ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ថា «សង្គ្រាម​ពិត​ប្រាកដ» កំពុង​ធ្វើ​ឡើង​ប្រឆាំង​នឹង​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​ដង្ហែ​ក្បួន​យោធា​នៅ​ទិវា​ជ័យជម្នះ​រំឭក​ខួប​លើក​ទី ៧៨ នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ នៅ​ទីលាន Red Square ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នៅថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​ដង្ហែ​ក្បួន​យោធា​នៅ​ទិវា​ជ័យជម្នះ​រំឭក​ខួប​លើក​ទី ៧៨ នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ នៅ​ទីលាន Red Square ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នៅថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ២០២២។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​អ្នក​ចូលរួម​នៅ​ក្នុង​ពិធី​ក្បួន​ព្យុហយាត្រា​ទិវា​ជ័យជម្នះ​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា «សង្គ្រាម​ពិត​ប្រាកដ» ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​បស្ចិម​ប្រទេស​ប្រឆាំង​នឹង​រុស្ស៊ី។

នៅ​ក្នុង​សុន្ទរកថា​ខ្លី​មួយ​នៅ​ទីលាន Red Square ក្នុង​ទីក្រុង​មូស្គូ ក្នុង​ពិធី​ប្រារព្ធ​ជ័យជម្នះ​របស់​អតីត​សហភាព​សូវៀត​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ លោក Putin បាន​និយាយ​ថា «ជា​ថ្មី​ម្ដង​ទៀត អរិយធម៌​ស្ថិត​នៅ​ចំណុច​របត់​ផ្ដាច់ព្រ័ត្រ​មួយ» និង​ថា សង្គ្រាម​ត្រូវ​បាន «ធ្វើ​ឡើង​ប្រឆាំង​នឹង​មាតុភូមិ​របស់​យើង»។

នៅ​ក្នុង​សុន្ទរកថា​នោះ លោក Putin បាន​ប្រៀបធៀប​ការ​ទទួល​បាន​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ជាមួយ​នឹង​ការ​ឈ្លានពាន​រយៈពេល ១៥ ខែ​កន្លង​មក​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក​បាន​ប្រើ​ពាក្យ «ការ​ប្រឆាំង​នឹង​លទ្ធិ​ណាហ្ស៊ី​របស់​អ៊ុយក្រែន» ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ធ្វើ​ជា​ហេតុផល​សម្រាប់​ការ​ធ្វើ​សង្គ្រាម​នេះ។ លោក​បាន​បញ្ចប់​សុន្ទរកថា​ដោយ​ការ​អបអរ​លើក​ទឹកចិត្តទាហាន​រុស្ស៊ី​ដែល​ប្រយុទ្ធ​នៅ​អ៊ុយក្រែន​ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​នោះ ដោយ​លោក​បាន​និយាយ​ថា ទាហាន​ទាំង​នោះ​គឺ​សំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​រុស្ស៊ី។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ដើម្បី​រុស្ស៊ី ដើម្បី​កងទ័ព​របស់​យើង ដើម្បី​ជ័យជម្នះ!»។

មេដឹកនាំ​នៃ​ប្រទេស​ចំនួន ៦ ដែល​ធ្លាប់​ស្ថិត​ក្រោម​អតីត​សហភាព​សូវៀត បាន​អម​ដំណើរ​លោក Putin ទៅ​កាន់​ក្បួន​ព្យុហយាត្រា​ទិវា​ជ័យជម្នះ​នេះ។

ក្បួន​ព្យុ​ហយាត្រា​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​ជា​ការ​បង្ហាញ​អំពី​ព្រឹត្តិការណ៍​រំឭក​ប្រចាំ​ឆ្នាំ​ដែល​ការ​ប្រារព្ធ​ជា​ទូទៅ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដើរ​ក្បួន​របស់​កង​វរសេនា​ធំ​អមតៈ​របស់​រុស្ស៊ី​ផង​ដែរ ដោយ​ពលរដ្ឋ​រុស្ស៊ី​សាមញ្ញ​ដើរ​ក្បួន​កាត់​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​នានា​កាន់​រូបថត​សាច់ញាតិ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ។

ប៉ុន្តែ ទីក្រុង​យ៉ាង​តិច​ចំនួន ២០ បាន​លុប​ចោល ​ឬ​ក៏​កាត់​បន្ថយ​ទំហំ​នៃ​ព្រឹត្តិការណ៍​ទិវា​ជ័យជម្នះ​នេះ ដោយ​លើកឡើង​អំពី «ក្ដី​បារម្ភ​ផ្នែក​សន្តិសុខ» ដែល​មិន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ដែល​ទំនងជា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​រុស្ស៊ី​ដែល​ថា ​អ៊ុយក្រែន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​លើ​វិមាន​ប្រធានាធិបតី​រុស្ស៊ី​កាលពី​សប្ដាហ៍​មុន​ដើម្បី​ប៉ុនប៉ង​សម្លាប់​លោក Putin។ អ៊ុយក្រែន​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

XS
SM
MD
LG