អ្នកផលិតភាពយន្តមានតួនាទីយ៉ាងសំខាន់មួយក្នុងការឆ្លុះបង្ហាញពីតថភាពក្នុងសង្គមនេះបើតាមសម្តីរបស់លោក ឆាយ បូរ៉ា អ្នកដឹកនាំរឿង «ឃ្លាតទៅសែនឆ្ងាយ» នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១៤ ខែធ្នូ ឆ្នាំ២០១៥។ ខ្សែភាពយន្ត «ឃ្លាតទៅសែនឆ្ងាយ» របស់លោក បូរ៉ា បានទទួលរង្វាន់៧ក្នុងចំណោមរង្វាន់៨ នៃមហោស្រពភាពយន្តជាតិលើកទី៤ ដែលទើបបានបញ្ចប់នៅទីក្រុងភ្នំពេញ។
សូមប្រិយមិត្តចុចស្តាប់ការបកស្រាយទាំងស្រុងរបស់លោក ឆាយ បូរ៉ា ត្រង់នេះ៖
លោកថ្លែងថា៖ «អ្នកនិពន្ធភាពយន្តប្រៀបដូចជាអ្នកនិពន្ធអក្សរសិល្បដែរ គឺត្រូវតែលាតត្រដាងការពិត។ សម្រាប់ខ្ញុំ យើងនិយាយចំណុចអវិជ្ជមានមិនមែនថា យើងវាយប្រហាររដ្ឋាភិបាលដូចជាគណបក្សមួយវាយប្រហារគណបក្សមួយទៀតទេ តែវាជាសំឡេងរបស់អ្នកនិពន្ធ ជាសំឡេងរបស់ប្រជាពលរដ្ឋ ដែលចង់ឲ្យសង្គមខ្មែរល្អតែប៉ុណ្ណោះ»។
លោក ឆាយ បូរ៉ា ថ្លែងថា ការព្រួយបារម្ភមួយរបស់លោកនោះគឺ យុវជនចូលចិត្តភាពយន្តបរទេសច្រើនជាងភាពយន្តខ្មែរបច្ចុប្បន្ននេះ។ លោកថ្លែងថា អ្នកដឹកនាំរឿងខ្មែរមានទេពកោសល្យ ប៉ុន្តែខ្វះឱកាសនិងធនធាន ព្រមទាំងពេលវេលាដើម្បីផលិតភាពយន្តល្អៗ។
លោក ឆាយ បូរ៉ា ថ្លែងថា ផលិតករ នាយកដ្ឋានភាពយន្តចង់ឃើញការពង្រឹងច្បាប់សិទ្ធិអ្នកនិពន្ធ ដើម្បីឲ្យផលិតករភាពយន្ត អាចលក់ផលិតផលភាពយន្តរបស់ពួកគេ ព្រោះពួកគេបានចំណាយប្រាក់យ៉ាងច្រើនដើម្បីផលិត។