អ្នកស្រី Elizabeth Abosch កំពុងសរសេរនិក្ខេបបទថ្នាក់បណ្ឌិតរបស់អ្នកស្រីនៅក្នុងទីក្រុងមូស្គូ នៅពេលដែលប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។
អ្វីដែលធ្វើឱ្យបេក្ខជនថ្នាក់បណ្ឌិតជនជាតិអាមេរិកាំងរូបនេះចាប់អារម្មណ៍ខ្លាំងបំផុតអំពីតំបន់ជាយក្រុងមូស្គូដែលអ្នកស្រីរស់នៅនៅពេលនោះ គឺថា «មនុស្សគ្រប់រូបមានសកម្មភាពដូចធម្មតា»។ អ្នកស្រីបានប្រាប់ VOA ថា៖ «ភាគច្រើនបំផុត ខ្ញុំមានអារម្មណ៍ថាពិតជាមានសុវត្ថិភាព [នៅពេលនោះ]»។
អ្នកស្រីបានថ្លែងដូច្នេះថា៖ «វាហាក់ដូចជាគ្មានអ្វីបានកើតឡើងអ៊ីចឹង។ ដូច្នេះ វាដូចជាចម្លែកណាស់។ រីឯខ្ញុំឯណេះវិញ មានអារម្មណ៍វិលវល់ជាប់ជានិច្ចថា តើគួរបន្តនៅឬក៏ត្រូវរត់គេច»។
ការសរសេរនិក្ខេបទថ្នាក់បណ្ឌិតនៅក្នុងប្រទេសមួយដែលអ្នកស្រី Abosch បានបូជាអាជីពរបស់អ្នកស្រីទៅលើនោះ គឺជាអ្វីដែលអ្នកស្រីបានទន្ទឹងរង់ចាំជាយូរមកហើយ។ នៅពេលដំបូង អ្នកស្រីមិនបានពិចារណាអំពីការចាកចេញពីប្រទេសរុស្ស៊ីទេ។
អ្នកស្រីនិយាយដូច្នេះថា៖ «ខ្ញុំពិតជាបដិសេធទទួលយកការពិតអស់រយៈពេលប្រហែលជាងមួយសប្ដាហ៍ ដោយសារតែខ្ញុំគិតថា សង្គ្រាមនេះនឹងបញ្ចប់ឆាប់ៗ»។ ប៉ុន្តែនៅត្រឹមដើមខែមីនាឆ្នាំមុន អ្នកស្រី Abosch ដឹងថាអ្នកស្រីត្រូវតែចាកចេញពីរុស្ស៊ី។
ក្នុងនាមជានិស្សិតសាកលវិទ្យាល័យ Illinois នៅតំបន់ទីក្រុង Urbana-Champaign នៃសហរដ្ឋអាមេរិក អ្នកស្រី Abosch ស្ថិតក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវបស្ចិមប្រទេសជាច្រើនអំពីប្រទេសរុស្ស៊ីនិងអតីតសហភាពសូវៀត ដែលអាជីពនិងជីវិតរបស់ពួកគេត្រូវបានធ្វើឱ្យក្រឡាប់ចាក់ដោយសារសង្គ្រាមនៅអ៊ុយក្រែន។
សង្គ្រាមនេះបានធ្វើឱ្យអ្នកស្រាវជ្រាវបស្ចិមប្រទេសនានាស្ទើរតែមិនអាចធ្វើដំណើរទៅប្រទេសរុស្ស៊ីបាន។ នេះបើតាមការបញ្ជាក់របស់អ្នកសិក្សាស្រាវជ្រាវនានាដែលថ្លែងប្រាប់ VOA។
អ្នកសិក្សាស្រាវជ្រាវទាំងនោះបានលើកឡើងថា លទ្ធភាពមានកម្រិតនេះអាចបង្អាក់ដល់ការស្វែងយល់របស់បស្ចិមប្រទេសអំពីប្រទេសរុស្ស៊ីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយវាក៏អាចជាប្រយោជន៍ដោយផ្ទាល់ចំពោះការឃោសនារបស់រុស្ស៊ីផងដែរ។
ស្ថានទូតរុស្ស៊ីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មិនបានឆ្លើយតបចំពោះអ៊ីមែលរបស់ VOA ដែលស្នើសុំបញ្ចេញមតិលើរឿងនេះទេ។
អ្នកស្រី Abosch ដែលសិក្សាប្រវត្តិចម្រៀងក្នុងអតីតសហភាពសូវៀត បាននិយាយថា អ្នកស្រីនៅតែអាចលៃលកស្រាវជ្រាវលើប្រធានបទនៃការសិក្សារបស់អ្នកស្រីបានពីក្រៅប្រទេសរុស្ស៊ី។ ប៉ុន្តែសម្រាប់អ្នកសិក្សាស្រាវជ្រាវផ្សេងទៀត ការសិក្សាស្រាវជ្រាវដោយផ្ទាល់នៅក្នុងប្រទេសរុស្ស៊ីគឺជាការចាំបាច់។
លោក Hiroaki Kuromiya សាស្ត្រាចារ្យកិត្តិយសចូលនិវត្តន៍នៃសាកលវិទ្យាល័យ Indiana ក្រុង Bloomington នៃសហរដ្ឋអាមេរិក បាននិយាយថា លទ្ធភាពចូលទៅកាន់ប្រទេសរុស្ស៊ី «គឺពិតជាសំខាន់ខ្លាំងណាស់» សម្រាប់ការស្រាវជ្រាវរបស់លោក។
លោក Kuromiya បានប្រាប់ VOA ថា៖ «ប្រសិនបើគ្មានលទ្ធភាពជួបជាមួយនឹងអ្នកសិក្សាស្រាវជ្រាវជនជាតិរុស្ស៊ីនិងប្រើប្រាស់បណ្ណសារដ្ឋានរុស្ស៊ីបានទេ កិច្ចការសិក្សាស្រាវជ្រាវភាគច្រើនរបស់ខ្ញុំកាលពី ៣ ទសវត្សរ៍កន្លងមក នឹងមិនអាចទៅរួចនោះឡើយ»។
លោក Kuromiya ដែលនៅពេលបច្ចុប្បន្នរស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក គឺជាអ្នកនិពន្ធសៀវភៅ ដែលក្នុងនោះរួមមានទាំងសៀវភៅ «សេរីភាពនិងភេរវកម្មនៅតំបន់ Donbas៖ តំបន់ព្រំដែនរវាងអ៊ុយក្រែននិងរុស្ស៊ីពីទសវត្សរ៍ ១៨៧០ ដល់ទសវត្សរ៍ ១៩៩០ (Freedom and Terror in the Donbas: A Ukrainian-Russian Borderland, 1870s-1990s)» និងសៀវភៅ «សំឡេងរបស់អ្នកស្លាប់៖ ភេរវកម្មឃៅរឃៅរបស់ស្ដាលីននៅទសវត្សរ៍ ១៩៣០ (The Voices of the Dead: Stalin's Great Terror in the 1930s)» ផងដែរ។
លោក Kuromiya ថ្លែងដូច្នេះថា៖ «តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក មានអ្នកសិក្សាស្រាវជ្រាវបស្ចិមប្រទេសតែប៉ុន្មាននាក់ប៉ុណ្ណោះដែលហ៊ានធ្វើដំណើរទៅប្រទេសរុស្ស៊ី។ ចំណែកឯអ្នកស្រាវជ្រាវផ្សេងទៀតមិនហ៊ានធ្វើដំណើរទៅ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាព»។
លោក Kuromiya ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិកាំង ៥០០ នាក់ ដែលរដ្ឋាភិបាលរុស្ស៊ីបានហាមឃាត់មិនឱ្យចូលទឹកដីប្រទេសរុស្ស៊ីកាលពីពាក់កណ្ដាលខែឧសភាឆ្នាំមុន។ អតីតប្រធានាធិបតីអាមេរិកលោក Barack Obama នាយកស្ដីទី VOA អ្នកស្រី Yolanda Lopez និងអ្នកសារព័ត៌មាននិងសមាជិកសភាជាច្រើនរូបទៀតក៏ស្ថិតនៅក្នុងបញ្ជីហាមឃាត់របស់រុស្ស៊ីនោះផងដែរ។
លោក Kuromiya ថ្លែងដូច្នេះថា៖ «ខ្ញុំបានត្រៀមលក្ខណៈសម្រាប់រឿងនេះរួចហើយ។ បើទោះបីជាវាជារឿងដ៏គួរឱ្យសោកស្ដាយដែលខ្ញុំមិនអាចស្រាវជ្រាវនៅក្នុងបណ្ណសារដ្ឋានរបស់រុស្ស៊ីបាន ខ្ញុំនៅតែបន្តស្រាវជ្រាវផ្នែកសិក្សាអប់រំរបស់ខ្ញុំដដែល នៅតាមកន្លែងផ្សេងៗជាច្រើនទៀត»។
លោក Kuromiya បាននិយាយថា លោកមានមោទនភាពដែលរដ្ឋាភិបាលរុស្ស៊ីបានហាមរូបលោកមិនឱ្យចូលទឹកដីរុស្ស៊ី។
លោកបញ្ជាក់ដូច្នេះថា៖ «កិច្ចការរបស់ខ្ញុំប្រាកដជាចំចំណុចត្រឹមត្រូវ។ ការហាមឃាត់ខ្ញុំមិនឱ្យចូលក្នុងប្រទេសរុស្ស៊ីគឺជារឿងកំប៉ិកកំប៉ុកសម្រាប់ខ្ញុំនៅក្នុងស្ថានការណ៍ធំធេងនៅពេលបច្ចុប្បន្ននេះ»។
ប៉ុន្តែ ការហាមឃាត់ទាំងស្រុងមិនឱ្យអ្នកសិក្សាស្រាវជ្រាវនានាដូចជាលោក Kuromiya នេះចូលក្នុងប្រទេសរុស្ស៊ីគឺជារឿងដ៏កម្រ។ កត្តារួមផ្សំផ្សេងទៀតគឺធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវមានការលំបាកនៅក្នុងការធ្វើដំណើរទៅប្រទេសរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់អ្នកសិក្សាស្រាវជ្រាវទូទៅ។
ស្ថាប័នបស្ចិមប្រទេសមិនចង់ផ្ដល់ថវិកាដល់ទស្សនកិច្ចស្រាវជ្រាវទៅកាន់ប្រទេសរុស្ស៊ីនោះទេ ហើយអ្នកសិក្សាស្រាវជ្រាវនានាបារម្ភអំពីការដាក់ទណ្ឌកម្ម។ សុវត្ថិភាពផ្ទាល់ខ្លួនគឺជារឿងមួយផ្សេងទៀត ហើយវាកាន់តែមានហានិភ័យសម្រាប់សាកលវិទ្យាល័យរបស់រុស្ស៊ីនៅក្នុងការឧបត្ថម្ភអ្នកសិក្សាស្រាវជ្រាវបស្ចិមប្រទេស។
ប្រវត្តិវិទូមួយរូបផ្នែកស្ដាលីននិយមនៅសហរដ្ឋអាមេរិកបានប្រាប់ VOA ថា៖ «ប្រាកដណាស់ ករណីនេះនឹងមានផលប៉ះពាល់ខ្លាំងក្លាលើប្រភេទគម្រោងមួយចំនួនដែលមនុស្សធ្វើការស្រាវជ្រាវ»។
ប្រវត្តិវិទូរូបនេះបានស្នើសុំមិនបញ្ចេញឈ្មោះ ដោយខ្លាចថាអាចមានបញ្ហាណាមួយកើតឡើងចំពោះសាច់ញាតិរបស់លោកនៅក្នុងប្រទេសរុស្ស៊ី។
ប្រវត្តិវិទូរូបនេះបាននិយាយថា ជារឿងដ៏គួរឱ្យចម្លែកដោយសារតែឧបសគ្គផ្លូវការភាគច្រើនចំពោះលទ្ធភាពចូលទៅសិក្សាស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ីគឺចេញមកពីក្រុមបស្ចិមប្រទេស។
ប្រវត្តិវិទូរូបនេះបានបន្ថែមថា រដ្ឋាភិបាលរុស្ស៊ីប្រហែលជាអាចទទួលស្វាគមន៍អ្នកសិក្សាស្រាវជ្រាវរូបណាដែលរាក់ទាក់ជាមួយនឹងខ្លួន។
អ្នកស្រី Abosch បាននិយាយថា មានហានិភ័យដែលថាការដាក់កំហិតចំពោះលទ្ធភាពចូលទៅស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ីប្រហែលជាអាចរួមចំណែកដល់ការធ្វើឱ្យក្រុមបស្ចិមប្រទេសមិនអាចស្វែងយល់អំពីប្រទេសរុស្ស៊ីបាន។ ការឃោសនារបស់រុស្ស៊ីដែលតែងតែមានច្រើនប្រហែលជានឹងបំពេញចន្លោះខ្វះខាតនេះ។
អ្នកស្រីថ្លែងដូច្នេះថា៖ «ខ្ញុំគិតថា វាពិតជាជួយដល់ការឃោសនារបស់រុស្ស៊ី។ ខ្ញុំគិតថា គោលបំណងនៃឧបសគ្គដូចនេះគឺប្រាកដជាដើម្បីបង្កើតនូវដែនពិភាក្សាដាច់ដោយឡែកពីនេះ។ អ្នកស្រីបានបន្ថែមថា ប្រសិនបើគ្មានអ្នកសិក្សាស្រាវជ្រាវបស្ចិមប្រទេសដែលសិក្សាអំពីប្រទេសរុស្ស៊ីធ្វើការស្រាវជ្រាវដោយផ្ទាល់នៅក្នុងប្រទេសរុស្ស៊ីទេ «វានឹងងាយស្រួលសម្រាប់រដ្ឋាភិបាល [រុស្ស៊ី] នៅក្នុងការកែខៃការលើកឡើងណាមួយរបស់ខ្លួន [អំពីប្រវត្តិសាស្ត្រ]»។
ប្រវត្តិវិទូនិងអ្នកវិភាគនានាបាននិយាយថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលរុស្ស៊ីបានប្រឡូកនៅក្នុងការតាក់តែងឡើងវិញឬក៏កែប្រែប្រវត្តិសាស្ត្ររបស់ប្រទេសរុស្ស៊ី ជាពិសេសអំពីសង្គ្រាមលោកលើកទីពីរ ដើម្បីរក្សាការក្ដោបក្ដាប់អំណាចនិងផ្ដល់ហេតុផលចំពោះទង្វើគឃ្លើនរបស់ខ្លួនដូចជាការភ្ជាប់យកតំបន់ Crimea កាលពីឆ្នាំ ២០១៤ និងការឈ្លានពានប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ដូច្នេះដែរ។
