ស្ពានហាលជាស្ពានសម្រាប់អ្នកទេសចរណ៍ឆ្លងកសិណ(ទឹក)ពីទិសខាងលិចចូលទៅទស្សនាប្រាសាទអង្គរវត្ត។ ស្ពាននេះនឹងត្រូវការពេលសម្រាប់ធ្វើការជួសជុលឡើងវិញ ដោយឧបករណ៍សម័យទំនើបតែត្រូវរក្សាភាពដើមរបស់ស្ពានចំណាស់ច្រើនសតវត្សរ៍នេះ។
រដ្ឋាភិបាលប្រទេសជប៉ុនបានចំណាយថវិកាអស់ចំនួន២៦លានដុល្លារក្នុងការជួសជុល និងអភិរក្សតំបន់រមណីយដ្ឋានអង្គរវត្ត ដែលរួមមានស្ពានហាលដ៏ទ្រុឌទ្រោម ហើយដែលជាច្រកដ៏សំខាន់ចូលប្រាសាទអង្គរវត្តពីទិសខាងលិច។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់អ្នកចូលរួមនៅក្នុងសុន្ទរកថាប្រកាសបើកការដ្ឋានជួសជុលស្ពានហាលកាលពីព្រឹកថ្ងៃច័ន្ទថា ការជួសជុលស្ពាននេះនឹងមិនរំខានដល់វិស័យទេសចរណ៍ទេ។ លោកប្រកាសប្រាប់អ្នកចូលរួមប្រហែល១.០០០នាក់ថា ថ្វីបើនៅពេលស្ពាននេះត្រូវបិទទាំងស្រុងសម្រាប់ដំណើរការជួសជុលក៏ដោយ ក៏អ្នកទេសចរណ៍អាចបន្តទៅទស្សនាប្រាសាទអង្គរវត្តជាធម្មតា ព្រោះស្ពានពោងធ្វើពីដែក ឬប្លាស្ទិក ឬស្ពានឫស្សី នឹងត្រូវធ្វើឡើងសម្រាប់អ្នកទេសចរណ៍ធ្វើដំណើរឆ្លងកសិណទៅទស្សនាប្រាសាទអង្គរវត្ត។
លោក សុខ អាន ថ្លែងថា៖«យើងបិទស្ពានហាលហ្នឹង មិនឲ្យចេញចូលទេ ឲ្យតែអ្នកយាម និងវិស្វករជាអ្នកធ្វើទេ ដែលអាចដើរចេញចូលតាមហ្នឹង។ អញ្ចឹងបើបិទអញ្ចឹងទេសចរចូលទៅក្នុងតាមណា? ហើយយើងក៏មិនអាចឃាត់ឃាំងគេមិនឲ្យមើលប្រាសាទដែរ។ អញ្ចឹងធ្វើម៉េច? គឺយើងត្រូវកសាងស្ពានបណ្តោះអាសន្ន ឲ្យទេសចរដើរសិន រយៈពេលពី៣ឆ្នាំទៅ៥ឆ្នាំហ្នឹង។ ដល់ជួសជុលហើយអស់ ទើបយើងដកស្ពានបណ្តោះអាសន្នហ្នឹងចេញ»។
លោក សុខ អាន ដែលជាប្រធានអាជ្ញាធរអប្សរាផងនោះ បានពន្យល់ថា គម្រោងស្ពានពោងធ្វើពីដែក ឬប្លាស្ទិក ឬស្ពានឫស្សី គឺជាជម្រើសល្អបំផុតដើម្បីចៀសវាងការបុកគ្រឹះ ដែលអាចប៉ះពាល់ដល់គ្រឹះបាតកសិណ ឬគ្រឹះប្រាសាទ។
លោក Kumamaru Yuji ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញមោទនភាពថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនាញបច្ចេកទេសក្នុងការអភិរក្សតំបន់រមណីយដ្ឋានអង្គរ ជាពិសេសប្រាសាទបាយ័ន និងការជួសជុលស្ពានហាលចំហៀងខាងជើង។ លោកនិយាយថា ប្រទេសជប៉ុនបានចំណាយប្រាក់អស់២៦លានដុល្លារសម្រាប់គម្រោងទាំងនេះ។
សេចក្តីរាយការណ៍អំពីរឿងនេះជាវីដេអូ៖
ក្នុងការជួសជុលស្ពានហាលនៅដំណាក់កាលថ្មីនេះ ប្រទេសកម្ពុជានឹងចំណាយថវិកាបដិភាគចំនួន៨២០.០០០ដុល្លារសម្រាប់ការងារបច្ចេកទេស ពលកម្ម និងសម្ភារៈបន្ថែម។ ចំណែកជប៉ុននឹងចំណាយ៧៦៧.០០០ដុល្លារ ជាគ្រឿងចក្រស្ទូចទំនើបៗ។
នៅក្នុងពិធីនេះដែរ លោក Toshiaki Koso សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុនបានប្រាប់អ្នកចូលរួមថា ក្នុងការជួសជុលស្ពានហាលនេះ វិស្វករកម្ពុជាក៏អាចនឹងរៀនពីអ្នកជំនាញជប៉ុនក្នុងការជួសជុលសម្បត្តិវប្បធម៌មិនអាចកាត់ថ្លៃបានរបស់កម្ពុជាផងដែរ។
