តារាភាពយន្តហូលីវូដដ៏ល្បីគឺលោកស្រី Angelina Jolie បានចូលជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ជាក់ពីការថតខ្សែភាពយន្តស្តីពីរបបវាលពិឃាតខ្មែរក្រហមដែលបានសម្លាប់ពលរដ្ឋកម្ពុជាជិតពីរលាននាក់។
ខ្សែភាពយន្តដែលនឹងត្រូវផលិតនេះគឺផ្អែកតាមសៀវភៅរបស់នាង អ៊ឹង លឿង ដែលមានចំណងជើងជាភាសាខ្មែរថា «ពីដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលរៀបរាប់ពីជីវិតឆ្លងកាត់របបខ្មែរក្រហម ហើយបានសរសេររៀបរាប់ពីការចងចាំរបស់ខ្លួន។
លោក អ៊ាង សុផល្លេត អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តី បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោក ហ៊ុន សែន សម្តែងការគាំទ្រដល់ការថតភាពយន្តនោះព្រោះវាជាការបង្ហាញដល់ពិភពលោកអំពីហេតុការណ៍ពិត ដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា៕