉ាងរហ័សនូវសៀវភៅ ដែលពួកគេគិតថាប្រហែលមានលក្ខណៈវាយប្រហារទៅលើក្រុមអាជ្ញាធរនៅចិនដីគោក ឬថែមទាំងមិនហ៊ានបោះពុម្ពផ្សាយនូវសៀវភៅមួយចំនួនថែមទៀតផង»។
ប៉ូលិសកោះហុងកុងនិយាយថា អាជ្ញាធរខេត្ត Guandong ក៏បានផ្ញើបន្តឲ្យពួកគេនូវសំបុត្រពីលោក Lee ទៅកាន់រដ្ឋាភិបាលកោះហុងកុង។ ប៉ូលិសនិយាយថា សំបុត្រនោះមានលក្ខណៈស្រដៀងនឹងសំបុត្រដែលលោក Lee បានសរសេរទៅកាន់ភរិយារបស់លោក ដោយនិយាយថា លោកបានធ្វើដំណើរ «ដោយស្ម័គ្រចិត្ត» ទៅកាន់ចិនដីគោក ដើម្បីជួយក្រុមអាជ្ញាធរជាមួយនឹងការស៊ើបអង្កេតមួយ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា