ការអំពាវនាវឲ្យសិស្សនិស្សិតនៅក្រុងហុងកុងទទួលបានការបង្រៀនដែលមានទស្សនៈវិជ្ជមានជាងមុនទៅលើចិនដីគោក កំពុងតែបង្កភាពចម្រូងចម្រាសនៅក្នុងដែនដីអតីតអាណានិគមអង់គ្លេសមួយនេះ។
អតីតប្រមុខក្រុមប្រឹក្សានីតិបញ្ញត្តិនៅក្រុងហុងកុងនាពេលថ្មីៗបាននិយាយថា សាលានៅហុងកុងផ្តល់ទស្សនៈលម្អៀងដល់សិស្សានុសិស្សអំពីចិនដីគោក។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានជាតិចិន Xinhua លោកស្រី Rita Fan ដែលបច្ចុប្បន្នជាសមាជិកគណៈកម្មាការអចិន្រ្តៃយ៍នៃសមាជប្រជាជនចិន បាននិយាយថា សិស្សនៅហុងកុងបានយល់ដឹងអំពីកំហុសរបស់រដ្ឋាភិបាលកណ្តាលចិន ប៉ុន្តែពួកគេបានដឹងអំពីសមិទ្ធផលរបស់រដ្ឋាភិបាលបន្តិចបន្តួចប៉ុណ្ណោះ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាការអចិន្ត្រៃយ៍សមាជប្រជាជនចិនកាលពីពាក់កណ្តាលខែមីនា លោកស្រី Fan ក៏បាននិយាយដែរថា យុវជននៅហុងកុងមិនបានដឹងគ្រប់គ្រាន់អំពីប្រវត្តិសាស្រ្តរបស់ចិនទេ។
សេចក្តីអធិប្បាយរបស់លោកស្រីបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់លោកស្រី Emily Lau ប្រធានគណបក្សប្រជាធិបតេយ្យ (Democratic Party)។
លោកស្រី Lau បានមានប្រសាសន៍ថា អ្នកតំណាងឲ្យក្រុងហុងកុងប្រចាំរដ្ឋធានីប៉េកាំងគួរតែតំណាងឲ្យការព្រួយបារម្ភនិងទុក្ខព្រួយរបស់ប្រជាជនរបស់ក្រុងនេះឲ្យបានប្រសើរជាងនេះ។
លោកស្រី Lau បានលើកឡើងពីការធ្វើបាតុកម្មនាពេលថ្មីៗនៅកោះហុងកុងថា៖ «ពួកគេគួរតែយល់ដឹងឲ្យបានច្បាស់លាស់ជាងនេះ អំពីអ្វីដែលកំពុងតែកើតមានឡើងនៅទីនេះ។ ដូច្នេះ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង ពួកគេអាចផ្តល់នូវរួបភាពជាក់លាក់ និងអ្វីដែលតំណាងឲ្យទីក្រុងនេះ ទៅកាន់រដ្ឋាភិបាលកណ្តាលច្បាស់លាស់ជាងមុន»។
នៅក្នុងឆ្នាំ ២០១២ កូនសៀវភៅតូចមួយឈ្មោះថា «គំរូចិន» ឬ The China Model បានគូសបញ្ជាក់អំពីកំណែទម្រង់ដែលគេបានគ្រងទុក សម្រាប់ប្រព័ន្ធអប់រំនៅទីក្រុងហុងកុង ហើយកូនសៀវភៅនោះបានបង្កឲ្យមានការធ្វើបាតុកម្មដ៏ធំមួយ។ កូនសៀវភៅនោះបានសរសើរគំរូអភិបាលកិច្ចរបស់ប្រទេសចិន ហើយបានរិះគន់លើប្រព័ន្ធពហុបក្ស។ សៀវភៅនោះក៏បានបញ្ចូលនូវរូបភាពមេដឹកនាំចិន និងបានសរសេរថា បក្សកុម្មុយនីស្តចិន «មានការវិវត្តទៅមុខ មិនអាត្មានិយម និងរួបរួមគ្នា»។
ប្រជាជនរាប់ពាន់នាក់ ដែលក្នុងនោះរួមមានទាំងសិស្សវ័យជំទង់ បានធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់ដែលត្រូវបានស្នើឡើងនោះ។
លោក Joseph Cheng សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយថា នេះគ្រាន់តែជាចំណុចចាប់ផ្តើមនៃការជំរុញជាបន្តបន្ទាប់ឲ្យមានកម្មវិធីសិក្សាមួយ ដែលនឹងបំផុសគំនិតជាតិនិយមនៅក្នុងចំណោមយុវជននៅកោះហុងកុង។
លោក Cheng បាននិយាយថា៖ «ខ្ញុំពិតជាមានជំនឿថា វិស័យអប់រំ នៅបឋមសិក្សានិងមធ្យមសិក្សា ឥឡូវនេះកំពុងក្លាយជាចំណុចផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់របស់រណសិរ្សរួបរួមដែលគាំទ្ររដ្ឋាភិបាលចិន។ ពួកគេពិតជាកំពុងតែទាមទារនូវកម្មវិធីសិក្សាបែបជាតិនិយមខ្លាំងជាងមុន យ៉ាងជាក់ច្បាស់»។
កាលពីខែមុន ការិយាល័យអប់រំរបស់ក្រុងហុងកុងបានបញ្ចេញនូវឯកសារសម្រាប់ប្រឹក្សាយោបល់ ដែលអំពាវនាវឲ្យសិស្សានុសិស្សនៅហុងកុង «ទទួលស្គាល់និងអានភាសាចិនដែលត្រូវបានសម្រួល ដើម្បីពង្រីកជម្រើសអំនានរបស់សិស្ស ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយសិស្សនៅចិនដីគោក និងនៅបរទេស»។
ទីក្រុងហុងកុងប្រើអក្សរចិនបែបប្រពៃណី ចំណែកចិនដីគោកប្រើយ៉ាងទូលំទូលាយនូវអក្សរកែសម្រួលដោយបានកាត់បន្ថយគំនូសជាច្រើនពីអក្សរបុរាណនោះ។ ឯកសារនោះបានបង្កឲ្យមានការរិះគន់និងការតវ៉ាផ្សេងៗ ហើយចាប់តាំងពីការបញ្ចេញនូវឯកសារទាំងនោះមក ការិយាល័យអប់រំបាននិយាយថា ខ្លួនមិនមានបំណងណាមួយក្នុងការជំនួសអក្សរបែបប្រពៃណី (បុរាណ) ដោយការជ្រើសយកទម្រង់បែបសាមញ្ញជាងមុនឡើយ។
ការជជែកដេញដោលពាក់ព័ន្ធនឹងអក្សរចិនបានកើតឡើងនៅក្នុងខែតែមួយ នៅពេលដែលកុប្បកម្មបានផ្ទុះឡើងនៅតំបន់ Mong Kok ទីដែលក្រុមបាតុករបាននិយាយថា ពួកគេធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងភាពរិចរិលនៃវប្បធម៌ប្រពៃណីរបស់ទីក្រុងហុងកុង។
នាង Sally Tang Mei-Ching ប្រមុខអង្គភាពនយោបាយ Socialist Action និយាយថា យុវជននៅទីក្រុងហុងកុងប្រឆាំងយ៉ាងខ្លាំងទៅនឹងកំណើនឥទ្ធិពលផ្នែកនយោបាយនិងវប្បធម៌ពីសំណាក់ចិនដីគោកទៅលើទីក្រុងនេះ។
នាងបាននិយាយថា៖ «ពួកគេបង្រៀនសិស្សឲ្យចេះឲ្យតម្លៃវិជ្ជមានទៅលើបក្សកុម្មុយនីស្ត ប៉ុន្តែនៅក្នុងបែបផែនមួយដែលលម្អៀងយ៉ាងខ្លាំង។ ដូច្នេះហើយ បានជាប្រជាជនវ័យក្មេងពិតជាមានការស្អប់ខ្ពើមប្រទេសចិនយ៉ាងខ្លាំង មិនមែនប្រទេសចិនទាំងមូលទេ ប៉ុន្តែរបបដឹកនាំរបស់ប្រទេសចិន ពីព្រោះយើងចង់បានសិទ្ធិតាមបែបប្រជាធិបតេយ្យ»។
កាលពីសប្តាហ៍មុន លោក Joshua Wong សកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យ ដែលបានបង្កើតក្រុមនិស្សិតសកម្មជន ឬ Scholarism នៅក្នុងឆ្នាំ២០១១ បានប្រកាសពីការរំសាយក្រុមរបស់ខ្លួន។ ក្រុមនោះ គឺជាក្រុមមួយដែលដើរតួយ៉ាងសំខាន់នៅក្នុងការតវ៉ានៅឆ្នាំ២០១២ ប្រឆាំងនឹងការធ្វើកំណែទម្រង់វិស័យអប់រំនៅទីក្រុងហុងកុង។
នៅក្នុងខែនេះ លោក Wong គ្រោងនឹងបង្កើតគណបក្សនយោបាយថ្មីមួយ ហើយឥឡូវនេះលោកកំពុងកោះហៅឲ្យទីក្រុងហុងកុងប្រកាសឯករាជ្យនៅក្នុងឆ្នាំ២០៤៧ ជាពេលដែលកិច្ចព្រមព្រៀងនៃការប្រគល់ទីក្រុងហុងកុងរវាងប្រទេសចិននិងអង់គ្លេសត្រូវផុតកំណត់៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា