ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រូបភាព​ទីក្រុង ​និង​ទីប្រជុំ​ជន​នា​សម័យ​អង្គរ​បង្ហាញ​កាន់​តែ​ច្បាស់​តាមរយៈ​រូប​ថត​កាំរស្មី​ឡេស៊ែរ


រូបឯកសារ៖ ទិដ្ឋភាពប្រាំងប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ ទិដ្ឋភាពប្រាំងប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។

លោក​ Damian Evans​ ​(ដេមៀ​ន​ អេវេនស៍)​ ​ដែល​ធ្វើ​ការ​សហការ​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​ក្រសួង​វប្បធម៌​កម្ពុជា​ផង​ដែរ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទីក្រុង​បុរាណ​ជាច្រើន​ក្នុង​សម័យ​អង្គរ​ ដែល​ចាប់​ផ្តើម​ពី​គ.ស.​៩០០​ដល់​គ.ស.​១៥០០​មុន​ពេល​ការ​រើ​រាជធានី​សម័យ​នោះ​ ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់។

នៅ​ថ្ងៃ​អង្គារ​នេះ​ ​ក្រុម​មន្ត្រី​ និង​អ្នក​ជំនាញ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​សាទរ​ចំពោះ​របក​គំហើញ​ថ្មីនៃ​ទី​ក្រុង​បុរាណ​នានា​ក្នុង​សម័យ​អង្គរ ដែល​ជា​ពន្លឺ​បន្ថែម​ទៀត​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ និង​បញ្ជាក់​ពី​ភាព​រុងរឿង​នៃ​អរិយធម៌​អាណាចក្រ​ខ្មែរ។​

ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ​កម្ពុជា​នេះ​ធ្វើឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ទេ​ ក្រោយ​ពេល​ដែល​អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​រូប​ដែល​ធ្វើ​ការ​ជា​មួយ​សាលា​បារាំង​ចុង​បូពាណ៌​ (EFEO)​ ​គឺ​លោក Damian Evans​ (ដេមៀន អេវេនស៍) បាន​បង្ហាញ​ភស្តុតាង​ថ្មីៗ​អំពី​ទីក្រុង​បុរាណ​របស់​អាណាចក្រ​ខ្មែរ​ ក្រោយ​ពី​ការ​ស្រាវជ្រាវ​ដោយ​ប្រព័ន្ធ​កាំរស្មី​ឡេស៊ែរ​ពី​លើ​អាកាស​ ​ឬ​ហៅ​ថា​ ​Lidar ​(ឡៃដារ)។​

សណ្ឋានដី​នៅ​តំបន់​ភ្នំ ដែល​ស្ថិត​នៅ​ភាគខាង​ជើង​ប្រាសាទ​អង្គរ។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ The Cambodian Archaeological Lidar Initiative)
សណ្ឋានដី​នៅ​តំបន់​ភ្នំ ដែល​ស្ថិត​នៅ​ភាគខាង​ជើង​ប្រាសាទ​អង្គរ។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ The Cambodian Archaeological Lidar Initiative)

លោក​ Damian Evans​ ​(ដេមៀ​ន​ អេវេនស៍)​ ​ដែល​ធ្វើ​ការ​សហការ​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​ក្រសួង​វប្បធម៌​កម្ពុជា​ផង​ដែរ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទីក្រុង​បុរាណ​ជាច្រើន​ក្នុង​សម័យ​អង្គរ​ ដែល​ចាប់​ផ្តើម​ពី​គ.ស.​៩០០​ដល់​គ.ស.​១៥០០​មុន​ពេល​ការ​រើ​រាជធានី​សម័យ​នោះ​ ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់។ លោក​ក៏​បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ទីក្រុង​បុរាណ​ឈ្មោះ​ថា ​មហិន្ទ្របព៌ត​ ​(មហេន្ទ្របវ៌្វត)​ ​ឬ​ Mahendraparvata​ ​ដែល​អ្នក​ប្រវត្តិ​សាស្ត្រ​គិត​ថា​ ជា​រាជធានី​ដំបូង​នៃ​សម័យ​អង្គរ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី២​នា​សត​វត្សរ៍​ទី៩ រួម​ទាំង​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​ធារា​សាស្ត្រ​ក្នុង​តំបន់​នោះ។ រាជធានី​ដំបូង​នៃ​សម័យ​អង្គរ​ត្រូវ​បាន​រក​ឃើញ​ស្ថិត​នៅ​ក្រោម​ស្លឹក​ឈើ​យ៉ាង​ក្រាស់​លើ​ភ្នំ​គូលែន​ ​ខេត្ដ​សៀមរាប។​

លោក​ ឡុង កុសល ប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​បញ្ជាក់​ប្រាប់​ VOA​ នា​ថ្ងៃ​អង្គារ​នេះ​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់​ផ្តើម​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​ ​ដោយ​ការ​បាញ់​កាំ​រស្មី​ឡេស៊ែរ​ពី​លើ​អាកាស​ហៅ​ថា Lidar ​(ឡៃដារ)​ក្នុង​ទ្រង់ទ្រាយ​តូច​ជុំ​វិញ​អង្គរ ​និង​តំបន់​ក្បែរ​នោះ​ តាំង​ពីឆ្នាំ​ពី​២០១២​មក​ម្ល៉េះ។ ​យ៉ាង​ណា​ក៏​ដោយ​ ​លោក ​ឡុង កុសល​ ថ្លែង​ថា​ ការ​សិក្សា​បន្ថែម​ទៀត​នា​ឆ្នាំ​២០១៥​នេះ​គឺ​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ទីក្រុង​ និង​ធារា​សាស្រ្ត​របស់​ទីក្រុង​បុរាណ​នានា បន្ថែម​ពី​លើ​ឯកសារ​ប្រវត្តិ​សាស្ត្រ​ និង​ការ​និទាន​តៗគ្នា​នោះ។​

លោក ​ឡុង កុសល៖​ «អញ្ចឹង​គឺ​ថា​ លទ្ធផល​ដែល​យើង​បាន​ទទួល​មក​នេះ​គឺ​ដូច​លទ្ធល​ដែល​បាន​ពីឆ្នាំ​២០១២​បង្ហាញ​អញ្ចឹង គឺ​ថា ​មាន​សណ្ឋាន​នៃ​ការ​វិវត្ត​ទីក្រុង​សណ្ឋាន​នៃ​ការ​រស់នៅ​របស់​មនុស្ស​នា​សម័យ​នោះ​គឺ​មាន​សណ្ឋាន​ធំធេង​ណាស់​បាទ! ​លើស​ពី​អ្វី​ដែល​យើង​ធ្លាប់​បាន​ដឹង​កន្លង​មក។ ​អញ្ចឹង​លទ្ធផល​នៃ​ Lidar ​នេះ​គឺ​ផ្តល់​មក​ឲ្យ​យើង​នូវ​អ្វី​ជា​របក​គំហើញ​មួយ​ថ្មី​ ដែល​អាច​ឲ្យ​យើង​បាន​ដឹង​អំពី​ប្រវត្តិសាស្ត្រ​អំពី​កម្ពុជា​យើង​របស់​អាណា​ចក្រ​ខ្មែរ​របស់​យើង​នា​ពេល​នោះ​ ​អំពី​ការ​រៀបចំ​ក្រុង​អំពី​អារ្យធម៌​អំពី​អ្វីៗ​ជា​ច្រើន​ទៀត​ ដែល​យើង​កន្លង​មក​បាន​ដឹង​គ្រាន់​តែ​ថា ​បាន​ដឹង​តែ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់»។

គំរូ​នៃ​សណ្ឋាន​ដី ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បែប​ទំនើប​នៅ​ក្នុង​សម័យ​ឧត្តុង្គ។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ The Cambodian Archaeological Lidar Initiative)
គំរូ​នៃ​សណ្ឋាន​ដី ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បែប​ទំនើប​នៅ​ក្នុង​សម័យ​ឧត្តុង្គ។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ The Cambodian Archaeological Lidar Initiative)

​អ្នក​ជំនាញ​រូប​នេះ​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា​ ចាប់​តាំង​ពីឆ្នាំ​២០១៥​មក ​អាជ្ញាធរ​អប្សរា​សហការ​ជាមួយ​សាលា​បារាំង​ចុង​បូព៌ា និង​ក្រសួង​វប្បធម៌​ផង​ដែរ ​បាន​ពង្រឹក​ទំហំ​នៃ​ការ​ស្រាវជ្រាវ ដោយ​ការ​បាញ់​កាំ​រស្មី​ឡេស៊ែរ​ពី​លើ​អាកាស ឬ​ហៅថា​ ​Lidar​ (ឡៃដារ) ពី​ទំហំ​៣៧០​ទៅ​១៩១០​គីឡូ​ម៉ែត្រ​ក្រឡា​ ដែល​លាត​សន្ធឹង​ដល់​ទៅ​តំបន់​ប្រាសាទ​បឹងមាលា សម្បូរ​ព្រៃគុហ៍​ ​ប្រាសាទ​ព្រះ​ខ័ន នៅ​កំពង់ស្វាយ និង​ទីក្រុង​លង្វែក​ថែម​ទៀត​ ដើម្បី​ស្វែង​យល់​ពី​ការ​វិវត្ត​ទីក្រុង​នៃ​ប្រទេស​កម្ពុជា។​

«អញ្ចឹង​បច្ចេក​វិទ្យា​ Lidar​ នេះគឺ​ថា​ ឲ្យ​យើង​បាន​ដឹង​ច្រើន​ ​ហើយ​វា​ជា​ពន្លឺ​នាំ​ឲ្យ​យើង​អាច​ធ្វើ​ការ​សន្និដ្ឋាន​ ឬក៏ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​យើង​ឡើង​វិញ​ ក៏​អាច​ថា បាន​ដែរ​បាទ ជាពិសេស​ពាក់ព័ន្ធ​ជា​មួយ​ការ​រស់នៅ​របស់​មនុស្ស​ពាក់ព័ន្ធ​ជាមួយ​នឹង​អារ្យធម៌​របស់​មនុស្ស​ខ្មែរ​យើង។​ វា​ជា​សម័យ​ដ៏​រុងរឿង​ដ៏​ខ្ពង់ខ្ពស់​ជា​ទីបំផុត​នោះ»។

លោក ប្រាក់ សុណ្ណារ៉ា​ អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​កម្ពុជា ក៏​បាន​បញ្ជាក់​ពី​ផល​វិជ្ជមាន​នៃ​ការ​រក​ឃើញ​ថ្មីៗ​ទាំង​នេះ​ផង​ដែរ។ លោក​និយាយ​ថា​ វា​នឹង​ក្លាយ​ជា​ឯកសារ​ និង​ភស្តុតាង​ដ៏​សំខាន់​បញ្ជាក់​ពី​ការ​រីក​ចម្រើន​ ក៏​ដូច​ជា​ការ​វិវត្តន៍​នៃ​អរិយធម៌​ខ្មែរ​ពី​បុរាណ។​ លើស​ពី​នេះ​ទៀត​ វា​ក៏​ជា​ឯកសារ​សំខាន់​សម្រាប់​ការ​ស្រាវជ្រាវ​បន្តទៀត​របស់​បូរាណ​វិទូ។

«ក្រសួង​វិញ​គឺ​ថា​ ឧទាហរណ៍​យើង​ឃើញ​ទ្រង់​ទ្រាយ​អញ្ចឹង​គឺ​វា​ងាយ​ស្រួល វា​ងាយ​ស្រួល​មែន​ទែន! ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ថា ​អូ! ​យើង​ឃើញ​ទ្រង់ទ្រាយ​ទីក្រុង​យើង​ហើយ ច្បាស់​ហើយ​នែ!​ កន្លង​មក​យើង​ពឹង​ផ្អែក​ទៅ​លើ​ភ្នែក ដែល​យើង​ទៅ​មើល​ទៅ​ដើរ​ផ្ទាល់​ ​ចុះ​ទៅ​សង្កេត​ផ្ទាល់។​ ​អញ្ចឹង​ទៅ​វា​មាន​ការ​ពិបាក​មើល​ដែរ​ពេល​ខ្លះ​ ​ហើយ​បើ​ព្រៃ​ទៀត ​យើង​ត្រូវ​ចុះ​ទៅ​រុក​ព្រៃ​មើល​ថា​ តើ​វា​មាន​រូបរាង​យ៉ាង​ម៉េច?ដល់​ពេល​គេ​ស្កេន​ចេញ​មក​ជា​រូបរាង​អញ្ចឹង​ ​យើង​មើល​អាហ្នឹង យើង​ចុះ​ទៅ​ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ថែរក្សា​ ក្នុង​ការ​គ្រប់គ្រង​ ហើយ​ប្រសិន​បើ​យើង​ចង់​ធ្វើ​ការ​ស្រាវជ្រាវ​ ធ្វើ​កំណាយ​ ធ្វើ​អី​ទៀត​ វា​ងាយ​តែម្តង​ គឺ​យើង​យក​តាម​ទិន្នន័យ​នៃ​ស្កេន​ហ្នឹង»។​

លោក ​ប្រាក់ សុណ្ណារ៉ា ​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្រសួង​ក៏​បាន​យក​ឯកសារ​ពី​កាំ​រស្មី​ឡេស៊ែរ​ពី​លើ​អាកាស​ ​ឬ​ Lidar ​(ឡៃដារ) ធ្វើ​ជា​ឯកសារ​បន្ថែម​សម្រាប់​ដាក់​ប្រាសាទ​សម្បូរ​ព្រៃ​គុហ៍​ក្នុង​ខេត្ត​កំពង់​ធំ​ ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក។

លោក​ សំបូ មាណ្ណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​បញ្ជាក់​ពី​ភាព​រីករាយ​ប្រាប់​ VOA ​ថា ​ការ​តាំង​ទីក្រុង​បុរាណ ដែល​មាន​ឈ្មោះ​ថា​ មហិន្ទ្របព៌ត​ (មហេន្ទ្របវ៌្វត)​ ​ឬ​ Mahendraparvata​ ​ដែល​ជា​រាជធានី​ដំបូង​នៃ​សម័យ​អង្គរ​របស់​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២​ នា​សត​វត្សរ៍ទី​៩​នោះ​គឺ​ជា​ការ​បញ្ជាក់​ពី​ព្រហ្មញ្ញ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​រីក​ចម្រើន​នា​សម័យ​នោះ។

​លោក ​សំបូ មាណ្ណារ៉ា​ ឲ្យដឹង​ផង​ដែរ​ថា៖​

«ចំពោះ​ទស្សនៈ​របស់​ខ្ញុំ​ដែល​ជា​អ្នក​សិក្សា​ប្រវត្តិ​សាស្ត្រ​នេះ​ គឺ​ជា​ជ័យ​ជំនះ​មួយ​ទៀត​ ​នៅ​ក្នុង​គំនិត​ដែល​យើង​រក​ឃើញ​ទីក្រុង​ថ្មី​ ​ហើយ​ដែល​និយាយ​ថា​ បរិមាណ​ស្ទើរ​តែ​ប៉ុន​នឹង​ទីក្រុង​ភ្នំពេញ ហើយ​នៅ​ក្នុង​ព្រៃ​នៅ​លើ​ដង​ភ្នំ​ ​ហើយ​ដែល​បាន​រក​ឃើញ​ដូច​នេះ។​ ខ្ញុំ​សូម​អបអរ​សាទរ និង​សូម​ដឹង​គុណ​ជានិច្ច​ចំពោះ​អ្នក​ដែល​បាន​ប្រឹងប្រែង​ ​ដើម្បី​បង្កើត​បាន​នូវ​អច្ឆរិយ្យ​វត្ថុខ្មែរ​នៅ​ក្នុង​តម្លៃ​ជា​ប្រវត្តិ​សាស្ត្រ​ដែល​មិន​អាច​កាត់​ថ្លៃ​បា​ន​នេះ។​ ហើយ​យើង​សង្ឃឹម​ថា ​រាជ​រដ្ឋាភិបាល​ក្តី អ្នក​ស្រាវជ្រាវ​ក្តី​នឹង​នាំ​គ្នា​ប្រឹងប្រែង​បំពេញ​បេសកម្ម​ដើម្បី​ពន្លេច​នៃ​ទីក្រុង​ខ្មែរ​នៅ​សត​វត្សរ៍​ទី៩​នេះ​ ​សម្រាប់​ជាតិ​យើង​ ​សាសន៍​យើង​ឲ្យ​យើង​បាន​ដឹង​បន្ត​ទៀត​ផង​ដែរ ​បាទ!»​

