ខ្សែភាពយន្តថៃមានឥទ្ធិពលឡើងវិញនៅក្នុងសង្គមខ្មែរ និងក្នុងបណ្តាញផ្សព្វផ្សាយតាមទូរទស្សន៍ ក្រោយពីបណ្តាញទូរទស្សន៍ប្រទេសកម្ពុជាបានពហិកាមិនផ្សាយកុនថៃ បន្ទាប់ពីមានការបះបោរបំផ្លាញស្ថានទូតថៃ និងពាណិជ្ជកម្មថៃកាលពីឆ្នាំ២០០៣។ មន្ត្រីរដ្ឋាភិបាលនិយាយថា រដ្ឋាភិបាលមិនបិទសិទ្ធិផ្សព្វផ្សាយកុនថៃតាមស្ថានីយទូរទស្សន៍ទេ តែលោករំឭកថា ផលិតកម្មកុនខ្មែរគួរតែពង្រឹងគុណភាព។
កាលពីដើមឆ្នាំ២០០៣មានមនុស្សជាច្រើននាក់បានសម្រុកចូលទៅវាយកម្ទេច ព្រមទាំងដុតបំផ្លាញស្ថានទូតថៃនៅក្នុងទីក្រុងភ្នំពេញ។ អំឡុងពេលនោះ ពាណិជ្ជកម្មរបស់ថៃជាច្រើនក៏ត្រូវបានបំផ្លាញផងដែរ។ កុប្បកម្មទាំងនេះកើតទ្បើងដោយសារតែមានពាក្យចចាមអារ៉ាមលេចឮថា មានតារាថៃម្នាក់បាននិយាយថា ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាជារបស់ប្រទេសថៃ។
ជាលទ្ធផល ក្រោយពីការលេចឮពាក្យចចាមអារ៉ាមនេះមក ខ្សែភាពយន្តថៃទាំងអស់ក៏លែងមានវត្តមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាទៀតដែរ។ តែបើទោះជាកម្មវិធីផ្សាយ និងខ្សែភាពយន្តថៃទាំងនោះលែងមានបញ្ចាំងលើកញ្ចក់ទូរទស្សន៍ និងលើប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាយ៉ាងណាក្តី ក៏អ្នកគាំទ្ររឿងភាគថៃខ្លះនៅតែអាចរិះរកវិធីដើម្បីទស្សនាខ្សែភាពយន្តថៃ។
ទស្សនិកជនដែលចូលចិត្តរឿងភាគថៃខ្លះបានជួលឌីវីឌី (DVD) វីស៊ីឌី (VCD) ហើយអ្នកខ្លះទៀតមើលរឿងថៃ និងកម្មវិធីថៃទាំងនោះតាមប្រព័ន្ធអ៊ីនធើណិត (Internet)ថែមទៀតផង។
ប៉ុន្តែមួយរយៈចុងក្រោយនេះ កម្មវិធីទាំងនោះចាប់ផ្តើមមានវត្តមានសារជាថ្មីម្តងទៀតនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក។
កញ្ញាស្រីនិចវ័យ១៩ឆ្នាំ ដែលជាអ្នកចូលចិត្តទស្សនាខ្សែភាពយន្តភាគថៃ ប្រាប់វីអូអេខេមរភាសាថា នាងតែងតែមើលរឿងថៃ ពេលដែលនាងមកពីសាលារៀនវិញ។
«ខ្ញុំចូលចិត្តមើលរឿងថៃ ព្រោះតារាសម្តែងប្រុសស្រីរបស់ថៃស្អាតៗ ហើយពួកគេសម្តែងសមខ្លាំងណាស់»។
នៅពេលដែលរឿងភាគថៃលែងមានបញ្ចាំងលើកញ្ចក់ទូរទស្សន៍ខ្មែរ នោះ ស្រីនិចបានទៅជួលវីស៊ីឌី (VCD) ឌីវីឌី (DVD)ពីហាងលក់ CD ហើយយកមកមើលនៅផ្ទះ។