ក្នុងសុន្ទរកថារបស់លោក សុខ អាន បានរំឭកថា ស្ពានហាលនេះត្រូវបានជួសជុលពីរលើកមកហើយ ដែលត្រូវចំណាយពេលច្រើនឆ្នាំ។ ក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សតំបន់អង្គរសម័យនោះ បានជួសជុលស្ពាននេះមួយចំហៀងខាងត្បូងប៉ុណ្ណោះ។ ការជួសជុលការខូចខាតចំហៀងភាគខាងជើងប្រវែង១៩០ម៉ែត្រ ទទឹង៥,៥ម៉ែត្របន្តទៀត ត្រូវរំខានដោយសារសង្គ្រាម។
កាលពីឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា ដោយសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន បានជួសជុលស្ពានហាលភាគខាងជើង បានប្រវែង៩០ម៉ែត្រ ដោយចំណាយពេល១២ឆ្នាំ។ ការជួសជុលដំណាក់កាលទី៣នេះអាចនឹងចំណាយតិចជាង បើប្រៀបធៀបនឹងដំណាក់កាលមុន ដោយសារតែបទពិសោធន៍កន្លងមក។
ក្រោយពីបញ្ចប់ពិធីសម្ពោធន៍បើកការដ្ឋានជួសជុល លោក សុខ អាន បានប្រាប់ VOA ថា៖«យើងកាន់តែចូលជ្រៅក្នុងការជួសជុល យើងកាន់តែកោតសរសើរដល់ស្នាដៃបុព្វបុរសយើង។ យើងមើល គ្រាន់តែស្ពានហ្នឹង បីជំហានទើបបាន។ ហើយជំហានទីបីនេះ អស់លុយមិនតិចទេ ព្រោះអីជួសជុលពីបីឆ្នាំទៅប្រាំឆ្នាំ។ ហើយម៉ាស៊ីនទាំងនេះ យកមកគ្រាន់តែសម្រាប់ជំហានទីបី។ អញ្ចឹងបានខ្ញុំលើកឡើងថា កាន់តែចូលជ្រៅក្នុងការជួសជុល យើងកាន់តែកោតសរសើរដល់ស្នាដៃបុព្វបុរសយើង»។
លោក Toshiaki Koso សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានប្រាប់អ្នកយកព័ត៌មានថា លោកមានជំនឿថា ដំណើរការជួសជុលស្ពានហាលនេះមិនត្រឹមតែមិនរំខានដល់ការធ្វើដំណើរឆ្លងកសិណទៅទស្សនាអង្គរវត្តទេ តែអ្នកទេសចរណ៍ក៏អាចមើលដំណើរការជួសជុលផងដែរ។
លោក Toshiaki Koso តាមអ្នកបកប្រែថា៖«ហើយជាចុងបញ្ចប់ យើងខ្ញុំមានសំណូមពរមួយទៅខាងអ្នកយកព័ត៌មានដែរគឺថា ពេលជួសជុលចប់ជាស្ថាពរក្នុងពេល៤ឆ្នាំទៀតហ្នឹង អស់លោកនឹងអញ្ជើញអបអរសាទរនៃការសាងសង់ជាស្ថាពរ។ ប៉ុន្តែសូមកុំមកតែពេលចុងក្រោយ មើលបណ្តើរៗផង»។
ស្ពានហាលនេះមានប្រវែង១៩០ម៉ែត្រ ទទឹងជាង១១ម៉ែត្រ និងកម្ពស់ជាង៤ម៉ែត្រ។ ស្ពាននេះសាងពីថ្មបាយក្រៀម ក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគទាំងសងខាងយ៉ាងល្អឯក។ ស្ពានបុរាណនេះគឺជាច្រកចូលដ៏សំខាន់ទៅកាន់ប្រាសាទអង្គរវត្ត ដែលទទួលភ្ញៀវទេសចរយ៉ាងតិច៥លាននាក់ក្នុងមួយឆ្នាំៗ។
សម្តេចព្រះ នរោត្តម សីហនុ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារ និងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់កាលពីឆ្នាំ១៩៩៣។ ឆ្លើយតបនឹងការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ICC-Angkor ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលមានប្រទេសជប៉ុន និងប្រទេសបារាំងជាសហប្រធាន។ ជាបន្តបន្ទាប់ មានប្រទេសចំនួន២៣បានស្ម័គ្រចិត្តចូលរួមក្នុងកិច្ចការសង្គ្រោះ និងអភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរ៕