អ្នកស្រី Kimberly St. Julian-Varnon ដែលជាបេក្ខជនថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Pennsylvania បានប្រាប់ VOA ថា៖ «មនុស្សអាក្រក់ប្រឹងធ្វើការ ប៉ុន្តែរុស្ស៊ីប្រឹងធ្វើការខ្លាំងជាងនេះទៀតដើម្បីលុបលាងកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្ររបស់ខ្លួន។
ស្ថានការណ៍អកុសលរបស់អ្នកសិក្សាស្រាវជ្រាវបរទេសនេះគឺដូចទៅនឹងស្ថានការណ៍របស់អ្នកយកព័ត៌មានបរទេសដែរ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រី Anastasia Edel អ្នកនិពន្ធអាមេរិកាំងដើមកំណើតរុស្ស៊ី ដែលបង្រៀនផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ California នៅក្រុង Berkeley។
តាំងពីមានសង្គ្រាមនៅអ៊ុយក្រែនមក អ្នកឆ្លើយឆ្លងព័ត៌មានបរទេសរាប់សិបនាក់បានចាកចេញពីរុស្ស៊ីដោយសារក្ដីបារម្ភរឿងសុវត្ថិភាព។
លោក Evan Gershkovich អ្នកយកព័ត៌មានឱ្យសារព័ត៌មាន Wall Street Journal របស់សហរដ្ឋអាមេរិក ត្រូវបានឃុំខ្លួនអស់រយៈពេលជាង ២ ខែ ក្រោមបទចោទប្រកាន់ចារកម្ម ដែលការចោទប្រកាន់នេះត្រូវបានរូបលោកផ្ទាល់ សារព័ត៌មាន Wall Street Journal និងរដ្ឋាភិបាលអាមេរិកបដិសេធយ៉ាងខ្លាំងក្លា។
អ្នកស្រី Edel បានបញ្ជាក់ថា ការរារាំងនិងការដាក់កំហិតលើលទ្ធភាពចូលទៅក្នុងប្រទេសរុស្ស៊ីនេះបានធ្វើឱ្យអ្នកយកព័ត៌មាននិងអ្នកសិក្សាស្រាវជ្រាវនានាកាន់តែមានការលំបាកនៅក្នុងការកត់ត្រាអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសរុស្ស៊ីនិងដើម្បីផ្ដល់ដល់អ្នកតាមដានព័ត៌មាននូវជម្រើសផ្សេងពីការប្រឌិតព័ត៌មានរបស់រុស្ស៊ី។
អ្នកស្រីបានលើកឡើងដូច្នេះថា៖ «វានឹងមិនល្អទេសម្រាប់ពលរដ្ឋរុស្ស៊ីដោយសារតែពួកគេនឹងមិនមានជម្រើសផ្សេងដើម្បីទទួលបានព័ត៌មានក្រៅពីការឃោសនារបស់រុស្ស៊ី»។
អ្នកស្រី St. Julian-Varnon បាននិយយថា៖ «ក្ដីបារម្ភចម្បងរបស់ខ្ញុំគឺថាយើងនឹងដើរថយក្រោយនៅក្នុងការស្វែងយល់របស់យើងអំពីប្រទេសរុស្ស៊ីសម័យទំនើប»។
លោក Kuromiya ក៏មានទស្សនៈស្រដៀងគ្នានេះផងដែរ ដោយលោកបាននិយាយថា៖ «ស្ថានការណ៍បច្ចុប្បន្នមានផលប៉ះពាល់អវិជ្ជមានខ្លាំងដល់ការស្វែងយល់របស់យើងអំពីប្រទេសរុស្ស៊ី»។
លោកបានថ្លែងដូច្នេះថា៖ «ដូចរដ្ឋាភិបាលជាច្រើនទៀតដែរ រដ្ឋាភិបាលរុស្ស៊ីស្វះស្វែងត្រួតត្រាសច្ចភាព ចំណែកឯអ្នកសិក្សាស្រាវជ្រាវនានាប្រឹងប្រែងដើម្បីលាតត្រដាងសច្ចភាពទាំងនោះ»៕
ប្រែសម្រួលដោយលោក ភី សុភាដា