ផែនទី​បង្ហាញ​ពី​ភូមិសាស្ត្រ​នៃ​សណ្ឋានដី​នៅ​ជុំវិញ​ប្រាសាទ​សម្បូរព្រៃគុហ៍។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ The Cambodian Archaeological Lidar Initiative)
ផែនទី​បង្ហាញ​ពី​ភូមិសាស្ត្រ​នៃ​សណ្ឋានដី​នៅ​ជុំវិញ​ប្រាសាទ​សម្បូរព្រៃគុហ៍។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ The Cambodian Archaeological Lidar Initiative)

លោក​បូរាណវិទូ​ Damian Evans ​ដែល​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រឿង​នេះ​ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ The Cambodia Daily ​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​ច័ន្ទ​ថា ​ក្រុង​មហិន្ទ្របព៌ត​ក៏​ដូច​ជា​រាជ​ធានី​អង្គរ​ និង​ទី​ក្រុង​ធំៗ​សម័យ​អង្គរ​ផ្សេងៗ​ទៀត​ដែល​ទើប​រក​ឃើញ​ថ្មី​ ដូចជា​ក្រុង​នៅ​ព្រះ​ខ័ន​កំពង់ស្វាយ​ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ខ្មែរ​បោះបង់​ចោល​នា​ចុង​សតវត្សរ៍​ទី​១៥ ដោយ​សារ​តែ​«កោលាហល​ផ្នែក​នយោបាយ»​ នា​ពេល​នោះ។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ឡុង កុសល​ ​ប្រធាន​នាយ​កដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែង​ថា​ មិន​មាន​ការសន្និដ្ឋាន​ណា​មួយឲ្យ​ច្បាស់​នៅ​ឡើយ​ទាក់ទិន​និង​ការ​រុះរើ​នៃ​រាជធានី​អង្គរ​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​នៅ​ឡើយ​នោះ​ទេ។ លោក​និយាយ​ថា ​ការ​ធ្វើ​កំណាយ​នៅ​ទីកន្លែង​ដែល​រក​ឃើញ​ថ្មីៗ​នោះ​នឹង​អាច​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​ ​ដើម្បី​ស្រាវជ្រាវ​ឲ្យ​ច្បាស់​ថែម​ទៀត។​

លោក ឡុង កុសល ​បន្ថែម​ថា៖​

«ទិន្នន័យ​ដែល​បាន​បង្ហាញ​មក​នេះ​ គឺ​យើង​ត្រូវ​ធ្វើ​ការ​សិក្សា​បន្ថែម​ហើយ​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ ក្រៅតែ​ពី​ទិន្នន័យ​ដែល​បាន​បញ្ជូន​ពី ​Lidar។ ​ដូច​ខ្ញុំ​បាន​ជម្រាប​អញ្ចឹង​គឺ​ យើង​កន្លែង​ខ្លះ​គឺយើង​ត្រូវ​ទៅ​ធ្វើ​ការ​បញ្ជាក់​បន្ថែម​ ដោយ​ធ្វើ​កំណាយ​ ទៅ​ធ្វើ​ការ​សិក្សា​ ដោយ​មនុស្ស​ទៅ​ទីកន្លែង​នោះ​ ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ ​តើអ្វី​ដែល​ ​Lidar ​បញ្ជូន​មក​ និង​អ្វី​ដែល​មាន​លក្ខណៈ​ជាក់ស្តែង​ហ្នឹង ​វា​មាន​ភាព​ខុសគ្នា​យ៉ាង​ដូច​ម្តេច?»​

របក​គំហើញ​ថ្មី​នេះ​ និង​សេចក្តី​សន្និដ្ឋាន​មួយ​របស់​បូរាណវិទូ​ Damian Evans ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យា​សាស្ត្រ​បូរាណ​វិទ្យា​ ​(Journal of Archaeological Science) នា​ថ្ងៃ​ច័ន្ទ​នេះ​ ​ហើយ​លោក​ក៏​គ្រោង​ធ្វើ​បទ​បង្ហាញ​អំ​ពីការ​រក​ឃើញ​របស់​លោក​នាទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​នាថ្ងៃ​អង្គារ​នេះ​ផង​ដែរ៕

XS
SM
MD
LG