នាងបន្ថែមទៀតថា៖
«ពេលដែលខ្ញុំសម្រាកត្រៀមប្រឡង ខ្ញុំមើលរឿងថៃចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ហើយបើពេលខ្ញុំរៀនធម្មតាវិញ ខ្ញុំមើលរយៈពេល២ម៉ោងក្នុងមួយថ្ងៃ»។
ថ្មីៗនេះ រឿងភាគថៃជាច្រើនត្រូវបានចាក់បញ្ចាំងឡើងវិញលើកញ្ចក់ទូរទស្សន៍មួយចំនួននៅកម្ពុជា។ ស្ថានីយទូរទស្សន៍ថ្មីស្រទ្បាងមួយគឺ ទូរទស្សន៍ PNN ក៏បាននាំចូលរឿងភាគថៃមកចាក់បញ្ចាំងផងដែរ។
លោកសោម ឆាយា ដែលជាអគ្គនាយកផ្នែកព័ត៌មានរបស់ទូរស្សន៍ PNN បានលើកទ្បើងថា ទស្សនិកជនភាគច្រើនចូលចិត្តមើលកម្មវិធីរបស់ថៃ និងរឿងភាគថៃ និងកម្មវិធីទាំងនោះក៏ត្រូវបានចាក់ផ្សាយនៅម៉ោងដែលសម្បូរអ្នកទស្សនាផងដែរ។ លោកបន្តថា ក្រៅពីនេះ PNN ក៏កំពុងតែផលិតខ្សែភាពយន្តខ្មែរខ្លួនឯងដែរ ហើយនឹងត្រូវចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។
«បន្ទាប់ពីធ្វើការបោះឆ្នោត ទស្សនិកជនមួយចំនួនធំចូលចិត្តមើលរឿងភាគថៃជាជាងរឿងប្រទេសដទៃ»។
លោកអ៊ាង វិចិត្រ ស្ថិតក្នុងវ័យ២១ឆ្នាំ ជានិសិត្សនៃសកលវិទ្យាល័យបញ្ញាសាស្រ្ត បាននិយាយថា ខ្លួនតែងតែមើលរឿងថៃ តាំងពីនៅតូចម្ល៉េះ ហើយលោកក៏មើលរឿងខ្មែរខ្លះៗដែរ។
ស្របពេលដែលឥទ្ធិពលនៃវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូងកំពុងតែជ្រាបចូលមកក្នុងប្រទេសកម្ពុជានោះ វប្បធម៌របស់ថៃក៏កំពុងតែជ្រៀតចូលមកផងដែរ ហើយវប្បធម៌របស់ថៃបានពាំនាំស្ទីល និងម៉ូដសម្លៀកបំពាក់របស់ពួកគេមកដល់ប្រទេសកម្ពុជាថែមទៀតផង។
លោកថៃ នរៈសត្យា ជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ឥទ្ធិពលនៃវប្បធម៌បរទេសទាំងអស់នោះ បាននាំមកនូវផលប៉ះពាល់ដោយប្រយោលមកលើវប្បធម៌កម្ពុជា និងប្រទេសកម្ពុជា។
«យើងគ្មានច្បាប់ណាហាមឃាត់មិនឲ្យគេគាំទ្ររឿងរបស់ប្រទេសផ្សេងនោះទេ តែអ្វីដែលយើងធ្វើបានគឺអប់រំប្រជាពលរដ្ឋយើងឲ្យយល់ដឹងថា អ្វីគេហៅថា កាតព្វកិច្ច»។
លោកបានបន្ថែមជាចុងក្រោយថា ផលិតកម្មខ្សែភាពយន្តរបស់ខ្មែរទាំងអស់ក៏គួរតែពង្រឹងគុណភាពរបស់ខ្លួនផងដែរ៕